YouVersion Logo
Search Icon

លោកុប្បត្តិ 50

50
ពិធី​បញ្ចុះ​សព​របស់​លោក​យ៉ាកុប
1លោក​យ៉ូសែប​ឱប​ឪពុក ហើយ​យំ​សម្រក់​ទឹក​ភ្នែក​លើ​មុខ​ឪពុក ព្រម​ទាំង​ថើប​លោក​ទៀត​ផង។ 2បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​ឲ្យ​គ្រូ​ពេទ្យ ដែល​នៅ​បម្រើ​លោក អប់​សព​ឪពុក។ គ្រូ​ពេទ្យ​ក៏​នាំ​គ្នា​អប់​សព​លោក​អ៊ីស្រា‌អែល។ 3គេ​ត្រូវ​ចំណាយ​ពេល​ទាំង​អស់​សែ‌សិប​ថ្ងៃ ដើម្បី​ធ្វើ​ពិធី​អប់​សព។ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​កាន់​ទុក្ខ​លោក​យ៉ាកុប អស់​រយៈ​ពេល​ចិត‌សិប​ថ្ងៃ។
4លុះ​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន​ថា៖ «ប្រសិន​បើ​អស់​លោក​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ​មែន សូម​យក​ពាក្យ​ខ្ញុំ​ទៅ​ទូល​ថ្វាយ​ព្រះ‌ករុណា​ដូច​ត​ទៅ​នេះ: 5 ឪពុក​ទូលបង្គំ​បាន​សុំ​ឲ្យ​ទូលបង្គំ​ស្បថ​ថា “ពុក​ជិត​ស្លាប់​ហើយ! កាល​ណា​ពុក​ស្លាប់ កូន​ត្រូវ​បញ្ចុះ​សព​ពុក​ក្នុង​ផ្នូរ ដែល​ពុក​បាន​រៀបចំ​ទុក​នៅ​ស្រុក​កាណាន”។ ដូច្នេះ ទូលបង្គំ​សូម​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក រួច​ហើយ​ទូលបង្គំ​វិល​ត្រឡប់​មក​វិញ»។
6ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «សុំ​លោក​អញ្ជើញ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​លោក ដូច​លោក​បាន​ស្បថ​ជា​មួយ​គាត់​ចុះ»។ 7លោក​យ៉ូសែប​ក៏​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក ដោយ​មាន​ក្រុម​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន ក្រុម​ព្រឹទ្ធា‌ចារ្យ​នៃ​រាជ‌វាំង និង​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប ហែ‌ហម​ទៅ​ជា​មួយ​ផង។ 8ក្រុម​គ្រួសារ​របស់​លោក​យ៉ូសែប​ទាំង​មូល បងប្អូន និង​ញាតិ‌សន្ដាន​ឪពុក​របស់​លោក​ទាំង​អស់ បាន​រួម​ដំណើរ​ទៅ​ជា​មួយ​ដែរ គឺ​ទុក​តែ​កូន​ចៅ និង​ហ្វូង​ចៀម ហ្វូង​គោ ឲ្យ​នៅ​តំបន់​កូសែន។ 9មាន​រទេះ មាន​ទ័ព​សេះ ធ្វើ​ដំណើរ​ទៅ​ជា​មួយ​លោក​យ៉ូសែប​ដែរ ធ្វើ​ឲ្យ​ក្បួន​ដង្ហែ​សព​នោះ​អធិក‌អធម​ក្រៃ‌លែង។
10លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ​អថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​បាន​ធ្វើ​ពិធី​បុណ្យ​បញ្ចុះ​សព​យ៉ាង​មហោ‌ឡារិក​បំផុត។ លោក​យ៉ូសែប​រំឭក​គុណ​ឪពុក ដោយ​កាន់​ទុក្ខ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ 11ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ស្រុក​នោះ ឃើញ​មរណ‌ទុក្ខ​នៅ​អថាត់​ដូច្នេះ​ក៏​នាំ​គ្នា​ពោល​ថា៖ «ជន‌ជាតិ​អេស៊ីប​កើត​ទុក្ខ​ខ្លាំង​ណាស់​ហ្ន៎!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ថា “អេបិល-‌មីសរ៉ែម” ។ 12កូនៗ​របស់​លោក​យ៉ាកុប​នាំ​គ្នា​ធ្វើ​តាម​បណ្ដាំ​របស់​ឪពុក 13 គឺ​គេ​បាន​យក​សព​លោក​ទៅ​ស្រុក​កាណាន រួច​បញ្ចុះ​ក្នុង​គុហា​នៅ​ចម្ការ​ម៉ាក‌ពេឡា ជា​ចម្ការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​លោក​អេប្រូន ជា​ជន‌ជាតិ​ហេត សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព នៅ​ជិត​ម៉ាមរ៉េ ។ 14ក្រោយ​ពី​បាន​បញ្ចុះ​សព​ឪពុក​រួច​ហើយ លោក​យ៉ូសែប​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ជា​មួយ​បងប្អូន និង​អស់​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក​លោក។
លោក​យ៉ូសែប​លើក​ទឹក​ចិត្ត​បងៗ​កុំ​ឲ្យ​បារម្ភ
15កាល​បងៗ​របស់​លោក​យ៉ូសែប​ឃើញ​ឪពុក​របស់​គេ​ទទួល​មរណ‌ភាព​ហើយ គេ​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​យ៉ូសែប​ស្អប់​យើង ព្រម​ទាំង​សង‌សឹក​នឹង​អំពើ​អាក្រក់ ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គេ​ហើយ​មើល​ទៅ!»។ 16ដូច្នេះ បងប្អូន​បាន​ឲ្យ​គេ​ជម្រាប​លោក​យ៉ូសែប​ដូច​ត​ទៅ៖ «មុន​នឹង​ទទួល​មរណ‌ភាព ឪពុក​យើង​បាន​ផ្ដាំ​ថា: 17ចូរ​កូនៗ​ប្រាប់​យ៉ូសែប​ថា “កូន​អើយ ចូរ​អត់‌ទោស​ឲ្យ​បងៗ​របស់​កូន ចំពោះ​អំពើ​អាក្រក់ និង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ផង។ បងៗ​បាន​ធ្វើ​បាប​កូន​យ៉ាង​ខ្លាំង​មែន តែ​ឥឡូវ​នេះ សូម​កូន​មេត្តា​អត់‌ទោស​ឲ្យ​គេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ដែល​ពុក​គោរព​នោះ​ផង​ទៅ!”»។ លោក​យ៉ូសែប​ឮ​ដូច្នេះ លោក​ក៏​យំ។ 18បងៗ​របស់​លោក​នាំ​គ្នា​មក​ជួប​លោក​ផ្ទាល់ ពួក​គេ​ក្រាប​នៅ​ទៀប​ជើង​លោក ហើយ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​លោក​ប្អូន»។ 19លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ប្អូន​មិន​វិនិច្ឆ័យ​ជំនួស​ព្រះ‌ជាម្ចាស់​ទេ! 20បងៗ​បាន​ឃុប​ឃិត​គ្នា​ធ្វើ​បាប​ខ្ញុំ តែ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ការ​នោះ ប្រែ​ទៅ​ជា​ល្អ ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់ គឺ​ព្រះអង្គ​បាន​សង្គ្រោះ​ជីវិត​ប្រជា‌ជន​មួយ​ដ៏​ធំ។ 21ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​អ្វី ខ្ញុំ​នឹង​ជួយ​ទំនុក​បម្រុង​បងៗ និង​កូន​ចៅ​របស់​បងៗ»។ លោក​យ៉ូសែប​បាន​លើក​ទឹក​ចិត្ត​បងៗ ដោយ​និយាយ​ជា​មួយ​គេ​យ៉ាង​ស្និទ្ធ‌ស្នាល។
លោក​យ៉ូសែប​ទទួល​មរណ‌ភាព
22លោក​យ៉ូសែប និង​ក្រុម​គ្រួសារ​ឪពុក​របស់​លោក​បាន​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប លោក​រស់​បាន​មួយ​រយ​ដប់​ឆ្នាំ។ 23លោក​យ៉ូសែប​បាន​ឃើញ​កូន​ចៅ​របស់​អេប្រាអ៊ីម​រហូត​ដល់​ទៅ​បី​តំណ ហើយ​លោក​ក៏​បាន​ឃើញ​កូន​របស់​ម៉ាកៀរ ជា​កូន​របស់​ម៉ា‌ណាសេ ដែល​លោក​បាន​បី​ដាក់​លើ​ភ្លៅ​ផង​ដែរ។ 24លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បងៗ​របស់​លោក​ថា៖ «ខ្ញុំ​ជិត​ស្លាប់​ហើយ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​យាង​មក​ជួយ​អ្នក​រាល់​គ្នា​ពុំ‌ខាន ហើយ​ព្រះអង្គ​នឹង​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​នេះ ត្រឡប់​ទៅ​កាន់​ទឹក​ដី​ដែល​ព្រះអង្គ​សន្យា​ថា​នឹង​ប្រទាន​ឲ្យ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប»។ 25 បន្ទាប់​មក លោក​យ៉ូសែប​ឲ្យ​កូន​ចៅ​លោក​អ៊ីស្រា‌អែល​ស្បថ​ថា៖ «នៅ​ពេល​ព្រះ‌ជាម្ចាស់​យាង​មក​ជួយ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​យក​ធាតុ​របស់​ខ្ញុំ​ពី​ទី​នេះ​ទៅ​ជា​មួយ​ផង»។
26លោក​យ៉ូសែប​ក៏​ទទួល​មរណ‌ភាព​ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ។ គេ​បាន​អប់​សព​លោក ហើយ​ដាក់​ក្នុង​ក្តារ‌មឈូស​មួយ​នៅ​ស្រុក​អេស៊ីប។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy