រ៉ូម 13
13
កាតព្វកិច្ចរបស់គ្រីស្ទានចំពោះរដ្ឋអំណាច
1មនុស្ស#13:1 មនុស្ស―ន័យត្រង់គឺ “ព្រលឹង”។គ្រប់គ្នាត្រូវតែចុះចូលនឹងរដ្ឋអំណាច ដ្បិតគ្មានអំណាចណាដែលមិនបានមកពីព្រះឡើយ គឺអំណាចទាំងអស់ដែលមាន សុទ្ធតែត្រូវបានកំណត់ឲ្យមានដោយព្រះ។ 2ដូច្នេះ អ្នកដែលប្រឆាំងនឹងរដ្ឋអំណាច គឺតតាំងនឹងអ្វីដែលព្រះបានតាំងឡើង ហើយអ្នកដែលតតាំង អ្នកនោះនាំទោសដាក់ខ្លួន។ 3ជាការពិត មេគ្រប់គ្រងមិនមែនជាសេចក្ដីគួរខ្លាចដល់អំពើល្អទេ គឺជាសេចក្ដីគួរខ្លាចដល់អំពើអាក្រក់វិញ។ តើអ្នកមិនចង់ខ្លាចរដ្ឋអំណាចឬ? ចូរធ្វើល្អចុះ នោះអ្នកនឹងទទួលការសរសើរពីរដ្ឋអំណាច 4ដ្បិតលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីជាប្រយោជន៍ដល់អ្នក។ ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រព្រឹត្តការអាក្រក់ ចូរខ្លាចទៅ ដ្បិតលោកកាន់ដាវមិនមែនឥតប្រយោជន៍ឡើយ។ លោកជាអ្នកបម្រើរបស់ព្រះ ជាអ្នកសងសឹក ដើម្បីនាំព្រះពិរោធមកលើអ្នកដែលប្រព្រឹត្តការអាក្រក់។ 5ដូច្នេះ អ្នកត្រូវតែចុះចូល មិនគ្រាន់តែដោយព្រោះព្រះពិរោធប៉ុណ្ណោះទេ គឺដោយព្រោះសតិសម្បជញ្ញៈដែរ។ 6តាមពិត នេះជាហេតុដែលអ្នករាល់គ្នាបង់ពន្ធដែរ ដ្បិតពួកគេជាអ្នកបម្រើរបស់ព្រះ ដែលតែងតែផ្ដោតទៅលើការងារនេះឯង។ 7ចូរសងបំណុលដល់មនុស្សទាំងអស់ គឺចូរសងសួយសារអាករដល់អ្នកដែលត្រូវទទួលសួយសារអាករ ចូរសងពន្ធដល់អ្នកដែលត្រូវទទួលពន្ធ ចូរសងការកោតខ្លាចដល់អ្នកដែលត្រូវទទួលការកោតខ្លាច ហើយចូរសងកិត្តិយសដល់អ្នកដែលត្រូវទទួលកិត្តិយស។
ត្រូវស្រឡាញ់អ្នកជិតខាង ដូចស្រឡាញ់ខ្លួនឯង
8កុំជំពាក់អ្វីដល់អ្នកណាឡើយ ក្រៅពីការស្រឡាញ់គ្នាទៅវិញទៅមក។ ជាការពិត អ្នកដែលស្រឡាញ់អ្នកដទៃ បានបំពេញក្រឹត្យវិន័យឲ្យសម្រេចហើយ។ 9ដ្បិតបទបញ្ជាដែលថា: “កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច#13:9 ឯកសារបុរាណខ្លះបន្ថែម “កុំធ្វើបន្ទាល់ភូតភូរ”។កុំលោភលន់”#13:9 《និក្ខមនំ》 20:13-17; 《ទុតិយកថា》 5:17-21។ ព្រមទាំងបទបញ្ជាឯទៀតៗ ក៏សរុបមកក្នុងពាក្យនេះថា:“ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង”#13:9 《លេវីវិន័យ》 19:18។។
10សេចក្ដីស្រឡាញ់មិនប្រព្រឹត្តការអាក្រក់ដល់អ្នកជិតខាងឡើយ ដោយហេតុនេះ សេចក្ដីស្រឡាញ់ជាការបំពេញក្រឹត្យវិន័យឲ្យសម្រេច។
ចូរយកតម្រាប់តាមព្រះគ្រីស្ទ
11មួយវិញទៀត អ្នករាល់គ្នាដឹងអំពីគ្រានេះហើយថា ដល់ម៉ោងឲ្យអ្នករាល់គ្នា#13:11 អ្នករាល់គ្នា―ឯកសារបុរាណខ្លះថា “យើង”។ក្រោកពីដំណេកហើយ ដ្បិតឥឡូវនេះ សេចក្ដីសង្គ្រោះរបស់យើង នៅជិតយើងជាងកាលយើងជឿដំបូង។ 12យប់កាន់តែជ្រៅ ហើយថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះឲ្យយើងដោះអំពើនៃសេចក្ដីងងឹតចេញ ហើយពាក់គ្រឿងសឹកនៃពន្លឺវិញ។ 13ចូរឲ្យយើងដើរយ៉ាងត្រឹមត្រូវ ដូចជាដើរក្នុងពេលថ្ងៃ គឺមិនមែនដោយការស៊ីផឹកអាវាសែ និងការប្រមឹក; មិនមែនដោយអំពើអសីលធម៌ខាងផ្លូវភេទ និងការល្មោភកាម; មិនមែនដោយការឈ្លោះប្រកែក និងការឈ្នានីសឡើយ។ 14ផ្ទុយទៅវិញ ចូរបំពាក់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំធ្វើគម្រោងតាមតណ្ហាសាច់ឈាមឡើយ៕
നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:
រ៉ូម 13: GKHB
ഹൈലൈറ്റ് ചെയ്യുക
പകർത്തുക
താരതമ്യം
പങ്ക് വെക്കു
നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative