Logo Aplikacije Biblija
Dugme za pretraživanje

អេសាយ 5

5
ចម្រៀងនៃចម្ការទំពាំងបាយជូរ
1សូមឲ្យ​ខ្ញុំ​ច្រៀង​សម្រាប់​អ្នក​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ
នូវ​ចម្រៀង​មួយ​អំពី​គូស្នេហ៍​របស់ខ្ញុំ
គឺ​អំពី​ចម្ការទំពាំងបាយជូរ​របស់គាត់​។
អ្នក​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ មាន​ចម្ការទំពាំងបាយជូរ​មួយ​នៅលើ​ភ្នំ​ដែល​មានជីជាតិ​។
2គាត់​បាន​កាប់គាស់​ដី ហើយ​យកថ្មចេញ
រួច​ដាំ​ដើមទំពាំងបាយជូរល្អបំផុត
ព្រមទាំង​សាងសង់​ប៉ម​មួយ​នៅកណ្ដាល​ចម្ការនោះ
ហើយ​ដាប់លុង​ទីបញ្ជាន់ផ្លែ​នៅក្នុង​ចម្ការនោះ​ដែរ​។
ក្រោយមក គាត់​បាន​រំពឹងចាំ​ឲ្យ​ទំពាំងបាយជូរ​បង្កើតផល
ប៉ុន្តែ​វា​បាន​បង្កើតផល​ជា​ទំពាំងបាយជូរព្រៃ​ទៅវិញ​។
3ឥឡូវនេះ អ្នកដែល​រស់នៅ​យេរូសាឡិម និង​មនុស្ស​របស់​យូដា​អើយ
សូម​វិនិច្ឆ័យ​រវាង​យើង និង​ចម្ការទំពាំងបាយជូរ​របស់យើង​ផង​!
4តើ​គួរ​ឲ្យ​យើង​ធ្វើ​អ្វី​ទៀត​ដល់​ចម្ការទំពាំងបាយជូរ​របស់យើង ដែល​យើង​មិន​បាន​ធ្វើ​ដល់​វា​?
យើង​បាន​រំពឹងចាំ​ឲ្យ​ទំពាំងបាយជូរ​បង្កើតផល
ចុះ​ម្ដេចក៏​វា​បង្កើតផល​ជា​ទំពាំងបាយជូរព្រៃ​ទៅវិញ​?
5ដូច្នេះ​ឥឡូវនេះ សូមឲ្យ​យើង​ប្រាប់​អ្នករាល់គ្នា​អំពី​អ្វីដែល​យើង​នឹង​ធ្វើ​ដល់​ចម្ការទំពាំងបាយជូរ​របស់យើង
គឺ​យើង​នឹង​ដក​របង​វា​ចេញ នោះ​វា​នឹង​ត្រូវបាន​បំផ្លាញ
កំពែង​របស់វា​នឹង​ត្រូវបាន​រំលំ នោះ​វា​នឹង​ត្រូវបាន​ជាន់ឈ្លី​។
6យើង​នឹង​ធ្វើឲ្យ​វា​ហិនហោច​។
វា​នឹង​មិន​ត្រូវបាន​លួសកាត់ ក៏​មិន​ត្រូវបាន​ជ្រួយដី​ដែរ
នោះ​អញ្ចាញ និង​បន្លា​នឹង​ដុះឡើង
ហើយ​យើង​នឹង​បង្គាប់​ពពក​មិនឲ្យ​បង្អុរ​ភ្លៀង​លើ​ចម្ការនោះ​ឡើយ​។
7ដ្បិត​ចម្ការទំពាំងបាយជូរ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ
គឺ​វង្សត្រកូល​អ៊ីស្រាអែល ហើយ​មនុស្ស​របស់​យូដា
គឺ​ដំណាំ​ដែលជា​ទីគាប់ព្រះហឫទ័យ​របស់ព្រះអង្គ​។
ព្រះអង្គ​បាន​រំពឹងចាំ​សេចក្ដីយុត្តិធម៌
ប៉ុន្តែ​មើល៍! មានតែ​ការបង្ហូរឈាម​!
ព្រះអង្គ​បាន​រំពឹងចាំ​សេចក្ដីសុចរិត
ប៉ុន្តែ​មើល៍! មានតែ​សម្រែកយំ​!
បាប និងទុក្ខវេទនារបស់យូដា
8វេទនា​ហើយ​!
ពួកអ្នកដែល​ភ្ជាប់​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត
ហើយ​បង្ខិត​ចម្ការ​មួយ​ទៅ​ចម្ការ​មួយ​ទៀត
រហូតដល់​អស់​ចន្លោះ
នោះ​អ្នករាល់គ្នា​នឹង​រស់នៅ​តែឯង​នៅកណ្ដាល​ស្រុក​នោះ​។
9ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បានមានបន្ទូល#5:9 បានមានបន្ទូល―ជាពាក្យជំនួយ។​នឹង​ត្រចៀក​ខ្ញុំ​ថា​៖
“ប្រាកដមែន ផ្ទះ​ជាច្រើន​នឹង​ទៅជា​ទីហិនហោច
គឺ​ផ្ទះ​ធំ ហើយ​ល្អ​ផង នឹង​គ្មានអ្នកណា​រស់នៅ​ឡើយ​។
10ចម្ការទំពាំងបាយជូរ​បួនហិកតា#5:10 បួនហិកតា―ន័យត្រង់គឺ “ដប់សេមេត”។ 1 សេមេត=4 047 ម៉ែត្រការេ ជាដីដែលគោមួយនឹមអាចភ្ជួររាស់បានក្នុងមួយថ្ងៃ។ នឹង​បង្កើតផល​តែ​ម្ភៃពីរលីត្រ#5:10 ម្ភៃពីរលីត្រ―ន័យត្រង់គឺ “មួយបាថ”។
គ្រាប់ពូជ​ពីររយម្ភៃពីរលីត្រ#5:10 ពីររយម្ភៃពីរលីត្រ―ន័យត្រង់គឺ “មួយហូមើរ”។ 1 ហូមើរ=10 អេផា។ នឹង​បង្កើតផល​តែ​ម្ភៃពីរលីត្រ#5:10 ម្ភៃពីរលីត្រ―ន័យត្រង់គឺ “មួយអេផា”។​ប៉ុណ្ណោះ”។
11វេទនា​ហើយ​!
ពួកអ្នកដែល​ក្រោកឡើង​ពី​ព្រលឹម​ដើម្បី​រត់តាម​គ្រឿងស្រវឹង
ហើយ​បង្អង់នៅ​រហូតដល់​យប់ជ្រៅ ទាំង​ស្រវឹងងងុល​ដោយ​ស្រា​!
12ពួកគេ​មាន​ពិណហាប និង​ពិណបុរាណ ក្រាប់ និង​ខ្លុយ
ព្រមទាំង​ស្រាទំពាំងបាយជូរ​ក្នុង​ពិធីជប់លៀង​របស់ពួកគេ
ប៉ុន្តែ​ពួកគេ​មិន​យកចិត្តទុកដាក់​ចំពោះ​កិច្ចការ​របស់​ព្រះយេហូវ៉ា​ឡើយ
ក៏​មិន​ពិចារណា​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​ដែរ​។
13ដោយហេតុនេះ ប្រជារាស្ត្រ​របស់យើង​នឹង​ត្រូវ​ជម្លៀស ដោយសារ​គ្មាន​ចំណេះដឹង​។
អភិជន​របស់ពួកគេ​ត្រឡប់ជា​អ្នក​អត់ឃ្លាន​វិញ
ហើយ​ហ្វូងមនុស្ស​របស់ពួកគេ​ក៏​ខះក​ដោយ​ស្រេកទឹក​។
14ហេតុនេះហើយបានជា​ស្ថានមនុស្សស្លាប់​ពង្រីក​បំពង់ក​របស់វា
ហើយ​ហា​មាត់​របស់វា​ដោយ​គ្មាន​ដែនកំណត់
រីឯ​ពួក​អភិជន​របស់យេរូសាឡិម និង​ហ្វូងមនុស្ស​របស់នាង
ព្រមទាំង​ពួកតម្លង់គេ និង​ពួកឡូឡាសប្បាយ​ដែល​នៅក្នុង​នាង ក៏​ចុះទៅ​ស្ថាននោះ​។
15មនុស្សលោក​នឹង​ត្រូវបាន​បង្អោនចុះ
មនុស្សជាតិ​នឹង​ត្រូវបាន​បន្ទាបចុះ
ហើយ​ភ្នែក​របស់​អ្នកដែល​លើកខ្លួនឡើង​នឹង​ត្រូវបាន​បន្ទាបចុះ​ដែរ​។
16ចំណែកឯ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​វិញ
ព្រះអង្គ​នឹង​ត្រូវបាន​លើកតម្កើង​ដោយ​សេចក្ដីយុត្តិធម៌
ព្រះ​ដ៏វិសុទ្ធ​នឹង​បង្ហាញ​អង្គទ្រង់​ជាវិសុទ្ធ​ដោយ​សេចក្ដីសុចរិត​។
17នៅគ្រានោះ កូនចៀម​នឹង​មក​ស៊ីស្មៅ ដូចជា​នៅ​វាលស្មៅ​របស់ខ្លួនវា
រីឯ​ជនរស់នៅបណ្ដោះអាសន្ន​នឹង​ហូប​នៅ​ទីបាក់បែក​របស់​អ្នកមាន​។
18វេទនា​ហើយ​!
អ្នកដែល​ទាញ​សេចក្ដីទុច្ចរិត​មក​ដោយ​ខ្សែ​នៃ​សេចក្ដីមិនពិត
អ្នកដែល​ទាញ​បាប​មក ហាក់ដូចជា​ទាញ​ដោយ​ខ្សែ​រទេះ
19ជា​អ្នកដែល​ពោលថា​៖
“ចូរឲ្យ​ព្រះអង្គ​ប្រញាប់ឡើង
ចូរ​ឲ្យ​ព្រះអង្គ​ពន្លឿន​កិច្ចការ​របស់ព្រះអង្គ​ចុះ ដើម្បីឲ្យ​យើង​បាន​ឃើញ​!
ចូរឲ្យ​ផែនការ​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ចូលមកជិត ហើយ​មកដល់​ចុះ ដើម្បីឲ្យ​យើង​បាន​ស្គាល់​!”។
20វេទនា​ហើយ​!
អ្នកដែល​ហៅ​អាក្រក់​ថា​ល្អ ហើយ​ហៅ​ល្អ​ថា​អាក្រក់
អ្នកដែល​ចាត់ទុក​សេចក្ដីងងឹត​ជា​ពន្លឺ ហើយ​ចាត់ទុក​ពន្លឺ​ជា​សេចក្ដីងងឹត
អ្នកដែល​ចាត់ទុក​ល្វីង​ជា​ផ្អែម ហើយ​ចាត់ទុក​ផ្អែម​ជា​ល្វីង​។
21វេទនា​ហើយ​! អ្នកដែល​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង
និង​អ្នកដែល​មានការយល់ដឹង​នៅចំពោះ​មុខ​ខ្លួនឯង​។
22វេទនា​ហើយ​! មនុស្ស​ខ្លាំងពូកែ​ខាង​ផឹក​ស្រា
និង​មនុស្ស​អង់អាច​ខាង​លាយ​គ្រឿងស្រវឹង​។
23ពួកគេ​រាប់​មនុស្ស​អាក្រក់​ថាឥតទោស​ដើម្បី​បាន​សំណូក
ហើយ​ដកយក​យុត្តិធម៌​ចេញពី​មនុស្ស​សុចរិត​។
24ដោយហេតុនេះ ដូចដែល​អណ្ដាតភ្លើង​ស៊ីបំផ្លាញ​ចំបើង
ហើយ​ស្មៅក្រៀម​ស្រុតចុះ​ក្នុង​ភ្លើង​យ៉ាងណា
ឫស​របស់ពួកគេ​នឹង​បាន​ដូចជា​របស់ខូចរលួយ
ហើយ​ផ្កា​របស់ពួកគេ​នឹង​ហុយឡើង​ដូច​ធូលី​យ៉ាងនោះដែរ
ដ្បិត​ពួកគេ​បាន​បោះបង់ចោល​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ
ហើយ​មើលងាយ​ព្រះបន្ទូល​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។
25ដោយហេតុនោះ ព្រះពិរោធ​របស់​ព្រះយេហូវ៉ា​បាន​ឆេះឡើង​ទាស់នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ
រួច​ព្រះអង្គ​បាន​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទាស់នឹង​ពួកគេ ហើយ​វាយ​ពួកគេ
នោះ​ភ្នំ​ទាំងឡាយ​ក៏​រញ្ជួយ
ហើយ​សាកសព​របស់ពួកគេ​បាន​ត្រឡប់​ដូចជា​សំរាម​នៅកណ្ដាល​ផ្លូវ​។
ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ
ហើយ​ព្រះហស្ត​របស់ព្រះអង្គ​ក៏​នៅតែ​លាតចេញ​មក​ទៀត​។
26ព្រះអង្គ​បាន​លើក​ទង់សញ្ញា​សម្រាប់​បណ្ដា​ប្រជាជាតិ​ដែល​នៅ​ឆ្ងាយ
ហើយ​បាន​ហួចហៅ​ពួកគេ​ពី​ចុងបំផុត​នៃ​ផែនដី
នោះ​មើល៍! ពួកគេ​ក៏​ប្រញាប់ប្រញាល់​មក​យ៉ាងលឿន​។
27ក្នុងចំណោម​ពួកគេ
គ្មានអ្នកណា​អស់កម្លាំង
គ្មានអ្នកណា​ជំពប់
គ្មានអ្នកណា​ដេករលីវ
ហើយ​គ្មានអ្នកណា​លង់លក់​;
ខ្សែក្រវាត់​នៅនឹង​ចង្កេះ​របស់ពួកគេ​មិន​បាន​បន្ធូរ​ឡើយ
ហើយ​ខ្សែ​ស្បែកជើង​របស់ពួកគេ​ក៏​មិន​បាន​ដាច់​ដែរ​។
28ព្រួញ​របស់ពួកគេ​មុត​ណាស់
ហើយ​ធ្នូ​ទាំងអស់​របស់ពួកគេ​បាន​យឹត​ហើយ
រីឯ​ក្រចកជើង​សេះ​របស់ពួកគេ​មើលទៅ​ដូចជា​ថ្មដែកកេះ
ហើយ​កង់រទេះ​របស់ពួកគេ​ដូច​ខ្យល់កួច​។
29សូរគ្រហឹម​របស់​ពួកគេ​ដូចជា​សិង្ហញី
សូរសម្រែក​របស់ពួកគេ​ដូចជា​សិង្ហស្ទាវ​;
ពួកគេ​គ្រហឹម ហើយ​ចាប់​រំពា រួច​យកទៅ
ក៏​គ្មានអ្នកណា​ជួយសង្គ្រោះ​បាន​ឡើយ​។
30នៅ​ថ្ងៃ​នោះ ពួកគេ​គ្រហឹម​ដាក់​អ៊ីស្រាអែល ដូចជា​សូរសន្ធឹក​នៃ​សមុទ្រ​។
បើ​អ្នកណា​មើល​ទៅ​ទឹកដី​នោះ នោះ​មើល៍! មានតែ​ភាពងងឹត និង​ទុក្ខវេទនា
សូម្បីតែ​ពន្លឺ​នឹង​ទៅជាងងឹត​ដោយ​ពពក​៕

Trenutno izabrano:

អេសាយ 5: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi