Matthew 28
28
1 ព្រលឹមស្រាងៗនៅក្នុងថ្ងៃទីមួយនៃសប្ដាហ៍ ក្រោយថ្ងៃសប្ប័ទ នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀតបានមកមើលផ្នូរ។
2 ពេលនោះ ក៏មានរញ្ជួយដីយ៉ាងខ្លាំង ដ្បិតទេវតារបស់ព្រះអម្ចាស់បានចុះពីស្ថានសួគ៌មក ហើយចូលទៅជិតផ្នូរ ប្រមៀលថ្មបិទផ្នូរនោះចេញ និងបានអង្គុយនៅលើថ្មនោះ។
3 រូបរាងរបស់ទេវតានោះភ្លឺដូចជាផ្លេកបន្ទោរ ហើយសម្លៀកបំពាក់សដូចព្រឹល។
4 ពួកអ្នកយាមភ័យញ័ររន្ធត់ដោយខ្លាចទេវតានោះ ហើយពួកគេត្រលប់ដូចជាមនុស្សស្លាប់។
5 ទេវតានោះក៏និយាយទៅពួកស្ដ្រីទាំងនោះថា៖ «កុំខ្លាចអី! ដ្បិតខ្ញុំដឹងថា អ្នកកំពុងរកព្រះយេស៊ូដែលត្រូវគេឆ្កាងនោះហើយ
6 ព្រះអង្គមិននៅទីនេះទៀតទេ ដ្បិតព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលរួចហើយ ចូរមកមើលកន្លែងដែលគេផ្ដេកសពព្រះអង្គចុះ
7 ហើយចូរប្រញាប់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គថា ព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញហើយ មើល៍ ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងជួបព្រះអង្គនៅទីនោះ។ មើល៍! ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ»។
8 កាលបានចាកចេញពីផ្នូរយ៉ាងរហ័ស ទាំងភ័យអរជាខ្លាំងផង នោះពួកនាងក៏រត់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ
9 ស្រាប់តែព្រះយេស៊ូបានមកជួបពួកនាង ទាំងមានបន្ទូលថា៖ «ជម្រាបសួរ»។ ពួកនាងបានចូលមកជិតចាប់ឱបបាទាព្រះអង្គ និងបានថ្វាយបង្គំព្រះអង្គ។
10 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនខ្ញុំថា ឲ្យពួកគេទៅស្រុកកាលីឡេចុះ ហើយពួកគេនឹងជួបខ្ញុំនៅទីនោះ»។
11 កាលពួកនាងកំពុងធ្វើដំណើរទៅ នោះពួកអ្នកយាមខ្លះបានចូលទៅក្នុងក្រុង ប្រាប់ពួកសម្ដេចសង្ឃអំពីហេតុការណ៍ទាំងឡាយដែលបានកើតឡើង។
12 បន្ទាប់ពីពួកសម្ដេចសង្ឃបានពិគ្រោះគ្នានឹងពួកចាស់ទុំរួចហើយ ពួកគេក៏ឲ្យប្រាក់ជាច្រើនដល់ពួកទាហាន
13 ដោយប្រាប់ថា៖ «ចូរនិយាយថា ពេលយើងកំពុងដេកលក់ ពួកសិស្សរបស់វាបានមកលួចយកសពរបស់វាទាំងយប់
14 ហើយបើរឿងនេះឮដល់លោកអភិបាល យើងនឹងបញ្ចុះបញ្ចូលគាត់ មិនឲ្យអ្នករាល់គ្នាមានបញ្ហាទេ»។
15 ពួកទាហានក៏ទទួលយកប្រាក់ ហើយធ្វើតាមដូចដែលពួកគេបង្គាប់។ ដូច្នេះ រឿងនេះក៏បានឮសុសសាយក្នុងចំណោមជនជាតិយូដារហូតដល់សព្វថ្ងៃ។
16 ពួកសិស្សទាំងដប់មួយនាក់បានទៅស្រុកកាលីឡេ ឆ្ពោះទៅភ្នំដែលព្រះយេស៊ូបានបង្គាប់ឲ្យពួកគេទៅ។
17 កាលឃើញព្រះអង្គហើយ ពួកគេក៏ថ្វាយបង្គំព្រះអង្គ ប៉ុន្ដែអ្នកខ្លះនៅតែសង្ស័យ
18 នោះព្រះយេស៊ូក៏យាងមកជិតពួកគេ មានបន្ទូលថា៖ «ខ្ញុំបានទទួលសិទ្ធិអំណាចទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី
19 ដូច្នេះ ចូរទៅបង្កើតសិស្សពីគ្រប់ជនជាតិ ហើយធ្វើពិធីជ្រមុជទឹកឲ្យពួកគេនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ
20 ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលវេលារហូតដល់អស់កល្ប»៕
المحددات الحالية:
Matthew 28: KCB
تمييز النص
شارك
نسخ
هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.