ម៉ាកុស 8
8
ប្រទាននំប៉័ងឲ្យបួនពាន់នាក់
1នៅគ្រានោះ មានហ្វូងមនុស្សមួយក្រុមធំម្ដងទៀត ពួកគេគ្មានអ្វីហូបឡើយ។ ព្រះយេស៊ូវទ្រង់ហៅពួកសិស្សមក មានបន្ទូលនឹងពួកគេថា៖ 2“ខ្ញុំអាណិតហ្វូងមនុស្សនេះ ពីព្រោះពួកគេនៅជាមួយខ្ញុំបីថ្ងៃហើយ គ្មានអ្វីហូបសោះ។ 3បើសិនខ្ញុំឲ្យពួកគេទៅផ្ទះវិញទាំងឃ្លាន ពួកគេនឹងសន្លប់តាមផ្លូវ ពីព្រោះអ្នកខ្លះបានមកពីឆ្ងាយ”។
4ពួកសិស្សទូលតបថា៖ “នៅទីរហោស្ថានដូច្នេះ តើអាចយកនំប៉័ងមកពីណា ដើម្បីចម្អែតមនុស្សទាំងនេះបាន?”។
5ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន?”។
ពួកគេទូលឆ្លើយថា៖ “មានប្រាំពីរ”។ 6ព្រះអង្គក៏បង្គាប់ហ្វូងមនុស្សឲ្យអង្គុយនៅលើដី។ នៅពេលយកនំប៉័ងប្រាំពីរ ព្រះអង្គក៏អរព្រះគុណ ហើយកាច់នំប៉័ងទាំងនោះ រួចប្រទានដល់ពួកសិស្សដើម្បីឲ្យពួកគេចែក ពួកគេក៏ចែកឲ្យហ្វូងមនុស្ស។ 7ពួកគេមានត្រីតូចៗខ្លះដែរ ដូច្នេះព្រះអង្គក៏ប្រទានពរ ហើយប្រាប់ពួកគេឲ្យចែកត្រីទាំងនោះដែរ។ 8ពួកគេបានហូបឆ្អែត។ បន្ទាប់មក ពួកគេប្រមូលបំណែកដែលសេសសល់បានប្រាំពីរកញ្ឆេ។ 9នៅទីនោះ មានមនុស្សប្រមាណបួនពាន់នាក់#8:9 មានមនុស្សប្រមាណបួនពាន់នាក់―ឯកសារបុរាណខ្លះថា “មនុស្សដែលហូបមានប្រមាណបួនពាន់នាក់”។។ ព្រះអង្គទ្រង់ឲ្យពួកគេទៅវិញ 10រួចក៏ជិះទូកជាមួយពួកសិស្សភ្លាម ហើយទៅដល់តំបន់ដាលម៉ានូថា#8:10 ដាលម៉ានូថា―ឯកសារបុរាណខ្លះថា “ម៉ាកាដាន់” ឬ “ម៉ាក់ដាឡា”។។
មេម្សៅរបស់ពួកផារិស៊ី និងពួកហេរ៉ូឌ
11មានពួកផារិស៊ីចេញមក ហើយចាប់ផ្ដើមប្រកែកនឹងព្រះយេស៊ូវ ដោយទាមទារពីព្រះអង្គនូវទីសម្គាល់មួយពីលើមេឃ ដើម្បីល្បងលព្រះអង្គ។ 12ព្រះយេស៊ូវទ្រង់ដកដង្ហើមធំយ៉ាងវែងក្នុងវិញ្ញាណរបស់ព្រះអង្គ ហើយមានបន្ទូលថា៖“ហេតុអ្វីបានជាជំនាន់នេះទាមទារទីសម្គាល់ដូច្នេះ? ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ទីសម្គាល់នឹងមិនប្រទានឲ្យជំនាន់នេះឡើយ”។ 13ព្រះអង្គក៏យាងចាកចេញពីពួកគេ រួចជិះទូកវិញ ឆ្លងទៅត្រើយម្ខាង។
14ពួកសិស្សភ្លេចយកនំប៉័ងមក ដូច្នេះក្រៅពីនំប៉័ងមួយ ពួកគេគ្មានអ្វីសោះនៅលើទូក។ 15ពេលនោះ ព្រះអង្គទ្រង់បង្គាប់ពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារិស៊ី និងមេម្សៅរបស់ពួកហេរ៉ូឌចុះ”។
16ពួកសិស្សក៏ជជែកគ្នា ដោយសារគ្មាននំប៉័ង។ 17ព្រះយេស៊ូវបានជ្រាប ក៏សួរពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាជជែកថាគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នាមិនទាន់ភ្លឺ ហើយមិនទាន់យល់ទេឬ? តើចិត្តរបស់អ្នករាល់គ្នានៅតែរឹងរូសឬ? 18អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮទេឬ?#8:18 《យេរេមា》 5:21; 《អេសេគាល》 12:2។អ្នករាល់គ្នាមិនចាំទេឬ? 19នៅពេលខ្ញុំកាច់នំប៉័ងប្រាំឲ្យប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលបំណែកនំប៉័ងបានពេញប៉ុន្មានកន្ត្រក?”។
ពួកគេទូលឆ្លើយថា៖ “ដប់ពីរកន្ត្រក”។
20 “ចុះពេលកាច់នំប៉័ងប្រាំពីរឲ្យបួនពាន់នាក់វិញ តើអ្នករាល់គ្នាប្រមូលបំណែកនំប៉័ងបានពេញប៉ុន្មានកញ្ឆេ?”។
ពួកគេទូលឆ្លើយថា៖ “ប្រាំពីរកញ្ឆេ”។
21ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាមិនទាន់យល់ទេឬ?”។
ប្រោសបុរសខ្វាក់ភ្នែកឲ្យជា
22នៅពេលពួកគេមកដល់បេតសៃដា មានគេនាំបុរសខ្វាក់ភ្នែកម្នាក់មក ហើយទូលអង្វរព្រះអង្គឲ្យពាល់គាត់។ 23ព្រះយេស៊ូវទ្រង់ដឹកដៃបុរសខ្វាក់ភ្នែកនោះ នាំចេញទៅខាងក្រៅភូមិ។ នៅពេលស្ដោះទឹកព្រះឱស្ឋដាក់ភ្នែកទាំងពីររបស់បុរសនោះ និងដាក់ព្រះហស្តទាំងពីរលើគាត់ហើយ ព្រះអង្គក៏សួរគាត់ថា៖“តើអ្នកមើលឃើញអ្វីទេ?”។
24គាត់សម្លឹងមើល ហើយទូលថា៖ “ខ្ញុំឃើញមនុស្ស គឺមើលទៅដូចជាដើមឈើកំពុងដើរ”។
25បន្ទាប់មក ព្រះអង្គដាក់ព្រះហស្តលើភ្នែករបស់គាត់ម្ដងទៀត បុរសនោះក៏មើលឃើញច្បាស់។ ភ្នែករបស់គាត់បានដូចដើមវិញ គឺឃើញច្បាស់ទាំងអស់។ 26ព្រះយេស៊ូវទ្រង់ឲ្យគាត់ទៅផ្ទះវិញ ទាំងមានបន្ទូលថា៖“កុំចូលក្នុងភូមិឡើយ#8:26 ឯកសារបុរាណខ្លះបន្ថែម “ហើយក៏កុំប្រាប់អ្នកណាក្នុងភូមិឡើយ”។”។
ពេត្រុសទទួលស្គាល់ព្រះយេស៊ូវជាព្រះគ្រីស្ទ
27ព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គ បានចេញទៅភូមិនានានៅសេសារា-ភីលីព។ នៅតាមផ្លូវ ព្រះអង្គមានបន្ទូលសួរពួកសិស្សរបស់ព្រះអង្គថា៖“តើគេនិយាយថាខ្ញុំជានរណា?”។
28ពួកគេទូលឆ្លើយថា៖ “គេថាជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាជាអេលីយ៉ា ហើយអ្នកខ្លះទៀតថាជាម្នាក់ក្នុងបណ្ដាព្យាការី”។
29ព្រះអង្គទ្រង់សួរពួកគេទៀតថា៖“ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណា?”។
ពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទ!”។
30ព្រះអង្គក៏ហាមពួកគេមិនឲ្យប្រាប់អ្នកណាអំពីព្រះអង្គឡើយ។
ប្រាប់ជាមុនអំពីការសុគត និងការរស់ឡើងវិញ
31ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្រៀនពួកគេថា៖“កូនមនុស្សត្រូវតែរងទុក្ខជាច្រើន ហើយត្រូវពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបដិសេធ រួចត្រូវគេសម្លាប់ ហើយបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ”។ 32ព្រះអង្គមានបន្ទូលអំពីការនេះយ៉ាងច្បាស់លាស់។ ពេត្រុសក៏នាំព្រះអង្គមកក្បែរ ហើយចាប់ផ្ដើមបន្ទោសព្រះអង្គ។
33ប៉ុន្តែព្រះអង្គទ្រង់បែរមកមើលពួកសិស្ស ហើយស្ដីឲ្យពេត្រុសថា៖“សាតាំងអើយ ថយទៅក្រោយខ្ញុំទៅ! ដ្បិតអ្នកមិនគិតរឿងរបស់ព្រះទេ គឺគិតរឿងរបស់មនុស្សវិញ”។
លីឈើឆ្កាងរបស់ខ្លួន
34បន្ទាប់មក ព្រះយេស៊ូវទ្រង់ហៅហ្វូងមនុស្ស ព្រមទាំងពួកសិស្សរបស់ព្រះអង្គមក មានបន្ទូលនឹងពួកគេថា៖“ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំចុះ។ 35ដ្បិតអ្នកណាក៏ដោយដែលចង់រក្សា#8:35 រក្សា―ន័យត្រង់គឺ “សង្គ្រោះ”។ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ និងដំណឹងល្អ អ្នកនោះនឹងរក្សាជីវិតវិញ។ 36ជាការពិត ការដែលមនុស្សម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែអន្តរាយព្រលឹង#8:36, 37 ព្រលឹង―ឬ “ជីវិត”។របស់ខ្លួន តើមានប្រយោជន៍អ្វីដល់អ្នកនោះ? 37តើមនុស្សអាចយកអ្វីមកប្ដូរនឹងព្រលឹងរបស់ខ្លួនបាន? 38ដូច្នេះ អ្នកណាក៏ដោយដែលអៀនខ្មាសដោយព្រោះខ្ញុំ និងពាក្យរបស់ខ្ញុំ នៅជំនាន់នេះដែលផិតក្បត់ និងពេញដោយបាប កូនមនុស្សក៏នឹងអៀនខ្មាសដោយព្រោះអ្នកនោះដែរ នៅពេលកូនមនុស្សមកជាមួយបណ្ដាទូតសួគ៌ដ៏វិសុទ្ធ ទាំងប្រកបដោយសិរីរុងរឿងនៃព្រះបិតារបស់លោក”៕
Trenutno izabrano:
ម៉ាកុស 8: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative