រ៉ូម 5

5
ជំនឿនាំឲ្យមានសង្ឃឹម
1ដូច្នេះ ដោយ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ យើង​មាន​សន្តិភាព​ជាមួយ​ព្រះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ 2តាមរយៈ​ព្រះអង្គ និង​ដោយសារតែ​ជំនឿ#5:2 ឯកសារបុរាណខ្លះគ្មាន “និងដោយសារតែ​ជំនឿ”។ យើង​ក៏​បាន​ចូលក្នុង​ព្រះគុណ​នេះ​ដែល​យើង​កំពុង​ឈរ ហើយ​អួត​អំពី​សេចក្ដីសង្ឃឹម​ដែលនឹងទទួល​សិរីរុងរឿង​របស់​ព្រះ​។ 3មិនគ្រាន់តែប៉ុណ្ណោះទេ យើង​ក៏​អួត​អំពី​ទុក្ខវេទនា ដោយ​ដឹង​ថា ទុក្ខវេទនា​នាំឲ្យមាន​ការស៊ូទ្រាំ 4ការស៊ូទ្រាំ​នាំឲ្យមាន​អត្តចរិតដែលត្រូវបានពិសោធ ហើយ​អត្តចរិតដែលត្រូវបានពិសោធ​នាំឲ្យមាន​សេចក្ដីសង្ឃឹម 5ហើយ​សេចក្ដីសង្ឃឹម​មិន​នាំឲ្យខកចិត្ត​ឡើយ ពីព្រោះ​សេចក្ដីស្រឡាញ់របស់ព្រះ​ត្រូវបាន​ចាក់បង្ហូរ​ក្នុង​ចិត្ត​របស់យើង តាមរយៈ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​បាន​ប្រទាន​មក​យើង​។
អ្នកដែលផ្សះផ្សានឹងព្រះ
6ជាការពិត កាល​យើង​នៅ​ខ្សោយ​នៅឡើយ ព្រះ​គ្រីស្ទ​បាន​សុគត​ក្នុង​ពេលកំណត់ ជំនួស​មនុស្ស​មិនគោរពព្រះ​។ 7កម្រមាន​អ្នកណា​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់​; បើ​ជំនួស​មនុស្ស​ល្អ ក៏​ប្រហែលជា​មាន​អ្នកខ្លះ​ហ៊ាន​ស្លាប់​ដែរ​; 8ប៉ុន្តែ​ព្រះ​បាន​សម្ដែង​ដល់​យើង​នូវ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គផ្ទាល់ ដោយ​ការដែល​ព្រះ​គ្រីស្ទ​សុគត​ជំនួស​យើង កាល​យើង​នៅ​ជា​មនុស្សបាប​នៅឡើយ​។ 9ដូច្នេះ​ឥឡូវនេះ ដោយសារ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ព្រះលោហិត​របស់​ព្រះគ្រីស្ទ​ទៅហើយ តើ​យើង​នឹង​បាន​សង្គ្រោះ​ពី​ព្រះពិរោធ​របស់ព្រះ#5:9 របស់​ព្រះ―ជាពាក្យជំនួយ។ តាមរយៈ​ព្រះអង្គ លើសពីនេះ​អម្បាលម៉ាន​ទៅទៀត​! 10ដ្បិត​កាល​យើង​នៅ​ជា​ខ្មាំងសត្រូវ​នៅឡើយ ប្រសិនបើ​យើង​បាន​ផ្សះផ្សា​នឹង​ព្រះ​តាមរយៈ​ការសុគត​នៃ​ព្រះបុត្រា​របស់​ព្រះ​ទៅហើយ ចុះទម្រាំ​ដែល​យើង​បាន​ផ្សះផ្សា​រួចហើយ តើ​យើង​នឹង​បាន​សង្គ្រោះ​ដោយ​ជីវិត​របស់​ព្រះបុត្រា​ជាយ៉ាងណាទៅ​! 11មិនគ្រាន់តែប៉ុណ្ណោះទេ យើង​ថែមទាំង​អួត​នៅក្នុង​ព្រះ​ទៀតផង តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដែល​ឥឡូវនេះ យើង​បាន​ទទួល​ការផ្សះផ្សា​តាមរយៈ​ព្រះអង្គ​។
អ័ដាម និងព្រះគ្រីស្ទ
12ដូច្នេះ ដូចដែល​បាប​បាន​ចូលមក​ក្នុង​ពិភពលោក​តាមរយៈ​មនុស្ស​ម្នាក់ ហើយ​សេចក្ដីស្លាប់​ចូលមក​តាមរយៈ​បាប​យ៉ាងណា សេចក្ដីស្លាប់​ក៏​ឆ្លងរាលដាល​ដល់​មនុស្ស​ទាំងអស់​យ៉ាងនោះដែរ ដ្បិត​មនុស្ស​គ្រប់គ្នា​បាន​ប្រព្រឹត្តបាប​។ 13ពោលគឺ បាប​មាន​នៅក្នុង​ពិភពលោក​មុន​ក្រឹត្យវិន័យ​រួចទៅហើយ ប៉ុន្តែ​កាល​គ្មាន​ក្រឹត្យវិន័យ​នៅឡើយ បាប​មិន​ត្រូវបាន​រាប់ជា​បាប​ទេ​។ 14យ៉ាងណាមិញ តាំងពី​អ័ដាម​រហូតដល់​ម៉ូសេ សេចក្ដីស្លាប់​បាន​គ្រងរាជ្យ​លើ​សូម្បីតែ​អ្នក​ដែល​មិន​បាន​ប្រព្រឹត្តបាប​ដូច​ការល្មើស​របស់​អ័ដាម​។ អ័ដាមនេះហើយ ជា​និមិត្តរូប​អំពី​ព្រះអង្គ​ដែល​ត្រូវយាងមក​។
15ប៉ុន្តែ​អំណោយទាន​មិន​ដូច​ការបំពាន​ទេ​។ ជាការពិត ប្រសិនបើ​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារតែ​ការបំពាន​របស់​មនុស្ស​ម្នាក់​ទៅហើយ ចុះទម្រាំ​ព្រះគុណ​របស់​ព្រះ និង​អំណោយទាន​នៃ​ព្រះគុណ​ពី​មនុស្ស​ម្នាក់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ តើ​មានសម្បូរហូរហៀរ​ដល់​មនុស្ស​ជាច្រើន​លើសពីនេះ​អម្បាលម៉ានទៅទៀត​! 16មួយវិញទៀត អំណោយទាន​មិន​ដូច​លទ្ធផល#5:16 លទ្ធផល―ជាពាក្យជំនួយ។​ដែលមក​តាមរយៈ​ការប្រព្រឹត្តបាប​របស់​មនុស្ស​ម្នាក់​ទេ ដ្បិត​ការជំនុំជម្រះ​ដែល​មកពី​ការបំពាន​មួយ នាំមកនូវ​ការផ្ដន្ទាទោស រីឯ​អំណោយទាន​ដែល​មកពី​ការបំពាន​ជាច្រើន​វិញ នាំមកនូវ​ការរាប់ជាសុចរិត​។ 17ជាការពិត ប្រសិនបើ​សេចក្ដីស្លាប់​បាន​គ្រងរាជ្យ​តាមរយៈ​មនុស្ស​ម្នាក់ ដោយសារតែ​ការបំពាន​របស់​មនុស្ស​ម្នាក់​នោះ​ទៅហើយ ចុះ​អ្នក​ដែល​ទទួល​ព្រះគុណ និង​អំណោយទាន​នៃ​សេចក្ដីសុចរិត​យ៉ាងសម្បូរហូរហៀរ​វិញ តើ​គេ​នឹង​គ្រងរាជ្យ​នៅក្នុង​ជីវិត​តាមរយៈ​មនុស្ស​ម្នាក់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ លើសពីនេះ​អម្បាលម៉ាន​ទៅទៀត​!
18ដូច្នេះ ដូចដែល​ការផ្ដន្ទាទោស​មកដល់​មនុស្ស​ទាំងអស់ តាមរយៈ​ការបំពាន​មួយ​យ៉ាងណា ការរាប់ជាសុចរិត​នៃ​ជីវិត​ក៏​មកដល់​មនុស្ស​ទាំងអស់ តាមរយៈ​អំពើសុចរិត​មួយ​យ៉ាងនោះ​ដែរ​។ 19ពោលគឺ ដូចដែល​មនុស្ស​ជាច្រើន​ត្រូវបាន​ធ្វើឲ្យទៅជា​មនុស្សបាប តាមរយៈ​ការមិនស្ដាប់បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាងណា មនុស្ស​ជាច្រើន​ក៏​នឹង​ត្រូវបាន​ធ្វើឲ្យទៅជា​មនុស្ស​សុចរិត តាមរយៈ​ការស្ដាប់បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាងនោះ​ដែរ​។ 20ក្រឹត្យវិន័យ​បាន​ចូលមក ដើម្បីឲ្យ​ការបំពាន​កើនឡើង ប៉ុន្តែ​កន្លែងណាដែល​បាប​កើនឡើង ព្រះគុណ​ក៏​កើនឡើងរឹតតែច្រើនទៅទៀត 21ដើម្បីឲ្យ​ព្រះគុណ​បាន​គ្រងរាជ្យ​ដោយ​សេចក្ដីសុចរិត​ដែល​នាំទៅរក​ជីវិតអស់កល្បជានិច្ច តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដូចដែល​បាប​បាន​គ្រងរាជ្យ​នៅក្នុង​សេចក្ដីស្លាប់​យ៉ាងនោះ​ដែរ​៕

നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:

រ៉ូម 5: GKHB

ഹൈലൈറ്റ് ചെയ്യുക

പകർത്തുക

താരതമ്യം

പങ്ക് വെക്കു

None

നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക

រ៉ូម 5 - നുള്ള വീഡിയോ