អេសាយ 27
27
សត្វឡេវីអាថានត្រូវបានសម្លាប់
1នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងដាក់ទោសសត្វឡេវីអាថានជាពស់ដែលរត់គេច គឺសត្វឡេវីអាថានជាពស់ក្ងិចក្ងក់ ដោយដាវរបស់ព្រះអង្គ ជាដាវដ៏សាហាវ ដ៏មហិមា និងដ៏ខ្លាំងពូកែ ហើយព្រះអង្គនឹងសម្លាប់សត្វធំសម្បើមនោះដែលនៅក្នុងសមុទ្រ។
ចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ា
2នៅថ្ងៃនោះ នឹងមានចម្ការទំពាំងបាយជូរដ៏ល្អមួយ
ចូរច្រៀងអំពីនាងថា:
3យើងជាយេហូវ៉ា ដែលថែរក្សានាង
យើងនឹងស្រោចនាងគ្រប់ពេលវេលា
ហើយថែរក្សានាងទាំងយប់ទាំងថ្ងៃ
ក្រែងលោគេបង្ខូចនាង។
4គ្មានសេចក្ដីក្ដៅក្រហាយក្នុងយើងឡើយ
ប៉ុន្តែបើមានអ្នកណាផ្ដល់អញ្ចាញ និងបន្លាដល់យើង
យើងនឹងឈានទៅច្បាំងនឹងគេ
យើងនឹងដុតគេជាមួយគ្នា។
5បើមិនដូច្នោះទេ ឲ្យគេកាន់ខ្ជាប់នូវការការពាររបស់យើង
ដើម្បីឲ្យគេបានបង្កើតសន្តិភាពជាមួយយើង។
ចូរឲ្យគេបង្កើតសន្តិភាពជាមួយយើងចុះ!
6នៅគ្រាដែលនឹងមកដល់ យ៉ាកុបនឹងចាក់ឫស
អ៊ីស្រាអែលនឹងចេញពន្លក ហើយចេញផ្កា
ព្រមទាំងបំពេញផ្ទៃផែនដីដោយផលផ្លែផង។
7តើព្រះអង្គបានវាយអ៊ីស្រាអែល
ដូចដែលព្រះអង្គវាយអ្នកដែលវាយពួកគេឬ?
តើព្រះអង្គបានពិឃាតអ៊ីស្រាអែល
ដូចដែលព្រះអង្គពិឃាតអ្នកដែលពិឃាតពួកគេឬ?
8ព្រះអង្គបានតតាំងនឹងពួកគេដោយការបណ្ដេញចេញ និងដោយការជម្លៀសពួកគេ
នៅថ្ងៃនៃខ្យល់ទិសខាងកើត ព្រះអង្គបានដកពួកគេចេញដោយខ្យល់ដ៏សាហាវរបស់ព្រះអង្គ។
9ដូច្នេះ សេចក្ដីទុច្ចរិតរបស់យ៉ាកុបនឹងត្រូវបានលុបលាងដោយការនេះ
ហើយការនេះជាផលពេញលេញពីការដកបាបរបស់ពួកគេចេញ
គឺព្រះអង្គនឹងធ្វើឲ្យអស់ទាំងថ្មនៃអាសនាបានដូចជាដីសដែលខ្ទេចខ្ទី
ក៏ធ្វើឲ្យរូបព្រះម៉ែអាសេរ៉ា និងអាសនាគ្រឿងក្រអូបនៅឈរមិនបាន។
10ដ្បិតទីក្រុងដ៏រឹងមាំនឹងទៅជាកណ្ដោចកណ្ដែង
លំនៅនឹងត្រូវទុកចោល ហើយត្រូវបោះបង់ចោល ដូចទីរហោស្ថាន
នៅទីនោះកូនគោនឹងស៊ីស្មៅ ហើយដេក ព្រមទាំងបំផ្លាញមែកឈើនៅទីនោះ។
11កាលណាមែករបស់វាក្រៀមស្វិត គេបំបាក់វា
នោះពួកស្រីៗនឹងមកយកវាបង្កាត់ភ្លើង។
ដោយព្រោះប្រជាជននេះគ្មានការយល់ដឹង
ដូច្នេះព្រះសូនបង្កើតរបស់គេនឹងមិនអាណិតអាសូរដល់គេឡើយ
ព្រះអង្គដែលសូនគេឡើងនឹងមិនមេត្តាដល់គេឡើយ។
12នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងបោកបែន
ចាប់ពីដៃទន្លេធំ រហូតដល់អូរនៃអេហ្ស៊ីប។
កូនចៅអ៊ីស្រាអែលអើយ អ្នករាល់គ្នានឹងត្រូវបានរើសសន្សំម្តងមួយៗ!
13នៅថ្ងៃនោះ ស្នែងធំនឹងត្រូវបានផ្លុំឡើង
នោះពួកអ្នកដែលបាត់នៅក្នុងដែនដីអាស្ស៊ីរី និងពួកអ្នកដែលត្រូវគេបណ្ដេញទៅដែនដីអេហ្ស៊ីបនឹងមក
ហើយថ្វាយបង្គំព្រះយេហូវ៉ានៅលើភ្នំដ៏វិសុទ្ធនៅយេរូសាឡិម៕
Trenutno izabrano:
អេសាយ 27: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative