រ៉ូម 11

11
ព្រះមិនបានច្រានអ៊ីស្រាអែលចោលទាំងស្រុង
1ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​ព្រះ​បាន​ច្រានចោល​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឬ? មិនមែនដូច្នោះជាដាច់ខាត​! តាមពិត ខ្លួនខ្ញុំ​ក៏​ជា​ជនជាតិអ៊ីស្រាអែល ជា​ពូជពង្ស​របស់​អ័ប្រាហាំ ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ​។ 2ព្រះ​មិន​បាន​ច្រានចោល​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​ស្គាល់ជាមុន​នោះ​ទេ​។ ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​អ្វីដែល​ព្រះគម្ពីរ​បាន​ចែង​ស្ដីអំពី​អេលីយ៉ា គឺ​របៀបដែល​លោក​ទូល​ព្រះ​ទាស់នឹង​ជនជាតិអ៊ីស្រាអែល​ឬ​?
3 “ព្រះអម្ចាស់​អើយ​! គេ​បាន​សម្លាប់​បណ្ដា​ព្យាការី​របស់ព្រះអង្គ ហើយ​រំលំ​អាសនា​របស់ព្រះអង្គ​ចោល
មាន​សល់​តែ​ទូលបង្គំ​ម្នាក់ប៉ុណ្ណោះ ហើយ​គេ​ចង់យក​ជីវិត​ទូលបង្គំ​ទៀត​!”។ # 11:3 《ពង្សាវតារក្សត្រ ទី១》 19:10,14។
4ប៉ុន្តែ តើ​ចម្លើយរបស់ព្រះ​ដល់​គាត់ មាន​ដូចម្ដេច​?“យើង​បាន​បម្រុងទុក​មនុស្ស​ប្រាំពីរពាន់​នាក់​សម្រាប់​ខ្លួនយើង ជា​អ្នកដែល​មិន​បាន​លុតជង្គង់​នៅមុខ​ព្រះ​បាល”។#11:4 《ពង្សាវតារក្សត្រ ទី១》 19:18។ 5ដូចគ្នាដែរ នៅ​សព្វថ្ងៃនេះ​ក៏​មាន​អ្នកដែលនៅសល់ ដែលបាន​ជ្រើសតាំង​ដោយ​ព្រះគុណ​។ 6ដូច្នេះ ប្រសិនបើ​បានជ្រើសតាំង​ដោយ​ព្រះគុណ នោះ​មិនមែន​ដោយ​អាង​ការប្រព្រឹត្ត​ទៀតឡើយ បើមិនដូច្នោះទេ ព្រះគុណ​ក៏​លែង​ជា​ព្រះគុណ​ទៀត​ហើយ។#11:6 ឯកសារបុរាណខ្លះបន្ថែម “ប៉ុន្តែប្រសិនបើដោយអាងការប្រព្រឹត្តវិញ នោះមិនមែនជាព្រះគុណទៀតឡើយ បើមិនដូច្នោះទេ ការប្រព្រឹត្តលែង​ជាការប្រព្រឹត្តទៀតហើយ”។
7ចុះ​ម្ដេចទៅ​? អ្វីដែល​ជនជាតិអ៊ីស្រាអែល​ខំស្វែងរក​នោះ ពួកគេ​រក​មិន​បាន​ឡើយ ប៉ុន្តែ​អ្នកដែលត្រូវបានជ្រើសតាំង​វិញ ដែល​រកបាន រីឯ​អ្នក​ឯទៀត​ក៏​ត្រូវ​ធ្វើឲ្យរឹងរូស 8ដូចដែល​មាន​សរសេរ​ទុកមក​ថា​:
“ព្រះ​បាន​ប្រទាន​ដល់​ពួកគេ​នូវ​វិញ្ញាណ​នៃ​ការលង់លក់
ភ្នែក​ដែល​មើលមិនឃើញ និង​ត្រចៀក​ដែល​ស្ដាប់មិនឮ
រហូតដល់​សព្វថ្ងៃ”។ # 11:8 《ទុតិយកថា》 29:4; 《អេសាយ》 29:10។
9រីឯ​ដាវីឌ​ក៏​ថ្លែងថា​:
“សូមឲ្យ​ពិធីជប់លៀង​របស់​ពួកគេ​ក្លាយជា​អន្ទាក់ ជា​សំណាញ់
ជា​ហេតុបណ្ដាលឲ្យជំពប់ដួល និង​ជា​ការតបសង​ដល់​ពួកគេ​។
10 សូមឲ្យ​ភ្នែក​របស់​ពួកគេ​ទៅជាងងឹត​មើលមិនឃើញ
សូមឲ្យ​ខ្នង​របស់​ពួកគេ​កោង​ជារៀងរហូត”។ # 11:9-10 《ទំនុកតម្កើង》 69:22-23។
ព្រះមិនបានច្រានអ៊ីស្រាអែលចោលដល់ទីបំផុត
11ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​ជនជាតិអ៊ីស្រាអែល​បាន​ជំពប់​ដើម្បី​ដួល​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! ផ្ទុយទៅវិញ ដោយ​ការបំពាន​របស់​ពួកគេ សេចក្ដីសង្គ្រោះ​បានមក​ដល់​សាសន៍ដទៃ ដើម្បី​ធ្វើឲ្យ​ជនជាតិអ៊ីស្រាអែល​ច្រណែន​។ 12ប្រសិនបើ​ការបំពាន​របស់​ពួកគេ​ជា​ភាពសម្បូរ​ដល់​មនុស្សលោក ហើយ​ការបរាជ័យ​របស់​ពួកគេ​ជា​ភាពសម្បូរ​ដល់​សាសន៍ដទៃ​ទៅហើយ ចុះ​ការគ្រប់ចំនួន​របស់​ពួកគេ តើ​នឹង​លើសជាង​អម្បាលម៉ាន​ទៅទៀត​!
13ឥឡូវនេះ ខ្ញុំ​សូម​និយាយ​នឹង​អ្នករាល់គ្នា​ដែលជា​សាសន៍ដទៃ​ថា ដោយព្រោះ​ខ្ញុំ​ជា​សាវ័ក​ដល់​សាសន៍ដទៃ​មែន បានជា​ខ្ញុំ​លើកតម្កើង​ការងារបម្រើ​របស់ខ្ញុំ 14ដើម្បី​ខ្ញុំ​បាន​ធ្វើឲ្យ​ជនរួមជាតិ#11:14 ជនរួមជាតិ―ន័យត្រង់គឺ “សាច់ឈាម”។​របស់ខ្ញុំ​ច្រណែន​ដោយប្រការណាមួយ ហើយ​បាន​សង្គ្រោះ​អ្នកខ្លះ​ក្នុង​ពួកគេ​។ 15ជាការពិត ប្រសិនបើការដែល​ពួកគេ​ត្រូវបានបោះបង់ចោល ជា​ការផ្សះផ្សា​ដល់​មនុស្សលោក ចុះ​ការដែល​ពួកគេ​ត្រូវបានទទួល​ជា​អ្វីទៅ បើ​មិនមែន​ជា​ការមានជីវិតឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ទេ​នោះ​? 16ប្រសិនបើ​ផលដំបូង​នៃស្រូវ​បាន​វិសុទ្ធ នោះ​ដុំម្សៅទាំងមូល​ក៏​វិសុទ្ធ​ដែរ ហើយ​ប្រសិនបើ​ឫស​បាន​វិសុទ្ធ នោះ​មែក​ក៏​វិសុទ្ធ​ដែរ​។
17ប៉ុន្តែ​ប្រសិនបើ​មែក​ខ្លះ​ត្រូវបាន​កាច់ចេញ ហើយ​អ្នក​ដែល​ជា​មែកអូលីវព្រៃ​ត្រូវបាន​បំបៅ​នៅកណ្ដាល​មែកទាំងនោះ ព្រមទាំង​រួមចំណែក​ទទួល​ជីជាតិ​ពី​ឫស​របស់​ដើមអូលីវ​ស្រុក 18នោះ​កុំ​អួតខ្លួន​លើ​មែក​ទាំងនោះ​ឡើយ​។ ប៉ុន្តែ​ទោះបីជា​អ្នក​អួត ក៏​ត្រូវចាំថា មិនមែន​ជា​អ្នក​ទេ​ដែល​ទ្រ​ឫស គឺ​ឫស​វិញ​ទេ​ដែល​ទ្រ​អ្នក​។ 19ដូច្នេះ អ្នក​អាច​ពោលថា​៖ “មែក​ទាំងនោះ​ត្រូវបាន​កាច់ចេញ ដើម្បីឲ្យ​ខ្ញុំ​ត្រូវបាន​បំបៅ”។ 20ត្រូវ​ហើយ​! ពួកគេ​ត្រូវបាន​កាច់ចេញ​ដោយសារតែ​ភាពឥតជំនឿ រីឯ​អ្នក​វិញ អ្នក​នៅឈរ​ដោយសារតែ​ជំនឿ​។ ដូច្នេះ កុំ​មានគំនិតឆ្មើងឆ្មៃ​ឡើយ ផ្ទុយទៅវិញ ចូរ​ភ័យខ្លាច​ទៅ 21ដ្បិត​ប្រសិនបើ​ព្រះ​មិន​បាន​សំចៃទុក​មែក​ពីកំណើត​ទៅហើយ នោះ​ក្រែងលោ​ព្រះអង្គ​មិន​សំចៃទុក​អ្នក​ដែរ​។ 22ដូច្នេះ ចូរ​ពិចារណា​អំពី​សេចក្ដីសប្បុរស និង​សេចក្ដីតឹងរ៉ឹង​របស់​ព្រះ​ចុះ គឺ​ព្រះអង្គ​មាន​សេចក្ដីតឹងរ៉ឹង​ចំពោះ​អស់អ្នក​ដែល​ដួល ប៉ុន្តែ​ព្រះអង្គ​មាន​សេចក្ដីសប្បុរស​នៃ​ព្រះ​ចំពោះ​អ្នក ដរាបណា​អ្នក​បាន​បន្ត​នៅក្នុង​សេចក្ដីសប្បុរស​នោះ​; បើមិនដូច្នោះទេ អ្នក​ក៏​នឹង​ត្រូវបាន​កាត់ចេញ​ដែរ​។ 23រីឯ​មែកឈើទាំងនោះដែលត្រូវបានកាត់ចេញ#11:23 មែកឈើទាំងនោះដែល​ត្រូវ​បានកាត់​ចេញ―ន័យត្រង់គឺ “ពួកគេ”។​ក៏ដូច្នោះដែរ ប្រសិនបើ​ពួកគេ​លែង​បន្ត​នៅក្នុង​ភាពឥតជំនឿ​របស់ពួកគេ​ទៀត នោះ​ពួកគេ​នឹង​ត្រូវបាន​បំបៅ​វិញ ដ្បិត​ព្រះ​អាច​បំបៅ​ពួកគេ​សាជាថ្មី​បាន​។ 24ជាការពិត ប្រសិនបើ​អ្នក​ត្រូវបាន​កាត់ចេញ​ពី​ដើមអូលីវព្រៃ​ពីធម្មជាតិ ហើយ​ត្រូវបាន​បំបៅ​នឹង​ដើមអូលីវស្រុក​ដោយ​ខុសធម្មជាតិ​ទៅហើយ ចុះ​មែក#11:24 មែក―ជាពាក្យជំនួយ។​ពីកំណើត​ទាំងនោះ តើ​នឹង​ត្រូវបាន​បំបៅ​នឹង​ដើមអូលីវ​របស់ខ្លួន​វិញ​ស្រួលជាង​អម្បាលម៉ាន​ទៅទៀត​!
25បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​អាថ៌កំបាំង​នេះ​ទេ ក្រែងលោ​អ្នករាល់គ្នា​គិតថា​ខ្លួនឯង​មានប្រាជ្ញា គឺថា​ជនជាតិអ៊ីស្រាអែល​មួយចំនួន​ទៅជា​រឹងរូស រហូតដល់​សាសន៍ដទៃ​បាន​គ្រប់ចំនួន 26នោះ​ទើប​អ៊ីស្រាអែល​ទាំងមូល​នឹង​បាន​សង្គ្រោះ ដូចដែល​មាន​សរសេរ​ទុកមក​ថា​:
“ព្រះរំដោះ​នឹង​យាង​មក​ពី​ស៊ីយ៉ូន
ព្រះអង្គ​នឹង​ដកយក​ការមិនគោរពព្រះ​ចេញ​ពី​យ៉ាកុប​។
27 នេះ​ហើយ ជា​សម្ពន្ធមេត្រី​របស់​យើង​ជាមួយ​ពួកគេ
នៅពេល​យើង​ដកយក​បាប​របស់​ពួកគេ​ចេញ”។ # 11:27 《យេរេមា》 31:31-34។ # 11:26-27 《អេសាយ》 59:20-21; 《ទំនុកតម្កើង》 14:7។
28បើគិតតាម​ដំណឹងល្អ ពួកគេ​ពិតជា​ខ្មាំងសត្រូវ​របស់ព្រះ#11:28 របស់ព្រះ―ជាពាក្យជំនួយ។ ដោយសារតែ​អ្នករាល់គ្នា ប៉ុន្តែ​បើគិតតាម​ការជ្រើសតាំង ពួកគេ​ពិតជា​អ្នក​ដ៏ជាទីស្រឡាញ់ ដោយសារតែ​ពួក​ដូនតា 29ដ្បិត​អំណោយទាន និង​ការត្រាស់ហៅ​របស់​ព្រះ​មិនអាចដកហូតវិញបានឡើយ​។ 30ដូចដែល​ពីមុន​អ្នករាល់គ្នា​មិនព្រមជឿ​ព្រះ ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ទទួលសេចក្ដីមេត្តា​ដោយសារតែ​ការមិនស្ដាប់បង្គាប់​របស់​អ្នកទាំងនោះ​យ៉ាងណា 31សព្វថ្ងៃនេះ​ពួកគេ​ក៏​មិនព្រមជឿ ដើម្បីឲ្យ​ពួកគេ​បាន​ទទួលសេចក្ដីមេត្តា​នៅឥឡូវនេះ#11:31 ឯកសារបុរាណខ្លះគ្មាន “នៅឥឡូវនេះ”។ ដោយសារតែ​សេចក្ដីមេត្តា​ដល់​អ្នករាល់គ្នា​យ៉ាងនោះដែរ​។ 32ដ្បិត​ព្រះ​បាន​បង្ខាំង​មនុស្ស​ទាំងអស់​ក្នុង​ការមិនស្ដាប់បង្គាប់ ដើម្បីឲ្យ​ព្រះអង្គ​បាន​មេត្តាករុណា​ដល់​មនុស្ស​គ្រប់គ្នា​។
ទំនុកសរសើរ
33ឱ ទ្រព្យសម្បត្តិ ព្រះប្រាជ្ញាញាណ និង​ចំណេះ​របស់​ព្រះ​ជ្រាលជ្រៅ​ណាស់ហ្ន៎​!
ការសម្រេច​របស់​ព្រះអង្គ​ស្វែងយល់​ម្ដេចបាន​!
មាគ៌ា​របស់​ព្រះអង្គ​វាស់ស្ទង់​ម្ដេចបាន​!
34 “តើ​នរណា​បាន​ស្គាល់​គំនិត​របស់​ព្រះអម្ចាស់​?
តើ​នរណា​បាន​ធ្វើជា​ទីប្រឹក្សា​របស់​ព្រះអង្គ​? # 11:34 《អេសាយ》 40:13; 《យេរេមា》 23:18។
35 ឬ​តើ​នរណា​បាន​ថ្វាយ​ដល់​ព្រះអង្គ​ជាមុន
ដើម្បីឲ្យ​ខ្លួន​ត្រូវបាន​តបស្នង​វិញ​? # 11:35 《យ៉ូប》 41:11។ ”។
36ដ្បិត​អ្វីៗ​ទាំងអស់​មកពី​ព្រះអង្គ តាមរយៈ​ព្រះអង្គ និង​សម្រាប់​ព្រះអង្គ​។
សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន៕

നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:

រ៉ូម 11: GKHB

ഹൈലൈറ്റ് ചെയ്യുക

പകർത്തുക

താരതമ്യം

പങ്ക് വെക്കു

None

നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക

រ៉ូម 11 - നുള്ള വീഡിയോ