YouVersion Logo
Search Icon

យ៉ូណាស 2

2
លោក​យ៉ូណាស​នៅ​ក្នុង​ពោះ​ត្រី
1ពេល​នោះ ព្រះ‌អម្ចាស់​ចាត់​ត្រី​មួយ​យ៉ាង​ធំ​ឲ្យ​មក​លេប​លោក​យ៉ូណាស លោក​ក៏​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​នោះ អស់​រយៈ​ពេល​បី​ថ្ងៃ​បី​យប់ ។ 2នៅ​ក្នុង​ពោះ​ត្រី លោក​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក។ 3លោក​ពោល​ថា៖
«ពេល​ទូលបង្គំ​មាន​អាសន្ន
ទូលបង្គំ​អង្វរ​រក​ព្រះ‌អម្ចាស់
ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ។
នៅ​ក្នុង​ស្ថាន​មច្ចុរាជ
ទូលបង្គំ​ស្រែក​ហៅ​ព្រះអង្គ​ជួយ
ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ទូលបង្គំ។
4ព្រះអង្គ​បោះ​ទូលបង្គំ​មក​ក្នុង​បាត​សមុទ្រ
ដ៏​សែន​ជ្រៅ
ទឹក​មក​រួប‌រឹត​ជុំ‌វិញ​ខ្លួន​ប្រាណ​ទូលបង្គំ។
ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​ទឹក​រលក​ហូរ​បក់​បោក
មក​លើ​ទូលបង្គំ​ដែរ។
5ទូលបង្គំ​គិត​ថា ព្រះអង្គ​បាន​ដេញ​ទូលបង្គំ​ចេញ
ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ហើយ
ប៉ុន្តែ ទូលបង្គំ​នៅ​តែ​សម្លឹង​ឆ្ពោះ​ទៅ​រក
ព្រះ‌វិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ត​ទៅ​ទៀត។
6ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ទូលបង្គំ
សេចក្ដី​អន្តរាយ​មក​រួប‌រឹត​ទូលបង្គំ
មាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ទូលបង្គំ​ដែរ។
7ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​បាន​ចុះ​ទៅ​ដល់​គ្រឹះ​នៃ​ភ្នំ​ទាំង‌ឡាយ
ទូលបង្គំ​ជាប់​ឃុំ​ក្នុង​ស្ថាន​មច្ចុរាជ​រហូត
តែ​ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ពី​រណ្ដៅ
ហើយ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត។
8ពេល​ទូលបង្គំ​ស្រយុត​ចិត្ត​យ៉ាង​ខ្លាំង​នោះ
ទូលបង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់
ហើយ​ពាក្យ​អង្វរ​របស់​ទូលបង្គំ
ក៏​បាន​ឮ​ទៅ​ដល់​ព្រះអង្គ
ឮ​ដល់​ព្រះ‌វិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។
9សូម​អស់​អ្នក​ដែល​វង្វេង​ទៅ​តាម​ព្រះ​ក្លែង‌ក្លាយ
លែង​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៅ!
10រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​យក​យញ្ញ‌បូជា
មក​ថ្វាយ​ព្រះអង្គ
ទាំង​ច្រៀង​អរ​ព្រះ‌គុណ​ព្រះអង្គ​ផង។
ទូលបង្គំ​នឹង​ថ្វាយ​តង្វាយ
ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំ​បាន​បន់
ដ្បិត​មាន​តែ​ព្រះ‌អម្ចាស់​ទេ
ដែល​សង្គ្រោះ​ទូលបង្គំ»។
11ពេល​នោះ ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​ត្រី​ខ្ជាក់​លោក​យ៉ូណាស​ចេញ​ទៅ​លើ​គោក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy