សេរីភាព 40
40
ការដំឡើងជំរំសក្ការៈ
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2«នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងជំរំសក្ការៈ និងជំរំជួប អុលឡោះតាអាឡា។ 3ចូរតម្កល់ហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា រួចយកវាំងននមកបាំង។ 4ចូរយកតុសក្ការៈមក ហើយអ្វីៗដែលត្រូវដាក់នៅលើតុ ត្រូវរៀបចំឲ្យបានរៀបរយ។ ចូរយកជើងចង្កៀងមក រួចរៀបចំដុតចង្កៀងទាំងអស់នៅលើនោះផង។ 5ចូរដាក់អាសនៈមាស សម្រាប់ដុតគ្រឿងក្រអូប នៅខាងមុខហិបនៃសម្ពន្ធមេត្រី ហើយបាំងវាំងនននៅទ្វារចូលជំរំសក្ការៈ។ 6ចូរដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅខាងមុខទ្វារជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។ 7ចូរដាក់អាងសម្រាប់ពិធីជម្រះកាយ នៅចន្លោះជំរំជួបអុលឡោះតាអាឡា និងអាសនៈ ហើយចាក់ទឹកបំពេញអាងនោះផង។ 8ចូរដំឡើងរនាំងទីលាននៅជុំវិញ ហើយបាំងវាំងនននៅទ្វារចូលទីលានផង។
9ចូរយកប្រេងសម្រាប់ពិធីលាបប្រេងមក រួចធ្វើពិធីលាបប្រេងលើជំរំសក្ការៈ និងអ្វីៗទាំងអស់នៅក្នុងនោះ។ ចូរញែកជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងអស់ជាសក្ការៈ នោះជំរំសក្ការៈនឹងទៅជាសក្ការៈ។ 10ចូរធ្វើពិធីលាបប្រេងលើអាសនៈធ្វើគូរបានដុត និងគ្រឿងបរិក្ខារទាំងអស់របស់អាសនៈ។ ចូរញែកអាសនៈជាសក្ការៈ នោះអាសនៈនឹងទៅជាសក្ការៈបំផុត។ 11ចូរធ្វើពិធីលាបប្រេងលើអាង និងកំណល់ ដើម្បីញែកអាងនោះជាសក្ការៈ។ 12ចូរនាំហារូន និងកូនប្រុសរបស់គាត់ ចូលមកមាត់ទ្វារជំរំជួបអុលឡោះតាអាឡា ហើយធ្វើពិធីងូតទឹកឲ្យពួកគេ។ 13ចូរយកសម្លៀកបំពាក់សក្ការៈមកពាក់ឲ្យហារូន ហើយចាក់ប្រេងញែកគាត់ឲ្យបានបរិសុទ្ធ ដើម្បីឲ្យគាត់បំពេញមុខងារជាអ៊ីមុាំបម្រើយើង។ 14ចូរនាំកូនប្រុសរបស់ហារូនចូលមក ចូរយកអាវវែងពាក់ឲ្យពួកគេ 15ហើយតែងតាំងពួកគេ ដូចអ្នកបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាអ៊ីមុាំបម្រើយើង។ ពិធីចាក់ប្រេងនេះបញ្ជាក់ថាពួកគេ និងពូជពង្សរបស់ពួកគេមានមុខងារជាអ៊ីមុាំរហូតតទៅ»។
16ម៉ូសាធ្វើតាមបន្ទូលទាំងអស់ ដែលអុលឡោះតាអាឡាបានបង្គាប់គាត់។ 17ជនជាតិអ៊ីស្រអែលដំឡើងជំរំសក្ការៈ នៅថ្ងៃទីមួយ នៃខែទីមួយក្នុងឆ្នាំទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ 18ម៉ូសាឲ្យគេដំឡើងជំរំសក្ការៈ ដោយដាក់ជើងទ្រ ដាក់ស៊ុម ដាក់ឈើទទឹង ព្រមទាំងបង្គោល។ 19គេលាតក្រណាត់បាំងជំរំសក្ការៈ ដាក់ក្រណាត់គ្របពីលើ ដូចអុលឡោះតាអាឡាបង្គាប់ម៉ូសា។ 20ម៉ូសាយកបន្ទះថ្មនៃសន្ធិសញ្ញាដាក់ក្នុងហិបនៃសម្ពន្ធមេត្រី ហើយស៊កឈើស្នែង និងយកគំរបមកគ្របលើហិបនោះ។ 21គេយកហិបទៅដាក់ក្នុងជំរំសក្ការៈ ហើយចងវាំងនន និងបាំងហិបនោះ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
22គេដាក់តុសក្ការៈ ក្នុងជំរំជួបអុលឡោះតាអាឡា នៅប៉ែកខាងជើងជំរំសក្ការៈ និងនៅពីមុខវាំងនន 23គេរៀបចំនំបុ័ង សម្រាប់ជូនអុលឡោះតាអាឡា ដាក់នៅលើតុ ដូច អុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
24គេដាក់ជើងចង្កៀងក្នុងជំរំជួប អុលឡោះតាអាឡា នៅប៉ែកខាងត្បូងជំរំសក្ការៈ ទល់មុខនឹងតុ 25គេអុជចង្កៀងទាំងអស់ នៅចំពោះអុលឡោះតាអាឡា ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
26គេដាក់អាសនៈមាសក្នុងជំរំជួបអុលឡោះតាអាឡា ពីមុខវាំងនន។ 27គេដុតគ្រឿងក្រអូបនៅលើអាសនៈនោះ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
28គេចងវាំងនន នៅមាត់ទ្វារចូលជំរំសក្ការៈ។ 29គេដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅជិតទ្វារចូលជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។ ធ្វើគូរបានដុត និងជំនូនម្សៅនៅលើអាសនៈនេះ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
30គេតម្កល់អាងនៅចន្លោះជំរំជួបអុលឡោះតាអាឡា និងអាសនៈ រួចគេចាក់ទឹកបំពេញអាងសម្រាប់ធ្វើពិធីជម្រះកាយ។ 31ម៉ូសា ហារូន និងកូនប្រុសរបស់គាត់ ប្រើទឹកក្នុងអាងនេះសម្រាប់ពិធីលាងដៃ និងលាងជើង។ 32ពេលពួកគាត់ចូលទៅក្នុងជំរំ ឬចូលទៅជិតអាសនៈ ពួកគាត់តែងតែធ្វើពិធីលាងជម្រះ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
33នៅទីបញ្ចប់ ម៉ូសាឲ្យគេដំឡើងរនាំងរបស់ទីលាន នៅជុំវិញជំរំសក្ការៈ និងអាសនៈ ព្រមទាំងចងវាំងនន នៅមាត់ទ្វារចូលទីលាន។
សិរីរុងរឿងរបស់អុលឡោះតាអាឡា
34ពេលនោះ មានពពកមកគ្របបាំងលើជំរំជួបអុលឡោះតាអាឡា ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញជំរំសក្ការៈ។ 35ម៉ូសាពុំអាចចូលទៅក្នុងជំរំជួបអុលឡោះតាអាឡាបានឡើយ ព្រោះមានពពកមកគ្របបាំងលើជំរំនោះ ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញជំរំសក្ការៈ។ 36ពេលណាពពកអណ្តែតឡើង ផុតពីជំរំសក្ការៈ ជនជាតិអ៊ីស្រអែលនាំគ្នារើជំរំចេញដំណើរទៅមុខ។ 37ប្រសិនបើពពកមិនអណ្តែតឡើងពីជំរំទេ ជនជាតិអ៊ីស្រអែលមិនចេញដំណើរទេ គឺពួកគេរង់ចាំថ្ងៃដែលពពកអណ្តែតឡើង។ 38គ្រប់ដំណាក់ដែលកូនចៅអ៊ីស្រអែលបោះជំរំ ពួកគេទាំងអស់គ្នាឃើញពពករបស់អុលឡោះតាអាឡា ស្ថិតនៅលើជំរំសក្ការៈនៅពេលថ្ងៃ ហើយឃើញដុំភ្លើងនៅពេលយប់។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
សេរីភាព 40: អគត
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2014 United Bible Societies, UK.