សុភាសិត 17
17
1មានតែនំប៉័ងក្រៀមមួយម៉ាត់ទាំងមានសេចក្ដីសុខសាន្ត
ប្រសើរជាងផ្ទះដែលពេញដោយការជប់លៀងទាំងមានជម្លោះ។
2បាវបម្រើមានប្រាជ្ញានឹងគ្រប់គ្រងលើកូនដែលនាំមកនូវសេចក្ដីអាម៉ាស់
ក៏នឹងមានចំណែកមរតកនៅក្នុងចំណោមបងប្អូនកូននោះដែរ។
3ឡរំលាយមានសម្រាប់ប្រាក់ ហើយឡដុតមានសម្រាប់មាស
រីឯព្រះយេហូវ៉ាជាអ្នកពិសោធចិត្ត។
4មនុស្សដែលធ្វើអាក្រក់យកចិត្តទុកដាក់នឹងបបូរមាត់ទុច្ចរិត;
មនុស្សភូតភរស្ដាប់តាមអណ្ដាតនៃសេចក្ដីអន្តរាយ។
5អ្នកដែលសើចចំអកដាក់អ្នកក្រីក្រ គឺត្មះតិះដៀលព្រះសូនបង្កើតរបស់ខ្លួន;
អ្នកដែលអរសប្បាយនឹងសេចក្ដីអន្តរាយរបស់គេ នឹងមិនរួចទោសឡើយ។
6មកុដរបស់ចាស់ៗ គឺជាចៅ
ហើយភាពរុងរឿងរបស់កូនៗ គឺជាឪពុករបស់ខ្លួន។
7បបូរមាត់មានវោហារមិនសមនឹងមនុស្សឆោតល្ងង់ទៅហើយ
ចុះទម្រាំបបូរមាត់ភូតភរវិញ តើមិនសមនឹងអភិជនអម្បាលម៉ានទៅទៀត!
8សំណូកជាត្បូងវិសេសក្នុងភ្នែករបស់អ្នកឲ្យ
គ្រប់កន្លែងដែលគាត់បែរទៅ គាត់នឹងបានសម្រេច។
9អ្នកដែលគ្របបាំងការបំពាន ស្វែងរកសេចក្ដីស្រឡាញ់
រីឯអ្នកដែលនិយាយច្រំដែលអំពីរឿងរ៉ាវកន្លងទៅ បំបែកបំបាក់សម្លាញ់ភ្ងា។
10ការស្ដីបន្ទោសដិតជាប់នឹងអ្នកដែលមានការយល់ច្បាស់
ជាងការដែលវាយមនុស្សល្ងង់មួយរយរំពាត់ទៅទៀត។
11មនុស្សអាក្រក់ស្វែងរកតែការបះបោរប៉ុណ្ណោះ
ដូច្នេះទូតឃោរឃៅនឹងត្រូវបានចាត់ឲ្យមកទាស់នឹងគេ។
12ជួបមេខ្លាឃ្មុំព្រាត់កូន គ្រាន់បើជាង
ជួបមនុស្សល្ងង់នៅក្នុងភាពល្ងង់របស់ខ្លួនគេ។
13ចំពោះអ្នកដែលធ្វើការអាក្រក់សងនឹងការល្អ
ការអាក្រក់នឹងមិនចាកចេញពីផ្ទះអ្នកនោះឡើយ។
14ការចាប់ផ្ដើមនៃទំនាស់គឺដូចជាបើកឲ្យទឹកហូរ
ដូច្នេះចូរបោះបង់ចោលជម្លោះមុនវាផ្ទុះឡើង។
15អ្នកដែលរាប់មនុស្សអាក្រក់ថាឥតទោស
និងអ្នកដែលរាប់មនុស្សសុចរិតថាមានទោស
ពួកគេទាំងពីរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
16ម្ដេចក៏មានប្រាក់នៅក្នុងដៃរបស់មនុស្សល្ងង់ដើម្បីទិញប្រាជ្ញា
ពេលគាត់គ្មានវិចារណញ្ញាណដូច្នេះ?
17មិត្តភក្ដិស្រឡាញ់គ្នាគ្រប់ពេល
ហើយបងប្អូនកើតមកសម្រាប់ពេលមានទុក្ខវេទនា។
18មនុស្សខ្វះវិចារណញ្ញាណចាប់ដៃសន្យា
ហើយធានានៅមុខអ្នកជិតខាងរបស់ខ្លួន។
19អ្នកដែលស្រឡាញ់ការបំពាន គឺស្រឡាញ់ជម្លោះ;
អ្នកដែលលើកទ្វាររបស់ខ្លួនឲ្យខ្ពស់ គឺស្វែងរកសេចក្ដីអន្តរាយ។
20អ្នកដែលមានចិត្តវៀចវេរ រកមិនឃើញសេចក្ដីល្អឡើយ
ហើយអ្នកដែលមានអណ្ដាតប្រែប្រួល នឹងធ្លាក់ទៅក្នុងមហន្តរាយ។
21អ្នកដែលផ្ដល់កំណើតដល់មនុស្សល្ងង់ នាំមកនូវការព្រួយចិត្តដល់ខ្លួន
ហើយឪពុករបស់មនុស្សឆោតល្ងង់ មិនដែលអរសប្បាយឡើយ។
22ចិត្តអរសប្បាយជាថ្នាំដ៏ល្អ
ប៉ុន្តែវិញ្ញាណខ្ទេចខ្ទាំធ្វើឲ្យឆ្អឹងរីងស្ងួត។
23មនុស្សអាក្រក់យកសំណូកដោយសម្ងាត់#17:23 ដោយសម្ងាត់―ន័យត្រង់គឺ “នៅនឹងដើមទ្រូង”។
ដើម្បីបង្វែរផ្លូវនៃសេចក្ដីយុត្តិធម៌។
24ប្រាជ្ញានៅចំពោះមុខអ្នកដែលមានការយល់ច្បាស់
ប៉ុន្តែភ្នែករបស់មនុស្សល្ងង់សម្លឹងទៅចុងបំផុតនៃផែនដី។
25កូនល្ងង់ជាទុក្ខព្រួយដល់ឪពុករបស់ខ្លួន
និងជាជាតិល្វីងដល់ម្ដាយដែលសម្រាលវាមក។
26ការដែលដាក់ទោសមនុស្សសុចរិត
ឬវាយអភិជនដោយសារតែសេចក្ដីទៀងត្រង់របស់គាត់
ពិតជាមិនល្អទេ។
27មនុស្សដែលចេះទប់ពាក្យសម្ដីរបស់ខ្លួន គឺស្គាល់ចំណេះដឹង
ហើយមនុស្សមានចិត្តត្រជាក់ គឺមានការយល់ដឹង។
28សូម្បីតែមនុស្សល្ងីល្ងើ ពេលនៅស្ងៀម ក៏ត្រូវគេគិតថាជាមនុស្សមានប្រាជ្ញា
ហើយពេលបិទបបូរមាត់ ក៏ត្រូវគេគិតថាជាអ្នកមានការយល់ច្បាស់៕
Trenutno izabrano:
សុភាសិត 17: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative