និក្ខមនំ 6
6
ព្រះបន្ទូលសន្យាអំពីការរំដោះពួកកូនចៅអ៊ីស្រាអែល
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះផារ៉ោន ដ្បិតដោយដៃដ៏ខ្លាំងពូកែ យើងនឹងឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ហើយដោយដៃដ៏ខ្លាំងពូកែ ផារ៉ោននឹងបណ្តេញគេចេញពីស្រុកទៅ»។
2ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «យើងជាព្រះយេហូវ៉ា 3យើងបានលេចមកឲ្យអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបស្គាល់យើង ថាជាព្រះដ៏មានគ្រប់ព្រះចេស្តា ប៉ុន្តែ យើងមិនបានឲ្យគេស្គាល់នាមយើងជា "យេហូវ៉ា" ទេ។ 4យើងក៏បានតាំងសញ្ញាជាមួយគេថា នឹងប្រគល់ស្រុកកាណានដល់គេ គឺជាស្រុកដែលគេបានស្នាក់នៅដូចជាអ្នកដទៃ។ 5យើងបានឮសំឡេងស្រែកថ្ងូររបស់កូនចៅអ៊ីស្រាអែល ដែលសាសន៍អេស៊ីព្ទចាប់ឲ្យធ្វើជាទាសករ ហើយយើងបាននឹកចាំសេចក្ដីសញ្ញារបស់យើង។ 6ដូច្នេះ ចូរប្រាប់កូនចៅអ៊ីស្រាអែលថា "យើងជាព្រះយេហូវ៉ា យើងនឹងនាំអ្នករាល់គ្នាចេញពីបន្ទុករបស់សាសន៍អេស៊ីព្ទ ហើយរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់គេ យើងនឹងប្រោសលោះអ្នករាល់គ្នា ដោយលើកដៃយើងឡើង និងដោយការវិនិច្ឆ័យយ៉ាងធំ។ 7យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងដឹងថា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលនាំអ្នករាល់គ្នាចេញពីបន្ទុករបស់សាសន៍អេស៊ីព្ទ។ 8យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងបានលើកដៃស្បថថា នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប យើងនឹងឲ្យស្រុកនោះដល់អ្នករាល់គ្នាទុកជាកេរអាករ យើងជាព្រះយេហូវ៉ា"»។ 9លោកម៉ូសេក៏ប្រាប់កូនចៅអ៊ីស្រាអែលតាមពាក្យនោះ ប៉ុន្ដែ គេមិនស្តាប់លោកឡើយ ព្រោះគេបាក់ទឹកចិត្ត និងភាពជាទាសករដ៏ឃោរឃៅ។
10ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅលោកម៉ូសេថា៖ 11«ចូរទៅប្រាប់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទថា ត្រូវបើកឲ្យកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅ»។ 12ប៉ុន្ដែ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «មើល៍ សូម្បីតែកូនចៅអ៊ីស្រាអែលក៏មិនព្រមស្តាប់ទូលបង្គំផង ធ្វើដូចម្តេចឲ្យផារ៉ោនស្តាប់ទូលបង្គំ ជាអ្នកដែលមិនសូវមានវោហារដូច្នេះ? » 13នោះព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុន ជាសេចក្ដីបង្គាប់ដល់កូនចៅអ៊ីស្រាអែល ហើយដល់ផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ដើម្បីនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ។
បញ្ជីរាយនាមពង្សាវតាររបស់លោកម៉ូសេ និងលោកអើរ៉ុន
14នេះជាបញ្ជីពួកមេគ្រួសាររបស់ឪពុកគេទាំងប៉ុន្មាន កូនរបស់រូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី អ្នកទាំងនេះជាក្រុមគ្រួសាររបស់រូបេន។ 15កូនរបស់ស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូលជាកូនរបស់ស្ត្រីសាសន៍កាណានម្នាក់ អ្នកទាំងនេះជាក្រុមគ្រួសាររបស់ស៊ីម្មាន។ 16ឈ្មោះរបស់ពួកកូនលេវី តាមតំណវង្សត្រកូលរបស់គេ គឺគើសុន កេហាត់ និងម្រ៉ារី ហើយលេវីមានអាយុរស់នៅបានមួយរយសាមសិបប្រាំពីរឆ្នាំ។ 17កូនរបស់គើសុន គឺលិបនី និងស៊ីម៉ាយ តាមក្រុមគ្រួសារគេ។ 18កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ហើយកេហាត់មានអាយុរស់នៅបានមួយរយសាមសិបបីឆ្នាំ។ 19កូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី អ្នកទាំងនេះជាក្រុមគ្រួសាររបស់លេវី តាមតំណវង្សត្រកូលរបស់គេ ។ 20អាំរ៉ាមយកនាងយ៉ុកិបិតជាម្តាយមីងធ្វើជាប្រពន្ធ ហើយនាងបង្កើតអើរ៉ុន និងម៉ូសេ ហើយអាំរ៉ាមមានអាយុរស់នៅបានមួយរយសាមសិបប្រាំពីរឆ្នាំ។ 21កូនរបស់យីតសារ គឺកូរេ នេផេក និងស៊ីកគ្រី។ 22កូនរបស់អ៊ូស៊ាល គឺមីសាអែល អេលសាផាន និងស៊ីតទ្រី។ 23អើរ៉ុនយកនាងអេលីសេបា កូនរបស់អ័មីណាដាប់ និងជាប្អូនរបស់ណាសូន ធ្វើជាប្រពន្ធ នាងបង្កើតបានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ។ 24កូនរបស់កូរេ គឺអាស់ស៊ា អែលកាណា និងអេបៀសាប់ អ្នកទាំងនេះជាក្រុមគ្រួសាររបស់កូរេ។ 25អេលាសារជាកូនអើរ៉ុន ក៏យកកូនស្រីម្នាក់របស់ពូធាលធ្វើជាប្រពន្ធ ហើយនាងបង្កើតបានភីនេហាស។ នេះជាពួកមេនៃគ្រួសារឪពុករបស់ពួកលេវី តាមគ្រួសាររបស់គេ។
26គឺអើរ៉ុន និងម៉ូសេនេះហើយ ដែលព្រះយេហូវ៉ាបានបង្គាប់ថា «ចូរនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ»។ 27គឺលោកទាំងពីរនេះហើយដែលបានទូលផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ដើម្បីនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ គឺលោកម៉ូសេ និងលោកអើរ៉ុននេះឯង។
លោកម៉ូសេ និងលោកអើរ៉ុនធ្វើតាមសេចក្ដីបង្គាប់របស់ព្រះ
28នៅថ្ងៃដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេនៅស្រុកអេស៊ីព្ទ 29ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះយេហូវ៉ា ចូរប្រាប់ផារ៉ោនជាស្តេចស្រុកអេស៊ីព្ទគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់អ្នក»។ 30ប៉ុន្ដែ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «មើល៍ ទូលបង្គំជាអ្នកមិនសូវមានវោហារ ទេ ធ្វើដូចម្តេចឲ្យផារ៉ោនស្តាប់ទូលបង្គំ?»។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
និក្ខមនំ 6: គកស១៦
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2016 United Bible Societies