យ៉ូហាន 9
9
1លុះទ្រង់យាងហួសទៅ ក៏ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត 2ពួកសិស្សទូលសួរទ្រង់ថា លោកគ្រូ តើអ្នកណាបានធ្វើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ 3ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះ បានសំដែងមក ក្នុងខ្លួនគាត់វិញ 4កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក ដ្បិតយប់ដល់មក នោះគ្មានអ្នកណាអាចនឹងធ្វើការបានទេ 5កាលខ្ញុំកំពុងតែនៅក្នុងលោកីយនៅឡើយ នោះខ្ញុំជាពន្លឺនៃលោកីយ 6លុះមានបន្ទូលសេចក្ដីទាំងនោះរួចហើយ ទ្រង់ក៏ស្តោះដាក់នៅដី ហើយយកទឹកព្រះឱស្ឋទ្រង់ធ្វើជាភក់ ទៅលាបភ្នែកនៃមនុស្សខ្វាក់នោះ 7រួចមានបន្ទូលទៅគាត់ថា ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ (ស៊ីឡោម គឺស្រាយថា ចាត់ឲ្យទៅ) ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញ ទាំងមើលឃើញ 8នោះពួកអ្នកជិតខាង នឹងពួកអ្នកដែលពីដើមបានឃើញថា គាត់ជាអ្នកសុំទាន គេនិយាយថា អ្នកនេះទេតើ ដែលធ្លាប់តែអង្គុយសុំទានគេ 9ខ្លះថា គឺអ្នកហ្នឹងហើយ ខ្លះទៀតថា គាត់ដូចជាអ្នកនោះទេ តែគាត់ឆ្លើយថា គឺខ្ញុំនេះឯង 10គេសួរថា ធ្វើដូចម្តេចបានជាភ្នែកឯងបានភ្លឺដូច្នេះ 11គាត់ឆ្លើយថា មានម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ឲ្យទៅលាងនៅស្រះស៊ីឡោម ខ្ញុំក៏ទៅលាង ហើយបានភ្លឺឡើង 12គេសួរទៀតថា អ្នកនោះនៅឯណា គាត់ឆ្លើយថា ខ្ញុំមិនដឹងទេ។
13គេក៏នាំមនុស្សដែលពីដើមខ្វាក់នោះ ទៅឯពួកផារិស៊ី 14រីឯថ្ងៃដែលព្រះយេស៊ូវទ្រង់ធ្វើភក់ ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃឈប់សំរាក 15ដូច្នេះ ពួកផារិស៊ីក៏សួរគាត់ ពីដំណើរដែលបានភ្លឺភ្នែក ជាយ៉ាងដូចម្តេចដែរ នោះគាត់ជំរាបថា លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ 16ដូច្នេះ ពួកផារិស៊ីខ្លះនិយាយថា មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់ថ្ងៃឈប់សំរាកសោះ ខ្លះទៀតថា ធ្វើដូចម្តេចឲ្យមនុស្សមានបាបអាចធ្វើទីសំគាល់យ៉ាងនេះបាន នោះក៏កើតបាក់បែកគ្នា 17រួចគេសួរមនុស្សខ្វាក់ម្តងទៀតថា តើឯងថាដូចម្តេច ពីដំណើរអ្នកដែលធ្វើឲ្យភ្នែកឯងភ្លឺនោះ គាត់ឆ្លើយថា លោកជាហោរា 18តែពួកសាសន៍យូដាមិនជឿថា គាត់ខ្វាក់ភ្នែក ហើយបានភ្លឺឡើងវិញទេ ទាល់តែបានហៅឪពុកម្តាយរបស់អ្នក ដែលបានភ្លឺភ្នែកនោះមក សួរថា 19តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះឬអី ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាវាភ្លឺឡើងវិញ 20ឪពុកម្តាយគាត់ឆ្លើយថា យើងខ្ញុំដឹងថា នេះជាកូនយើងខ្ញុំពិត ហើយថា វាកើតមកខ្វាក់មែន 21តែឥឡូវនេះ ដែលវាភ្លឺជាយ៉ាងដូចម្តេច នោះយើងខ្ញុំមិនដឹងទេ ក៏មិនដឹងជាអ្នកណាបានធ្វើឲ្យភ្លឺផងដែរ វាពេញអាយុហើយ សូមសួរវាចុះ វានឹងជំរាបពីដំណើរខ្លួនវា 22ឪពុកម្តាយគាត់និយាយដូច្នេះ ព្រោះខ្លាចសាសន៍យូដា ដ្បិតពួកសាសន៍យូដាបានព្រមព្រៀងគ្នាហើយ ថាបើអ្នកណានឹងទទួលទ្រង់ទុកជាព្រះគ្រីស្ទ នោះត្រូវកាត់ពីពួកជំនុំគេចេញ 23ហេតុនោះបានជាឪពុកម្តាយគាត់និយាយថា វាពេញអាយុហើយ សូមសួរវាចុះ។
24គេក៏ហៅមនុស្សដែលពីដើមខ្វាក់នោះ មកម្តងទៀត ប្រាប់ថា ចូរសរសើរដំកើងដល់ព្រះវិញ ឯមនុស្សនោះ យើងដឹងថាជាអ្នកមានបាបទេ 25គាត់ឆ្លើយទៅថា បើលោកជាមនុស្សមានបាប នោះខ្ញុំមិនដឹងទេ ខ្ញុំដឹងតែប៉ុណ្ណេះថា ពីដើមខ្ញុំខ្វាក់ តែឥឡូវនេះខ្ញុំមើលឃើញ 26នោះគេសួរគាត់ម្តងទៀតថា អ្នកនោះបានធ្វើអ្វីដល់ឯង តើបានធ្វើដូចម្តេចខ្លះ ឲ្យភ្នែកឯងភ្លឺឡើង 27គាត់ឆ្លើយថា ខ្ញុំបានជំរាបហើយ តែលោកមិនស្តាប់ ហេតុអ្វីបានជាចង់ស្តាប់ម្តងទៀត តើលោកចង់ធ្វើជាសិស្សរបស់លោកនោះដែរឬអី 28នោះគេដៀលត្មះគាត់ថា គឺឯងជាសិស្សអ្នកនោះហើយ ឯយើង ជាសិស្សរបស់លោកម៉ូសេវិញ 29យើងដឹងថា ព្រះបានមានបន្ទូលនឹងលោកម៉ូសេពិត តែអ្នកនោះ យើងមិនដឹងជាមកពីណាទេ 30មនុស្សនោះឆ្លើយថា នេះចំឡែកណាស់មែន លោករាល់គ្នាមិនដឹងជាលោកនោះមកពីណា ដែលលោកបានធ្វើឲ្យភ្នែកខ្ញុំភ្លឺផង 31យើងខ្ញុំដឹងថា ព្រះមិនស្តាប់តាមមនុស្សមានបាបទេ ប៉ុន្តែ បើអ្នកណាកោតខ្លាចដល់ព្រះ ហើយប្រព្រឹត្តតាមព្រះហឫទ័យទ្រង់ ទើបទ្រង់នឹងស្តាប់តាមអ្នកនោះឯង 32ចាប់តាំងពីអស់កល្បរៀងមក មិនដែលឮនិយាយពីអ្នកណាដែលធ្វើឲ្យភ្នែកមនុស្សខ្វាក់ពីកំណើតបានភ្លឺទេ 33បើលោកនោះមិនមកពីព្រះទេ នោះលោកពុំអាចនឹងធ្វើអ្វីបានឡើយ 34គេឆ្លើយតបទៅគាត់ថា ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយឯងបង្រៀនយើងឬ រួចគេបណ្តេញគាត់ទៅ។
35ព្រះយេស៊ូវទ្រង់ឮថា គេបានបណ្តេញគាត់ហើយ រួចកាលទ្រង់បានឃើញគាត់ នោះក៏មានបន្ទូលទៅថា តើអ្នកជឿដល់ព្រះរាជបុត្រានៃព្រះឬទេ 36គាត់ទូលឆ្លើយថា លោកម្ចាស់អើយ តើអ្នកណាជាព្រះរាជបុត្រានោះ ដើម្បីឲ្យខ្ញុំបានជឿដល់ទ្រង់ផង 37ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា អ្នកបានឃើញទ្រង់ហើយ គឺជាខ្ញុំដែលនិយាយនឹងអ្នកនេះឯង 38គាត់ទូលថា ខ្ញុំជឿហើយ ព្រះអម្ចាស់អើយ រួចគាត់ក៏ក្រាបថ្វាយបង្គំទ្រង់។
39ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំបានមកក្នុងលោកីយនេះ ដើម្បីនឹងជំនុំជំរះ ឲ្យពួកអ្នកដែលមើលមិនឃើញបានភ្លឺឡើង ហើយឲ្យពួកអ្នកដែលមើលឃើញ បានទៅជាខ្វាក់វិញ 40ពួកផារិស៊ី ដែលនៅជាមួយនឹងទ្រង់ បានឮពាក្យនោះ ក៏ទូលសួរថា តើយើងខ្ញុំខ្វាក់ដែរឬអី 41ព្រះយេស៊ូវមានបន្ទូលទៅគេថា បើសិនជាអ្នករាល់គ្នាខ្វាក់មែន នោះអ្នករាល់គ្នាឥតមានបាបទេ តែឥឡូវនេះ អ្នករាល់គ្នាអាងថាភ្លឺ បានជាជាប់មានបាបនៅឡើយ។
Trenutno izbrano:
យ៉ូហាន 9: ពគប
Označeno
Deli
Kopiraj

Želiš, da so tvoji poudarki shranjeni v vseh tvojih napravah? Registriraj se ali se prijavi
© BFBS/UBS 1954, 1962. All Rights Reserved.