YouVersion Logo
Search Icon

អូបាឌា 1

1
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អេដុម
1 នេះ​ជា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​លោក​អូបា‌ឌា​ឃើញ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់​អំពី​ស្រុក​អេដុម។
ព្រះ‌អម្ចាស់​ប្រទាន​ដំណឹង​មក​ពួក​យើង
ព្រះអង្គ​ចាត់​អ្នក​នាំ​ពាក្យ​ម្នាក់​ឲ្យ​ទៅ
ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ថា:
“ចូរ​ក្រោក​ឡើង នាំ​គ្នា​វាយ​សម្រុក
ចូរ​វាយ​លុក​ស្រុក​អេដុម​ទៅ!”។
2«យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា
ប្រជា‌ជាតិ​មួយ​តូច​ជាង​គេ
ជា​ប្រជា‌ជាតិ​មួយ​ដែល​គេ​មើល‌ងាយ​បំផុត។
3ចិត្ត​អួត‌អាង​របស់​អ្នក បាន​បញ្ឆោត​ខ្លួន​ឯង
អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម
និង​នៅ​តាម​កន្លែង​ខ្ពស់ៗ
អ្នក​នឹក​ថា “គ្មាន​នរណា​អាច​ទម្លាក់​ខ្ញុំ
ចុះ​ទៅ​ដី​បាន​ទេ!”។
4ទោះ​បី​អ្នក​ឡើង​ទៅ​លើ ខ្ពស់​ដូច​សត្វ​ឥន្ទ្រី
ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក​ទៅ
ដាក់​នៅ​ក្នុង​ចំណោម​ផ្កាយ​ក្ដី
ក៏​យើង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ដល់​ដី​វិញ​ដែរ
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
5ប្រសិន​បើ​មាន​ចោរ​លួច​ចោរ​ប្លន់​ចូល​មក​ក្នុង​ផ្ទះ
របស់​អ្នក​នៅ​ពេល​យប់
នោះ​អ្នក​នឹង​បាត់​បង់​អ្វីៗ​ទាំង​អស់!
គេ​នឹង​លួច​យក​អ្វីៗ​ដែល​គេ​អាច​យក​បាន។
ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយជូរ
មក​ដល់​ស្រុក​អ្នក
គេ​មិន​ទុក​ឲ្យ​មាន​ផ្លែ​នៅ​សល់​ឡើយ។
6អេសាវ​អើយ គេ​គាស់​កកាយ​ស្រុក​អ្នក
ហើយ​ប្រមូល​យក​កំណប់​ទ្រព្យ​របស់​អ្នក។
7បក្ស‌សម្ព័ន្ធ​របស់​អ្នក​នឹង​ដេញ​អ្នក
ចេញ​ពី​ទឹក​ដី​របស់​ខ្លួន។
មិត្ត‌ភក្ដិ​របស់​អ្នក​បោក​បញ្ឆោត​អ្នក
ហើយ​យក​អ្នក​ធ្វើ​ជា​នគរ​ចំណុះ។
ពួក​ដែល​បរិភោគ​អាហារ​ជា​មួយ​អ្នក
នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​អ្នក
ទាំង​ពោល​ថា អ្នក​លែង​មាន​អ្នក​ប្រាជ្ញ​ហើយ។
8ពិត​មែន​ហើយ នៅ​ថ្ងៃ​នោះ យើង​នឹង​បំបាត់
អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពី​ស្រុក​អេដុម
ហើយ​បំបាត់​អ្នក​ឈ្លាស‌វៃ​ឲ្យ​អស់​ពី​ភ្នំ​អេសាវ
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
9ក្រុង​ថេម៉ាន​អើយ ទាហាន​ដ៏​អង់‌អាច​របស់​អ្នក
នឹង​ភ័យ​ញ័រ​រន្ធត់
ខ្មាំង​សម្លាប់​រង្គាល​ទាហាន​ទាំង​ប៉ុន្មាន
នៅ​ភ្នំ​នៃ​ស្រុក​អេសាវ​អស់​គ្មាន​សល់!
10អ្នក​នឹង​ត្រូវ​អាម៉ាស់ និង​វិនាស​រហូត
ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ​ដែល​អ្នក​បាន​ប្រព្រឹត្ត
ចំពោះ​យ៉ាកុប ជា​ប្អូន​របស់​អ្នក។
11នៅ​ថ្ងៃ​ដែល​ខ្មាំង​កៀរ​កង​កម្លាំង​របស់
អ៊ីស្រា‌អែល​ទៅ​ជា​ឈ្លើយ
នៅ​ពេល​ដែល​សាសន៍​ដទៃ​ចូល​តាម​ទ្វារ
ក្រុង​យេរូ‌សាឡឹម
រឹប​អូស​យក​អ្វីៗ​ក្នុង​ទីក្រុង​ចាប់​ឆ្នោត​ចែក​គ្នា
អ្នក​ក៏​នៅ​ទី​នោះ ហើយ​ប្រព្រឹត្ត​ដូច​ពួក​គេ​ដែរ។
12នៅ​ថ្ងៃ​ដែល​ប្អូន​របស់​អ្នក​ត្រូវ​អន្តរាយ
អ្នក​មិន​គួរ​ឈរ​មើល ទាំង​មាន​អំណរ​ដូច្នេះ​ទេ
នៅ​ថ្ងៃ​ដែល​កូន​ចៅ​យូដា​វិនាស
អ្នក​មិន​គួរ​អរ​សប្បាយ​ឡើយ
នៅ​ថ្ងៃ​ដែល​គេ​រង​ទុក្ខ​វេទនា
អ្នក​មិន​គួរ​ហា​មាត់​ជេរ​ប្រមាថ​ដូច្នេះ​សោះ!
13នៅ​ថ្ងៃ​ប្រជា‌រាស្ត្រ​របស់​យើង​ជួប​មហន្ត‌រាយ
អ្នក​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​ទេ។
នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយ
អ្នក​មិន​ត្រូវ​ឈរ​មើល​ទាំង​មាន​អំណរ
ដោយ​ឃើញ​គេ​រង​ទុក្ខ​វេទនា។
នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយ
អ្នក​មិន​ត្រូវ​ឆ្លៀត​លួច​យក​ទ្រព្យ‌សម្បត្តិ
របស់​គេ​ឡើយ។
14អ្នក​មិន​ត្រូវ​ចាំ​ស្កាត់​នៅ​តាម​ផ្លូវ​បំបែក
ដើម្បី​ប្រល័យ​ជីវិត​អ្នក​ដែល​រត់​គេច​ខ្លួន
នៅ​ថ្ងៃ​គេ​ជួប​អាសន្ន
អ្នក​មិន​ត្រូវ​ប្រគល់​អស់​អ្នក​ដែល​បាន​រួច​ជីវិត
ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ឡើយ!»។
15ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស
ប្រជា‌ជាតិ​ទាំង​អស់ ជិត​មក​ដល់​ហើយ
ព្រះអង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក
ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដែរ។
អ្នក​នឹង​ទទួល​ទោស​តាម​អំពើ​អាក្រក់​របស់​ខ្លួន!
16«ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ អ៊ីស្រា‌អែល​អើយ
អ្នក​រាល់​គ្នា​បាន​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោស
នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​គ្រប់​គ្រាន់​ហើយ។
នៅ​ពេល​ខាង​មុខ ប្រជា‌ជាតិ​ទាំង​អស់
ក៏​នឹង​ផឹក​ពី​ពែង​នេះ​ឥត​ឈប់​ឡើយ
ពួក​គេ​ផឹក​រហូត​ទាល់​តែ​ស្រវឹង
ហើយ​វិនាស​សូន្យ​ទាំង​អស់​គ្នា។
17អស់​អ្នក​នៅ​សេស‌សល់​ពី​ស្លាប់​នឹង​នាំ​គ្នា​មក
រស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ដែល​បាន​វិសុទ្ធ​ឡើង​វិញ
កូន​ចៅ​យ៉ាកុប​នឹង​យក​ទឹក​ដី
ដែល​សត្រូវ​ដណ្ដើម​បាន​នោះ​មក​វិញ។
18កូន​ចៅ​យ៉ាកុប​នឹង​ប្រៀប​ដូច​ជា​ភ្លើង
កូន​ចៅ​យ៉ូសែប​ប្រៀប​ដូច​ជា​អណ្ដាត​ភ្លើង
រីឯ​កូន​ចៅ​អេសាវ​នឹង​ប្រៀប​ដូច​ជា​ចំបើង
ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ
ហើយ​ក្នុង​ចំណោម​កូន​ចៅ​របស់​អេសាវ
គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ»
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ។
19ប្រជា‌ជន​យូដា​នឹង​កាន់​កាប់​តំបន់​ណេកិប
គឺ​ភ្នំ​របស់​អេសាវ
ពួក​គេ​នឹង​គ្រប់‌គ្រង​លើ​ស្រុក​វាល
ជា​ទឹក​ដី​របស់​ជន‌ជាតិ​ភីលីស្ទីន។
ព្រម​ទាំង​គ្រប់‌គ្រង​លើ​ស្រុក​សាម៉ារី
ជា​ទឹក​ដី​របស់​អេប្រាអ៊ីម។
រីឯ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន
នឹង​គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ។
20ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​ចំនួន​យ៉ាង​ច្រើន
ហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​នោះ
នឹង​កាន់​កាប់​លើ​ស្រុក​កាណាន
រហូត​ដល់​សារិប‌តា។
ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ដែល​ជាប់​ជា​ឈ្លើយ
នៅ​សេផា‌រ៉ាដ
នឹង​គ្រប់‌គ្រង​លើ​ក្រុង​នានា​នៅ​តំបន់​ណេកិប។
អ្នក​រំដោះ​ស្រុក​នឹង​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន
ហើយ​ត្រួត‌ត្រា​លើ​ភ្នំ​របស់​អេសាវ
ហើយ​ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy