ម៉ាកុស 9
9
1ព្រះយេស៊ូវមានបន្ទូលនឹងពួកគេទៀតថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មានអ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនភ្លក់សេចក្ដីស្លាប់សោះឡើយ រហូតដល់បានឃើញអាណាចក្ររបស់ព្រះមកប្រកបដោយព្រះចេស្ដា”។
ព្រះយេស៊ូវប្ដូររូបរាង
2ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ហើយនាំឡើងទៅលើភ្នំខ្ពស់មួយតែក្រុមពួកគេ។ ពេលនោះ ព្រះអង្គត្រូវបានប្ដូររូបរាងនៅមុខពួកគេ។ 3ព្រះពស្ត្ររបស់ព្រះអង្គបញ្ចេញពន្លឺសស្គុស#9:3 ឯកសារបុរាណខ្លះបន្ថែម “ដូចជាព្រិល”។ ដែលគ្មានអ្នកបោកគក់នៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។ 4រួចអេលីយ៉ាបានលេចមកជាមួយម៉ូសេនៅមុខពួកគេ ហើយកំពុងសន្ទនាជាមួយព្រះយេស៊ូវ។
5ពេត្រុសក៏ទូលព្រះយេស៊ូវថា៖ “រ៉ាប៊ី ជាការល្អណាស់ដែលពួកយើងនៅទីនេះ! សូមឲ្យយើងខ្ញុំសង់រោងបី មួយសម្រាប់លោក មួយសម្រាប់ម៉ូសេ និងមួយសម្រាប់អេលីយ៉ា”។ 6តាមពិត គាត់មិនដឹងថាត្រូវនិយាយអ្វីទេ ពីព្រោះពួកគេភ័យរន្ធត់។
7ពេលនោះ មានពពកគ្របពីលើពួកគេ ហើយមានសំឡេងមួយមកពីពពកនោះថា៖
“នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង
ចូរស្ដាប់តាមព្រះអង្គចុះ!”។
8រំពេចនោះ ពួកគេមើលជុំវិញ ក៏លែងឃើញអ្នកណាទៀតឡើយ គឺមានតែព្រះយេស៊ូវប៉ុណ្ណោះគង់ជាមួយពួកគេ។
9នៅពេលកំពុងចុះពីភ្នំ ព្រះយេស៊ូវទ្រង់ហាមពួកគេមិនឲ្យប្រាប់អ្នកណានូវអ្វីដែលពួកគេបានឃើញឡើយ រហូតទាល់តែកូនមនុស្សបានរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ 10ពួកគេក៏ទុកព្រះបន្ទូលនេះតែក្នុងពួកគេ ទាំងជជែកគ្នាថា “រស់ឡើងវិញពីចំណោមមនុស្សស្លាប់” មានន័យដូចម្ដេច។
11ពួកគេទូលសួរព្រះអង្គថា៖ “ហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា អេលីយ៉ាត្រូវតែមកមុន?”។
12ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អេលីយ៉ាមកមុនមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ។ ចុះម្ដេចក៏មានសរសេរទុកមកអំពីកូនមនុស្សថា លោកត្រូវតែរងទុក្ខជាច្រើន និងត្រូវគេបដិសេធទាំងមើលងាយដូច្នេះ? 13ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា តាមពិតអេលីយ៉ាបានមករួចហើយ តែពួកគេបានប្រព្រឹត្តដល់លោកតាមអំពើចិត្ត ដូចដែលមានសរសេរទុកមកអំពីលោកស្រាប់ហើយ”។
អំណាចនៃជំនឿ
14នៅពេលមកដល់សិស្សឯទៀត ពួកគេក៏ឃើញហ្វូងមនុស្សមួយក្រុមធំនៅជុំវិញសិស្សទាំងនោះ ព្រមទាំងឃើញពួកគ្រូវិន័យកំពុងប្រកែកនឹងពួកគេ។ 15ភ្លាមនោះ ហ្វូងមនុស្សទាំងមូលឃើញព្រះយេស៊ូវ ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយរត់មកស្វាគមន៍ព្រះអង្គ។ 16ព្រះអង្គទ្រង់សួរ#9:16 ឯកសារបុរាណខ្លះបន្ថែម “ពួកគ្រូវិន័យ”។ថា៖“តើអ្នករាល់គ្នាប្រកែកនឹងពួកគេអំពីអ្វី?”។
17មានម្នាក់ក្នុងហ្វូងមនុស្សទូលតបថា៖ “លោកគ្រូ ខ្ញុំបាននាំកូនប្រុសរបស់ខ្ញុំដែលមានវិញ្ញាណគចូល មករកលោក។ 18នៅទីណាក៏ដោយដែលវាធ្វើទុក្ខកូនរបស់ខ្ញុំ វាផ្ដួលកូនខ្ញុំ ហើយកូនខ្ញុំក៏បែកពពុះមាត់ សង្កៀតធ្មេញ និងរឹងខ្លួនក្រញង់។ ដូច្នេះ ខ្ញុំបានសុំពួកសិស្សរបស់លោកឲ្យដេញវាចេញ ប៉ុន្តែពួកគេធ្វើមិនបានទេ”។
19ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ឱ ជំនាន់ឥតជំនឿអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូននោះមកឯខ្ញុំ!”។ 20គេក៏នាំវាមកឯព្រះអង្គ។ នៅពេលឃើញព្រះអង្គ វិញ្ញាណនោះក៏ធ្វើឲ្យវាប្រកាច់ប្រកិនភ្លាម ដូច្នេះវាដួលនៅលើដី ទាំងននៀលបែកពពុះមាត់។ 21ព្រះយេស៊ូវទ្រង់សួរឪពុករបស់វាថា៖“តើការនេះកើតឡើងដល់វាយូរហើយឬនៅ?”។
គាត់ទូលឆ្លើយថា៖ “តាំងពីតូចមកម្ល៉េះ 22វិញ្ញាណនោះបោះកូនខ្ញុំទៅក្នុងភ្លើង និងក្នុងទឹកជាញឹកញាប់ ដើម្បីបំផ្លាញជីវិតវា។ ប៉ុន្តែប្រសិនបើលោកអាចធ្វើអ្វីបាន សូមអាណិតមេត្តាជួយយើងខ្ញុំផង”។
23ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“‘ប្រសិនបើអាច’ ឬ?#9:23 “‘ប្រសិនបើអាច’ ឬ?” ―ឯកសារបុរាណខ្លះថា “ប្រសិនបើអ្នកអាចជឿបាន”។អ្វីៗទាំងអស់អាចសម្រេចបានសម្រាប់អ្នកដែលជឿ”។
24ភ្លាមនោះ ឪពុករបស់ក្មេងក៏ស្រែកឡើង#9:24 ឯកសារបុរាណខ្លះបន្ថែម “ទាំងទឹកភ្នែក”។ថា៖ “#9:24 ឯកសារបុរាណខ្លះបន្ថែម “ព្រះអម្ចាស់អើយ”។ខ្ញុំជឿហើយ! សូមជួយភាពឥតជំនឿរបស់ខ្ញុំផង”។
25នៅពេលឃើញថាហ្វូងមនុស្សនាំគ្នារត់មក ព្រះយេស៊ូវក៏ស្ដីឲ្យវិញ្ញាណអសោចនោះថា៖“វិញ្ញាណគថ្លង់! យើងបញ្ជាឯងឲ្យចេញពីក្មេងនេះទៅ កុំចូលវាទៀតឡើយ!”។
26វិញ្ញាណនោះក៏ស្រែកឡើងទាំងធ្វើឲ្យក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង ហើយចេញទៅ។ ក្មេងនោះបានដូចជាមនុស្សស្លាប់ ដូច្នេះមនុស្សជាច្រើននិយាយថា៖ “វាស្លាប់ហើយ!”។ 27ប៉ុន្តែព្រះយេស៊ូវទ្រង់ចាប់ដៃក្មេងនោះ ហើយលើកវាឡើង វាក៏ក្រោកឈរ។
28នៅពេលព្រះអង្គយាងចូលទៅក្នុងផ្ទះ ពួកសិស្សរបស់ព្រះអង្គទូលសួរព្រះអង្គដោយឡែកថា៖ “ហេតុអ្វីបានជាយើងខ្ញុំមិនអាចដេញវិញ្ញាណអសោចនោះឲ្យចេញបាន?”។
29ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“វិញ្ញាណប្រភេទនេះ ឲ្យចេញដោយអ្វីក៏មិនបានដែរ លើកលែងតែតាមរយៈការអធិស្ឋាន និងការតមអាហារ#9:29 ឯកសារបុរាណខ្លះគ្មាន “និងការតមអាហារ”។ប៉ុណ្ណោះ”។
ប្រាប់ជាមុនម្ដងទៀតអំពីការសុគត
30ពួកគេបានចាកចេញពីទីនោះ ឆ្លងកាត់កាលីឡេ។ ព្រះយេស៊ូវមិនចង់ឲ្យអ្នកណាដឹងឡើយ 31ដ្បិតព្រះអង្គកំពុងបង្រៀនពួកសិស្សរបស់ព្រះអង្គ ដោយមានបន្ទូលថា៖“កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស ហើយគេនឹងសម្លាប់លោក។ បន្ទាប់ពីត្រូវគេសម្លាប់ នៅថ្ងៃទីបី#9:31 នៅថ្ងៃទីបី―ឯកសារបុរាណខ្លះថា “បីថ្ងៃក្រោយមក”។លោកនឹងរស់ឡើងវិញ”។ 32ប៉ុន្តែពួកសិស្សមិនយល់ព្រះបន្ទូលនេះទេ ហើយក៏មិនហ៊ានទូលសួរព្រះអង្គដែរ។
អ្នកណាធំជាង
33ពួកគេបានមកដល់កាពើណិម។ ពេលនៅក្នុងផ្ទះ ព្រះអង្គទ្រង់សួរពួកគេថា៖“នៅតាមផ្លូវ តើអ្នករាល់គ្នាជជែកអំពីអ្វី?”។ 34ប៉ុន្តែពួកសិស្សនៅស្ងៀម ពីព្រោះនៅតាមផ្លូវ ពួកគេបានប្រកែកគ្នាអំពីអ្នកណាធំជាងអ្នកណា។ 35ព្រះអង្គគង់ចុះហើយ ក៏ហៅសាវ័ក#9:35 សាវ័ក―ជាពាក្យជំនួយ។ទាំងដប់ពីរនាក់មក រួចមានបន្ទូលនឹងពួកគេថា៖“ប្រសិនបើអ្នកណាចង់ធ្វើជាអ្នកទីមួយ អ្នកនោះត្រូវតែធ្វើជាអ្នកក្រោយបង្អស់ ហើយជាអ្នកបម្រើរបស់គេទាំងអស់គ្នា”។ 36ព្រះអង្គទ្រង់យកក្មេងម្នាក់មក ឲ្យឈរនៅកណ្ដាលចំណោមពួកគេ រួចលើកវាព ហើយមានបន្ទូលនឹងពួកគេថា៖ 37“អ្នកណាក៏ដោយដែលទទួលក្មេងម្នាក់ដូចក្មេងនេះក្នុងនាមរបស់ខ្ញុំ គឺទទួលខ្ញុំ រីឯអ្នកណាក៏ដោយដែលទទួលខ្ញុំ មិនមែនទទួលខ្ញុំទេ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមកនោះវិញ”។
ក្នុងព្រះនាមព្រះយេស៊ូវ
38យ៉ូហានទូលថា៖ “លោកគ្រូ យើងខ្ញុំបានឃើញម្នាក់#9:38 ម្នាក់―ឯកសារបុរាណខ្លះថា “ម្នាក់ដែលមិនមកតាមពួកយើង”។កំពុងដេញអារក្សក្នុងនាមរបស់លោក យើងខ្ញុំក៏ព្យាយាមហាមឃាត់គាត់ ពីព្រោះគាត់មិនបានមកតាមយើងទេ”។
39ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“កុំឃាត់គាត់ឡើយ ដ្បិតគ្មានអ្នកណាដែលធ្វើការអស្ចារ្យក្នុងនាមរបស់ខ្ញុំ រួចអាចនិយាយអាក្រក់អំពីខ្ញុំភ្លាមបានទេ។ 40ពោលគឺ អ្នកដែលមិនប្រឆាំងនឹងយើង គឺនៅខាងយើង 41ហើយបើអ្នកណាក៏ដោយយកទឹកមួយកែវឲ្យអ្នករាល់គ្នាផឹកក្នុងនាមរបស់ខ្ញុំ#9:41 របស់ខ្ញុំ―ជាពាក្យជំនួយ។ដោយសារតែអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនសោះឡើយ។
ពាក្យដាស់តឿនរបស់ព្រះយេស៊ូវ
42 “អ្នកណាក៏ដោយដែលធ្វើឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះដែលជឿលើខ្ញុំ # 9:42 ម្នាក់ក្នុងអ្នកតូចទាំងនេះដែលជឿលើខ្ញុំ―ឯកសារបុរាណខ្លះថា “ក្មេងតូចម្នាក់ក្នុងអ្នកជឿទាំងនេះ”។ ជំពប់ដួល នោះប្រសើរជាងសម្រាប់អ្នកនោះ ប្រសិនបើព្យួរត្បាល់កិនដ៏ធំ # 9:42 ត្បាល់កិនដ៏ធំ―ន័យត្រង់គឺ “ត្បាល់កិនរបស់សត្វលា” ; ឯកសារបុរាណខ្លះថា “ត្បាល់ថ្ម”។ នឹងករបស់គាត់ ហើយទម្លាក់ទៅក្នុងសមុទ្រ។ 43ប្រសិនបើដៃម្ខាងរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរកាត់វាចោលទៅ! ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងកំបុតដៃម្ខាង ប្រសើរជាងធ្លាក់ទៅក្នុងស្ថាននរកទាំងមានដៃពីរ គឺទៅក្នុងភ្លើងដែលពន្លត់មិនបាន។ 44នៅទីនោះ
‘ដង្កូវមិនចេះងាប់
ហើយភ្លើងមិនចេះរលត់’។ # 9:44, 46, 48 《អេសាយ》 66:24។ # 9:44 ឯកសារបុរាណខ្លះគ្មានខនេះ។
45 ប្រសិនបើជើងម្ខាងរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរកាត់វាចោលទៅ! ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងកំបុតជើងម្ខាង ប្រសើរជាងត្រូវទម្លាក់ទៅក្នុងស្ថាននរកទាំងមានជើងពីរ គឺទៅក្នុងភ្លើងដែលពន្លត់មិនបាន # 9:45 ឯកសារបុរាណខ្លះគ្មាន “គឺទៅក្នុងភ្លើងដែលពន្លត់មិនបាន”។ ។ 46នៅទីនោះ
‘ដង្កូវមិនចេះងាប់
ហើយភ្លើងមិនចេះរលត់’។ # 9:46 ឯកសារបុរាណខ្លះគ្មានខនេះ។
47 ប្រសិនបើភ្នែកម្ខាងរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចោលទៅ! ស៊ូឲ្យអ្នកចូលទៅក្នុងអាណាចក្ររបស់ព្រះទាំងមានភ្នែកតែម្ខាង ប្រសើរជាងត្រូវទម្លាក់ទៅក្នុងស្ថាននរក # 9:47 ស្ថាននរក―ឯកសារបុរាណខ្លះថា “ភ្លើងនរក”។ ទាំងមានភ្នែកពីរ។ 48នៅទីនោះ
‘ដង្កូវមិនចេះងាប់
ហើយភ្លើងមិនចេះរលត់’។
49 ជាការពិត មនុស្សគ្រប់គ្នានឹងត្រូវបានធ្វើឲ្យប្រៃដោយភ្លើង # 9:49 ឯកសារបុរាណខ្លះបន្ថែម “ហើយយញ្ញបូជាទាំងអស់ក៏នឹងត្រូវបានធ្វើឲ្យប្រៃដោយអំបិលដែរ”។ ។ 50អំបិលជារបស់ល្អ ប៉ុន្តែប្រសិនបើអំបិលបាត់ជាតិប្រៃ តើអ្នករាល់គ្នានឹងធ្វើឲ្យវាប្រៃឡើងវិញដោយអ្វី? ចូរឲ្យមានអំបិលនៅក្នុងខ្លួនអ្នករាល់គ្នា ហើយនៅសុខជាមួយគ្នាចុះ”៕
Trenutno izabrano:
ម៉ាកុស 9: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative