អេសាយ 11
11
មែកពីឫសរបស់អ៊ីសាយ
1លំពង់មួយនឹងដុះចេញពីដង្គត់របស់អ៊ីសាយ
មែកមួយពីឫសរបស់គាត់ នឹងបង្កើតផល។
2ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ានឹងសណ្ឋិតនៅលើអ្នកនោះ
គឺព្រះវិញ្ញាណនៃប្រាជ្ញា និងការយល់ដឹង
ព្រះវិញ្ញាណនៃដំបូន្មាន និងមហិទ្ធិឫទ្ធិ
ព្រះវិញ្ញាណនៃចំណេះដឹង និងការកោតខ្លាចដល់ព្រះយេហូវ៉ា។
3លោកនឹងរីករាយក្នុងការកោតខ្លាចដល់ព្រះយេហូវ៉ា
ហើយមិនជំនុំជម្រះតាមអ្វីដែលមើលឃើញដោយភ្នែកឡើយ
ក៏មិនសម្រេចសេចក្ដីតាមអ្វីដែលស្ដាប់ឮដោយត្រចៀកដែរ
4គឺលោកនឹងជំនុំជម្រះអ្នកក្រខ្សត់ដោយសេចក្ដីសុចរិតយុត្តិធម៌
ហើយសម្រេចសេចក្ដីឲ្យមនុស្សតូចទាបនៅផែនដីដោយសេចក្ដីទៀងត្រង់
ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់
ព្រមទាំងសម្លាប់មនុស្សអាក្រក់ដោយខ្យល់ដង្ហើមនៃបបូរមាត់ផង។
5សេចក្ដីសុចរិតយុត្តិធម៌នឹងបានជាខ្សែក្រវាត់នៅនឹងត្រគាករបស់លោក
សេចក្ដីពិតត្រង់នឹងបានជាខ្សែក្រវាត់នៅនឹងចង្កេះរបស់លោក។
6ចចកនឹងរស់នៅជាមួយកូនចៀម
ខ្លារខិននឹងដេកជាមួយកូនពពែ
កូនគោ តោស្ទាវ និងកូនគោបំប៉ននឹងនៅជាមួយគ្នា
ហើយក្មេងតូចនឹងនាំពួកវា។
7គោញី និងខ្លាឃ្មុំនឹងស៊ីស្មៅ
កូនវានឹងដេកជាមួយគ្នា
ហើយតោនឹងស៊ីចំបើងដូចគោ។
8ទារកនៅបៅនឹងលេងនៅក្បែររន្ធពស់វែក
ក្មេងផ្ដាច់ដោះនឹងដាក់ដៃទៅក្នុងរូងពស់ពិស។
9ពួកវានឹងមិនធ្វើទុក្ខ ឬបំផ្លាញ នៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ
ដ្បិតផែនដីនឹងពេញដោយចំណេះដឹងអំពីព្រះយេហូវ៉ា
ដូចដែលទឹកគ្របលើសមុទ្រ។
អ៊ីស្រាអែលត្រូវបានប្រមូលមកវិញ
10នៅថ្ងៃនោះ
ឫសរបស់អ៊ីសាយនឹងឈរឡើងជាទង់សញ្ញាដល់ជាតិសាសន៍ទាំងឡាយ;
ប្រជាជាតិនានានឹងស្វែងរកអ្នកនោះ
ហើយទីសម្រាករបស់លោកនឹងបានរុងរឿង។
11នៅថ្ងៃនោះ
ព្រះអម្ចាស់របស់ខ្ញុំនឹងលាត#11:11 លាត―ជាពាក្យជំនួយ។ព្រះហស្តរបស់ព្រះអង្គម្ដងទៀតជាលើកទីពីរ
ដើម្បីលោះសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់
ពីអាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ
និងពីកោះទាំងឡាយនៅសមុទ្រមកវិញ។
12ព្រះអង្គនឹងលើកទង់សញ្ញាមួយឡើងសម្រាប់ប្រជាជាតិនានា
ហើយកោះហៅអ្នកដែលត្រូវបានបណ្ដេញចេញនៃអ៊ីស្រាអែល
ក៏នឹងប្រមូលអ្នកដែលខ្ចាត់ខ្ចាយនៃយូដា ពីជ្រុងទាំងបួននៃផែនដី។
13សេចក្ដីច្រណែនរបស់ពួកអេប្រាអិមនឹងបាត់ទៅ
ហើយភាពជាសត្រូវរបស់ពួកយូដានឹងត្រូវបានកាត់ចេញ;
ពួកអេប្រាអិមនឹងលែងច្រណែនពួកយូដា
ហើយពួកយូដានឹងលែងធ្វើជាសត្រូវនឹងពួកអេប្រាអិម។
14ពួកគេនឹងឆាបលើស្មារបស់ភីលីស្ទីននៅទិសខាងលិច
ក៏នឹងប្លន់មនុស្សនៅទិសខាងកើតជាមួយគ្នា;
ពួកគេនឹងលាតដៃទាស់នឹងអេដំ និងម៉ូអាប់
រីឯកូនចៅអាំម៉ូននឹងចុះចូលនឹងពួកគេ។
15ព្រះយេហូវ៉ានឹងធ្វើឲ្យឈូងសមុទ្រអេហ្ស៊ីបរីងស្ងួត#11:15 រីងស្ងួត―ន័យត្រង់គឺ “បំផ្លាញ”។
ហើយគ្រវីព្រះហស្តរបស់ព្រះអង្គទៅលើទន្លេធំ#11:15 ទន្លេធំ―សំដៅទៅលើ “ទន្លេអ៊ើប្រាត”។ដោយខ្យល់ដ៏ខ្លាំងរបស់ព្រះអង្គ
ក៏នឹងវាយទន្លេនោះឲ្យចេញជាដៃទន្លេប្រាំពីរ
ដើម្បីឲ្យដើរកាត់បានដោយពាក់ស្បែកជើង។
16នោះនឹងមានផ្លូវធំមួយពីអាស្ស៊ីរី សម្រាប់សំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់
ដូចដែលធ្លាប់មានសម្រាប់អ៊ីស្រាអែល
នៅគ្រាដែលពួកគេបានឡើងមកពីដែនដីអេហ្ស៊ីបដែរ៕
Trenutno izabrano:
អេសាយ 11: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative