ម៉ាថាយ 4
4
1គ្រានោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូវ ទៅឯទីរហោស្ថាន ដើម្បីឲ្យត្រូវអារក្សល្បួង 2កាលទ្រង់បានតម៤០ថ្ងៃ៤០យប់ហើយ ក្រោយមកទ្រង់ឃ្លាន 3រួចមេល្បួងក៏មកទូលទ្រង់ថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ឲ្យថ្មទាំងនេះត្រឡប់ជានំបុ័ងទៅ 4តែទ្រង់មានបន្ទូលតបថា មានសេចក្ដីចែងទុកមកដូច្នេះ «មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ»។
5នោះអារក្សក៏នាំទ្រង់ទៅឯក្រុងបរិសុទ្ធ ដាក់លើកំពូលព្រះវិហារ ទូលថា 6បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទំលាក់ខ្លួនទៅក្រោមចុះ ដ្បិតមានសេចក្ដីចែងទុកមកថា «ទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ពីដំណើរអ្នក ទេវតានឹងទ្រអ្នកដោយដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម» 7ព្រះយេស៊ូវមានបន្ទូលទៅវាថា មានសេចក្ដីចែងទុកដូច្នេះទៀត «កុំឲ្យឯងល្បួងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ»។
8មួយទៀត អារក្សបាននាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ ក៏បង្ហាញអស់ទាំងនគរក្នុងលោកីយ នឹងសិរីលំអរបស់នគរទាំងនោះថ្វាយទ្រង់ទត 9រួចទូលថា បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក 10នោះព្រះយេស៊ូវមានបន្ទូលតបថា នែ សាតាំង ចូរឯងថយចេញពីអញទៅ ដ្បិតមានសេចក្ដីចែងទុកមកថា «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ» 11ដូច្នេះ អារក្សក៏ថយចេញពីទ្រង់ទៅ រួចមានពួកទេវតាមកបំរើទ្រង់។
12កាលព្រះយេស៊ូវឮថា គេបានបញ្ជូនយ៉ូហានទៅហើយ នោះទ្រង់យាងថយទៅ គង់នៅឯស្រុកកាលីឡេវិញ 13រួចទ្រង់ចេញពីណាសារ៉ែត ទៅគង់នៅឯក្រុងកាពើណិមវិញ ជាក្រុងនៅមាត់សមុទ្រ ត្រង់ព្រំប្រទល់ដែនខេត្តសាប់យូល៉ូន នឹងណែបថាលី 14ដើម្បីឲ្យបានសំរេចទំនាយ ដែលហោរាអេសាយបានទាយថា 15«ស្រុកសាប់យូល៉ូន នឹងណែបថាលី តាមផ្លូវទៅឯសមុទ្រ ខាងនាយទន្លេយ័រដាន់ គឺជាស្រុកកាលីឡេរបស់សាសន៍ដទៃ 16ឯបណ្តាជន ដែលអង្គុយក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ មានពន្លឺរះឡើង បំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងកំលុង ហើយនឹងម្លប់នៃសេចក្ដីស្លាប់» 17តាំងពីគ្រានោះមក ព្រះយេស៊ូវក៏ចាប់តាំងប្រកាស ដោយបន្ទូលថា ចូរប្រែចិត្តឡើង ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ។
18កាលព្រះយេស៊ូវ ទ្រង់កំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ នោះក៏ទតឃើញបងប្អូន២នាក់ ជាអ្នកនេសាទត្រី គឺស៊ីម៉ូន ដែលហៅថា ពេត្រុស នឹងអនទ្រេ ជាប្អូន កំពុងតែបង់សំណាញ់ក្នុងសមុទ្រ 19រួចទ្រង់មានបន្ទូលទៅគេថា ចូរមកតាមខ្ញុំៗនឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ 20គេក៏ទុកសំណាញ់ចោល ទៅតាមទ្រង់ភ្លាម 21លុះយាងហួសពីនោះបន្តិចទៅ ទ្រង់ទតឃើញបងប្អូន២នាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ នឹងយ៉ូហាន ជាប្អូន ដែលនៅក្នុងទូកជាមួយនឹងសេបេដេ ជាឪពុក គេកំពុងតែជួសជុលសំណាញ់ ហើយទ្រង់មានបន្ទូលហៅអ្នកទាំង២នោះមក 22គេក៏លះបង់ទូក នឹងឪពុក ដើរតាមទ្រង់ជាមួយរំពេចទៅ។
23ព្រះយេស៊ូវ ទ្រង់យាងគ្រប់សព្វក្នុងស្រុកកាលីឡេ ទ្រង់បង្រៀនក្នុងអស់ទាំងសាលាប្រជុំ ក៏ប្រកាសដំណឹងល្អពីនគរ ព្រមទាំងប្រោសជំងឺគ្រប់មុខ នឹងអស់ទាំងជរាពិការ ក្នុងពួកបណ្តាជនឲ្យជាផង 24ដំណឹងពីទ្រង់បានឮសុសសាយទួទៅ ពេញក្នុងស្រុកស៊ីរី គេក៏នាំអស់ទាំងមនុស្សដែលមានជំងឺរោគាគ្រាំគ្រាផ្សេងៗ ទាំងមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក នឹងមនុស្សស្លាប់ដៃស្លាប់ជើង មកឯទ្រង់ ហើយទ្រង់ក៏ប្រោសឲ្យបានជាទាំងអស់គ្នា 25មានមនុស្សកកកុញជាប់តាមទ្រង់ គឺជាមនុស្សដែលមកពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ពីក្រុងយេរូសាឡិម ពីស្រុកយូដា ហើយពីខាងនាយទន្លេយ័រដាន់។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
ម៉ាថាយ 4: ពគប
Ìsàmì-sí
Pín
Daako
Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© BFBS/UBS 1954, 1962. All Rights Reserved.