Logo Aplikacije Biblija
Dugme za pretraživanje

អេសាយ 19

19
ទំនាយទាស់នឹងអេហ្ស៊ីប
1នេះជា​ទំនាយ​ស្ដីអំពី​អេហ្ស៊ីប​:
មើល៍! ព្រះយេហូវ៉ា​នឹង​គង់​លើ​ពពក​ដ៏លឿន យាង​មក​អេហ្ស៊ីប​។
បណ្ដា​រូបបដិមាករឥតប្រយោជន៍​របស់​អេហ្ស៊ីប​នឹង​ញាប់ញ័រ​នៅចំពោះ​ព្រះអង្គ
ហើយ​ចិត្ត​របស់​ជនជាតិអេហ្ស៊ីប​នឹង​រលាយ​នៅ​ក្នុង​ខ្លួនគេ​។
2“យើង​នឹង​ពន្យុះ​ជនជាតិអេហ្ស៊ីប​ឲ្យ​ទាស់នឹង​ជនជាតិអេហ្ស៊ីប
ម្នាក់ៗ​នឹង​ច្បាំង​នឹង​បងប្អូន​របស់ខ្លួន
ម្នាក់ៗ​នឹង​ប្រឆាំងនឹង​អ្នកជិតខាង​របស់ខ្លួន
ទីក្រុង​មួយ​នឹង​តទល់នឹង​ទីក្រុង​មួយ​ទៀត
អាណាចក្រ​មួយ​នឹង​តទល់នឹង​អាណាចក្រ​មួយ​ទៀត​។
3ជនជាតិអេហ្ស៊ីប​នឹង​បាត់​ស្មារតី
ហើយ​យើង​នឹង​បំភាន់​ផែនការ​របស់ពួកគេ​។
ពួកគេ​នឹង​សួររក​រូបបដិមាករឥតប្រយោជន៍ ព្រលឹងខ្មោច គ្រូអន្ទងខ្មោច និង​គ្រូខាបព្រលឹង​។
4យើង​នឹង​ប្រគល់​ជនជាតិអេហ្ស៊ីប​ទៅក្នុង​កណ្ដាប់ដៃ​របស់​ចៅហ្វាយ​ដ៏ឃោរឃៅ
ហើយ​ស្ដេច​ដ៏កាចសាហាវ​នឹង​គ្រងរាជ្យ​លើ​ពួកគេ”។
នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​។
5ទឹក​សមុទ្រ​នឹង​រីង
ទន្លេ​នឹង​ស្ងួត ហើយ​ហួតហែង​ទៅ
6ស្ទឹង​នានា​នឹង​ស្អុយ
ព្រែក​ទាំងឡាយ​របស់​អេហ្ស៊ីប​នឹង​ថយចុះ ហើយ​ស្ងួត​ទៅ
រីឯ​ដើមបបុស និង​ដើមត្រែង​នឹង​ក្រៀមស្វិត​។
7ដើមកក់​តាម​ទន្លេនីល ដែល​នៅ​មាត់​ទន្លេនីល
និង​គ្រប់ទាំង​ស្រែពង្រោះ​តាម​ទន្លេនីល
នឹង​ក្រៀមស្វិត ក៏​នឹង​ត្រូវបាន​ផាត់បាត់ទៅ ហើយ​គ្មាន​វា​ទៀតឡើយ​។
8ពួក​អ្នកនេសាទ​នឹង​ទួញសោក
អស់អ្នក​ដែល​បោះ​សន្ទូច​ក្នុង​ទន្លេនីល​នឹង​សោកស្ដាយ
ពួកអ្នកដែល​បង់​សំណាញ់​នៅលើ​ផ្ទៃ​ទឹក​នឹង​អន់ថយ​។
9អ្នកដែល​ធ្វើការ​ខាង​ផាឌិប​ដ៏ប្រណិត
និង​អ្នកដែល​ត្បាញ​សំពត់ស នឹង​អាម៉ាស់មុខ
10សសរទ្រូង#19:10 សសរទ្រូង―ឬ “អ្នកត្បាញ”។​របស់​អេហ្ស៊ីប​នឹង​ត្រូវបាន​ជាន់កម្ទេច
អស់ទាំង​ឈ្នួល​នឹង​ព្រួយចិត្ត​។
11ពួក​មេដឹកនាំ​នៃ​សូអាន​ជា​មនុស្សល្ងីល្ងើ​យ៉ាងខ្លាំង
ទីប្រឹក្សា​ដ៏មានបញ្ញា​របស់​ផារ៉ោន​ផ្ដល់​សេចក្ដីប្រឹក្សា​ល្ងង់ខ្លៅ​។
តើ​អ្នករាល់គ្នា​អាច​ទូល​ទៅ​ផារ៉ោន​យ៉ាងដូចម្ដេច​ថា​៖
“ខ្ញុំព្រះបាទ​ជា​កូនចៅ​អ្នកប្រាជ្ញ
គឺជា​កូនចៅ​ស្ដេច​ពីបុរាណ”?
