អេសាយ 26
26
ចម្រៀងរបស់យូដា
1នៅថ្ងៃនោះ គេនឹងច្រៀងចម្រៀងនេះនៅក្នុងដែនដីយូដាថា៖
“យើងមានទីក្រុងមួយដ៏រឹងមាំ
ព្រះអង្គទ្រង់តាំងសេចក្ដីសង្គ្រោះឡើង
ទុកជាកំពែង និងជាប៉ម។
2ចូរបើកទ្វារក្រុង
ដើម្បីឲ្យប្រជាជាតិសុចរិតដែលរក្សាសេចក្ដីស្មោះត្រង់ បានចូលមក!
3ព្រះអង្គទ្រង់រក្សាអ្នកដែលមានបំណងខ្ជាប់ខ្ជួន ឲ្យមានសេចក្ដីសុខសាន្តពេញលេញ
ពីព្រោះគេជឿទុកចិត្តព្រះអង្គ។
4ចូរជឿទុកចិត្តលើព្រះយេហូវ៉ាជារៀងរហូត
ដ្បិតព្រះអម្ចាស់យេហូវ៉ាជាថ្មដាដ៏អស់កល្ប!
5ព្រះអង្គបានបន្ទាបអ្នកដែលរស់នៅកន្លែងខ្ពស់ចុះ គឺទីក្រុងដ៏ខ្ពស់
ព្រះអង្គទ្រង់ពង្រាបវា
គឺពង្រាបវាដល់ដី
ក៏បោះវាដល់ធូលីផង។
6ជើងនឹងជាន់ឈ្លីវា
គឺទាំងជើងរបស់អ្នកទ័លក្រ
និងជំហានរបស់អ្នកក្រខ្សត់ផង”។
ប្រជារាស្ត្ររបស់ព្រះប្រាថ្នាចង់បានព្រះអង្គ
7ផ្លូវរបស់មនុស្សសុចរិត គឺសេចក្ដីទៀងត្រង់។
ឱព្រះអង្គដ៏ទៀងត្រង់អើយ
ព្រះអង្គទ្រង់ធ្វើឲ្យផ្លូវរបស់មនុស្សសុចរិតរាបស្មើ។
8មែនហើយ ព្រះយេហូវ៉ាអើយ
យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គ ក្នុងផ្លូវនៃការជំនុំជម្រះរបស់ព្រះអង្គ;
ព្រះនាមរបស់ព្រះអង្គ និងការនឹកចាំអំពីព្រះអង្គ គឺជាបំណងប្រាថ្នានៃចិត្តរបស់យើងខ្ញុំ!
9នៅពេលយប់ ព្រលឹងរបស់ទូលបង្គំប្រាថ្នាចង់បានព្រះអង្គ
វិញ្ញាណរបស់ទូលបង្គំដែលនៅក្នុងទូលបង្គំ ក៏ខំប្រឹងស្វែងរកព្រះអង្គ
ដ្បិតនៅពេលការជំនុំជម្រះរបស់ព្រះអង្គមកដល់ផែនដី
អ្នកដែលរស់នៅពិភពលោកក៏រៀនចេះសេចក្ដីសុចរិត។
10ទោះបីជាព្រះអង្គមេត្តាដល់មនុស្សអាក្រក់ក៏ដោយ
ក៏គេមិនរៀនចេះសេចក្ដីសុចរិតដែរ
គេប្រព្រឹត្តអំពើទុច្ចរិតនៅក្នុងទឹកដីនៃសេចក្ដីទៀងត្រង់
ហើយមិនឃើញភាពឧត្ដុង្គឧត្ដមរបស់ព្រះយេហូវ៉ាឡើយ។
11ព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងហើយ ប៉ុន្តែពួកគេមិនឃើញឡើយ។
សូមឲ្យពួកគេឃើញចិត្តឆេះឆួលរបស់ព្រះអង្គចំពោះប្រជារាស្ត្រ ហើយអាម៉ាស់មុខ!
សូមឲ្យភ្លើងសម្រាប់ពួកបច្ចាមិត្តរបស់ព្រះអង្គស៊ីបំផ្លាញពួកគេ!
12ព្រះយេហូវ៉ាអើយ ព្រះអង្គនឹងតាំងសេចក្ដីសុខសាន្តឡើងសម្រាប់យើងខ្ញុំ
ដ្បិតព្រះអង្គក៏បានធ្វើសម្រាប់យើងខ្ញុំនូវអស់ទាំងកិច្ចការរបស់យើងខ្ញុំដែរ!
13ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ មានចៅហ្វាយជាច្រើនក្រៅពីព្រះអង្គបានត្រួតត្រាលើយើងខ្ញុំ
ប៉ុន្តែយើងខ្ញុំនឹកចាំព្រះនាមរបស់ព្រះអង្គ គឺតែព្រះអង្គប៉ុណ្ណោះ។
14មនុស្សស្លាប់មិនរស់ទៀតទេ
ព្រលឹងមនុស្សស្លាប់ក៏មិនងើបឡើងវិញដែរ
ដូច្នេះព្រះអង្គបានដាក់ទោស ហើយបំផ្លាញគេ
ព្រមទាំងបំបាត់អស់ទាំងការនឹកចាំអំពីគេផង។
15ព្រះយេហូវ៉ាអើយ ព្រះអង្គបានធ្វើឲ្យប្រជាជាតិនេះកើនឡើង
ព្រះអង្គបានធ្វើឲ្យប្រជាជាតិនេះកើនឡើងហើយ!
ព្រះអង្គបានទទួលការលើកតម្កើងសិរីរុងរឿង!
ព្រះអង្គបានពង្រីកអស់ទាំងព្រំដែននៃទឹកដីហើយ!
16ព្រះយេហូវ៉ាអើយ គេបានស្វែងរកព្រះអង្គក្នុងទុក្ខវេទនា
គេបានបង្ហូរចេញនូវពាក្យអធិស្ឋានខ្សឹបៗពេលមានការប្រៀនប្រដៅរបស់ព្រះអង្គដល់គេ!
17ព្រះយេហូវ៉ាអើយ ដូចដែលស្ត្រីមានផ្ទៃពោះដែលរៀបនឹងសម្រាលកូន
នាងឈឺចុកចាប់យ៉ាងខ្លាំង ហើយស្រែកថ្ងូរដោយការឈឺពោះឆ្លងទន្លេយ៉ាងណា
យើងខ្ញុំក៏យ៉ាងនោះដែរ នៅចំពោះព្រះអង្គ។
18យើងខ្ញុំបានមានផ្ទៃពោះ យើងខ្ញុំបានឈឺចាប់
ប៉ុន្តែយើងខ្ញុំសម្រាលចេញជាខ្យល់
យើងខ្ញុំមិនបានសម្រេចបាននូវសេចក្ដីសង្គ្រោះសម្រាប់ផែនដី
ហើយអ្នកដែលរស់នៅលើពិភពលោកក៏មិនបានកើតមក#26:18 កើតមក―ឬ “ដួលស្លាប់”។ដែរ។
19ពួកមនុស្សស្លាប់របស់អ្នកនឹងមានជីវិតរស់
សាកសពរបស់គេ#26:19 របស់គេ―ន័យត្រង់គឺ “របស់យើង”។នឹងក្រោកឡើង។
ពួកអ្នកដែលរស់នៅក្នុងធូលីអើយ ចូរភ្ញាក់ឡើង ហើយស្រែកហ៊ោសប្បាយ!
ដ្បិតទឹកសន្សើមរបស់អ្នក ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម
ហើយផែនដីនឹងបញ្ចេញព្រលឹងមនុស្សស្លាប់មក។
20ប្រជាជនរបស់ខ្ញុំអើយ ចូរទៅ!
ចូរចូលទៅក្នុងបន្ទប់របស់ខ្លួន ហើយបិទទ្វារនៅខាងក្រោយអ្នកចុះ
ចូរលាក់ខ្លួនបន្តិចសិន រហូតដល់សេចក្ដីក្រេវក្រោធបានកន្លងផុតទៅ!
21ដ្បិតមើល៍! ព្រះយេហូវ៉ាបានយាងចេញពីកន្លែងរបស់ព្រះអង្គមក
ដើម្បីដាក់ទោសអ្នកដែលរស់នៅលើផែនដីចំពោះសេចក្ដីទុច្ចរិតរបស់គេ
ហើយផែនដីនឹងលាតត្រដាងការបង្ហូរឈាមលើវា
ក៏មិនគ្របបាំងមនុស្សដែលត្រូវគេសម្លាប់ទៀតឡើយ៕
Trenutno izabrano:
អេសាយ 26: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative