ម៉ាកុស 8
8
ណាពីអ៊ីសាចែកនំបុ័ងឲ្យមនុស្សបួនពាន់នាក់បរិភោគ
1នៅពេលនោះ បណ្ដាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្ដងទៀត។ ដោយគេគ្មានអ្វីបរិភោគ អ៊ីសាហៅពួកសិស្សមកមានប្រសាសន៍ថា៖ 2«ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ 3ប្រសិនបើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញទាំងពោះទទេ គេមុខជាអស់កម្លាំងដួលតាមផ្លូវមិនខាន ព្រោះអ្នកខ្លះបានធ្វើដំណើរមកពីស្រុកឆ្ងាយ»។ 4ពួកសិស្សជម្រាបអ៊ីសាថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារឯណាឲ្យគេបរិភោគឆ្អែតគ្រប់គ្នាបាន?»។ 5អ៊ីសាសួរថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ ពួកគេឆ្លើយថា៖ «មានប្រាំពីរដុំ»។ 6អ៊ីសាក៏ប្រាប់បណ្ដាជនឲ្យអង្គុយផ្ទាល់នឹងដី អ៊ីសាយកនំបុ័ងទាំងប្រាំពីរដុំមកកាន់ អរគុណអុលឡោះ ហើយកាច់ឲ្យពួកសិស្សចែកបណ្ដាជន។ 7គេមានត្រីតូចៗខ្លះដែរ។ អ៊ីសាអរគុណអុលឡោះ រួចប្រាប់ពួកសិស្សឲ្យចែកត្រីទាំងនោះដល់គេ។ 8គេបានបរិភោគឆ្អែតទាំងអស់គ្នា ហើយប្រមូលនំបុ័ង និងត្រីដែលនៅសល់ បានប្រាំពីរជាល។ 9នៅពេលនោះ មានមនុស្សទាំងអស់ប្រមាណជាបួនពាន់នាក់។ បន្ទាប់មក អ៊ីសាប្រាប់គេឲ្យវិលត្រឡប់ទៅផ្ទះវិញ។ 10ភ្លាមនោះ អ៊ីសាចុះទូកជាមួយពួកសិស្សឆ្ពោះទៅតំបន់ដាល់ម៉ានូថា។
ពួកខាងគណៈផារីស៊ី ចង់ឃើញការអស្ចារ្យ
11ពួកខាងគណៈផារីស៊ីមកដល់ ហើយនាំគ្នាជជែកជាមួយអ៊ីសា ដើម្បីល្បងលមើលអ៊ីសា គេសូមឲ្យអ៊ីសាសំដែងទីសំគាល់ដ៏អស្ចារ្យអ្វីមួយបញ្ជាក់ថា អ៊ីសាបានទទួលអំណាចពីអុលឡោះ។ 12អ៊ីសាដកដង្ហើមធំ រួចមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះចង់ឃើញទីសំគាល់ដូច្នេះ? ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អុលឡោះមិនឲ្យគេឃើញទីសំគាល់ណាឡើយ»។ 13បន្ទាប់មក អ៊ីសាចាកចេញពីគេ ចុះទូកឆ្លងទៅត្រើយម្ខាងវិញ។
ពុតត្បុតរបស់ពួកគណៈផារីស៊ី និងពុតត្បុតរបស់ស្ដេចហេរ៉ូដ
14ពួកសិស្សភ្លេចយកនំបុ័ងទៅជាមួយ។ ក្នុងទូកគេមាននំបុ័ងតែមួយដុំប៉ុណ្ណោះ។ 15អ៊ីសាបានដាស់តឿនគេថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី ព្រមទាំងមេម្សៅរបស់ស្ដេចហេរ៉ូដ ឲ្យមែនទែន»។ 16ពួកសិស្សជជែកគ្នាថា៖ «តួនមានប្រសាសន៍ដូច្នេះ មកពីយើងគ្មាននំបុ័ងទេដឹង!»។ 17អ៊ីសាដឹងគំនិតពួកគេ ក៏បានសួរថា៖ «ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំបុ័ងដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្ដាប់បាន ពុំទាន់យល់សេចក្ដីទេឬ? ឬមួយអ្នករាល់គ្នាមានចិត្ដរឹងរូស?។ 18អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀកតែស្ដាប់មិនឮឬ!។ តើអ្នករាល់គ្នាចាំឬទេ 19កាលខ្ញុំកាច់នំបុ័ងប្រាំដុំ ចែកឲ្យមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំបុ័ងដែលសល់បានប៉ុន្មានល្អី?»។ គេជម្រាបអ៊ីសាថា៖ «ដប់ពីរល្អី»។ 20«ចុះកាលខ្ញុំកាច់នំបុ័ងប្រាំពីរដុំ ចែកឲ្យមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេឆ្លើយថា៖ «ប្រាំពីរជាល»។ 21អ៊ីសាបានសួរទៅគេថា៖ «អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ!»។
ណាពីអ៊ីសាប្រោសមនុស្សខ្វាក់ម្នាក់ឲ្យភ្លឺ
22អ៊ីសា និងពួកសិស្សធ្វើដំណើរមកដល់ភូមិបេតសៃដា។ នៅពេលនោះមានគេនាំមនុស្សខ្វាក់ម្នាក់មកជួបអ៊ីសា ហើយទូរអាសូមឲ្យអ៊ីសាពាល់គាត់។ 23អ៊ីសាក៏ដឹកដៃមនុស្សខ្វាក់នោះ នាំចេញទៅខាងក្រៅភូមិ អ៊ីសាយកទឹកមាត់ដាក់លើភ្នែកគាត់ ហើយដាក់ដៃលើគាត់ ទាំងសួរថា៖ «តើអ្នកឃើញអ្វីខ្លះទេ?» 24បុរសនោះបើកភ្នែកឡើង ឆ្លើយថា៖ «ខ្ញុំឃើញមនុស្សដើរស្ទុងៗ មើលទៅដូចជាដើមឈើ»។ 25អ៊ីសាក៏ដាក់ដៃលើភ្នែកគាត់ម្ដងទៀត។ បុរសនោះឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។ 26អ៊ីសាប្រាប់គាត់ឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានប្រសាសន៍ថា៖ «កុំចូលទៅក្នុងភូមិឲ្យសោះ»។
ពេត្រុសប្រកាសថា ណាពីអ៊ីសាជាអាល់ម៉ាហ្សៀស
27អ៊ីសាចេញទៅតាមភូមិនានា ដែលនៅជិតក្រុងសេសារា-ភីលីព ជាមួយពួកសិស្ស។ នៅតាមផ្លូវអ៊ីសាសួរគេថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជានរណា?»។ 28ពួកសិស្សឆ្លើយថា៖ «អ្នកខ្លះថាតួនជាយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាតួនជាណាពីអេលីយ៉េស ហើយអ្នកខ្លះទៀតថាតួនជាណាពីមួយនាក់»។ 29អ៊ីសាបានសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ ពេត្រុសជម្រាបអ៊ីសាថា៖ «តួនជាអាល់ម៉ាហ្សៀស»។ 30អ៊ីសាហាមប្រាមសិស្សមិនឲ្យនិយាយប្រាប់គេអំពីគាត់ឡើយ។
31បន្ទាប់មក អ៊ីសាក៏ចាប់ផ្ដើមបង្រៀនពួកសិស្សថា បុត្រាមនុស្សត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង។ ពួកអះលីជំអះពួកអ៊ីមុាំពួកតួននឹងបោះបង់គាត់ចោល ថែមទាំងសម្លាប់គាត់ទៀតផង តែបីថ្ងៃក្រោយមក គាត់នឹងមានជីវិតរស់ឡើងវិញ។ 32អ៊ីសាមានប្រសាសន៍បញ្ជាក់ប្រាប់គេដោយឥតលាក់លៀម។ ពេត្រុសសូមអ៊ីសាចេញទៅឆ្ងាយពីគេបន្ដិច ហើយបន្ទោសអ៊ីសា។ 33អ៊ីសាងាកមើលទៅពួកសិស្សឯទៀតៗ ហើយអ៊ីសាបន្ទោសពេត្រុសវិញថា៖ «នែ៎! អ៊ីព្លេសហ្សៃតនថយទៅក្រោយខ្ញុំទៅ ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់អុលឡោះទេ គឺជាគំនិតរបស់មនុស្សសុទ្ធសាធ»។
34បន្ទាប់មក អ៊ីសាហៅបណ្ដាជន និងសិស្សរួចមានប្រសាសន៍ទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ។ 35ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ នឹងបានជីវិតវិញ។ 36បើមនុស្សម្នាក់បានលោកីយ៍ទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិតនោះនឹងមានប្រយោជន៍អ្វី? 37តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? 38នៅក្នុងចំណោមមនុស្សដែលក្បត់អុលឡោះ និងក្នុងចំណោមមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាស មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រាមនុស្សមកប្រកបដោយសិរីរុងរឿងរបស់អុលឡោះជាបិតា និងម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធ គាត់ក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។
Trenutno odabrano:
ម៉ាកុស 8: អគត
Istaknuto
Podijeli
Kopiraj

Želiš li svoje istaknute stihove spremiti na sve svoje uređaje? Prijavi se ili registriraj
© 2014 United Bible Societies, UK.