ម៉ាកុស 16
16
ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ
(ម៉ាថាយ ២៨.១-៨ លូកា ២៤.១-១២ យ៉ូហាន ២០.១-១០)
1កាលផុតថ្ងៃសប្ប័ទហើយ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារា ជាម្តាយយ៉ាកុប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប ដើម្បីយកទៅអប់ព្រះសពព្រះអង្គ។ 2នៅព្រឹកព្រលឹមនាថ្ងៃទីមួយក្នុងសប្ដាហ៍ ពេលថ្ងៃរះ ពួកនាងបាននាំគ្នាទៅផ្នូរ។ 3ពួកនាងនិយាយគ្នាថា៖ «តើមានអ្នកណានឹងប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?» 4ពេលពួកនាងងើបមុខឡើង ឃើញថ្មដ៏ធំនោះមានគេប្រមៀលចេញជាស្រេច។ 5ពេលពួកនាងចូលទៅក្នុងផ្នូរ ឃើញកំលោះម្នាក់ពាក់អាវសអង្គុយនៅខាងស្តាំ ពួកនាងក៏ភ័យស្រឡាំងកាំង។ 6តែអ្នកនោះនិយាយមកកាន់ពួកនាងថា៖ «កុំភ័យអី នាងកំពុងរកព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ដែលត្រូវគេឆ្កាង ព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ទ្រង់មិនគង់នៅទីនេះទេ មើល៍! នេះហើយជាកន្លែងដែលគេបានដាក់ព្រះសពព្រះអង្គ។ 7ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ និងពេត្រុសផងថា ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចជាព្រះអង្គបានមានព្រះបន្ទូលទុកស្រាប់»។ 8ពួកនាងក៏រត់ចេញពីផ្នូរទាំងភ័យញ័រ ហើយស្រឡាំងកាំង ក៏មិនបាននិយាយអ្វីប្រាប់អ្នកណាសោះ ព្រោះពួកនាងភ័យខ្លាច។
ព្រះយេស៊ូវបង្ហាញអង្គទ្រង់ឲ្យនាងម៉ារាអ្នកស្រុកម៉ាក់ដាឡាឃើញ
9ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមថ្ងៃទីមួយក្នុងសប្ដាហ៍ ព្រះអង្គបានលេចមកឲ្យនាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡាឃើញមុនគេ គឺស្ត្រីនេះហើយដែលព្រះអង្គបានដេញអារក្សប្រាំពីរឲ្យចេញពីនាង។ 10នាងបានចេញទៅប្រាប់ពួកអ្នកដែលបាននៅជាមួយព្រះអង្គ ក្នុងពេលដែលគេកំពុងតែកាន់ទុក្ខ ហើយយំសោក។ 11ប៉ុន្តែ ពេលគេឮថាព្រះអង្គមានព្រះជន្មរស់ ហើយថា នាងបានឃើញព្រះអង្គ គេមិនជឿសម្ដីនាងទេ។
ព្រះយេស៊ូវបង្ហាញអង្គទ្រង់ឲ្យសិស្សពីរនាក់ឃើញ
12ក្រោយហេតុការណ៍នេះមក ព្រះអង្គបានលេចមកឲ្យពួកគេពីរនាក់ឃើញ តាមបែបមួយផ្សេងទៀត ក្នុងពេលគេកំពុងតែដើរទៅស្រុកស្រែ។ 13អ្នកទាំងនោះក៏ត្រឡប់មកប្រាប់អ្នកឯទៀត តែគេក៏មិនជឿអ្នកទាំងនោះដែរ។
ព្រះយេស៊ូវប្រគល់បេសកកម្មដល់ពួកសិស្ស
14ក្រោយមកទៀត ព្រះអង្គបានលេចមកឲ្យអ្នកទាំងដប់មួយឃើញ ពេលគេកំពុងអង្គុយនៅតុ។ ព្រះអង្គបន្ទោសគេ ព្រោះគេមិនជឿ ហើយមានចិត្តរឹងរូស ព្រោះគេមិនបានជឿពួកអ្នកដែលឃើញព្រះអង្គ ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ 15ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរចេញទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ 16អ្នកណាដែលជឿ ហើយទទួលពិធីជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនជឿ នោះនឹងជាប់ទោស។ 17ទីសម្គាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា ក្នុងនាមខ្ញុំ គេនឹងដេញអារក្ស ហើយគេនឹងនិយាយភាសាថ្មី។ 18គេនឹងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះនឹងមិនមានគ្រោះថ្នាក់អ្វីដល់គេឡើយ គេនឹងដាក់ដៃលើអ្នកជំងឺ ហើយអ្នកជំងឺនឹងបានជាសះស្បើយ»។
ព្រះយេស៊ូវយាងឡើងទៅស្ថានសួគ៌
19ដូច្នេះ ក្រោយពីព្រះអង្គមានព្រះបន្ទូលទៅគេរួចហើយ ព្រះក៏លើកព្រះអម្ចាស់យេស៊ូវឡើងទៅស្ថានសួគ៌ ឲ្យគង់នៅខាងស្តាំព្រះហស្តរបស់ព្រះអង្គ។ 20រីឯពួកសិស្សក៏ចេញទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែង ហើយព្រះអម្ចាស់ក៏ធ្វើការជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូល ដោយទីសម្គាល់ដែលអមជាមួយ។ អាម៉ែន។:៚
Trenutno izbrano:
ម៉ាកុស 16: គកស១៦
Označeno
Deli
Kopiraj

Želiš, da so tvoji poudarki shranjeni v vseh tvojih napravah? Registriraj se ali se prijavi
© 2016 United Bible Societies