Logo Aplikacije Biblija
Dugme za pretraživanje

ទំនុកតម្កើង 139

139
ព្រះសព្វញ្ញូ
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។
1ព្រះយេហូវ៉ា​អើយ
ព្រះអង្គ​បាន​ស្ទង់មើល​ទូលបង្គំ ហើយ​ស្គាល់​ទូលបង្គំ​។
2ព្រះអង្គ​ទ្រង់​ជ្រាប​ពេលដែល​ទូលបង្គំ​អង្គុយ និង​ពេលដែល​ទូលបង្គំ​ក្រោកឡើង​;
ព្រះអង្គ​ទ្រង់​ឈ្វេងយល់​គំនិត​របស់ទូលបង្គំ​ពី​ចម្ងាយ​។
3ព្រះអង្គ​ទ្រង់​សង្កេតមើល​ការ​ធ្វើដំណើរ​របស់ទូលបង្គំ និង​ការ​ដេកសម្រាក​របស់ទូលបង្គំ​;
ព្រះអង្គ​ទ្រង់​ស្គាល់ច្បាស់​នូវ​អស់ទាំង​ផ្លូវ​របស់ទូលបង្គំ​។
4ព្រះយេហូវ៉ា​អើយ
សូម្បីតែ​ពាក្យសម្ដី​មិនទាន់មាន​នៅលើ​អណ្ដាត​របស់ទូលបង្គំ​ផង
មើល៍! ព្រះអង្គ​ទ្រង់​ជ្រាប​ទាំងអស់​ហើយ​!
5ព្រះអង្គ​បាន​ព័ទ្ធ​ទូលបង្គំ​ពីមុខពីក្រោយ
ព្រមទាំង​ដាក់​ព្រះហស្ត​របស់ព្រះអង្គ​លើ​ទូលបង្គំ​ផង​។
6ចំណេះដឹង​នេះ​អស្ចារ្យពេក​សម្រាប់​ទូលបង្គំ​;
វា​ខ្ពស់​ពេក ដែល​ទូលបង្គំ​រកយល់មិនដល់​។
7តើ​ទូលបង្គំ​នឹង​ទៅ​ឯណា​ឲ្យផុតពី​ព្រះវិញ្ញាណ​របស់ព្រះអង្គ​បាន​?
តើ​ទូលបង្គំ​នឹង​រត់គេច​ទៅ​ឯណា​ឲ្យផុតពី​ព្រះវត្តមាន​របស់ព្រះអង្គ​បាន​?
8ប្រសិនបើ​ទូលបង្គំ​ឡើងទៅ​ស្ថានសួគ៌ ព្រះអង្គ​នៅ​ទីនោះ​;
ប្រសិនបើ​ទូលបង្គំ​រៀបគ្រែ​នៅ​ស្ថានមនុស្សស្លាប់ មើល៍! ព្រះអង្គ​នៅទីនោះដែរ​!
9ប្រសិនបើ​ទូលបង្គំ​ត្រដាង​ស្លាប​នៃ​អរុណ​ទៅ​រស់នៅ​ចុងម្ខាង​នៃ​សមុទ្រ
10សូម្បីតែ​នៅ​ទីនោះ ព្រះហស្ត​របស់ព្រះអង្គ​នឹង​ដឹកនាំ​ទូលបង្គំ
ហើយ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​នឹង​កាន់​ទូលបង្គំ​។
11ប្រសិនបើ​ទូលបង្គំ​និយាយថា​៖
“ភាពងងឹត​នឹង​គ្របបាំង​ខ្ញុំ​ជាប្រាកដ
ហើយ​ពន្លឺ​នៅ​ជុំវិញ​ខ្ញុំ​នឹងត្រឡប់ជា​យប់”
12ក៏​ភាពងងឹត​នឹង​មិន​ងងឹត​ដល់​ព្រះអង្គ​ដែរ
ហើយ​យប់​នឹង​ភ្លឺ​ដូចជា​ថ្ងៃ គឺ​ភាពងងឹត​ក៏​ដូចជា​ពន្លឺ​ដែរ​។
13គឺ​ព្រះអង្គ​ហើយ ដែល​និម្មិតបង្កើត​គ្រឿងក្នុង​របស់ទូលបង្គំ
ព្រះអង្គ​បាន​ក្រងចេញជា​ទូលបង្គំ​ឡើង​នៅក្នុង​ផ្ទៃ​ម្ដាយ​ទូលបង្គំ​។
14ទូលបង្គំ​អរព្រះគុណ​ព្រះអង្គ
ពីព្រោះ​ទូលបង្គំ​ត្រូវបាន​បង្កើត​មក#139:14 បង្កើតមក―ជាពាក្យជំនួយ។​យ៉ាងអស្ចារ្យ​គួរឲ្យស្ញែងខ្លាច​;
កិច្ចការ​របស់ព្រះអង្គ​សុទ្ធតែ​អស្ចារ្យ ហើយ​ព្រលឹង​របស់ទូលបង្គំ​ដឹង​យ៉ាងច្បាស់​។
15គ្រោងឆ្អឹង​ទូលបង្គំ​មិន​ត្រូវបាន​លាក់​ពី​ព្រះអង្គ​ឡើយ
កាល​ទូលបង្គំ​ត្រូវបាន​បង្កើត​នៅក្នុង​ទីលាក់កំបាំង
កាល​ទូលបង្គំ​ត្រូវបាន​ប៉ាក់ឡើង​នៅក្នុង​ទីជម្រៅ​នៃ​ផែនដី​។
16ព្រះនេត្រ​របស់ព្រះអង្គ​បាន​ទត​ឃើញ​សារធាតុ​របស់ទូលបង្គំ​ដែលមិនទាន់ចេញជារូបរាង​;
ថ្ងៃ​ដែល​ត្រូវបាន​កំណត់​សម្រាប់ទូលបង្គំ
គឺ​គ្រប់​ថ្ងៃទាំងនោះ ត្រូវបាន​កត់ត្រាទុក​ក្នុង​បញ្ជី​របស់ព្រះអង្គ
កាល​មិនទាន់​មានថ្ងៃ​ណាមួយ​នៃ​ថ្ងៃទាំងនោះ​នៅឡើយ​។
17ឱ​ព្រះ​អើយ គំនិត​របស់ព្រះអង្គ​មានតម្លៃ​ដល់​ទូលបង្គំ​យ៉ាងណាហ្ន៎​!
ចំនួន​នៃ​គំនិតទាំងនោះ​មានច្រើន​យ៉ាងណាហ្ន៎​!
18ប្រសិនបើ​ទូលបង្គំ​បាន​រាប់ នោះ​មានច្រើន​ជាង​គ្រាប់ខ្សាច់​ទៅទៀត​;
ពេល​ទូលបង្គំ​ភ្ញាក់ឡើង នោះ​ទូលបង្គំ​នៅជាមួយ​ព្រះអង្គ​នៅឡើយ​!
19ឱបើ​ព្រះ​ប្រហារ​មនុស្ស​អាក្រក់​ទៅអេះ!
មនុស្ស​បង្ហូរឈាម​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​!
20ដ្បិត​ពួកគេ​និយាយ​ទាស់នឹង​ព្រះអង្គ​ដោយ​កលល្បិច​;
ពួក​សត្រូវ​របស់ព្រះអង្គ​លើកយក​ព្រះនាមរបស់ព្រះអង្គ​ជា​ឥតប្រយោជន៍​។
21ព្រះយេហូវ៉ា​អើយ តើ​ទូលបង្គំ​មិន​ស្អប់​អ្នកដែល​ស្អប់​ព្រះអង្គ​ទេ​ឬ​?
តើ​ទូលបង្គំ​មិន​ស្អប់ខ្ពើម​អ្នកដែលក្រោកឡើងប្រឆាំងនឹង​ព្រះអង្គ​ទេ​ឬ​?
22ទូលបង្គំ​បាន​ស្អប់​ពួកគេ​ដោយ​សម្អប់​ដ៏ពេញទំហឹង
ពួកគេ​បាន​ត្រឡប់ជា​សត្រូវ​ដល់​ទូលបង្គំ​។
23ឱ​ព្រះ​អើយ សូម​ស្ទង់មើល​ទូលបង្គំ ហើយ​ជ្រាប​ចិត្ត​របស់ទូលបង្គំ​ផង​!
សូម​ពិសោធ​ទូលបង្គំ ហើយ​ជ្រាប​គំនិត​របស់ទូលបង្គំ​ផង​!
24សូម​ទត​មើល​ថា​តើ​មាន​ផ្លូវ​ដែល​ធ្វើឲ្យព្រួយព្រះហឫទ័យ#139:24 ផ្លូវ​ដែលធ្វើឲ្យព្រួយព្រះហឫទ័យ―ន័យត្រង់គឺ “ផ្លូវនៃការថ្វាយបង្គំរូបបដិមាករ”។​នៅក្នុង​ទូលបង្គំ​ឬយ៉ាងណា
ហើយ​សូម​ដឹកនាំ​ទូលបង្គំ​ក្នុង​ផ្លូវ​ដ៏អស់កល្បជានិច្ច​ផង​៕

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi