កាឡាទី 6
6
ការជួយធុរៈគ្នាទៅវិញទៅមក
1បងប្អូនអើយ ប្រសិនបើមាននរណាម្នាក់ត្រូវគេទាន់នៅពេលកំពុងតែធ្វើអំពើអាក្រក់ណាមួយ បងប្អូនដែលមានរសអុលឡោះនៅក្នុងខ្លួនត្រូវកែតម្រង់អ្នកនោះ ដោយចិត្ដស្លូតបូត។ ក៏ប៉ុន្ដែ តោងប្រយ័ត្នខ្លួន ក្រែងលោអ្នកត្រូវធ្លាក់ក្នុងការល្បួងដូចគេដែរ។ 2ត្រូវជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបងប្អូនបំពេញតាមហ៊ូកុំរបស់អាល់ម៉ាហ្សៀសទាំងស្រុង។ 3ប្រសិនបើនរណាម្នាក់ស្មានថាខ្លួនជាមនុស្សសំខាន់ តែតាមពិតខ្លួនជាអ្នកឥតបានការ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។ 4ម្នាក់ៗត្រូវពិនិត្យពិច័យមើលអំពើដែលខ្លួនប្រព្រឹត្ដ ប្រសិនបើរកឃើញហេតុដែលធ្វើឲ្យខ្លួនឯងខ្ពស់មុខនោះ គឺរកឃើញតែនៅក្នុងខ្លួនឯងផ្ទាល់ មិនមែនដោយប្រៀបផ្ទឹមទៅនឹងអ្នកដទៃទេ 5ដ្បិតម្នាក់ៗទទួលខុសត្រូវលើអំពើដែលខ្លួនប្រព្រឹត្ដ។
6ចំពោះអ្នកដែលទទួលការអប់រំខាងបន្ទូលនៃអុលឡោះ ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។
7សូមបងប្អូនកុំយល់ច្រឡំ គ្មាននរណាមើលងាយអុលឡោះបានទេ។ បើមនុស្សម្នាក់សាបព្រោះគ្រាប់ពូជណា គេនឹងច្រូតបានផល តាមពូជនោះឯង។ 8អ្នកណាសាបព្រោះតាមនិស្ស័យលោកីយ៍របស់ខ្លួន អ្នកនោះក៏នឹងច្រូតយកផល ដែលតែងតែរលួយមកពីលោកីយ៍ដែរ។ រីឯអ្នកដែលសាបព្រោះខាងរសអុលឡោះវិញ នឹងច្រូតយកផល ជាជីវិតអស់កល្បជានិច្ចមកពីរសអុលឡោះ។ 9យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្ដអំពើល្អឡើយ ដ្បិតប្រសិនបើយើងមិនបាក់ទឹកចិត្ដទេនោះ ដល់ពេលកំណត់យើងនឹងច្រូតបានផលជាមិនខាន។ 10ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្ដអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ។
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់
11តួអក្សរធំៗដែលបងប្អូនឃើញនេះ គឺខ្ញុំបានសរសេរមកបងប្អូនដោយដៃខ្ញុំផ្ទាល់។
12អស់អ្នកដែលចង់បានកិត្ដិយសខាងលោកីយ៍ បានបង្ខំបងប្អូនឲ្យខតាន់ក្នុងគោលបំណងកុំឲ្យមានគេបៀតបៀន ព្រោះតែឈើឆ្កាងរបស់អាល់ម៉ាហ្សៀសប៉ុណ្ណោះ។ 13ចំពោះអ្នកដែលខតាន់ទាំងនោះខ្លួនគេផ្ទាល់ ពុំកាន់តាមហ៊ូកុំទេ គឺគេចង់ឲ្យបងប្អូនខតាន់ ដើម្បីឲ្យគេអាចអួតខ្លួនថា គេបានខតាន់ឲ្យបងប្អូន។ 14រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះអ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។ 15ការខតាន់ ឬមិនខតាន់មិនសំខាន់អ្វីទេ មានតែការកើតជាថ្មីវិញឯណោះទើបសំខាន់។ 16សូមអុលឡោះប្រទានសេចក្ដីសុខសាន្ដ និងមេត្ដាករុណាដល់អស់អ្នកដែលអនុវត្ដតាមគោលគំនិតនេះ និងដល់ប្រជារាស្ដ្រអ៊ីស្រអែលរបស់ទ្រង់។ 17អំណើះតទៅ សូមកុំឲ្យនរណាម្នាក់ធ្វើឲ្យខ្ញុំពិបាកចិត្ដទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាមរបស់អ៊ីសា នៅក្នុងរូបកាយខ្ញុំស្រាប់ហើយ។
18បងប្អូនអើយ សូមគុណរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។ អាម៉ីន។
© 2014 United Bible Societies, UK.