YouVersion Logo
Search Icon

John 8

8
1 រីឯ​ព្រះយេស៊ូ​ក៏​យាង​ទៅ​ភ្នំ​ដើម​អូលីវ​
2 លុះ​ព្រលឹម​ឡើង​ ព្រះអង្គ​យាង​ចូល​ក្នុង​ព្រះវិហារ​ម្តង​ទៀត​ ហើយ​បណ្តាជន​ទាំង​អស់​ក៏​មក​ឯ​ព្រះអង្គ​ ដូច្នេះ​ ព្រះអង្គ​ក៏​អង្គុយ​ចុះ​ ហើយ​បង្រៀន​ពួកគេ។​
3 ពេល​នោះ​ ពួក​គ្រូ​វិន័យ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​នាំ​ស្រ្តី​ម្នាក់​ដែល​គេ​ទាន់​កំពុង​ផិត​ក្បត់​មក​ ពេល​ឲ្យ​នាង​ឈរ​នៅ​កណ្តាល​ជំនុំ​ហើយ​
4 ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោកគ្រូ​ ពួកគេ​ចាប់​បាន​ស្រ្តី​ម្នាក់​នេះ​ នៅ​ពេល​នាង​កំពុង​ផិត​ក្បត់​
5 ហើយ​លោក​ម៉ូសេ​បាន​បង្គាប់​យើង​នៅ​ក្នុង​គម្ពីរ​វិន័យ​ ឲ្យ​គប់​ស្ត្រី​បែប​នេះ​នឹង​ដុំ​ថ្ម​ ដូច្នេះ​ តើ​លោក​ថា​យ៉ាង​ដូចម្ដេច​ដែរ?»
6 ពួកគេ​និយាយ​ដូច្នេះ​ដោយ​ល្បងល​ព្រះអង្គ​ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​បាន​ឱន​សរសេរ​នៅ​លើ​ដី​ដោយ​ម្រាម​ដៃ​
7 នៅ​ពេល​ពួកគេ​ចេះ​តែ​ទទូច​សួរ​ព្រះអង្គ​ នោះ​ព្រះអង្គ​ក៏​ងើប​ឡើង ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នកណា​គ្មាន​បាប​សោះ​ ចូរ​ឲ្យ​អ្នក​នោះ​គប់​នាង​នឹង​ដុំ​ថ្ម​មុន​គេ​ចុះ!»​
8 បន្ទាប់​មក​ ព្រះអង្គ​ក៏​ឱន​សរសេរ​នៅ​លើ​ដី​ម្តង​ទៀត។​
9 ពេល​ពួកគេ​ឮ​ដូច្នេះ​ក៏​ថយ​ចេញ​ម្នាក់​ម្តងៗ​ ចាប់​ពី​មនុស្ស​ចាស់​ជាង​គេ​រហូត​នៅ​សល់​តែ​ព្រះយេស៊ូ​ និង​ស្ត្រី​ម្នាក់​នោះ។​
10 ព្រះយេស៊ូ​ក៏​ងើប​ឡើង​ ហើយ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ តើ​ពួកគេ​នៅ‍​ឯណា?​ តើ​គ្មាន​អ្នកណា​ដាក់​ទោស​អ្នក​ទេ​ឬ?»​
11 នាង​ទូល​ថា៖​ «គ្មាន​ទេ​ លោក​ម្ចាស់!»​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​អ្នក​ដែរ​ ចូរ​ទៅ​ចុះ​ ប៉ុន្ដែ​ចាប់ពី​ពេល​នេះ​ត​ទៅ​ ចូរ​កុំ​ប្រព្រឹត្ដ​បាប​ទៀត»។​
12 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​បណ្ដាជន​ជា​ថ្មី​ទៀត​ថា៖​ «ខ្ញុំ​ជា​ពន្លឺ​នៃ​លោកិយ​ អ្នកណា​មក​តាម​ខ្ញុំ​ អ្នក​នោះ​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ​ គឺ​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។​
13 ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ទូល​ទៅ​ព្រះអង្គ​ថា៖​ «អ្នក​កំពុង​ធ្វើ​បន្ទាល់​អំពី​ខ្លួន​ឯង​ហើយ​ សេចក្ដី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ»។​
14 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ទោះបី​ខ្ញុំ​កំពុង​ធ្វើ​បន្ទាល់​អំពី​ខ្លួន​ខ្ញុំ​ក៏​ដោយ​ ក៏​សេចក្ដី​បន្ទាល់​របស់​ខ្ញុំ​ជា​ការ​ពិត​ ព្រោះ​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​មកពី​ណា​ ហើយ​ទៅ​ណា​ផង​ ប៉ុន្ដែ​អ្នក​រាល់គ្នា​វិញ​ មិន​ដឹង​ថា​ ខ្ញុំ​មកពី​ណា​ ឬ​ទៅ​ណា​ទេ​
15 អ្នក​រាល់គ្នា​វិនិច្ឆ័យ​តាម​បែប​សាច់ឈាម​ ឯ​ខ្ញុំ​មិន​វិនិច្ឆ័យ​អ្នកណា​ម្នាក់​ឡើយ​
16 ផ្ទុយ​ទៅ​វិញ​ ទោះបី​ខ្ញុំ​វិនិច្ឆ័យ​ក៏​ដោយ​ ក៏​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ពិត​ដែរ​ ព្រោះ​ខ្ញុំ​មិន​បាន​នៅ​តែ​ម្នាក់​ឯង​ទេ​ គឺ​មាន​ខ្ញុំ​ និង​ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។​
17 សូម្បី​តែ​នៅ​ក្នុង​គម្ពីរ​វិន័យ​របស់​អ្នក​រាល់គ្នា​ក៏​មាន​សេចក្ដី​ចែង​ទុក​មក​ដែរ​ថា​ សេចក្ដី​បន្ទាល់​របស់​មនុស្ស​ពីរ​នាក់​គឺ​ជា​សេចក្ដី​ពិត​
18 ដូច្នេះ​ខ្ញុំ​ជា​អ្នក​ធ្វើ​បន្ទាល់​អំពី​ខ្លួន​ខ្ញុំ​ រីឯ​ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក៏​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ដែរ»។​
19 ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​ព្រះ​វរ​បិតា​របស់​អ្នក​នៅ​ឯ​ណា?»​ ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «អ្នក​រាល់គ្នា​មិន​ស្គាល់​ខ្ញុំ​ទេ​ ហើយ​ក៏​មិន​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ​ បើ​អ្នក​រាល់គ្នា​ស្គាល់​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​ក៏​បាន​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ»។​
20 ព្រះយេស៊ូ​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​ នៅ​ពេល​កំពុង​បង្រៀន​នៅ​ក្បែរ​ហិប​តង្វាយ​នៅ​ក្នុង​ព្រះវិហារ​ ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​ចាប់​ព្រះអង្គ​ទេ​ ព្រោះ​មិន​ទាន់​ដល់​ពេល​វេលា​របស់​ព្រះអង្គ​នៅ​ឡើយ។​
21 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ម្តង​ទៀត​ថា៖​ «ខ្ញុំ​ត្រូវ​ចាកចេញទៅ​ហើយ​ អ្នក​រាល់គ្នា​នឹង​តាម​រក​ខ្ញុំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ស្លាប់​នៅ​ក្នុង​បាប​របស់​ខ្លួន។​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​មិន​អាច​ទៅ​បាន​ទេ»។​
22 ដូច្នេះ​ពួក​ជនជាតិ​យូដា​ក៏​និយាយ​គ្នា​ថា៖​ «តើ​គាត់​នឹង​សម្លាប់​ខ្លួន​ឬ​បាន​ជា​គាត់​និយាយ​ដូច្នេះ​ថា​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​មិន​អាច​ទៅ​បាន​ទេ?»
23 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មកពី​ស្ថាន​ក្រោម​ ឯ​ខ្ញុំ​វិញ​ ខ្ញុំ​មកពី​ស្ថាន​លើ​ អ្នក​រាល់គ្នា​កើត​ពី​លោកិយ​នេះ​ ឯ​ខ្ញុំ​វិញ ​ខ្ញុំ​មិន​កើត​ពី​លោកិយ​នេះ​ទេ​
24 ដូច្នេះ​ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់​ខ្លួន​ ព្រោះ​បើ​អ្នក​រាល់គ្នា​មិន​ជឿ​ថា​ខ្ញុំ​ជា​ព្រះ ​អ្នក​រាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់​ខ្លួន»។​
25 ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​នរណា?»​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​តាំងពី​ដំបូង​ហើយ​ថា​ខ្ញុំ​ជា​នរណា​
26 ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ត្រូវ​និយាយ​ ហើយ​ត្រូវ​ដាក់​ទោស​អ្នក​រាល់គ្នា​ ប៉ុន្ដែ​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ព្រះអង្គ​ពិត​ត្រង់​ ហើយ​ខ្ញុំ​ប្រាប់​មនុស្ស​លោក​អំពី​សេចក្ដី​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះអង្គ»។​
27 ពួកគេ​មិន​យល់​ថា​ ព្រះអង្គ​កំពុង​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​ព្រះ​វរ​បិតា​ទេ‍។​
28 ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពេល​អ្នក​រាល់គ្នា​លើក​កូន​មនុស្ស​ឡើង​ នោះ​ទើប​អ្នក​រាល់គ្នា​ដឹង​ថា​ជា​ខ្ញុំ​នេះ​ហើយ​ ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​ខ្លួន​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​តាម​តែ​ព្រះ​វរ​បិតា​បាន​បង្រៀន​ខ្ញុំ។​
29 ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ ព្រះអង្គ​គង់​ជាមួយ​ខ្ញុំ​ ព្រះអង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់​ឯង​ឡើយ​ ដ្បិត​ខ្ញុំ​តែង​ធ្វើ​អ្វី​ដែល​សព្វ​ព្រះ​ឫទ័យ​ព្រះអង្គ»។​
30 ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព្រះអង្គ។​
31 ដូច្នេះ​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួក​ជនជាតិ​យូដា​ដែល​ជឿ​លើ​ព្រះអង្គ​ថា៖​ «បើ​អ្នក​រាល់គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​របស់​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ពិត​ប្រាកដ​
32 ពេល​នោះ​ អ្នក​រាល់គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត​ ហើយ​សេចក្ដី​ពិត​នឹង​ដោះ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេរីភាព»។​
33 ពួកគេ​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «យើង​ជា​កូនចៅ​របស់​លោក​អ័ប្រាហាំ​ ហើយ​យើង​មិន​ដែល​ធ្វើ​ជា​បាវបម្រើ​របស់​អ្នកណា​ទេ​ ម្តេច​ក៏​អ្នក​និយាយ​ថា​ អ្នក​រាល់គ្នា​នឹង​មាន​សេរីភាព​ដូច្នេះ?»​
34 ព្រះយេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ដែល​ប្រព្រឹត្ត​បាប​ អ្នក​នោះ​ជា​បាវបម្រើ​របស់​បាប​
35 ហើយ​បាវបម្រើ​មិន​នៅ​ក្នុង​ផ្ទះ​ជាប់​ជានិច្ច​ទេ​ ឯ​កូន​ប្រុស​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច។​
36 ដូច្នេះ​បើ​ព្រះរាជ​បុត្រា​ដោះ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេរីភាព​ អ្នក​រាល់គ្នា​មុខ​ជា​មាន​សេរីភាព​ពិត​ប្រាកដ
37 ខ្ញុំ​ដឹង​ហើយ​ថា​ អ្នក​រាល់គ្នា​ជា​កូនចៅ​របស់​លោក​អ័ប្រាហាំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​រក​សម្លាប់​ខ្ញុំ​ ព្រោះ​ពាក្យ​សំដី​របស់​ខ្ញុំ​មិន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់គ្នា​ទេ។​
38 ខ្ញុំ​និយាយ​សេចក្ដី​ណា​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​ព្រះ​វត្ដមាន​ព្រះ​វរ​បិតា​ ដូច្នេះ​ហើយ​អ្នក​រាល់គ្នា​ក៏​ធ្វើ​តាម​សេចក្ដី​ណា​ដែល​អ្នក​រាល់គ្នា​បាន​ឮ​ពី​ឪពុក​អ្នក​រាល់គ្នា​ដែរ»។​
39 ពួកគេ​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង» ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បើ​អ្នក​រាល់គ្នា​ជា​កូនចៅ​របស់​លោក​អ័ប្រាហាំ​មែន​ អ្នក​រាល់គ្នា​មុខ​ជា​ធ្វើ​កិច្ចការ​របស់​លោក​អ័ប្រាហាំ​
40 ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​រក​សម្លាប់​ខ្ញុំ​ ជា​អ្នក​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ពិត​ដែល​បាន​ឮ​ពី​ព្រះជាម្ចាស់​មក​ លោក​អ័ប្រាហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​
41 ដូច្នេះ​អ្នក​រាល់គ្នា​កំពុង​ធ្វើ​អ្វី​ដែល​ឪពុក​របស់​អ្នក​រាល់គ្នា​បាន​ធ្វើ»​ ពួកគេ​ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «យើង​មិន​បាន​កើត​មកពី​ការ​សាហាយស្មន់​ទេ​ យើង​មាន​ឪពុក​តែ​មួយ​ គឺ​ព្រះជាម្ចាស់»​
42 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បើ​ព្រះជាម្ចាស់​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​មែន​ អ្នក​រាល់គ្នា​មុខ​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន​ ដ្បិត​ខ្ញុំ​នៅ​ទី​នោះ​ ខ្ញុំ​ចេញ​ពី​ព្រះជាម្ចាស់​មក​ ខ្ញុំ​មិន​បាន​មក​ដោយ​ខ្លួន​ខ្ញុំ​ទេ​ គឺ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។​
43 ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​យល់​ពាក្យ​សំដី​របស់​ខ្ញុំ?​ នេះ​មកពី​អ្នក​រាល់គ្នា​មិន​អាច​ស្តាប់​ពាក្យ​របស់​ខ្ញុំ​បាន​
44 ហើយ​អ្នក​រាល់គ្នា​មាន​ឪពុក​ជា​អារក្ស​សាតាំង​ អ្នក​រាល់គ្នា​ចូលចិត្ត​ធ្វើ​តាម​បំណង​ឪពុក​របស់​ខ្លួន​ ដ្បិត​វា​ជា​អ្នក​សម្លាប់​មនុស្ស​តាំងពី​ដើម​មក​ ហើយ​មិន​ឈរ​នៅ​ក្នុង​សេចក្ដី​ពិត​ទេ​ ព្រោះ​វា​គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន​ឡើយ‍។​ ពេល​វា​និយាយ​កុហក​ វា​និយាយ​ចេញ​ពី​ចិត្ដ​របស់​វា​ ដ្បិត​វា​ជា​មេ​កុហក​ ហើយ​ជា​ឪពុក​នៃ​សេចក្ដី​កុហក​
45 ដូច្នេះ​ ដោយសារ​តែ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ អ្នក​រាល់គ្នា​មិន​ជឿ​ខ្ញុំ​
46 តើ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ នរណា​អាច​បង្ហាញ​បាន​ដែរ​ឬ​ទេ​ថា​ ខ្ញុំ​នេះ​មាន​បាប?​ បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ តើ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​ជឿ​ខ្ញុំ?​
47 អ្នកណា​ដែល​កើត​មកពី​ព្រះជាម្ចាស់​ អ្នក​នោះ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ រីឯ​អ្នក​រាល់គ្នា ​មិន​បាន​កើត​មកពី​ព្រះជាម្ចាស់​ទេ​ បាន​ជា​អ្នក​រាល់គ្នា​មិន​ស្ដាប់​ដូច្នេះ»។​
48 ពួក​ជនជាតិ​យូដា​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «តើ​យើង​និយាយ​មិន​ត្រូវ​ទេ​ឬ​អី​ថា​ អ្នក​ជា​ជនជាតិ​សាម៉ារី​ ហើយ​មាន​អារក្ស​ចូល?»​
49 ព្រះយេស៊ូ​មាន​បន្ទូល​តប​ថា៖​ «ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​គោរព​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បែរ​ជា​ប្រមាថ​ខ្ញុំ​ទៅ​វិញ។​
50 ខ្ញុំ​មិន​ស្វែងរក​សិរី​រុងរឿង​សម្រាប់​ខ្លួន​ខ្ញុំ​ទេ​ មាន​ព្រះ​មួយ​អង្គ​កំពុង​ស្វែងរក​ ហើយ​កំពុង​ជំនុំជម្រះ​
51 ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ អ្នក​នោះ​នឹង​មិន​ជួប​សេចក្ដី​ស្លាប់​ឡើយ»។​
52 ពួក​ជនជាតិ​យូដា​ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ឥឡូវ​នេះ​ យើង​ដឹង​ថា​ អ្នក​មាន​អារក្ស​ចូល​មែន​ហើយ។​ លោក​អ័ប្រាហាំ​ និង​ពួកអ្នកនាំ​ព្រះបន្ទូល​បាន​ស្លាប់​ទៅ​ហើយ​ ប៉ុន្ដែ​អ្នក​បែរ​ជា​និយាយ​ថា​ បើ​អ្នកណា​កាន់​តាម​ពាក្យ​សំដី​របស់​អ្នក​ អ្នក​នោះ​នឹង​មិន​ស្គាល់​សេចក្ដី​ស្លាប់​ទៀត​ឡើយ។​
53 តើ​អ្នក​ធំ​ជាង​លោក​អ័ប្រាហាំ​ ជា​ដូនតា​របស់​យើង​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ឬ?​ តើ​អ្នក​តាំង​ខ្លួន​ជា​នរណា?​»
54 ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «បើ​ខ្ញុំ​តម្កើង​ខ្លួន​ខ្ញុំ​ សិរី​រុងរឿង​របស់​ខ្ញុំ​ឥត​ប្រយោជន៍​ទេ​ គឺ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ទេ​ដែល​លើក​តម្កើង​ខ្ញុំ​ ព្រះអង្គ​នោះ​ហើយ​ដែល​អ្នក​រាល់គ្នា​និយាយ​ថា​ ជា​ព្រះ​របស់​យើង​
55 ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ​ រីឯ​ខ្ញុំ​ ខ្ញុំ​ស្គាល់​ព្រះអង្គ​ បើ​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ នោះ​ខ្ញុំ​នឹង​ត្រលប់​ជា​អ្នក​កុហក​ដូច​អ្នក​រាល់គ្នា​ដែរ​ ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ពិត​មែន​ ហើយ​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ទៀត។​
56 រីឯ​លោក​អ័ប្រាហាំ​ដែល​ជា​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​ត្រេកអរ​ដោយ​ឃើញ​គ្រា​របស់​ខ្ញុំ​ ឥឡូវ​នេះ​ គាត់​បាន​ឃើញ​មែន​ ហើយ​មាន​ចិត្ដ​រីករាយ​ណាស់»​
57 ពេល​នោះ ពួក​ជនជាតិ​យូដា​ទូល​ទៅ​ព្រះអង្គ​ថា៖​ «អ្នក​មាន​អាយុ​មិន​ដល់​ហាសិប​ឆ្នាំ​ផង​ តើ​អ្នក​បាន​ឃើញ​លោក​អ័ប្រាហាំ​ហើយ​ឬ?»​
58 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ មុន​លោក​អ័ប្រាហាំ​កើត​មក​ នោះ​មាន​ខ្ញុំ​រួច​ទៅ​ហើយ»។​
59 ដូច្នេះ​ពួកគេ​ក៏​រើស​ដុំ​ថ្ម​ដើម្បី​គប់​ព្រះយេស៊ូ​ ប៉ុន្ដែ​ព្រះអង្គ​បាន​បំបាំង​កាយ​យាង​ចេញ​ពី​ព្រះវិហារ។​

Currently Selected:

John 8: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy