ម៉ាកុស 2
2
ព្រះយេស៊ូប្រោសមនុស្សខ្វិនម្នាក់ឲ្យជា
(ម៉ាថាយ ៩.១-៨; លូកា ៥.១៧-២៦)
1ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះអង្គគង់នៅក្នុងផ្ទះ។ 2មានមនុស្សយ៉ាងច្រើនមកមូលផ្ដុំគ្នាកកកុញ គ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលឲ្យគេស្ដាប់។ 3មានបុរសបួននាក់សែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់មករកព្រះអង្គ។ 4ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះយេស៊ូបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់ ហើយសម្រូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះមក។ 5កាលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «កូនអើយ! ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។ 6ពួកអាចារ្យខ្លះដែលអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖ 7«ហេតុដូចម្ដេចបានជាអ្នកនេះហ៊ានប្រមាថព្រះជាម្ចាស់ ដោយពោលពាក្យស្មើនឹងព្រះអង្គបែបនេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសមនុស្សឲ្យរួចពីបាបបាន!»។ 8ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេភ្លាម ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ? 9បើខ្ញុំប្រាប់អ្នកពិការនេះថា “ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? 10ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសឲ្យមនុស្សនៅលើផែនដីនេះ រួចពីបាបបាន»។ ព្រះអង្គងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖ 11«ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ!»។ 12មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើឲ្យគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យណាមួយដូចពេលនេះឡើយ!»។
ព្រះយេស៊ូត្រាស់ហៅលោកលេវី
(ម៉ាថាយ ៩.៩-១៣ លូកា ៥.២៧-៣២)
13ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេម្ដងទៀត។ បណ្ដាជនទាំងមូលនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏បង្រៀនពួកគេ។ 14កាលព្រះអង្គយាងកាត់តាមនោះ ព្រះអង្គទតឃើញលោកលេវី ជាកូនរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។
15បន្ទាប់មក ព្រះយេស៊ូសោយព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និងពួកសិស្ស*។ មានមនុស្សប្រភេទនោះច្រើននាក់បានមកតាមព្រះអង្គ។ 16ពួកអាចារ្យពីគណៈផារីស៊ី*ឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ពួកសិស្សថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។ 17ព្រះយេស៊ូបានឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។
អំពីការតមអាហារ
(ម៉ាថាយ ៩.១៤-១៧; លូកា ៥.៣៣-៣៨)
18ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ដ និងពួកសិស្សខាងគណៈផារីស៊ី នាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និងសិស្សខាងគណៈផារីស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ 19ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងពិធីមង្គលការ នៅពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ? ទេ! ដរាបណាកូនកំលោះនៅជាមួយ គេមិនអាចតមអាហារឡើយ។ 20ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ។ 21ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ ក្រណាត់ថ្មីនឹងបណ្ដាលឲ្យសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ 22ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នោះ ស្រានឹងធ្វើឲ្យថង់ស្បែកនោះធ្លាយ បណ្ដាលឲ្យខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។
ព្រះយេស៊ូមានអំណាចលើថ្ងៃសប្ប័ទ
(ម៉ាថាយ ១២.១-៨; លូកា ៦.១-៥)
23 #
ទក. ២៣.២៥
មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះអង្គនាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។ 24ពួកខាងគណៈផារីស៊ី*ទូលព្រះយេស៊ូថា៖ «សូមលោកមើលចុះ ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?»។ 25#១សយ. ២១.១-៦ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្ត នៅពេលឃ្លាន ហើយត្រូវការអាហារបរិភោគ។ 26#លវ. ២៤.៩នៅសម័យនោះ លោកអបៀថើរធ្វើជាមហាបូជាចារ្យ*។ ព្រះបាទដាវីឌបានចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមច្បាប់* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថបទនោះទេឬ!»។ 27ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទ ដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្ស ដើម្បីឲ្យបម្រើថ្ងៃសប្ប័ទឡើយ។ 28ហេតុនេះហើយបានជាបុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ»។
Markert nå:
ម៉ាកុស 2: គខប
Marker
Del
Kopier

Vil du ha høydepunktene lagret på alle enhetene dine? Registrer deg eller logg på
Khmer Standard Version © 2005 United Bible Societies.

: