លូកា 15
15
រឿងប្រៀបធៀបអំពីចៀមដែលបាត់
(ម៉ាថាយ ១៨.១២-១៤)
1មានអ្នកទារពន្ធ និងមនុស្សបាបទាំងអស់ នាំគ្នាចូលមកជិត ដើម្បីស្តាប់ព្រះអង្គ។ 2ពួកផារិស៊ី និងពួកអាចារ្យបានរអ៊ូរទាំថា៖ «អ្នកនេះទទួលមនុស្សបាប ហើយបរិភោគជាមួយពួកគេទៀតផង»។ 3ដូច្នេះ ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបនេះថា៖ 4«ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀមមួយរយ តែបាត់មួយ តើមិនទុកចៀមកៅសិបប្រាំបួនឲ្យនៅទីរហោស្ថាន រួចទៅតាមរកចៀមមួយដែលបាត់ ទាល់តែឃើញទេឬ? 5កាលរកឃើញហើយ នោះគាត់ក៏លើកចៀមដាក់លើស្មា ដោយអំណរ។ 6លុះពេលមកដល់ផ្ទះវិញ អ្នកនោះហៅមិត្តសម្លាញ់ និងពួកអ្នកជិតខាងរបស់ខ្លួនមក ប្រាប់ថា "ចូរអរសប្បាយជាមួយខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះខ្ញុំបានរកឃើញវិញហើយ"។ 7ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានសេចក្តីត្រេកអរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែម្នាក់ដែលប្រែចិត្ត ជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការប្រែចិត្ត»។
រឿងប្រៀបធៀបអំពីប្រាក់ដួងដែលបាត់
8«ម៉្យាងទៀត តើមានស្ត្រីឯណា ដែលមានប្រាក់ដប់ដួង តែបាត់មួយ ហើយនាងមិនអុជចង្កៀង បោសផ្ទះ រកយ៉ាងអស់ពីចិត្ត រហូតទាល់តែបានឃើញទេឬ? 9កាលរកឃើញហើយ នាងក៏ហៅមិត្តសម្លាញ់ និងអ្នកជិតខាង ប្រាប់ថា "ចូរអរសប្បាយជាមួយខ្ញុំ ដ្បិតប្រាក់ខ្ញុំដែលបាត់ នោះរកឃើញវិញហើយ"។ 10ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីត្រេកអរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែម្នាក់ដែលប្រែចិត្ត»។
រឿងប្រៀបធៀបអំពីកូនពៅវង្វេង និងបងប្រុសរបស់គាត់
11ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានបុរសម្នាក់មានកូនប្រុសពីរនាក់។ 12កូនពៅនិយាយទៅឪពុកថា "លោកឪពុក សូមប្រគល់ចំណែកមត៌ក ដែលត្រូវចែកឲ្យខ្ញុំនោះមក"។ ឪពុកក៏ចែកទ្រព្យឲ្យកូន។ 13ក្រោយបន្តិចមក កូនពៅប្រមូលទ្រព្យទាំងអស់ ចេញទៅស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យរបស់ខ្លួន ដោយការរស់នៅយ៉ាងខ្ជះខ្ជាយ។ 14កាលបានចាយអស់រលីងហើយ នោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះ ហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត។ 15ដូច្នេះ គាត់ក៏ទៅបម្រើអ្នកស្រុកនោះម្នាក់ ហើយគេប្រើគាត់ឲ្យទៅឃ្វាលហ្វូងជ្រូកនៅឯវាល។ 16គាត់មានចិត្តចង់ចម្អែតពោះ ដោយសម្បក ដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ។ 17ពេលគាត់ភ្ញាក់ដឹងខ្លួន នោះក៏គិតថា "អ្នកបម្រើដែលស៊ីឈ្នួលរបស់ឪពុកខ្ញុំទាំងប៉ុន្មាន សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ ខ្ញុំជិតដាច់ពោះស្លាប់ហើយ។ 18ខ្ញុំនឹងក្រោកឡើង ទៅនិយាយជាមួយគាត់ថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ និងចំពោះលោកឪពុក 19ខ្ញុំនេះមិនសមឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាអ្នកបម្រើស៊ីឈ្នួលរបស់លោកឪពុកចុះ"។ 20ដូច្នេះ គាត់ក៏ក្រោកឡើង ហើយទៅរកឪពុកវិញ។ កាលឪពុកឃើញពីចម្ងាយ គាត់ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបកូន។ 21កូនពៅនិយាយទៅឪពុកថា "លោកឪពុក កូនបានប្រព្រឹត្តអំពើបាបចំពោះព្រះ និងចំពោះលោកឪពុក កូនមិនសមឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ"។ 22តែឪពុកប្រាប់ទៅពួកបាវបម្រើរបស់គាត់ថា "ចូរប្រញាប់យកអាវល្អបំផុតចេញមកបំពាក់ឲ្យកូនយើង ហើយយកចិញ្ជៀន និងស្បែកជើងមកបំពាក់ឲ្យផង។ 23ចូរយកកូនគោដែលបានបំប៉នទុក មកកាប់ជប់លៀង ហើយបរិភោគឲ្យសប្បាយចុះ 24ដ្បិតកូនយើងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ តែបានឃើញវិញហើយ"។ គេក៏ចាប់ផ្តើមជប់លៀងសប្បាយ។
25ឯកូនច្បងនៅឯចម្ការ កាលត្រឡប់មកជិតដល់ផ្ទះ នោះក៏ឮសូរភ្លេង និងរបាំ 26គាត់ហៅបាវបម្រើម្នាក់មកសួរថា តើគេធ្វើអ្វីហ្នឹង? 27បាវបម្រើនោះជម្រាបថា "ប្អូនលោកត្រឡប់មកវិញ ហើយឪពុករបស់លោកបានសម្លាប់កូនគោដែលបំប៉ន ព្រោះកូនរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ត"។ 28ដូច្នេះ គាត់ក៏ខឹង មិនព្រមចូលផ្ទះទេ ហើយឪពុកចេញមកអង្វរគាត់។ 29តែគាត់ឆ្លើយថា "ខ្ញុំបានបម្រើលោកឪពុកប៉ុន្មានឆ្នាំមកហើយ មិនដែលធ្វើខុសបង្គាប់អ្វីសោះ លោកឪពុកមិនដែលឲ្យកូនពពែ សូម្បីតែមួយ ឲ្យខ្ញុំបានអរសប្បាយជាមួយមិត្តសម្លាញ់របស់ខ្ញុំសោះ។ 30ឯកូនលោកឪពុក ដែលបានបំផ្លាញទ្រព្យសម្បត្តិទាំងអស់របស់លោកឪពុក ជាមួយស្រីញី ពេលវាត្រឡប់មកវិញ លោកឪពុកបែរជាសម្លាប់កូនគោ ដែលបំប៉នទទួលវាទៅវិញ"។ 31ឪពុកក៏តបថា "កូនអើយ កូនបាននៅជាមួយឪពុករហូតមក ហើយរបស់ឪពុកទាំងប៉ុន្មានក៏ជារបស់កូនដែរ។ 32គួរតែសប្បាយរីករាយឡើង ព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ វាបានវង្វេងបាត់ តែបានឃើញវិញហើយ"»។
Obecnie wybrane:
លូកា 15: គកស១៦
Podkreślenie
Udostępnij
Kopiuj

Chcesz, aby twoje zakreślenia były zapisywane na wszystkich twoich urządzeniach? Zarejestruj się lub zaloguj
© 2016 United Bible Societies