12ចុះ​អ្នកប្រាជ្ញ​របស់ព្រះករុណា​នៅ​ឯណា​?
សូម​ឲ្យ​ពួកគេ​ជម្រាប​ព្រះករុណា
សូមឲ្យ​ពួកគេ​ដឹង​អ្វីដែល​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​គ្រោងទុក​ទាស់នឹង​អេហ្ស៊ីប​ចុះ​!
13ពួក​មេដឹកនាំ​នៃ​សូអាន​បាន​ត្រឡប់ជាល្ងីល្ងើ
ពួក​មេដឹកនាំ​នៃ​ណូព​ត្រូវគេ​បញ្ឆោត
ពួក​ប្រមុខ​នៃ​កុលសម្ព័ន្ធ​អេហ្ស៊ីប​បាន​នាំ​ជនជាតិអេហ្ស៊ីប​ឲ្យ​វង្វេង​។
14ព្រះយេហូវ៉ា​បាន​លាយ​វិញ្ញាណ​នៃ​ការវៀចវេរ​ទៅ​ក្នុង​អេហ្ស៊ីប
ដូច្នេះ​ពួកគេ​នាំ​អេហ្ស៊ីប​ឲ្យ​វង្វេង​ក្នុង​គ្រប់ទាំង​កិច្ចការ​របស់គេ
ដូចជា​មនុស្ស​ស្រវឹង​ដើរទ្រេតទ្រោត​ក្នុង​កម្អួត​របស់ខ្លួន​។
15គ្មាន​អ្វី​ដែល​អាច​ធ្វើ​បាន​សម្រាប់​អេហ្ស៊ីប​ឡើយ
ទោះបីជា​ក្បាល ឬ​កន្ទុយ ធាងលម៉ើ ឬ​ដើមត្រែង​ក៏ដោយ​។
អេហ្ស៊ីបនឹងស្គាល់ព្រះយេហូវ៉ា
16នៅ​ថ្ងៃ​នោះ ជនជាតិអេហ្ស៊ីប​នឹង​បាន​ដូចជា​មនុស្សស្រី ហើយ​ញ័ររន្ធត់ ព្រមទាំង​ភ័យខ្លាច ដោយព្រោះ​ការលើក​ព្រះហស្ត​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ដែល​ព្រះអង្គ​បាន​លើក​ទាស់នឹង​ពួកគេ​។ 17ដែនដី​យូដា​នឹង​ទៅជា​ការភិតភ័យ​ដល់​អេហ្ស៊ីប អស់អ្នក​ដែល​ត្រូវគេ​រំលឹក​អំពី​ដែនដីយូដា​នឹង​ភ័យខ្លាច ដោយព្រោះ​ផែនការ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ដែល​ព្រះអង្គ​បាន​គ្រោងទុក​ទាស់នឹង​ពួកគេ​។
18នៅ​ថ្ងៃ​នោះ នឹង​មាន​ទីក្រុង​ប្រាំ​នៅក្នុង​ដែនដី​អេហ្ស៊ីប ដែល​និយាយ​ភាសា​របស់​កាណាន ព្រមទាំង​ស្បថ​ដល់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។ ទីក្រុង​មួយ​ក្នុងទីក្រុងទាំងនោះ នឹង​ត្រូវបាន​ហៅថា “ទីក្រុង​នៃ​ព្រះអាទិត្យ#19:18 ទីក្រុងនៃ​ព្រះអាទិត្យ―ឬ “ទីក្រុងនៃសេចក្ដីវិនាស”។”។
