Logo Aplikacije Biblija
Dugme za pretraživanje

សាស្ដា 10

10
ផលពិបាកនៃភាពល្ងង់
1រុយ​ងាប់​ធ្វើឲ្យ​ប្រេង​របស់​អ្នកធ្វើទឹកអប់​ភាយក្លិនស្អុយ​;
ភាពល្ងង់​តែបន្តិច​ក៏​ធ្ងន់​ជាង​ប្រាជ្ញា និង​កិត្តិយស​ដែរ​។
2ចិត្ត​របស់​មនុស្ស​មានប្រាជ្ញា​ឆ្ពោះទៅ​ស្ដាំ
រីឯ​ចិត្ត​របស់​មនុស្សល្ងង់​ឆ្ពោះទៅ​ឆ្វេង​។
3សូម្បីតែ​នៅពេល​មនុស្សល្ងង់​ដើរ​តាម​ផ្លូវ ក៏​គេ​ខ្វះ​វិចារណញ្ញាណ​ដែរ
ហើយ​បង្ហាញ#10:3 បង្ហាញ―ន័យត្រង់គឺ “ប្រាប់”។​ដល់​គ្រប់គ្នា​ថា ខ្លួនឯង​ជា​មនុស្សល្ងង់​។
4ប្រសិនបើ​កំហឹង​របស់​មេគ្រប់គ្រង​ឆួលឡើង​ទាស់នឹង​អ្នក កុំ​ចាកចោល​កន្លែង​របស់អ្នក​ឡើយ
ដ្បិត​ភាពស្ងប់ស្ងាត់​អាច​រម្ងាប់​កំហុស​ដ៏ធំ​បាន​។
5មាន​ការអាក្រក់​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​នៅក្រោម​ថ្ងៃ មើលទៅដូចជា​កំហុសអចេតនា​ដែល​ចេញមក​ពី​មេគ្រប់គ្រង គឺ​:
6មាន​មនុស្សឆោតល្ងង់​ត្រូវបាន​តាំងឡើង​ក្នុង​កន្លែងខ្ពង់ខ្ពស់​នានា
រីឯ​ពួក​អ្នកមាន​អង្គុយ​នៅ​កន្លែងតូចទាប​វិញ​។
7ខ្ញុំ​បាន​ឃើញ​បាវបម្រើ​នៅលើ​សេះ
រីឯ​ពួក​មេដឹកនាំ​ដើរ​នៅលើ​ដី​ដូច​បាវបម្រើ​វិញ​។
8អ្នកដែល​ជីក​រណ្ដៅ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅនោះ​;
អ្នកដែល​រំលំ​របងថ្ម នឹង​ត្រូវ​ពស់​ចឹក​។
9អ្នកដែល​គាស់​ថ្ម​នឹង​ត្រូវរបួស​ដោយ​ថ្ម​;
អ្នកដែល​ពុះ​អុស​នឹង​មានគ្រោះថ្នាក់​ដោយ​អុស​។
10ប្រសិនបើ​ផ្លែពូថៅ​រឹល ហើយ​គេ​មិន​បាន​សំលៀង​មុខ​ទេ
នោះ​ត្រូវ​ប្រើ​កម្លាំង​ច្រើន​;
រីឯ​ប្រាជ្ញា​នាំមកនូវ​ប្រយោជន៍​។
11ប្រសិនបើ​ពស់​ចឹក​មុន​សូត្រមន្តអាគម
នោះ​គ្មាន​ប្រយោជន៍​ដល់​គ្រូចាប់ពស់​ឡើយ​។
12ពាក្យសម្ដី​ពី​មាត់​របស់​មនុស្ស​មានប្រាជ្ញា ប្រកបដោយ​សេចក្ដីសន្ដោស
រីឯ​បបូរមាត់​របស់​មនុស្សល្ងង់ បំផ្លាញ​ខ្លួនឯង​វិញ​——
13ការចាប់ផ្ដើម​នៃ​ពាក្យសម្ដី​ពី​មាត់​របស់គេ​ជា​ភាពល្ងង់
ហើយ​ចុងបញ្ចប់​នៃ​វាចា​របស់គេ​ជា​ភាពចម្កួត​ដ៏អាក្រក់​។
14មនុស្សល្ងង់​បង្កើន​ពាក្យសម្ដី​។
គ្មាន​មនុស្ស​ណា​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​ឡើយ
ដូច្នេះ​តើ​នរណា​អាច​ប្រាប់​គេ​អំពី​អ្វីដែល​នឹង​កើតឡើង​ក្រោយពី​គេ​បាន​?
15ការនឿយហត់​របស់​មនុស្សល្ងង់​ធ្វើឲ្យ​ខ្លួនគេ​អស់កម្លាំង
ពីព្រោះ​គេ​មិន​ដឹង​ថា​ទៅ​ដល់​ទីក្រុង​យ៉ាងណា​ទេ​។
16វេទនា​ដល់​អ្នក​ហើយ ស្រុក​អើយ​!
នៅពេល​ស្ដេច​របស់អ្នក​ជា​កូនក្មេង
ហើយ​ពួក​មេដឹកនាំ​របស់អ្នក​ស៊ីផឹក​នៅ​ពេលព្រឹក​!
17មានពរ​ដល់​អ្នក​ហើយ ស្រុក​អើយ​!
នៅពេល​ស្ដេច​របស់អ្នក​ជា​កូន​អភិជន
ហើយ​ពួក​មេដឹកនាំ​របស់អ្នក​ហូប​តាម​ពេល​ដើម្បី​មាន​កម្លាំង
គឺ​មិនមែន​ដើម្បី​ស្រវឹង​ឡើយ​!
18ដោយសារតែ​ភាពខ្ជិលច្រអូស ផ្ទោងដំបូល​បាក់ចុះ
ហើយ​ដោយសារតែ​ភាពខ្ជីខ្ជា​នៃ​ដៃ ផ្ទះ​ក៏​លេចធ្លុះ​។
19គេ​តែងតែ​រៀបចំជប់លៀង#10:19 រៀបចំជប់លៀង―ន័យត្រង់គឺ “ធ្វើនំប៉័ង”។​សម្រាប់​ការសើចសប្បាយ
ហើយ​ស្រាទំពាំងបាយជូរ​ធ្វើឲ្យ​ជីវិត​សប្បាយ
ប៉ុន្តែ​ប្រាក់​ឆ្លើយតប​នឹង​អ្វីៗ​ទាំងអស់​។
20កុំ​ប្រទេចផ្ដាសា​ស្ដេច ទោះបីជា​នៅក្នុង​គំនិត​របស់អ្នក​ក៏ដោយ
ហើយ​កុំ​ប្រទេចផ្ដាសា​អ្នកមាន នៅក្នុង​បន្ទប់ដេក​របស់អ្នក​ដែរ
ដ្បិត​បក្សាបក្សីនៅលើអាកាស​អាច​នាំ​សំឡេង​ទៅ
ហើយ​សត្វស្លាប​អាច​ប្រាប់​ពាក្យ​នោះ​ផង​៕

Trenutno izabrano:

សាស្ដា 10: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi