ម៉ាកុស 6
6
ត្រូវគេបដិសេធនៅណាសារ៉ែត
1ព្រះយេស៊ូវយាងចេញពីទីនោះ ហើយទៅដល់ស្រុកកំណើតរបស់ព្រះអង្គ ពួកសិស្សរបស់ព្រះអង្គក៏ទៅតាមព្រះអង្គដែរ។ 2លុះដល់ថ្ងៃសប្ប័ទ ព្រះអង្គទ្រង់ចាប់ផ្ដើមបង្រៀននៅក្នុងសាលាប្រជុំ។ មនុស្សជាច្រើនដែលកំពុងស្ដាប់ក៏ស្ងើច ទាំងពោលថា៖ “តើអ្នកនេះបានសេចក្ដីទាំងនេះមកពីណា? ប្រាជ្ញាដែលប្រទានដល់អ្នកនេះជាអ្វី? ការអស្ចារ្យបែបនេះកើតឡើងដោយដៃរបស់គាត់យ៉ាងដូចម្ដេច? 3តើអ្នកនេះមិនមែនជាជាងឈើ ជាកូនរបស់ម៉ារា ហើយជាបងប្រុស#6:3 បងប្រុស―ន័យត្រង់គឺ “បងប្អូនប្រុស”។របស់យ៉ាកុប យ៉ូសេ យូដាស និងស៊ីម៉ូនទេឬ? ប្អូនស្រី#6:3 ប្អូនស្រី―ន័យត្រង់គឺ “បងប្អូនស្រី”។របស់គាត់ក៏មិនមែននៅទីនេះជាមួយយើងទេឬ?”។ ដូច្នេះ ពួកគេក៏ជំពប់ដួលដោយសារតែព្រះអង្គ។
4ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ព្យាការីគ្មានការអាប់ឱនកិត្តិយសទេ លើកលែងតែនៅក្នុងស្រុកកំណើត ក្នុងចំណោមសាច់ញាតិ និងក្នុងគ្រួសាររបស់ខ្លួនប៉ុណ្ណោះ”។ 5ដូច្នេះ ក្រៅពីដាក់ព្រះហស្តលើអ្នកជំងឺខ្លះឲ្យជា ព្រះអង្គមិនអាចធ្វើការអស្ចារ្យអ្វីនៅទីនោះបានឡើយ។ 6ព្រះយេស៊ូវទ្រង់នឹកឆ្ងល់ ដោយសារតែភាពឥតជំនឿរបស់ពួកគេ។
ចាត់សាវ័កដប់ពីរនាក់
បន្ទាប់មក ព្រះយេស៊ូវយាងចុះឡើងតាមភូមិនានា ទាំងបង្រៀនផង។ 7ព្រះអង្គទ្រង់ហៅសាវ័ក#6:7 សាវ័ក―ជាពាក្យជំនួយ។ទាំងដប់ពីរនាក់មក ហើយចាប់ផ្ដើមចាត់ពួកគេពីរៗនាក់ឲ្យទៅ ព្រមទាំងប្រទានសិទ្ធិអំណាចលើវិញ្ញាណអសោចដល់ពួកគេផង។ 8ព្រះអង្គបង្គាប់ពួកគេថា៖“កុំយកអ្វីសម្រាប់ការធ្វើដំណើរឡើយ លើកលែងតែឈើច្រត់ប៉ុណ្ណោះ។ កុំយកនំប៉័ង កុំយកថង់យាម កុំយកលុយកាក់ដាក់ក្នុងខ្សែក្រវាត់ឡើយ។ 9ប៉ុន្តែឲ្យពាក់ស្បែកជើង ហើយមិនត្រូវពាក់អាវ#6:9 អាវ―ឬ “អាវខាងក្នុង”។ពីរទេ”។ 10ព្រះអង្គមានបន្ទូលនឹងពួកគេទៀតថា៖“អ្នករាល់គ្នាចូលទៅក្នុងផ្ទះមួយនៅទីណាក៏ដោយ ចូរស្នាក់នៅផ្ទះនោះរហូតដល់អ្នករាល់គ្នាចាកចេញពីទីនោះចុះ។ 11រីឯកន្លែងណាក៏ដោយដែលមិនទទួលអ្នករាល់គ្នា ហើយក៏មិនស្ដាប់អ្នករាល់គ្នា នៅពេលចេញពីទីនោះ ចូររលាស់ធូលីចេញពីបាតជើងរបស់អ្នករាល់គ្នា ទុកជាទីបន្ទាល់ទាស់នឹងពួកគេ#6:11 ឯកសារបុរាណខ្លះបន្ថែម “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ សូដុមនិងកូម៉ូរ៉ាងាយទ្រាំជាងក្រុងនោះ”។”។
12សាវ័កទាំងដប់ពីរបានចេញទៅប្រកាសថា មនុស្សត្រូវតែកែប្រែចិត្ត។ 13ពួកគេក៏ដេញអារក្សជាច្រើនឲ្យចេញ ព្រមទាំងលាបប្រេងលើអ្នកជំងឺជាច្រើនដើម្បីប្រោសគេឲ្យជា។
មរណភាពរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក
14ព្រះបាទហេរ៉ូឌបានឮអំពីការទាំងនេះ ដ្បិតព្រះនាមរបស់ព្រះយេស៊ូវបានល្បីសុសសាយ។ មានគេនិយាយថា#6:14 មានគេនិយាយថា―ឯកសារបុរាណខ្លះថា “ទ្រង់មានរាជឱង្ការថា”។៖ “យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ហេតុនេះហើយបានជាមហិទ្ធិឫទ្ធិទាំងនេះកំពុងចេញឥទ្ធិពលនៅក្នុងគាត់”។ 15អ្នកខ្លះថា៖ “គាត់ជាអេលីយ៉ា”។ អ្នកខ្លះទៀតថា៖ “គាត់ជាព្យាការី ដូចជាម្នាក់ក្នុងបណ្ដាព្យាការីជំនាន់មុន#6:15 ជំនាន់មុន―ជាពាក្យជំនួយ។”។
16រីឯហេរ៉ូឌវិញ នៅពេលឮអំពីការទាំងនេះ ក៏មានរាជឱង្ការថា៖ “គឺយ៉ូហានដែលយើងបានកាត់ក្បាលនោះ ត្រូវបានលើកឲ្យរស់ឡើងវិញ#6:16 ឯកសារបុរាណខ្លះបន្ថែម “ពីចំណោមមនុស្សស្លាប់”។ហើយ”។ 17ជាការពិត ហេរ៉ូឌផ្ទាល់បានចាត់គេឲ្យទៅចាប់យ៉ូហាន ហើយចងគាត់នៅក្នុងគុក ដោយសារតែហេរ៉ូឌាសមហេសីរបស់ភីលីព អនុជ#6:17 អនុជ―ន័យត្រង់គឺ “បងប្អូនប្រុស”។របស់ទ្រង់។ ដោយសារហេរ៉ូឌបានរៀបអភិសេកជាមួយនាង 18យ៉ូហានក៏ទូលហេរ៉ូឌថា៖ “ព្រះករុណាយកមហេសីរបស់អនុជទ្រង់ ខុសច្បាប់ហើយ”។ 19ចំណែកឯហេរ៉ូឌាសក៏ចងគំនុំនឹងយ៉ូហាន ហើយចង់សម្លាប់គាត់ ប៉ុន្តែមិនអាចធ្វើបាន 20ពីព្រោះហេរ៉ូឌកោតខ្លាចយ៉ូហាន ដោយដឹងថាគាត់ជាមនុស្សសុចរិត និងវិសុទ្ធ ដូច្នេះទ្រង់ក៏ការពារគាត់។ នៅពេលសណ្ដាប់យ៉ូហាន ទ្រង់ក៏វល់ព្រះទ័យយ៉ាងខ្លាំង#6:20 វល់ព្រះទ័យយ៉ាងខ្លាំង―ឯកសារបុរាណខ្លះថា “ធ្វើការជាច្រើន”។ ប៉ុន្តែបានសណ្ដាប់គាត់ដោយអំណរ។
21ប៉ុន្តែមានឱកាសល្អមកដល់ គឺនៅថ្ងៃចម្រើនព្រះជន្មរបស់ហេរ៉ូឌ ទ្រង់បានរៀបចំពិធីជប់លៀងសម្រាប់ពួកនាម៉ឺន ពួកមេទ័ព និងពួកអភិជននៃកាលីឡេ។ 22កូនស្រីរបស់ហេរ៉ូឌាស#6:22 កូនស្រីរបស់ហេរ៉ូឌាស―ឯកសារបុរាណខ្លះថា “ហេរ៉ូឌាសជាកូនស្រីរបស់ទ្រង់”។បានចូលមករាំ ហើយបានបំពេញព្រះទ័យហេរ៉ូឌ និងភ្ញៀវរួមតុអាហារ ស្ដេចក៏មានរាជឱង្ការនឹងក្មេងស្រីនោះថា៖ “អ្វីក៏ដោយដែលនាងចង់បាន ចូរសុំយើងចុះ យើងនឹងឲ្យនាង”។ 23រួចទ្រង់ក៏ស្បថនឹងនាងយ៉ាងម៉ឺងម៉ាត់ថា៖ “អ្វីក៏ដោយដែលនាងសុំយើង យើងនឹងឲ្យនាង ទោះបីជាដល់មួយចំហៀងនៃអាណាចក្ររបស់យើងក៏ដោយ”។
24នាងចេញទៅសួរម្ដាយនាងថា៖ “តើខ្ញុំគួរសុំអ្វី?”។
ម្ដាយនាងឆ្លើយថា៖ “ក្បាលរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក!”។
25នាងក៏ប្រញាប់ចូលទៅឯស្ដេចភ្លាម ហើយទូលសុំថា៖ “ខ្ញុំម្ចាស់ចង់ឲ្យព្រះករុណាប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់ឥឡូវនេះផង”។
26ស្ដេចក៏ពិបាកព្រះទ័យក្រៃលែង ប៉ុន្តែដោយសារតែពាក្យសម្បថ និងដោយសារតែភ្ញៀវរួមតុអាហារ ទ្រង់មិនចង់បដិសេធនាងទេ។ 27ដូច្នេះ ស្ដេចទ្រង់ចាត់ពេជ្ឈឃាដឲ្យទៅភ្លាម ដោយបញ្ជាឲ្យយកក្បាលរបស់យ៉ូហានមក។ ពេជ្ឈឃាដក៏ចេញទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក 28ហើយយកក្បាលរបស់គាត់ដាក់លើថាសមកឲ្យក្មេងស្រីនោះ ក្មេងស្រីក៏យកទៅឲ្យម្ដាយរបស់នាង។ 29នៅពេលពួកសិស្សរបស់យ៉ូហានបានឮ ពួកគេក៏មកយកសពគាត់ទៅដាក់ក្នុងរូងផ្នូរ។
នំប៉័ងប្រាំ និងត្រីពីរ
30ពួកសាវ័កបានជួបជុំគ្នានៅមុខព្រះយេស៊ូវ ហើយទូលព្រះអង្គអំពីអ្វីៗទាំងអស់ដែលពួកគេបានធ្វើ និងអ្វីៗដែលពួកគេបានបង្រៀន។ 31ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មក៍! ចូរអ្នករាល់គ្នាសម្រាកបន្តិចនៅកន្លែងស្ងាត់ដាច់ពីគេតែក្រុមអ្នកចុះ”។ ដ្បិតមានមនុស្សជាច្រើនមកជាបន្តបន្ទាប់ ដូច្នេះសូម្បីតែពេលហូបក៏គ្មានផង។ 32ពួកគេក៏ជិះទូកចេញទៅកន្លែងស្ងាត់ដាច់ពីគេតែក្រុមពួកគេ។ 33ប៉ុន្តែមនុស្សជាច្រើន#6:33 ឯកសារបុរាណខ្លះគ្មាន “មនុស្សជាច្រើន”។បានឃើញពួកគេចេញទៅ ក៏ស្គាល់ពួកគេ#6:33 ពួកគេ―ឯកសារបុរាណខ្លះថា “ព្រះអង្គ”។។ គេក៏នាំគ្នារត់ពីទីក្រុងទាំងអស់ទៅទីនោះដោយថ្មើរជើង ហើយដល់មុនពួកគេ#6:33 ឯកសារបុរាណខ្លះបន្ថែម “រួចមកផ្ដុំគ្នានៅឯព្រះអង្គ”។។ 34នៅពេលយាងឡើងពីទូក ព្រះយេស៊ូវទតឃើញហ្វូងមនុស្សមួយក្រុមធំ ក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ពីព្រោះពួកគេដូចជាចៀមដែលគ្មានអ្នកគង្វាល។ ព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេអំពីសេចក្ដីជាច្រើន។
35លុះជ្រុលម៉ោងហើយ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ទូលថា៖ “កន្លែងនេះស្ងាត់ដាច់ពីគេ ម៉ោងក៏ជ្រុលហើយ។ 36សូមឲ្យពួកគេទៅវិញទៅ ដើម្បីឲ្យពួកគេទៅតាមស្រុកភូមិនានានៅជុំវិញ ទិញអ្វីហូបខ្លួនឯង#6:36 ទិញអ្វីហូបខ្លួនឯង―ឯកសារបុរាណខ្លះថា “ទិញនំប៉័ងខ្លួនឯង ពីព្រោះពួកគេគ្មានអ្វីហូប”។”។
37ប៉ុន្តែព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចូរអ្នករាល់គ្នាឲ្យអ្វីដល់ពួកគេហូបចុះ”។
ពួកសិស្សទូលថា៖ “តើឲ្យយើងខ្ញុំទៅទិញនំប៉័ងអស់ពីររយឌេណារី ឲ្យពួកគេហូបឬ?”។
38ព្រះអង្គទ្រង់សួរពួកគេថា៖“តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន? ទៅមើលមើល៍”។
នៅពេលបានដឹងហើយ ពួកគេទូលថា៖ “មានប្រាំ និងត្រីពីរ”។
39ព្រះអង្គក៏បង្គាប់ពួកគេឲ្យប្រាប់មនុស្សទាំងអស់ឲ្យអង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី។ 40គេក៏អង្គុយជាក្រុមៗ ក្រុមខ្លះមួយរយនាក់ ក្រុមខ្លះហាសិបនាក់។ 41នៅពេលយកនំប៉័ងប្រាំ និងត្រីពីរនោះ ព្រះយេស៊ូវទ្រង់ងើយមើលទៅមេឃ ហើយប្រទានពរ រួចកាច់នំប៉័ងទាំងនោះប្រទានដល់ពួកសិស្ស ដើម្បីឲ្យពួកគេចែកឲ្យហ្វូងមនុស្ស។ ព្រះអង្គក៏បានបែងចែកត្រីពីរនោះដល់មនុស្សគ្រប់គ្នាដែរ។ 42ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ 43បន្ទាប់មក ពួកគេប្រមូលបំណែកនំប៉័ង និងត្រីបានដប់ពីរកន្ត្រកពេញ។ 44អ្នកដែលហូបនំប៉័ង មានប្រាំពាន់នាក់ជាមនុស្សប្រុស។
ព្រះយេស៊ូវយាងលើទឹកបឹង
45ភ្លាមនោះ ព្រះយេស៊ូវបានតឿនពួកសិស្សរបស់ព្រះអង្គឲ្យជិះទូក គឺឲ្យទៅបេតសៃដានៅត្រើយម្ខាងមុនព្រះអង្គ ខណៈដែលព្រះអង្គឲ្យហ្វូងមនុស្សទៅវិញ។ 46នៅពេលលាហ្វូងមនុស្សហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំដើម្បីអធិស្ឋាន។ 47លុះដល់ពេលល្ងាច ទូកបាននៅកណ្ដាលបឹង#6:47 បឹង―ឬ “សមុទ្រ”; គឺ “បឹងកាលីឡេ”។ រីឯព្រះយេស៊ូវវិញ ព្រះអង្គគង់នៅលើគោកតែព្រះអង្គឯង។ 48ព្រះអង្គទតឃើញពួកសិស្សរងការលំបាកក្នុងការអុំទូក ពីព្រោះបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ#6:48 ពេលជិតភ្លឺ―ន័យត្រង់គឺ “យាមទីបួនយប់”; គឺ “ចន្លោះម៉ោងបីទៅម៉ោងប្រាំមួយព្រឹក”។ ព្រះអង្គយាងលើទឹកបឹងមករកពួកគេ ហើយមានព្រះទ័យចង់យាងបង្ហួសពួកគេ។ 49ប៉ុន្តែនៅពេលឃើញព្រះអង្គកំពុងយាងលើទឹកបឹង ពួកគេគិតថាជាខ្មោច ក៏ស្រែកឡើង 50ដ្បិតទាំងអស់គ្នាបានឃើញព្រះអង្គ ហើយភ័យស្លុត។ ភ្លាមនោះ ព្រះអង្គមានបន្ទូលជាមួយពួកគេ ហើយប្រាប់ថា៖“ចូរក្លាហានឡើង! គឺខ្ញុំទេតើ កុំខ្លាចឡើយ!”។ 51បន្ទាប់មក ព្រះអង្គយាងឡើងទូកជាមួយពួកគេ ពេលនោះក៏ឈប់ខ្យល់។ ពួកគេភ្ញាក់ផ្អើលក្នុងចិត្តយ៉ាងក្រៃលែង#6:51 ឯកសារបុរាណខ្លះបន្ថែម “ហើយងឿងឆ្ងល់”។។ 52ដ្បិតពួកគេមិនបានយល់អំពីរឿងនំប៉័ងទេ គឺចិត្តរបស់ពួកគេនៅតែរឹងរូស។
ការប្រោសឲ្យជានៅគេនេសារ៉ែត
53នៅពេលឆ្លងហើយ ពួកគេក៏ឡើងគោកនៅគេនេសារ៉ែត ហើយចងទូកនៅទីនោះ។ 54កាលពួកគេឡើងពីទូក ប្រជាជនក៏ស្គាល់ព្រះអង្គភ្លាម។ 55គេរត់ពាសពេញទូទាំងតំបន់នោះ ហើយចាប់ផ្ដើមយកកន្ទេល សែងអ្នកមានជំងឺទៅកន្លែងដែលពួកគេឮថាព្រះអង្គគង់នៅ។ 56នៅទីណាក៏ដោយដែលព្រះអង្គយាងចូល មិនថាក្នុងភូមិ ក្នុងទីក្រុង ឬតាមជនបទ ពួកគេតែងតែដាក់ពួកអ្នកជំងឺតាមផ្សារ ហើយទូលអង្វរព្រះអង្គដើម្បីឲ្យពួកគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។ អ្នកណាក៏ដោយដែលបានពាល់ព្រះអង្គ ក៏បានជាសះស្បើយ៕
Trenutno izabrano:
ម៉ាកុស 6: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative