Logo Aplikacije Biblija
Dugme za pretraživanje

សុភាសិត 15

15
1ចម្លើយ​ទន់ភ្លន់​រម្ងាប់​សេចក្ដីក្ដៅក្រហាយ
ប៉ុន្តែ​សម្ដី​គំរោះគំរើយ​បង្ក​កំហឹង​វិញ​។
2អណ្ដាត​របស់​មនុស្ស​មានប្រាជ្ញា​ធ្វើឲ្យ​ចំណេះដឹង​មានការចាប់អារម្មណ៍
រីឯ​មាត់​របស់​មនុស្សល្ងង់​វិញ បង្ហូរចេញ​នូវ​សេចក្ដីល្ងង់​។
3ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅ​គ្រប់​កន្លែង
ព្រះអង្គ​ទត​មើល​ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ​។
4អណ្ដាត​នៃ​ការប្រោសឲ្យជា ជា​ដើមឈើ​នៃ​ជីវិត
រីឯ​ភាពវៀចវេរ​នៅក្នុង​អណ្ដាត ជា​ការបាក់បែក​ដល់​ចិត្ត​។
5មនុស្សល្ងីល្ងើ​មើលងាយ​សេចក្ដីប្រៀនប្រដៅ​របស់​ឪពុក​ខ្លួន
រីឯ​អ្នកដែល​ទទួលយក​ពាក្យស្ដីប្រដៅ តែងតែ​ប្រុងប្រយ័ត្ន​។
6ផ្ទះ​របស់​មនុស្ស​សុចរិត មាន​ទ្រព្យសម្បត្តិ​ច្រើន
ប៉ុន្តែ​នៅក្នុង​ផល​របស់​មនុស្ស​អាក្រក់ មានអំពល់​។
7បបូរមាត់​របស់​មនុស្ស​មានប្រាជ្ញា ផ្សាយ​ចំណេះដឹង
ប៉ុន្តែ​ចិត្ត​របស់​មនុស្សល្ងង់​មិនមែន​ដូច្នោះ​ទេ​។
8យញ្ញបូជា​របស់​មនុស្ស​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា
រីឯ​សេចក្ដីអធិស្ឋាន​របស់​មនុស្ស​ទៀងត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។
9ផ្លូវ​របស់​មនុស្ស​អាក្រក់​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា
ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ស្រឡាញ់​អ្នកដែល​ដេញតាម​សេចក្ដីសុចរិតយុត្តិធម៌​។
10ការប្រៀនប្រដៅ​យ៉ាងធ្ងន់ធ្ងរ គឺ​សម្រាប់​អ្នកដែល​បោះបង់ចោល​មាគ៌ា​;
អ្នកដែល​ស្អប់​ការស្ដីប្រដៅ​នឹង​ត្រូវ​ស្លាប់​។
11សូម្បីតែ​ស្ថានមនុស្សស្លាប់ និង​ស្ថាននរក​ក៏​ចំហ#15:11 ចំហ―ជាពាក្យជំនួយ។​នៅចំពោះ​ព្រះយេហូវ៉ា
ចុះទម្រាំ​ចិត្ត​របស់​មនុស្សលោក​វិញ តើ​ចំហ​អម្បាលម៉ាន​ទៅទៀត​!
12មនុស្សចំអកឡកឡឺយ​មិន​ចូលចិត្ត​អ្នកដែល​ស្ដីបន្ទោស​ខ្លួន​ឡើយ
ក៏មិន​ទៅ​រក​មនុស្ស​មានប្រាជ្ញា​ដែរ​។
13ចិត្ត​អរសប្បាយ​ធ្វើឲ្យ​ទឹកមុខ​រីករាយ
ប៉ុន្តែ​ទុក្ខព្រួយ​ក្នុង​ចិត្ត​ធ្វើឲ្យ​វិញ្ញាណ​ខ្ទេចខ្ទាំ​។
14ចិត្ត​ដែល​មានការយល់ច្បាស់ ស្វែងរក​ចំណេះដឹង
រីឯ​មាត់​របស់​មនុស្សល្ងង់​ស៊ី​សេចក្ដីល្ងង់​ជាអាហារ​។
15អស់ទាំង​ថ្ងៃ​របស់​មនុស្ស​រងទុក្ខ សុទ្ធតែ​វេទនា
ប៉ុន្តែ​ចិត្ត​រីករាយ​មាន​ពិធីជប់លៀង​ជានិច្ច​។
16មាន​របស់#15:16 របស់―ជាពាក្យជំនួយ។​តែបន្តិច​ដោយមាន​ការកោតខ្លាច​ព្រះយេហូវ៉ា
ប្រសើរ​ជាង​មាន​ទ្រព្យសម្បត្តិ​ច្រើន ប៉ុន្តែ​មាន​ទុក្ខកង្វល់​។
17ស៊ូឲ្យ​មាន​ម្ហូប​ជា​បន្លែ នៅ​កន្លែង​ដែល​មាន​ការស្រឡាញ់គ្នា
ប្រសើរ​ជាង​មាន​សាច់​គោ​បំប៉ន ប៉ុន្តែ​មាន​ការស្អប់គ្នា​។
18មនុស្ស​ឆាប់ខឹង​បង្កទំនាស់
រីឯ​មនុស្ស​យឺត​នឹង​ខឹង​រម្ងាប់​ជម្លោះ​។
19ផ្លូវ​របស់​មនុស្ស​ខ្ជិលច្រអូស​ប្រៀបដូចជា​របង​បន្លា
រីឯ​គន្លង​របស់​មនុស្ស​ទៀងត្រង់​ប្រៀបដូចជា​មហាវិថី​។
20កូន​ដែល​មានប្រាជ្ញា​ធ្វើឲ្យ​ឪពុក​មានអំណរ
រីឯ​មនុស្សល្ងង់​មើលងាយ​ម្ដាយ​របស់ខ្លួន​។
21ភាពល្ងង់​ជា​អំណរ​ដល់​មនុស្ស​ខ្វះ​វិចារណញ្ញាណ
ប៉ុន្តែ​មនុស្ស​មាន​ការយល់ដឹង​ដើរទៅត្រង់​។
22ដោយ​គ្មាន​ការពិគ្រោះ គម្រោង​ក៏​បរាជ័យ
ដោយ​មាន​ទីប្រឹក្សា​ច្រើន គម្រោង​នឹង​បាន​សម្រេច​។
23អំណរ​មាន​ដល់​មនុស្ស​ដោយ​ការផ្ដល់​ចម្លើយត្រឹមត្រូវ
ហើយ​ពាក្យ​ត្រូវពេល ល្អ​យ៉ាងណាហ្ន៎​!
24ផ្លូវ​នៃ​ជីវិត​ធ្វើឲ្យ​មនុស្ស​មានប្រាជ្ញា​បាន​ទៅ​ខាងលើ
ដើម្បីឲ្យ​បាន​បែរចេញ​ពី​ស្ថានមនុស្សស្លាប់​ខាងក្រោម​។
25ព្រះយេហូវ៉ា​នឹង​ដក​ផ្ទះ​របស់​មនុស្ស​ក្រអឺតក្រទម​ចេញ
ប៉ុន្តែ​ព្រះអង្គ​នឹង​ធ្វើឲ្យ​ព្រំដី​របស់​ស្ត្រីមេម៉ាយ​ស្ថិតនៅជាប់​។
26គំនិត​អាក្រក់​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា
រីឯ​ពាក្យសម្ដី​សប្បុរស​គឺ​បរិសុទ្ធ​។
27អ្នកដែល​លោភចង់បាន​កម្រៃទុច្ចរិត នាំទុក្ខ​មកលើ​ផ្ទះ​របស់ខ្លួន
រីឯ​អ្នកដែល​ស្អប់​សំណូក#15:27 សំណូក​―ន័យត្រង់គឺ “ជំនូន”។​នឹង​មានជីវិតរស់​។
28ចិត្ត​របស់​មនុស្ស​សុចរិត​ជញ្ជឹងគិត​ថា​គួរ​ឆ្លើយ​យ៉ាងណា
រីឯ​មាត់​របស់​មនុស្ស​អាក្រក់​បង្ហូរចេញ​នូវ​សេចក្ដីអាក្រក់​។
29ព្រះយេហូវ៉ា​នៅឆ្ងាយ​ពី​មនុស្ស​អាក្រក់
ប៉ុន្តែ​ព្រះអង្គ​ទ្រង់​សណ្ដាប់​ពាក្យអធិស្ឋាន​របស់​មនុស្ស​សុចរិត​។
30ពន្លឺ​នៃ​ភ្នែក​ធ្វើឲ្យ​ចិត្ត​អរសប្បាយ
ហើយ​ដំណឹង​ល្អ​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ​។
31ត្រចៀក​ដែល​ស្ដាប់តាម​ពាក្យស្ដីប្រដៅ​អំពី​ជីវិត
នឹង​ស្នាក់នៅ​ក្នុងចំណោម​មនុស្ស​មានប្រាជ្ញា​។
32អ្នកដែល​ធ្វើព្រងើយ​នឹង​ការប្រៀនប្រដៅ គឺ​បោះបង់ចោល​ព្រលឹង​របស់ខ្លួន
រីឯ​អ្នកដែល​ស្ដាប់តាម​ពាក្យស្ដីប្រដៅ ទទួលបាន​ការយល់ដឹង​។
33ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​សេចក្ដីប្រៀនប្រដៅ​នៃ​ប្រាជ្ញា
ហើយ​មុន​សិរីរុងរឿង មាន​ការបន្ទាបខ្លួន​៕

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi