YouVersion Logo
Search Icon

ភីលីព 4

4
1បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​ចង់​ជួប​បងប្អូន​ខ្លាំង​ណាស់ បងប្អូន​ជា​អំណរ​សប្បាយ និង​ជា​កិត្តិយស​របស់​ខ្ញុំ! បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​ស្ថិត​នៅ​ឲ្យ​បាន​ខ្ជាប់ខ្ជួន រួម​ជា​មួយ​ព្រះ‌អម្ចាស់​ដូច្នេះ​ត​រៀង​ទៅ!
សេចក្ដី​ដាស់‌តឿន​ផ្សេងៗ
2ខ្ញុំ​សូម​ទូន្មាន​នាង​អ៊ើ‌រ៉ូឌា និង​នាង​ស៊ុន‌ទីច​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ ឲ្យ​សម​ជា​អ្នក​រួម​រស់​ជា​មួយ​ព្រះ‌អម្ចាស់។ 3រីឯ​អ្នក​វិញ មិត្ត​ដ៏​ស្មោះ​ត្រង់​អើយ សូម​ជួយ​នាង​ទាំង​ពីរ​នាក់​នេះ​ផង ដ្បិត​នាង​ធ្លាប់​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ព្រោះ​តែ​ដំណឹង‌ល្អ* ជា​មួយ​លោក​ក្លេមេន ព្រម​ទាំង​ជា​មួយ​អ្នក​ឯ​ទៀតៗ ដែល​បាន​ធ្វើ​ការ​ជា​មួយ​ខ្ញុំ ហើយ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិត​នោះ​ផង​ដែរ។
4ចូរ​បងប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ជានិច្ច ខ្ញុំ​សូម​ជម្រាប​បងប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង! 5ចូរ​សម្តែង​ឲ្យ​មនុស្ស‌ម្នា​ទាំង​អស់​ស្គាល់​សន្ដាន​ចិត្ត​សប្បុរស​របស់​បងប្អូន ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។ 6សូម​កុំ​ខ្វល់‌ខ្វាយ​នឹង​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ត្រូវ​ទូល​ព្រះ‌ជាម្ចាស់​ឲ្យ​ជ្រាប​ពី​សំណូម​ពរ​របស់​បងប្អូន ដោយ​អធិស្ឋាន* និង​ទូល‌អង្វរ ទាំង​អរ​ព្រះ‌គុណ​ព្រះអង្គ​ផង។ 7ធ្វើ​ដូច្នេះ សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌ជាម្ចាស់​ដែល​ហួស​ពី​ការ​ស្មាន​របស់​មនុស្ស នឹង​ស្ថិត​ជាប់​ក្នុង​ចិត្ត​គំនិត​បងប្អូន ដែល​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​យេស៊ូ​មិន​ខាន។
8ជា​ទី​បញ្ចប់ បងប្អូន​អើយ សូម​បងប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ថ្លៃ‌ថ្នូរ សុចរិត បរិសុទ្ធ គួរ​ឲ្យ​ស្រឡាញ់ គួរ​ឲ្យ​គោរព និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ គួរ​ឲ្យ​កោត​សរសើរ។ 9សេចក្ដី​ដែល​បងប្អូន​បាន​រៀន បាន​ទទួល និង​បាន​ឮ​ពី​ខ្ញុំ ហើយ​ការ​អ្វី​ដែល​បងប្អូន​បាន​ឃើញ​ខ្ញុំ​ធ្វើ​នោះ ចូរ​បងប្អូន​ប្រព្រឹត្ត​តាម​ទៅ។ ធ្វើ​ដូច្នេះ ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​នឹង​គង់​ជា​មួយ​បងប្អូន​មិន​ខាន។
លោក​ប៉ូល​អរ‌គុណ​គ្រិស្ត‌បរិស័ទ​នៅ​ក្រុង​ភីលីព
10ខ្ញុំ​មាន​អំណរ​ក្នុង​ព្រះ‌អម្ចាស់​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា បងប្អូន​បាន​នឹក​គិត​ដល់​ខ្ញុំ​ជា​ថ្មី​ឡើង​វិញ។ កាល​ពី​មុន បងប្អូន​ក៏​បាន​នឹក​គិត​ដល់​ខ្ញុំ​ដែរ តែ​បងប្អូន​គ្មាន​ឱកាស​នឹង​សម្តែង​ទឹក​ចិត្ត​របស់​បងប្អូន​ចំពោះ​ខ្ញុំ។ 11ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​មក​ពី​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ក្នុង​គ្រប់​កាលៈ‌ទេសៈ។ 12ទោះ‌បី​ទ័ល​ក្រ​ក្ដី មាន​បរិបូណ៌​ក្ដី ក៏​ខ្ញុំ​ចេះ​រស់​ដែរ។ ខ្ញុំ​បាន​អប់រំ​ចិត្ត​ក្នុង​គ្រប់​កាលៈ‌ទេសៈ និង​គ្រប់​ទី​កន្លែង គឺ​ថា ទោះ​បី​បរិភោគ​ឆ្អែត​ក្ដី អត់​ឃ្លាន​ក្ដី មាន​បរិបូណ៌​ក្ដី ឬ​ខ្វះ​ខាត​ក្ដី ខ្ញុំ​ស្កប់​ចិត្ត​ជានិច្ច។ 13ខ្ញុំ​អាច​ទ្រាំ​បាន​ទាំង​អស់ ដោយ​រួម​ជា​មួយ​ព្រះអង្គ​ដែល​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ។ 14ទោះ​ជា​យ៉ាង​ណា​ក្ដី បងប្អូន​រួម​ជា​មួយ​ខ្ញុំ​ក្នុង​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់។
15 បងប្អូន​នៅ​ក្រុង​ភីលីព​អើយ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ គឺ​តាំង​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​នោះ ក្រៅ​ពី​បងប្អូន គ្មាន​ក្រុម‌ជំនុំ*​ណា​បាន​ជួយ​ខ្ញុំ ក្នុង​ការ​ចំណាយ ឬ​ចំណូល​ឡើយ។ 16 កាល​ខ្ញុំ​នៅ​ក្រុង​ថេស្សា‌ឡូនិក បងប្អូន​បាន​ផ្ញើ​ប្រាក់​ទៅ​ជួយ តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​ដល់​ទៅ​ពីរ​បី​លើក។ 17ត្រង់​ណេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ប្រាថ្នា​ចង់​បាន​ជំនួយ​ពី​បងប្អូន​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​បាន​ទទួល​ព្រះ‌ពរ ដ៏​បរិបូណ៌។ 18 ខ្ញុំ​បាន​ទទួល​សព្វ​គ្រប់​ទាំង​អស់​ហើយ ហើយ​ខ្ញុំ​មាន​បរិបូណ៌​ថែម​ទៀត ឥឡូវ​នេះ ខ្ញុំ​មាន​រឹត​តែ​ច្រើន ដោយ​បាន​ទទួល​អំណោយ​ពី​បងប្អូន តាម​រយៈ​លោក​អេប៉ា‌ប្រូឌីត។ អំណោយ​ទាំង​នេះ​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​ឈ្ងុយ‌ឈ្ងប់ ជា​យញ្ញ‌បូជា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ និង​យល់​ព្រម​ទទួល។ 19ព្រះ​របស់​ខ្ញុំ​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​បងប្អូន ស្រប​តាម​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។ 20សូម​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន!
អវសាន‌កថា
21សូម​ជម្រាប​សួរ​ប្រជា‌ជន​ដ៏វិសុទ្ធ*​គ្រប់ៗ​រូប ក្នុង​អង្គ​ព្រះ‌គ្រិស្ត*​យេស៊ូ​ឲ្យ​ខ្ញុំ​ផង។
22បងប្អូន​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បងប្អូន​ទាំង​អស់​គ្នា។ បងប្អូន​ទាំង​អស់​ដែល​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* ជា​ពិសេស បងប្អូន​ដែល​ជា​អ្នក​រាជការ​របស់​ព្រះចៅ‌អធិរាជ ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។
23សូម​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​នៃ​យើង​ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បងប្អូន!។

Currently Selected:

ភីលីព 4: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy