និក្ខមនំ 18
18
ដំបូន្មានរបស់លោកយេត្រូ
1លោកយេត្រូជាសង្ឃនៅស្រុកម៉ាឌាន ហើយត្រូវជាឪពុកក្មេករបស់លោកម៉ូសេ ឮគេនិយាយពីកិច្ចការទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានប្រោសដល់លោកម៉ូសេ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីដំណើរដែលព្រះអង្គបាននាំគេចេញពីស្រុកអេស៊ីព្ទ 2នោះលោកក៏នាំនាងសេផូរ៉ា ជាប្រពន្ធរបស់លោកម៉ូសេ ដែលលោកម៉ូសេបានឲ្យត្រឡប់ទៅផ្ទះវិញ 3ព្រមទាំងកូនរបស់នាងទាំងពីរដែរ គឺមួយឈ្មោះគើសម (ដ្បិតលោកម៉ូសេគិតថា «ខ្ញុំជាអ្នកស្នាក់ នៅប្រទេសដទៃ») 4ហើយមួយទៀតឈ្មោះអេលាស៊ើរ (ដ្បិតលោកគិតថា «ព្រះរបស់ឪពុកខ្ញុំបានជួយខ្ញុំ ក៏បានរំដោះខ្ញុំឲ្យរួចពីដាវរបស់ផារ៉ោន»)។ 5លោកយេត្រូ ឪពុកក្មេករបស់លោកម៉ូសេ និងកូនទាំងពីរ ព្រមទាំងប្រពន្ធរបស់លោកម៉ូសេ ក៏នាំគ្នាមករកលោកម៉ូសេនៅទីរហោស្ថាន ត្រង់កន្លែងដែលលោកបោះជំរំ នៅភ្នំរបស់ព្រះ។ 6លោកយេត្រូឲ្យគេទៅប្រាប់លោកម៉ូសេថា៖ «ខ្ញុំ យេត្រូ ជាឪពុកក្មេករបស់កូន ធ្វើដំណើរមកជួបកូន នាំទាំងប្រពន្ធ និងកូនទាំងពីររបស់កូនមកជាមួយដែរ»។ 7លោកម៉ូសេក៏ចេញទៅទទួលឪពុកក្មេក ក្រាបសំពះ ហើយថើបលោក រួចលោកសួរសុខទុក្ខគ្នាទៅវិញទៅមក ហើយនាំគ្នាចូលទៅក្នុងជំរំ។ 8លោកម៉ូសេចាប់ផ្តើមរៀបរាប់ប្រាប់ឪពុកក្មេក ពីកិច្ចការទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើដល់ផារ៉ោន និងសាសន៍អេស៊ីព្ទ ដោយយល់ដល់អ៊ីស្រាអែល ពីទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានតាមផ្លូវ និងពីដំណើរដែលព្រះយេហូវ៉ាបានជួយពួកគេឲ្យរួច។ 9លោកយេត្រូក៏មានចិត្តត្រេកអរចំពោះការល្អទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានប្រោសដល់អ៊ីស្រាអែល ដោយព្រះអង្គបានជួយគេឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ។
10លោកយេត្រូពោលថា៖ «សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ជាព្រះដែលបានជួយអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់សាសន៍អេស៊ីព្ទ និងពីកណ្ដាប់ដៃរបស់ផារ៉ោន។ 11ឥឡូវនេះ ខ្ញុំដឹងថា ព្រះយេហូវ៉ា ព្រះអង្គធំលើសអស់ទាំងព្រះ ព្រោះព្រះអង្គបានរំដោះប្រជាជននេះ ឲ្យរួចពីអំណាចសាសន៍អេស៊ីព្ទ នៅពេលដែលគេបានប្រព្រឹត្តនឹងប្រជាជននេះដោយព្រហើន»។ 12លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេយកតង្វាយដុត និងយញ្ញបូជាថ្វាយដល់ព្រះ ហើយលោកអើរ៉ុន និងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏មកបរិភោគភោជនាហារជាមួយឪពុកក្មេករបស់លោកម៉ូសេនៅចំពោះព្រះដែរ។
13លុះស្អែកឡើង លោកម៉ូសេអង្គុយកាត់ក្ដីឲ្យប្រជាជន ឯប្រជាជននាំគ្នាឈរនៅមុខលោក តាំងពីព្រឹករហូតដល់ល្ងាច។ 14កាលឪពុកក្មេករបស់លោកម៉ូសេឃើញការទាំងអស់ ដែលលោកធ្វើសម្រាប់ប្រជាជន គាត់ក៏សួរថា៖ «តើកូនធ្វើអ្វីដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយតែម្នាក់ឯង ហើយប្រជាជនឈរនៅចំពោះមុខ តាំងពីព្រឹកទាល់ល្ងាចយ៉ាងនេះ?» 15លោកម៉ូសេឆ្លើយទៅឪពុកក្មេកថា៖ «ព្រោះគេមករកខ្ញុំ ដើម្បីទូលសួរព្រះ។ 16កាលណាគេមានរឿងអ្វី គេតែងតែមករកខ្ញុំ ហើយខ្ញុំក៏ដោះស្រាយរឿងឲ្យពួកគេ ព្រមទាំងប្រាប់ឲ្យគេដឹងអស់ទាំងបញ្ញត្តិ និងច្បាប់របស់ព្រះ»។ 17ឪពុកក្មេកមានប្រសាសន៍មកលោកម៉ូសេថា៖ «អ្វីដែលកូនកំពុងធ្វើនេះ មិនល្អទេ។ 18ដ្បិតកូននឹងថយកម្លាំងទៅ ព្រមទាំងប្រជាជនដែលនៅជាមួយកូនទៀតដែរ ព្រោះការនេះធ្ងន់ធ្ងរពេក កូនមិនអាចធ្វើតែម្នាក់ឯងបានទេ។ 19ឥឡូវនេះ ចូរស្តាប់ពុកសិន ពុកនឹងទូន្មានកូន ក៏សូមឲ្យព្រះគង់ជាមួយកូនផង! កូនត្រូវធ្វើជាតំណាងឲ្យប្រជាជននៅចំពោះព្រះ ហើយយករឿងរបស់គេទៅទូលថ្វាយព្រះ 20ត្រូវបង្រៀនគេអំពីបញ្ញត្តិ និងច្បាប់ទាំងឡាយ ហើយបង្ហាញគេឲ្យស្គាល់ផ្លូវដែលគេត្រូវដើរ និងកិច្ចការដែលគេត្រូវធ្វើ។ 21កូនត្រូវរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចព្រះក្នុងចំណោមប្រជាជន ជាមនុស្សទៀងត្រង់ ស្អប់ការស៊ីសំណូក ហើយត្រូវតែងតាំងមនុស្សយ៉ាងនោះឲ្យធ្វើជាមេលើប្រជាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។ 22ត្រូវឲ្យអ្នកទាំងនោះកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា ឯអស់ទាំងរឿងណាធំៗ នោះត្រូវឲ្យគេនាំមកដល់កូន តែបើរឿងតូចតាច ត្រូវឲ្យគេកាត់ក្ដីដោយខ្លួនគេទៅ។ ធ្វើដូច្នោះកូននឹងត្រូវបានស្រួលជាង ឯអ្នកទាំងនោះនឹងជួយរំលែកបន្ទុករបស់កូន។ 23ប្រសិនបើកូនព្រមធ្វើដូច្នេះ ហើយព្រះទ្រង់ក៏បង្គាប់កូនផង នោះកូនអាចនឹងស្ថិតស្ថេរបាន ហើយប្រជាជនទាំងនេះនឹងត្រឡប់ទៅកន្លែងរបស់គេវិញដោយសុខសាន្ត»។
24លោកម៉ូសេក៏ស្តាប់តាមឪពុកក្មេក ហើយធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលលោកមានប្រសាសន៍។ 25លោកម៉ូសេរើសយកមនុស្សដែលប៉ិនប្រសប់ ពីក្នុងចំណោមពួកអ៊ីស្រាអែលទាំងអស់ រួចតែងតាំងគេឲ្យធ្វើជាមេលើបណ្ដាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។ 26អ្នកទាំងនោះកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា ឯរឿងរ៉ាវណាពិបាកៗ គេយកមកដល់លោកម៉ូសេ តែអស់ទាំងរឿងរ៉ាវណាតូចតាច គេកាត់ក្ដីដោយខ្លួនគេ។ 27បន្ទាប់មក លោកម៉ូសេ និងឪពុកក្មេកក៏លាគ្នា ហើយលោកយេត្រូក៏វិលត្រឡប់ទៅស្រុករបស់គាត់វិញ។
Chwazi Kounye ya:
និក្ខមនំ 18: គកស១៦
Pati Souliye
Pataje
Kopye

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© 2016 United Bible Societies