ម៉ាថាយ 2

2
ពួកហោរាចារ្យសួរសុខទុក្ខស្ដេចថ្មី
1បន្ទាប់ពី​ព្រះយេស៊ូវ​ប្រសូត​នៅ​បេថ្លេហិម​ក្នុង​យូឌា នា​សម័យ​ព្រះបាទ​ហេរ៉ូឌ មើល៍! មាន​ពួក​ហោរាចារ្យ​ពី​ទិសខាងកើត​បាន​មកដល់​យេរូសាឡិម 2សួរថា​៖ “តើ​ព្រះអង្គ​ដែល​ប្រសូត​មក ជា​ស្ដេចនៃជនជាតិយូដា​គង់នៅ​ឯណា​? ព្រោះថា​កាល​នៅ​ទិសខាងកើត យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ ដូច្នេះ​យើង​ក៏​មក​ថ្វាយបង្គំ​ព្រះអង្គ”។
3នៅពេល​ព្រះបាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មានអំពល់ ហើយ​អ្នក​យេរូសាឡិម​ទាំងមូល​ក៏​មានអំពល់​ជាមួយ​ទ្រង់​ដែរ​។ 4ស្ដេច​បាន​កោះប្រជុំ​អស់ទាំង​នាយកបូជាចារ្យ និង​គ្រូវិន័យ​របស់​ប្រជាជន ហើយ​សួរ​ពួកគេ​អំពី​កន្លែងដែល​ព្រះ​គ្រីស្ទ​ប្រសូត​។
5ពួកគេ​ទូល​ស្ដេច​ថា​៖ “នៅ​បេថ្លេហិម​ក្នុង​យូឌា​។ ដ្បិត​មាន​សរសេរ​ទុកមក​តាមរយៈ​ព្យាការី​ដូច្នេះ​ថា​:
6‘បេថ្លេហិម​ក្នុង​ដែនដី​របស់​យូដា​អើយ!
អ្នក​មិន​តូចជាងគេ​ក្នុង​បណ្ដា​ចៅហ្វាយ​នៃ​យូដា​សោះឡើយ
ដ្បិត​នឹង​មាន​អ្នកដឹកនាំ​ម្នាក់​ចេញមក​ពី​អ្នក
លោក​នឹង​ឃ្វាល​អ៊ីស្រាអែល​ប្រជារាស្ត្រ​របស់យើង#2:6 《មីកា》 5:2។”។
7ពេលនោះ ហេរ៉ូឌ​បាន​ហៅ​ហោរាចារ្យ​ទាំងនោះ​មក​ដោយសម្ងាត់ ហើយ​សាកសួរ​ពួកគេ​អំពី​ពេលវេលា​ដែល​ផ្កាយ​នោះ​បាន​លេចមក​។ 8បន្ទាប់មក ស្ដេច​ចាត់​ពួកគេ​ឲ្យទៅ​បេថ្លេហិម ដោយ​មានរាជឱង្ការថា​៖ “ចូរ​ទៅ​សួរ​ឲ្យច្បាស់​អំពី​ព្រះកុមារ​នោះ​ចុះ​។ កាលណា​រកឃើញ​ហើយ ចូរ​រាយការណ៍​មក​យើង ដើម្បីឲ្យ​យើង​ទៅ​ថ្វាយបង្គំ​ដែរ”។
9ក្រោយពី​ទទួលរាជឱង្ការ​ពី​ស្ដេច​ហើយ ពួកគេ​ក៏​ចាកចេញទៅ​។ ពេលនោះ មើល៍! ផ្កាយ​ដែល​ពួកគេ​បាន​ឃើញ​នៅ​ទិសខាងកើត​នោះ​នាំមុខ​ពួកគេ រហូត​មក​ឈប់​នៅលើ​កន្លែងដែល​ព្រះកុមារ​គង់នៅ​។ 10នៅពេល​ឃើញ​ផ្កាយ​នោះ ពួកគេ​ក៏​មាន​អំណរ​អរសប្បាយ​យ៉ាងខ្លាំង​ក្រៃលែង​។ 11ពួកគេ​ចូលទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះកុមារ​នៅ​ជាមួយ​ម៉ារា​ម្ដាយ​របស់​ព្រះអង្គ ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ រួច​ពួកគេ​បើក​ហិប​រតនសម្បត្តិ​របស់​ពួកគេ ថ្វាយ​តង្វាយ​ជា​មាស កំញាន និង​ជ័រល្វីងទេស ដល់​ព្រះអង្គ​។ 12បន្ទាប់មក ពួកគេ​ត្រូវព្រះដាស់តឿន​ក្នុង​យល់សប្តិ មិនឲ្យ​ត្រឡប់ទៅ​រក​ហេរ៉ូឌ​វិញ​ឡើយ ពួកគេ​ក៏​ចាកចេញ​ទៅ​ស្រុក​របស់​ខ្លួន​តាមផ្លូវ​មួយ​ផ្សេងទៀត​។
រត់គេចទៅអេហ្ស៊ីប
13ក្រោយពី​ហោរាចារ្យទាំងនោះ​បាន​ចាកចេញ​ទៅហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​យ៉ូសែប​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “ចូរ​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ រត់គេច​ទៅ​អេហ្ស៊ីប​ទៅ ហើយ​ចូរ​នៅ​ទីនោះ​រហូតដល់​យើង​ប្រាប់​អ្នក ពីព្រោះ​ហេរ៉ូឌ​រៀបនឹង​រក​បំផ្លាញជីវិត​ព្រះកុមារ​ហើយ”។ 14យ៉ូសែប​ក៏​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ ចាកចេញ​ទៅ​អេហ្ស៊ីប​ទាំង​យប់ 15ហើយ​រស់នៅ​ទីនោះ​រហូតដល់​ហេរ៉ូឌ​សោយទិវង្គត ដើម្បីឲ្យ​សេចក្ដី​ដែល​ព្រះអម្ចាស់​មានបន្ទូល​តាមរយៈ​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:“យើង​បាន​ហៅ​បុត្រ​របស់យើង​ចេញពី​អេហ្ស៊ីប​មក”#2:15 《ហូសេ》 11:1។
សម្លាប់រង្គាលក្មេងតូច
16នៅពេល​ហេរ៉ូឌ​ឃើញ​ថា​ខ្លួន​ចាញ់បោក​ហោរាចារ្យ​ទាំងនោះ ទ្រង់​ក៏​ខ្ញាល់​យ៉ាងខ្លាំង ហើយ​ចាត់​គេ​ឲ្យទៅ សម្លាប់​ក្មេងប្រុស​ទាំងអស់​ដែល​នៅ​បេថ្លេហិម និង​តំបន់​ទាំងអស់​ជុំវិញ​បេថ្លេហិម ចាប់ពី​អាយុពីរឆ្នាំ​ចុះ​ក្រោម យោងតាម​ពេលវេលា​ដែល​ទ្រង់​បាន​សាកសួរ​ពី​ពួក​ហោរាចារ្យ​។ 17ពេលនោះ សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​យេរេមា​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:
18 “មាន​ឮ​សំឡេង​ពី​រ៉ាម៉ា
ជា​សំឡេង​ទំនួញ # 2:18 សំឡេងទំនួញ―ឯកសារបុរាណខ្លះថា “សំឡេងយំសោក សំឡេងទំនួញ”។ និង​សំឡេង​ទុក្ខព្រួយ​យ៉ាងខ្លាំង​។
រ៉ាជែល​កំពុង​យំសោក​នឹង​កូន​ៗ​របស់​នាង
នាង​មិន​ព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ
ដ្បិត​ពួកគេ​មិន​នៅ​ទៀត​ទេ” # 2:18 《យេរេមា》 31:15។
តាំងទីលំនៅនៅណាសារ៉ែត
19ក្រោយពី​ហេរ៉ូឌ​សោយទិវង្គត​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​យ៉ូសែប​ក្នុង​យល់សប្តិ​នៅ​អេហ្ស៊ីប 20ហើយ​និយាយថា​៖ “ចូរ​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ​ទៅ​ដែនដី​អ៊ីស្រាអែល​វិញ​ចុះ ដ្បិត​ពួក​អ្នក​ដែល​ចង់យក​ជីវិត​ព្រះកុមារ បាន​ស្លាប់​អស់ហើយ”‍។ 21យ៉ូសែប​ក៏​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ​ចូលទៅ​ដែនដី​អ៊ីស្រាអែល​វិញ​។ 22ប៉ុន្តែ​នៅពេល​ឮ​ថា​អើខេឡោស​សោយរាជ្យ​នៅ​យូឌា​ជំនួស​ហេរ៉ូឌ​បិតា​របស់​ទ្រង់ យ៉ូសែប​មិនហ៊ាន​ទៅ​ទីនោះ​ទេ​។ ពេល​ត្រូវព្រះដាស់តឿន​ក្នុង​យល់សប្តិ គាត់​ក៏​ចាកចេញ​ទៅ​តំបន់​កាលីឡេ​វិញ 23គឺ​ទៅ​ដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ណាសារ៉ែត ហើយ​រស់នៅ​ទីនោះ ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “ព្រះអង្គ​នឹង​ត្រូវគេ​ហៅថា អ្នកណាសារ៉ែត”៕

高亮显示

分享

复制

None

想要在所有设备上保存你的高亮显示吗? 注册或登录

YouVersion 使用 cookie 来个性化你的体验。使用我们的网站,即表示你同意我们根据我们的隐私政策来使用 cookie。