និក្ខមនំ 7
7
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ យើងបានឲ្យអ្នកធ្វើជាព្រះដល់ផារ៉ោន ហើយអើរ៉ុនបងរបស់អ្នក នឹងធ្វើជាហោរារបស់អ្នក។ 2អ្នកត្រូវនិយាយគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ ហើយអើរ៉ុនបងរបស់អ្នកត្រូវប្រាប់ផារ៉ោន ឲ្យស្តេចបើកឲ្យកូនចៅអ៊ីស្រាអែលចេញពីស្រុក។ 3ប៉ុន្ដែ យើងនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង ហើយយើងនឹងបន្ថែមទីសម្គាល់ និងការអស្ចារ្យរបស់យើងនៅក្នុងស្រុកអេស៊ីព្ទ។ 4កាលណាផារ៉ោនមិនស្តាប់អ្នក យើងនឹងដាក់ដៃរបស់យើងលើស្រុកអេស៊ីព្ទ ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ ដោយការវិនិច្ឆ័យយ៉ាងធំ។ 5កាលណាយើងលើកដៃដាក់លើស្រុកអេស៊ីព្ទ ហើយនាំកូនចៅអ៊ីស្រាអែលចេញពីក្នុងចំណោមពួកគេ នោះសាសន៍អេស៊ីព្ទនឹងដឹងថា យើងជាព្រះយេហូវ៉ា»។ 6លោកម៉ូសេ និងលោកអើរ៉ុនក៏ធ្វើតាម គឺពួកលោកបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់។ 7ក្នុងគ្រាលោកទាំងពីរចូលទៅទូលផារ៉ោន លោកម៉ូសេមានអាយុប៉ែតសិបឆ្នាំ ហើយលោកអើរ៉ុនមានអាយុប៉ែតសិបបីឆ្នាំ។
ដំបងដ៏អស្ចារ្យរបស់លោកអើរ៉ុន
8ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ 9«កាលណាផារ៉ោននិយាយមកអ្នកថា "ចូរសម្តែងបាដិហារិយ៍មកមើល" នោះអ្នកត្រូវប្រាប់អើរ៉ុនថា "ចូរយកដំបងរបស់បងបោះទៅខាងមុខផារ៉ោន ដើម្បីឲ្យដំបងនោះក្លាយទៅជាសត្វពស់"»។ 10លោកម៉ូសេ និងលោកអើរ៉ុនក៏ចូលទៅគាល់ផារ៉ោន ហើយបានធ្វើតាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់។ លោកអើរ៉ុនបោះដំបងរបស់លោកទៅខាងមុខផារ៉ោន និងពួកមហាតលិករបស់ស្ដេច ហើយដំបងក៏ត្រឡប់ជាសត្វពស់។ 11ប៉ុន្តែ ផារ៉ោនកោះហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ ក៏ធ្វើដូច្នោះដោយប្រើមន្តអាគមរបស់គេដែរ។ 12គេបានបោះដំបងរបស់គេរៀងខ្លួន ហើយដំបងទាំងនោះក៏ក្លាយទៅជាពស់ តែដំបងរបស់លោកអើរ៉ុនបានលេបដំបងរបស់អ្នកទាំងនោះអស់។ 13ផារ៉ោននៅតែមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់ពួកលោកទេ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។
គ្រោះកាចទីមួយ៖ ទឹកប្រែទៅជាឈាម
14ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ផារ៉ោនមានចិត្តរឹងរូស មិនព្រមបើកឲ្យបណ្ដាជនចេញទៅទេ។ 15ចូរទៅជួបផារ៉ោននៅពេលព្រឹក ពេលស្តេចចេញទៅមាត់ទឹក ចូរឈរនៅមាត់ទន្លេដើម្បីជួបស្ដេច ហើយកាន់ដំបងដែលបានប្រែទៅជាពស់នោះទៅជាមួយផង។ 16ត្រូវទូលស្ដេចថា "ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍ហេព្រើរ បានចាត់ទូលបង្គំមកឲ្យទូលព្រះកុរណាថា ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើងនៅទីរហោស្ថាន។ ប៉ុន្ដែ រហូតមកទល់ពេលនេះ ព្រះករុណាមិនព្រមស្តាប់ទេ"។ 17ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ដោយសារការនេះ អ្នកនឹងដឹងថា យើងជាព្រះយេហូវ៉ា"។ "មើល៍ ទូលបង្គំនឹងវាយទឹកទន្លេនីលដោយដំបងនៅដៃទូលបង្គំនេះ ហើយទឹកនេះនឹងក្លាយទៅជាឈាម។ 18ត្រីនៅក្នុងទន្លេនីលនឹងងាប់អស់ ទឹកទន្លេនឹងធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទនឹងមិនអាចផឹកទឹកពីទន្លេនេះបានឡើយ"»។ 19ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា "ចូរយកដំបងរបស់បង ហើយលើកដៃទៅលើទឹកទាំងប៉ុន្មានរបស់ស្រុកអេស៊ីព្ទ គឺទៅលើទន្លេ ព្រែក បឹង និងស្រះរបស់គេទាំងប៉ុន្មាន ដើម្បីឲ្យទឹកទាំងនោះក្លាយទៅជាឈាម ហើយឈាមនឹងមានពាសពេញក្នុងស្រុកអេស៊ីព្ទ សូម្បីតែនៅក្នុងធុងឈើ និងនៅក្នុងពាងថ្មក៏មានឈាមដែរ"»។
20លោកម៉ូសេ និងលោកអើរ៉ុនក៏ធ្វើដូចព្រះយេហូវ៉ាបានបង្គាប់។ លោកលើកដំបងវាយទឹកទន្លេនីលនៅមុខផារ៉ោន និងពួកមហាតលិក ហើយទឹកទាំងប៉ុន្មាននៅក្នុងទន្លេនីលក៏ក្លាយទៅជាឈាម 21ត្រីនៅក្នុងទន្លេងាប់អស់ ទឹកទន្លេក៏ធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទមិនអាចផឹកទឹកទន្លេបានឡើយ ក៏មានឈាមពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល។ 22ពួកគ្រូនៅស្រុកអេស៊ីព្ទក៏ធ្វើដូច្នោះ ដោយប្រើមន្តអាគមរបស់គេ។ ដូច្នេះ ផារ៉ោននៅតែមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់លោកទាំងពីរឡើយ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។ 23ផារ៉ោនវិលចូលទៅក្នុងដំណាក់របស់ខ្លួនវិញ មិនបានយកចិត្តទុកដាក់នឹងការទាំងនោះឡើយ។ 24សាសន៍អេស៊ីព្ទទាំងអស់នាំគ្នាជីកអណ្តូងនៅតាមមាត់ទន្លេនីល ដើម្បីរកទឹកផឹក ដ្បិតគេមិនអាចផឹកទឹកទន្លេបានឡើយ។
25ក្រោយពីព្រះយេហូវ៉ាបានវាយទឹកទន្លេនីលហើយ នោះប្រាំពីរថ្ងៃក៏បានកន្លងផុតទៅ។
Trenutno izbrano:
និក្ខមនំ 7: គកស១៦
Označeno
Deli
Kopiraj
Želiš, da so tvoji poudarki shranjeni v vseh tvojih napravah? Registriraj se ali se prijavi
© 2016 United Bible Societies