19នៅ​ថ្ងៃ​នោះ នឹង​មាន​អាសនា​មួយ​សម្រាប់​ព្រះយេហូវ៉ា នៅកណ្ដាល​ដែនដី​អេហ្ស៊ីប ក៏​នឹង​មាន​បង្គោល​មួយ​សម្រាប់​ព្រះយេហូវ៉ា​នៅ​ព្រំដែន​នៃ​ដែនដីអេហ្ស៊ីប​។ 20បង្គោលនោះ​នឹង​ទៅជា​ទីសម្គាល់ និង​ជា​បន្ទាល់​អំពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ នៅក្នុង​ដែនដី​អេហ្ស៊ីប​។ នៅពេល​ពួកគេ​ស្រែកឡើង​ទៅកាន់​ព្រះយេហូវ៉ា​ដោយព្រោះ​អ្នក​សង្កត់សង្កិន ព្រះអង្គ​នឹង​ចាត់​អ្នកសង្គ្រោះ និង​អ្នក​ការពារ​ម្នាក់​ឲ្យទៅ​រក​ពួកគេ ដើម្បី​រំដោះ​ពួកគេ​។ 21ដូច្នេះ ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​ជនជាតិអេហ្ស៊ីប​ស្គាល់​អង្គទ្រង់ ហើយ​ជនជាតិអេហ្ស៊ីប​នឹង​ស្គាល់​ព្រះយេហូវ៉ា​នៅ​ថ្ងៃ​នោះ​។ ពួកគេ​នឹង​ថ្វាយបង្គំ​ព្រះអង្គ​ដោយ​យញ្ញបូជា និង​តង្វាយ ហើយ​បន់​បំណន់​ដល់​ព្រះយេហូវ៉ា ព្រមទាំង​លាបំណន់​ផង​។ 22ព្រះយេហូវ៉ា​នឹង​វាយ​អេហ្ស៊ីប គឺ​ទាំង​វាយ ទាំង​ប្រោសឲ្យជា នោះ​ពួកគេ​នឹង​ត្រឡប់មក​រក​ព្រះយេហូវ៉ា​វិញ ហើយ​ព្រះអង្គ​នឹង​ប្រទានឲ្យតាមសេចក្ដីអធិស្ឋាន​របស់​ពួកគេ ក៏​នឹង​ប្រោស​ពួកគេ​ឲ្យជា​ដែរ​។
23នៅ​ថ្ងៃ​នោះ នឹង​មាន​ផ្លូវធំ​មួយ​ពី​អេហ្ស៊ីប​ទៅ​អាស្ស៊ីរី ហើយ​ជនជាតិអាស្ស៊ីរី​នឹង​មក​អេហ្ស៊ីប រីឯ​ជនជាតិអេហ្ស៊ីប​នឹង​ទៅ​អាស្ស៊ីរី​ដែរ​; ជនជាតិអេហ្ស៊ីប​នឹង​ថ្វាយបង្គំ​ជាមួយ​ជនជាតិអាស្ស៊ីរី​។
24នៅ​ថ្ងៃ​នោះ អ៊ីស្រាអែល​នឹង​ទៅជា​ទីបី​ជាមួយ​អេហ្ស៊ីប និង​អាស្ស៊ីរី គឺជា​ពរ​នៅកណ្ដាល​ផែនដី​; 25ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ប្រទានពរ​ពួកគេ ដោយ​មានបន្ទូលថា​៖ “ចូរឲ្យ​មានពរ​ដល់​អេហ្ស៊ីប​ជា​ប្រជារាស្ត្រ​របស់យើង ដល់​អាស្ស៊ីរី​ជា​ស្នាដៃ​របស់យើង និង​ដល់​អ៊ីស្រាអែល​ជា​មរតក​របស់យើង​!”៕

Trenutno izabrano:

អេសាយ 19: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi