សេរីភាព 34
34
បន្ទះថ្មថ្មី
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុនដែរ។ យើងនឹងសរសេរសេចក្តីទាំងប៉ុន្មានដែលមានចារឹកលើបន្ទះថ្ម ដែលអ្នកបានធ្វើឲ្យបែក លើបន្ទះថ្មថ្មីនេះ។ 2ចូរត្រៀមខ្លួនតាំងពីព្រលឹម ហើយឡើងទៅលើភ្នំស៊ីណៃ រួចរង់ចាំយើងនៅលើកំពូលភ្នំ។ 3មិនត្រូវឲ្យនរណាឡើងមកជាមួយអ្នក មិនត្រូវឲ្យមាននរណានៅលើភ្នំនេះ ហើយសូម្បីតែចៀម ឬគោក៏មិនត្រូវឲ្យមកស៊ីស្មៅនៅតាមជើងភ្នំដែរ»។ 4ម៉ូសាក៏ដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន។ គាត់ក្រោកពីព្រលឹមឡើងទៅលើភ្នំស៊ីណៃតាមបញ្ជារបស់អុលឡោះតាអាឡា ទាំងកាន់បន្ទះថ្មពីរនោះទៅជាមួយផង។
5 អុលឡោះតាអាឡាបានចុះមកក្នុងពពក ហើយនៅទីនោះ ក្បែរម៉ូសា ទាំងប្រកាសឈ្មោះអុលឡោះតាអាឡា។ 6បន្ទាប់មក អុលឡោះតាអាឡាបានឆ្លងកាត់ពីមុខម៉ូសា ទាំងប្រកាសថា៖ «អុលឡោះតាអាឡា ជាម្ចាស់ប្រកបដោយចិត្តអាណិតអាសូរ និងប្រណីសន្តោស ទ្រង់មានចិត្តអត់ធ្មត់ ហើយពោរពេញទៅដោយចិត្តមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច។ 7អុលឡោះសំដែងចិត្តមេត្តាករុណា រហូតដល់មួយពាន់ដំណ ទ្រង់តែងតែអត់ទោស ចំពោះកំហុស អំពើទុច្ចរិត និងអំពើបាបដែលមនុស្សបានប្រព្រឹត្ត តែទ្រង់មិនចាត់ទុកអ្នកមានកំហុសថា ជាជនស្លូតត្រង់ឡើយ។ អ្នកដែលធ្វើខុស ទ្រង់ដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ!»។
8ម៉ូសាប្រញាប់ប្រញាល់ក្រាបដល់ដីថ្វាយបង្គំអុលឡោះតាអាឡា។ 9គាត់ជម្រាបថា៖ «អុលឡោះជាអម្ចាស់អើយ! ប្រសិនបើទ្រង់ពេញចិត្តនឹងខ្ញុំមែន សូមទ្រង់ទៅជាមួយយើងខ្ញុំផង។ ប្រជាជនទាំងនេះជាមនុស្សរឹងរូស ប៉ុន្តែ ទ្រង់អត់ទោសចំពោះកំហុស និងអំពើបាបដែលយើងខ្ញុំបានប្រព្រឹត្ត ហើយទ្រង់ទទួលយើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់»។
អុលឡោះតាអាឡា ចងសម្ពន្ធមេត្រី ជាមួយជនជាតិអ៊ីស្រអែលសាជាថ្មី
10 អុលឡោះតាអាឡាមានបន្ទូលថា៖ «ឥឡូវនេះ យើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា។ យើងនឹងសំដែងការអស្ចារ្យ ឲ្យប្រជាជនអ៊ីស្រអែលឃើញ ជាការអស្ចារ្យដែលមិនធ្លាប់មានកាលពីមុនមក នៅលើផែនដី និងនៅក្នុងចំណោមប្រជាជាតិនានា។ ប្រជាជននៅជាមួយអ្នក នឹងឃើញស្នាដៃដ៏គួរឲ្យកោតស្ញប់ស្ញែង ដែលអុលឡោះតាអាឡាបានធ្វើ តាមរយៈអ្នក។
11ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្តីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ យើងនឹងបណ្តេញជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីមុខអ្នករាល់គ្នា។ 12ចូរប្រយ័ត្នមិនត្រូវចងសម្ពន្ធមិត្ត ជាមួយប្រជាជននៅក្នុងស្រុក ដែលអ្នកនឹងចូលទៅរស់នៅនោះឡើយ ក្រែងលោពួកគេក្លាយទៅជាអន្ទាក់ក្នុងចំណោមអ្នក។ 13ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញអាសនៈរបស់ពួកគេ បំបាក់បង្គោលរបស់ពួកគេ ព្រមទាំងផ្តួលរំលំបង្គោលសក្ការៈរបស់ពួកគេទៀតផង។ 14មិនត្រូវក្រាបថ្វាយបង្គំអ្វីទៀតឡើយ ដ្បិតយើងជាអុលឡោះតាអាឡា យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងអី្វផ្សេងជាដាច់ខាត។ 15កុំចងសម្ពន្ធមិត្តជាមួយប្រជាជននៅស្រុកនោះ ក្រែងលោពេលណាគេធ្វើបុណ្យដល់ព្រះរបស់គេ គេនឹងអញ្ជើញអ្នកឲ្យចូលរួមបរិភោគ ជាហេតុនាំឲ្យអ្នកក្បត់ចិត្តយើង។ 16ម៉្យាងទៀត បើកូនប្រុសរបស់អ្នករៀបការជាមួយកូនស្រីរបស់គេ ពេលកូនស្រីរបស់គេថ្វាយបង្គំព្រះរបស់ខ្លួន នោះនាងក៏នាំកូនប្រុសរបស់អ្នក ឲ្យក្បត់ចិត្តយើងដែរ។
17មិនត្រូវយកលោហធាតុមកសិតធ្វើជារូបអី្វឡើយ។
18ត្រូវធ្វើពិធីបុណ្យនំបុ័ងឥតមេ គឺអ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ ចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែចេត្រនោះ យើងបាននាំអ្នកចេញពីស្រុកអេស៊ីប។
19កូនប្រុសច្បងទាំងអស់ជាកម្មសិទ្ធិរបស់យើង ហើយកូនឈ្មោលដំបូងរបស់គោ និងចៀមពីក្នុងហ្វូងសត្វរបស់អ្នក ក៏ជាកម្មសិទ្ធិរបស់យើងដែរ។ 20រីឯកូនដំបូងរបស់សត្វលា អ្នកត្រូវយកកូនចៀមមកលោះ បើអ្នកមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នកក៏ត្រូវលោះកូនប្រុសច្បងទាំងអស់របស់អ្នកដែរ។ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។
21អ្នកត្រូវធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវគោរពថ្ងៃឈប់សម្រាក ទោះបីនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក៏ដោយ។
22អ្នកត្រូវធ្វើពិធីបុណ្យថ្ងៃទីហាសិប នៅពេលចាប់ផ្តើមច្រូតស្រូវ ហើយធ្វើពិធីបុណ្យប្រមូលភោគផលនៅចុងឆ្នាំ។
23ក្នុងមួយឆ្នាំ ក្នុងចំណោមប្រជាជន ប្រុសៗទាំងអស់ត្រូវមកបង្ហាញខ្លួននៅចំពោះអុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិអ៊ីស្រអែលចំនួនបីដង។ 24កាលយើងបណ្តេញជាតិសាសន៍នានាចេញពីមុខអ្នក យើងនឹងពង្រីកទឹកដីរបស់អ្នក។ ក្នុងអំឡុងពេលទាំងបីដងក្នុងមួយឆ្នាំ ដែលអ្នកមកបង្ហាញខ្លួន នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក គ្មាននរណាលោភលន់ចង់បានដីរបស់អ្នកឡើយ។
25មិនត្រូវយកនំបុ័ងមានមេ មកឲ្យជាមួយឈាមនៃគូរបានឡើយ ហើយក៏មិនត្រូវរក្សាសាច់របស់គូរបាននៃពិធីបុណ្យរំលង រហូតដល់ព្រឹកស្អែកដែរ។ 26ចូរនាំយកភោគផលដំបូងបង្អស់នៃដំណាំរបស់អ្នករាល់គ្នា មកឲ្យក្នុងដំណាក់នៃអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
27 អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរកត់ត្រាពាក្យទាំងនេះទុក ដ្បិតពាក្យទាំងនេះជាមូលដ្ធាននៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នក និងប្រជាជនអ៊ីស្រអែល»។
28ម៉ូសាស្ថិតនៅលើភ្នំជាមួយអុលឡោះតាអាឡា អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏គាត់មិនបរិភោគដែរ។ គាត់ចារបន្ទូលនៃសម្ពន្ធមេត្រី ដែលជាបទបញ្ជាទាំងដប់នៅលើបន្ទះថ្ម។
ណាពីម៉ូសាចុះពីភ្នំស៊ីណៃ
29ម៉ូសាចុះពីភ្នំស៊ីណៃមកវិញ ដោយកាន់បន្ទះថ្មទាំងពីរដែលជាសន្ធិសញ្ញា។ ពេលចុះពីភ្នំ គាត់ពុំដឹងថា ផ្ទៃមុខរបស់គាត់បញ្ចេញរស្មី ព្រោះតែគាត់បានសន្ទនាជាមួយអុលឡោះតាអាឡានោះទេ។
30ហារូន និងជនជាតិអ៊ីស្រអែលទាំងអស់ ឃើញផ្ទៃមុខរបស់ម៉ូសាបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតគាត់ឡើយ។
31ម៉ូសាបានហៅពួកគេ ហើយហារូន និងមេដឹកនាំសហគមន៍ក៏នាំគ្នាចូលមកជិតគាត់ រួចគាត់និយាយជាមួយពួកគេ។
32បន្ទាប់មក ជនជាតិអ៊ីស្រអែលទាំងអស់ នាំគ្នាចូលមកជិតគាត់ ហើយគាត់ក៏ថ្លែងប្រាប់ពួកគេនូវបទបញ្ជាទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានបង្គាប់មកគាត់នៅលើភ្នំស៊ីណៃ។
33កាលម៉ូសាមានប្រសាសន៍ទៅពួកគេចប់សព្វគ្រប់ហើយ ក៏យកស្បៃមកបាំងមុខ។ 34ពេលម៉ូសាចូលទៅជួបអុលឡោះតាអាឡា ដើម្បីសន្ទនាជាមួយទ្រង់គាត់ដោះស្បៃមុខ រហូតដល់ចេញមកវិញ។ ពេលគាត់ចេញមកវិញ គាត់ក៏នាំបទបញ្ជាផ្សេងៗ ដែលគាត់បានទទួលយកមកប្រាប់ជនជាតិអ៊ីស្រអែល។ 35ជនជាតិអ៊ីស្រអែលឃើញផ្ទៃមុខរបស់ម៉ូសាបញ្ចេញរស្មី គាត់ក៏យកស្បៃមកបាំងមុខ រហូតទាល់តែដល់ពេលដែលគាត់ចូលទៅសន្ទនាជាមួយអុលឡោះតាអាឡា។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
សេរីភាព 34: អគត
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2014 United Bible Societies, UK.