សេរីភាព 25
25
គម្រោងសំណង់ជំរំសក្ការៈ
អុលឡោះបង្គាប់ឲ្យសង់ជំរំសក្ការៈ
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2«ចូរប្រាប់ជនជាតិអ៊ីស្រអែល ឲ្យយកជំនូនដែលគេបានញែកទុកមកឲ្យយើង។ ត្រូវទទួលយកជំនូនពីអ្នកដែលឲ្យ ដោយស្ម័គ្រចិត្ត។ 3ជំនូនដែលអ្នកត្រូវទទួលពីគេ គឺមាស ប្រាក់ លង្ហិន 4ក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ ក្រណាត់ទេសឯក ក្រណាត់ធ្វើពីរោមពពែ 5ស្បែកពពែជ្រលក់ពណ៌ក្រហម ស្បែកផ្សោត និងឈើនាងនួន 6ប្រេងសម្រាប់ដុតបំភ្លឺ ប្រេងក្រអូបសម្រាប់ពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុត 7ត្បូងមណីជោតិរស និងត្បូងដ៏មានតម្លៃផ្សេងៗ សម្រាប់ដាំនៅលើអាវអេផូដ និងសម្រាប់លំអដើមទ្រូងអះលីជំអះ។ 8ពួកគេត្រូវសង់ទីសក្ការៈមួយសម្រាប់យើង ដើម្បីឲ្យយើងស្នាក់នៅក្នុងចំណោមពួកគេ។ 9អ្នករាល់គ្នាត្រូវសង់ជំរំសក្ការៈ និងធ្វើគ្រឿងបរិក្ខារទាំងប៉ុន្មាន តាមគំរូដែលយើងនឹងបង្ហាញអ្នក។
ហិបនៃសម្ពន្ធមេត្រី
10ពួកគេត្រូវធ្វើហិបមួយពីឈើនាងនួន ហិបនោះមានបណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកំពស់មួយហត្ថកន្លះ។ 11ត្រូវយកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញក៏ត្រូវធ្វើពីមាសដែរ។ 12ត្រូវធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន គឺម្ខាងពីរៗ។ 13ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង។ 14ត្រូវស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ 15ឈើស្នែងត្រូវនៅជាប់នឹងកងរបស់ហិបជានិច្ច មិនត្រូវដកចេញឡើយ។ 16ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញារបស់សម្ពន្ធមេត្រី ដែលយើងឲ្យដល់អ្នកក្នុងហិបនេះ។ 17ត្រូវឲ្យគេធ្វើគម្របហិបពីមាសសុទ្ធ ដែលមានបណ្តោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។ 18ត្រូវយកមាសមកឆ្លាក់ធ្វើរូបម៉ាឡាអ៊ីកាត់មានស្លាបពីរ ដាក់នៅចុងគំរបហិបទាំងសងខាង 19ត្រូវដាក់ភ្ជាប់រូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរនោះទៅនឹងគំរបហិប គឺរូបម៉ាឡាអ៊ីកាត់នីមួយៗ ត្រូវភ្ជាប់ទៅនឹងចុងម្ខាង។ 20ត្រូវដាក់រូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរប្រឈមមុខគ្នាដោយឈ្ងោកមុខទៅរកគំរបហិប ព្រមទាំងត្រដាងស្លាបការពារគំរបហិបនេះទៀតផង។ 21ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញាដែលយើងនឹងប្រគល់ឲ្យអ្នក ទៅក្នុងហិប រួចយកគំរបមកគ្រប។ 22យើងនឹងមកជួបអ្នកនៅលើគំរបហិប ត្រង់ចន្លោះរូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរ ដែលនៅពីលើហិបនៃសម្ពន្ធមេត្រី។ យើងនឹងប្រាប់អ្នកអំពីបទបញ្ជាទាំងប៉ុន្មាន ដែលត្រូវបង្គាប់ដល់កូនចៅអ៊ីស្រអែល។
តុដាក់នំបុ័ងជូនអុលឡោះ
23ត្រូវធ្វើតុមួយពីឈើនាងនួន ដែលមានបណ្តោយពីរហត្ថ ទទឹងមួយហត្ថ និងកំពស់មួយហត្ថកន្លះ។ 24ត្រូវយកមាសសុទ្ធមកស្រោបតុនោះ ព្រមទាំងធ្វើគែមមាសព័ទ្ធជុំវិញទៀតផង។ 25នៅតាមជ្រុងទាំងបួន ត្រូវធ្វើក្របដែលមានកំពស់មួយទះ ហើយធ្វើក្បាច់ជាមាសព័ទ្ធជុំវិញផង។ 26ត្រូវធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន ត្រង់កន្លែងដែលមានជើងតុ។ 27កងមាសទាំងបួន ត្រូវដាក់នៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។ 28ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង ដើម្បីសែងតុនោះ។ 29ត្រូវយកមាសសុទ្ធមកធ្វើថាស ថូ ចាន គោម និងពែងសម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេងដាក់នៅលើតុនោះ។ 30ត្រូវតម្កល់នំបុ័ងនៅលើតុនោះ ទុកជាជំនូនអចិន្ត្រៃយ៍នៅចំពោះមុខយើង។
ជើងចង្កៀង
31ត្រូវយកមាសសុទ្ធតែមួយដុំ មកដំធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះ ត្រូវឆ្លាក់ក្បាច់រចនា ទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។ 32មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្តាល គឺម្ខាងមានមែកបី ហើយម្ខាងទៀតក៏មានមែកបីដែរ។ 33ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។ 34រីឯតួដែលនៅកណ្តាល មានក្បាច់បួនគន្លាក់ រាងដូចទងផ្កាត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។ 35មានស្រទាប់ផ្កាក្រពុំបីនៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្តាល។ 36ស្រទាប់ផ្កាក្រពុំ និងមែកត្រូវឆ្លាក់ ជាក្បាច់រចនាពីមាសសុទ្ធតែមួយដុំ។ 37ត្រូវធ្វើចង្កៀងប្រាំពីរ យកទៅដាក់លើជើងចង្កៀង ដើម្បីឲ្យពន្លឺជះទៅខាងមុខ។ 38រីឯកន្លែងស៊កប្រឆេះចង្កៀង និងប្រដាប់សម្រាប់គោះកំទេចប្រឆេះ ក៏ត្រូវតែធ្វើពីមាសសុទ្ធដែរ។ 39ត្រូវប្រើមាសសុទ្ធសាមសិបបួនគីឡូក្រាម ដើម្បីធ្វើជើងចង្កៀង និងគ្រឿងបរិក្ខារទាំងប៉ុន្មាន សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀងនោះ។
40ចូរសង្កេតមើល ហើយធ្វើតាមគំរូ ដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
Trenutno izbrano:
សេរីភាព 25: អគត
Označeno
Deli
Kopiraj
Želiš, da so tvoji poudarki shranjeni v vseh tvojih napravah? Registriraj se ali se prijavi
© 2014 United Bible Societies, UK.