កិច្ចការ 20
20
1លុះក្រោយដែលការចលាចលនោះ បានស្ងប់ស្ងាត់ហើយ នោះប៉ុលហៅពួកសិស្សមក រួចលាគេ ចេញទៅឯស្រុកម៉ាសេដូនវិញ 2កាលគាត់បានដើរកាត់ដែនស្រុកទាំងនោះ ហើយអធិប្បាយទូន្មានជាច្រើន ដល់ពួកសិស្ស នោះគាត់បានដល់ទៅស្រុកក្រេក 3ក៏នៅស្រុកនោះអស់៣ខែ តែកាលគាត់រៀបនឹងចុះសំពៅទៅឯស្រុកស៊ីរី នោះពួកសាសន៍យូដា គេគិតល្បិចទាស់នឹងគាត់ បានជាគាត់សំរេចនឹងទៅតាមស្រុកម៉ាសេដូនវិញ 4មានសូប៉ាត្រុស ដែលនៅក្រុងបេរា អើរីស្តាក នឹងសេគុនដុស ពីពួកថែស្សាឡូនីច កៃយុស នឹងធីម៉ូថេ ពីក្រុងឌើបេ ហើយទីឃីកុស នឹងទ្រភីម ពីស្រុកអាស៊ី គេជូនដំណើរទៅត្រឹមស្រុកអាស៊ី 5អ្នកទាំងនោះចេញទៅមុន ក៏ចាំយើងរាល់គ្នានៅត្រង់ក្រុងទ្រអាស 6ក្រោយថ្ងៃបុណ្យនំបុ័ងឥតដំបែ នោះយើងក៏ចុះសំពៅ ចេញពីក្រុងភីលីពទៅ៥ថ្ងៃ ទើបបានដល់ទៅគេនៅទ្រអាស រួចយើងស្នាក់នៅទីនោះអស់៧ថ្ងៃ 7លុះថ្ងៃដំបូងក្នុងអាទិត្យនោះ កាលពួកសិស្សបានប្រជុំគ្នា ដើម្បីកាច់នំបុ័ង នោះប៉ុលក៏អធិប្បាយឲ្យគេស្តាប់ ដោយព្រោះគាត់រៀបនឹងចេញដំណើរទៅ នៅថ្ងៃស្អែក ក៏សំដែងដរាបដល់ពេលកណ្តាលអធ្រាត្រ 8រីឯនៅបន្ទប់ខាងលើ ជាកន្លែងដែលគេប្រជុំ នោះមានចង្កៀងជាច្រើន 9គ្រានោះ មានក្មេងជំទង់ម្នាក់ ឈ្មោះអើទីកុស វាអង្គុយនៅបង្អួច ក៏យន់ជាខ្លាំងពេក ក្នុងពេលដែលប៉ុលអធិប្បាយជាយូរទៅទៀត រួចងោកធ្លាក់ចុះពីជាន់ទី៣ទៅខាងក្រោម នោះគេលើកវាឡើងបានស្លាប់ហើយ 10តែប៉ុលចុះទៅទ្រោបពីលើវាឱបត្រកង រួចនិយាយថា កុំយំស្រែកអ្វីឡើយ ដ្បិតវាមានជីវិតទេ 11កាលបានឡើងទៅលើវិញ ហើយបានកាច់នំបុ័ងបរិភោគទៅ នោះក៏និយាយគ្នាជាយូរទៅទៀត ដរាបដល់ភ្លឺ ទើបគាត់ចេញដំណើរទៅ 12គេក៏នាំក្មេងជំទង់នោះមកវិញទាំងរស់ ហើយគេបានក្សាន្តចិត្តជាខ្លាំង។
13ឯយើងរាល់គ្នា ក៏ចុះសំពៅជាមុន បើកទៅដល់អាសុស ចាំទទួលប៉ុលនៅទីនោះ ដ្បិតគាត់បានផ្តាំដូច្នោះ ព្រោះគាត់ចង់ដើរវិញ 14កាលគាត់មកដល់យើងនៅត្រង់អាសុស នោះយើងទទួលគាត់ចុះសំពៅទៅឯមីទូលេន 15ក៏ចេញពីទីនោះ រួចស្អែកឡើងបានទៅដល់ទន្ទឹមនឹងកោះឃីយ៉ូស ហើយដល់ថ្ងៃក្រោយទៀត យើងបានដល់ទៅសាម៉ុស រួចចូលចតនៅក្រុងទ្រគីលាម លុះថ្ងៃក្រោយទៀត ទើបបានដល់ទៅក្រុងមីលេត 16ដ្បិតប៉ុលបានសំរេចនឹងទៅបង្ហួសក្រុងអេភេសូរ ដើម្បីមិនឲ្យខាតពេលនៅស្រុកអាស៊ី ដោយគាត់ប្រញាប់នឹងទៅឯក្រុងយេរូសាឡិម ឲ្យទាន់ពេលបុណ្យថ្ងៃ៥០ បើសិនជាបាន។
17ប៉ុលក៏ចាត់គេ ពីមីលេតទៅឯក្រុងអេភេសូរ ដើម្បីនឹងហៅពួកចាស់ទុំក្នុងពួកជំនុំនោះមក 18លុះមកដល់ហើយ គាត់និយាយទៅគេថា ឯកិរិយារបស់ខ្ញុំ គ្រប់ពេលគ្រប់វេលា ដែលនៅជាមួយនឹងអ្នករាល់គ្នា តាំងពីថ្ងៃដែលខ្ញុំចូលទៅស្រុកអាស៊ីមុនដំបូង 19គឺដែលខ្ញុំបានបំរើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្ដីល្បង ដោយកិច្ចកលរបស់ពួកសាសន៍យូដាបែបយ៉ាងណា នោះអ្នករាល់គ្នាដឹងស្រាប់ហើយ 20ក៏ដឹងថា ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនដល់អ្នករាល់គ្នានៅកណ្តាលជំនុំវិញ ហើយពីផ្ទះ១ទៅផ្ទះ១ផង 21ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដា នឹងពួកសាសន៍ក្រេកផង គឺពីការប្រែចិត្តទៅឯព្រះ ហើយពីសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា 22ឥឡូវនេះ មើល ខ្ញុំមានសេចក្ដីបណ្តាលក្នុងចិត្ត ចង់ទៅឯក្រុងយេរូសាឡិម ឥតដឹងការអ្វី ដែលនឹងកើតដល់ខ្ញុំនៅទីនោះទេ 23ដឹងតែប៉ុណ្ណេះថា ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ដល់ខ្ញុំ នៅគ្រប់ទីក្រុងថា មានចំណង នឹងសេចក្ដីវេទនា នៅរង់ចាំខ្ញុំ 24ប៉ុន្តែនោះមិនអំពល់អ្វីដល់ខ្ញុំទេ ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ ព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ 25ឥឡូវនេះ មើល ខ្ញុំដឹងហើយថា ក្នុងពួកអ្នករាល់គ្នា ដែលខ្ញុំបានដើរទៅមកជាមួយ ដោយភប់ប្រសព្វគ្នា ទាំងប្រកាសប្រាប់ពីនគរនៃព្រះ នោះគ្មានអ្នកណាមួយនឹងឃើញមុខខ្ញុំទៀតឡើយ 26ដូច្នេះ ខ្ញុំធ្វើបន្ទាល់ដល់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្លួនខ្ញុំបរិសុទ្ធពីឈាមអ្នករាល់គ្នាទាំងអស់ 27ព្រោះខ្ញុំមិនបានខាននឹងប្រាប់អ្នករាល់គ្នា ពីគ្រប់ទាំងគំនិតរបស់ព្រះទេ 28ដូច្នេះ ចូរអ្នករាល់គ្នាប្រយ័តខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ 29ដ្បិតខ្ញុំដឹងថា ក្រោយដែលខ្ញុំទៅបាត់ នោះនឹងមានឆ្កែព្រៃដ៏សាហាវ ដែលមិនចេះប្រណីដល់ហ្វូង វានឹងចូលមកក្នុងពួកអ្នករាល់គ្នា 30ហើយក្នុងចំណោមអ្នករាល់គ្នា ក៏នឹងកើតមានមនុស្ស ដែលនឹងអធិប្បាយសេចក្ដីទំនាស់ខុសដែរ ដើម្បីនឹងទាញនាំពួកសិស្សទៅតាមគេវិញ 31ដូច្នេះ ឲ្យចាំយាមចុះ ចូរនឹកចាំថា ក្នុងរវាង៣ឆ្នាំ ខ្ញុំចេះតែប្រដៅទូន្មានដល់អ្នករាល់គ្នានិមួយៗ ដោយទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ 32ឥឡូវនេះ ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះ ហើយនឹងព្រះបន្ទូលនៃព្រះគុណទ្រង់ ដែលអាចនឹងស្អាងចិត្ត ហើយនឹងឲ្យអ្នករាល់គ្នាមានកេរ្ដិ៍អាករនៅក្នុងពួកនៃអស់អ្នកដែលបានញែកជាបរិសុទ្ធ 33ខ្ញុំមិនដែលលោភចង់បានប្រាក់ មាស ឬសំលៀកបំពាក់របស់អ្នកណាឡើយ 34អ្នករាល់គ្នាដឹងហើយថា ដៃខ្ញុំនេះបានផ្គត់ផ្គង់គ្រប់របស់ ដែលខ្ញុំត្រូវការ ព្រមទាំងពួកអ្នកដែលនៅជាមួយផង 35ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ ហើយនឹងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានបន្ទូលថា ដែលឲ្យ នោះបានពរជាជាងទទួល 36លុះបាននិយាយសេចក្ដីទាំងនោះរួចហើយ នោះប៉ុលក៏លុតជង្គង់អធិស្ឋានជាមួយនឹងគេទាំងអស់គ្នា 37ហើយគ្រប់គ្នាក៏យំជាច្រើន រួចគេឱបកគាត់ថើបដោយថ្និតថ្នម 38ទាំងមានសេចក្ដីព្រួយពីពាក្យនេះជាដើម គឺដែលគាត់ថា គេមិនឃើញមុខគាត់ទៀតឡើយ រួចក៏ជូនគាត់ទៅដល់សំពៅ។
Actualmente seleccionado:
កិច្ចការ 20: ពគប
Destacar
Compartir
Copiar

¿Quieres tener guardados todos tus destacados en todos tus dispositivos? Regístrate o inicia sesión
© BFBS/UBS 1954, 1962. All Rights Reserved.