YouVersion Logo
Search Icon

កូឡូស 3

3
1 ដូច្នេះ ប្រសិន​បើ​បងប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ ជា​ស្ថាន​ដែល​ព្រះ‌គ្រិស្ត​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជា‌ម្ចាស់​នោះ​វិញ។ 2ចូរ​គិត​ពី​អ្វីៗ​ដែល​នៅ​ស្ថាន​លើ កុំ​គិត​ពី​អ្វី​នៅ​លើ​ផែនដី​នេះ​ឡើយ 3ដ្បិត​បងប្អូន​បាន​ស្លាប់​ផុត​ទៅ​ហើយ ហើយ​ជីវិត​របស់​បងប្អូន​ក៏​បាន​កប់​ទុក​ជា​មួយ​ព្រះ‌គ្រិស្ត ក្នុង​ព្រះ‌ជា‌ម្ចាស់​ដែរ។ 4ពេល​ព្រះ‌គ្រិស្ត​ដែល​ជា​ជីវិត​របស់​បងប្អូន​លេច​មក បងប្អូន​ក៏​នឹង​លេច​មក​ជា​មួយ​ព្រះ‌គ្រិស្ត ប្រកប​ដោយ​សិរី‌រុងរឿង​ដែរ។
ជីវិត​ចាស់ និង​ជីវិត​ថ្មី
5ដូច្នេះ សូម​បងប្អូន​សម្លាប់​អ្វីៗ​ខាង​លោកីយ៍​ចោល​ទៅ គឺ​អំពើ​ប្រាស‌ចាក​សីលធម៌ អំពើ​សៅ‌ហ្មង ចិត្ត​ស្រើប‌ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ត​លោភ‌លន់ គឺ​យក​ទ្រព្យ‌សម្បត្តិ​ធ្វើ​ជា​ព្រះ។ 6ព្រោះ​តែ​អំពើ​ទាំង​នោះ​ហើយ បាន​ជា​ព្រះ‌ជា‌ម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ពួក​អ្នក​ប្រឆាំង​ព្រះអង្គ។ 7កាល​ពី​ដើម បងប្អូន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ហើយ​ក៏​រស់​នៅ​បែប​ដូច្នោះ​ដែរ។ 8តែ​ឥឡូវ​នេះ សូម​បងប្អូន​បោះ‌បង់​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ចិត្ត​អាក្រក់ ពាក្យ​ជេរ‌ប្រមាថ ពាក្យ​ទ្រគោះ​បោះ‌បោក​ដែល​ចេញ​ពី​មាត់​របស់​បងប្អូន​ចោល​ទៅ។ 9 កុំ​និយាយ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​បងប្អូន​បាន​ដោះ​ជីវិត​ចាស់ និង​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ជីវិត​នោះ​ចោល​ហើយ 10 បងប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចម្រើន​ថ្មី​ឡើងៗ ឲ្យ​បាន​ដូច​ព្រះ‌ជា‌ម្ចាស់​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​ឲ្យ​បងប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។ 11ដូច្នេះ លែង​មាន​សាសន៍​ក្រិក ឬ​សាសន៍យូដា ពួក​កាត់​ស្បែក* ឬ​មិន​កាត់​ស្បែក មនុស្ស​ព្រៃ ឬ​ពួក​ទមិឡ​ និង​លែង​មាន​អ្នក‌ងារ ឬ​អ្នក‌ជា​ទៀត​ឡើយ ដ្បិត​ព្រះ‌គ្រិស្ត​បាន​បំពេញ​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។
12 ដោយ​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស‌រើស​បងប្អូន​ធ្វើ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ បងប្អូន​ត្រូវ​តែ​កាន់​ចិត្ត​អាណិត‌មេត្តា ចិត្ត​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត‌បូត និង​ចិត្ត​ខន្តី​អត់‌ធ្មត់។ 13 ត្រូវ​ចេះ​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន​បើ​បងប្អូន​ណា​ម្នាក់​មាន​រឿង​អ្វី​មួយ​នឹង​ម្នាក់​ទៀត ត្រូវ​តែ​អត់‌ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ‌អម្ចាស់​បាន​អត់‌ទោស​ឲ្យ​បងប្អូន​យ៉ាង​ណា ចូរ​អត់‌ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។ 14លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​មាន​ចិត្ត​ស្រឡាញ់ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​បងប្អូន​រួប‌រួម​គ្នា​ពេញ​លក្ខណៈ​ ។ 15សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌គ្រិស្ត​សោយ​រាជ្យ​នៅ​ ក្នុង​ចិត្ត​បងប្អូន ព្រោះ​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់‌ហៅ​បងប្អូន​ឲ្យ​មក​រួម​គ្នា​ក្នុង​ព្រះ‌កាយ​តែ​មួយ ដើម្បី​ឲ្យ​បងប្អូន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។ ត្រូវ​អរ​ព្រះ‌គុណ​ព្រះអង្គ​ជានិច្ច។
16 សូម​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រិស្ត​សណ្ឋិត​នៅ​ក្នុង​បងប្អូន​ឲ្យ​បាន​បរិបូណ៌។ ចូរ​ប្រៀន‌ប្រដៅ និង​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ក្នុង​ចិត្ត ដោយ​ប្រើ​ទំនុកតម្កើង បទ​សរសើរ និង​បទ​ចម្រៀង មក​ពី​ព្រះ‌វិញ្ញាណ។ 17ការ​អ្វី​ក៏​ដោយ​ដែល​បងប្អូន​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​កាយ‌វិការ​ក្តី ត្រូវ​ធ្វើ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ​ទាំង​អស់ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា តាម​រយៈ​ព្រះអង្គ​ផង។
ក្រុម‌គ្រួសារ​របស់​គ្រិស្ត‌បរិស័ទ
18 បងប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី​អើយ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ឲ្យ​បាន​ស្រប​តាម​របៀប​អ្នក​ជឿ​លើ​ព្រះ‌អម្ចាស់។
19 បងប្អូន​ដែល​មាន​ភរិយា​អើយ ត្រូវ​ស្រឡាញ់​ភរិយា​របស់​ខ្លួន ហើយ​មិន​ត្រូវ​មួម៉ៅ​ដាក់​នាង​ឡើយ។
20 កុមា‌រា‌កុមា‌រី​អើយ ចូរ​ស្ដាប់​បង្គាប់​មាតា‌បិតា​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ ធ្វើ​ដូច្នេះ ទើប​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។
21 បងប្អូន​ដែល​មាន​កូន​អើយ កុំ​ដុក‌ដាន់​កូន​របស់​ខ្លួន​ឡើយ ក្រែង​លោ​វា​បាក់​ទឹក​ចិត្ត។
22 បងប្អូន​ជា​ខ្ញុំ​បម្រើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ​គ្រប់​ចំពូក​ទាំង​អស់។ ត្រូវ​ធ្វើ​ដូច្នេះ មិន​គ្រាន់​តែ​ឲ្យ​ម្ចាស់​ទាំង​នោះ​ឃើញ ដូច​ជា​បងប្អូន​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្ត​ស្មោះ‌សរ និង​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។ 23គ្រប់​កិច្ចការ​ដែល​បងប្អូន​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ដូច​ជា​ធ្វើ​ថ្វាយ​ព្រះ‌អម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ 24ដោយ​ដឹង​ថា បងប្អូន​មុខ​ជា​ទទួល​មត៌ក​ពី​ព្រះ‌អម្ចាស់​ទុក​ជា​កម្រៃ​មិន​ខាន។ ម្ចាស់​ដ៏​ពិត​ប្រាកដ​គឺ​ព្រះ‌គ្រិស្ត ចូរ​បម្រើ​ព្រះអង្គ​ទៅ។ 25 អ្នក​ណា​ធ្វើ​ការ​អ្វី​ដោយ​ទុច្ចរិត អ្នក​នោះ​ក៏​នឹង​ទទួល​ផល តាម​អំពើ​ទុច្ចរិត​នោះ​ដែរ ដ្បិត​ព្រះ‌ជា‌ម្ចាស់​មិន​រើស​មុខ​នរណា​ឡើយ។

Currently Selected:

កូឡូស 3: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy