YouVersion Logo
Search Icon

James 5

5
1 ចូរ​មក៍​ ឱពួកអ្នកមាន​អើយ!​ ចូរ​ស្រែក​ទ្រហោយំ​ចំពោះ​សេចក្ដី​វេទនា​ដែល​នឹង​ធ្លាក់​មក​លើ​អ្នក​រាល់គ្នា​ចុះ​
2 ទ្រព្យ​សម្បត្ដិរ​បស់​អ្នក​រាល់គ្នា​បាន​ពុកផុយ​ ហើយ​សម្លៀក​បំពាក់​របស់​អ្នក​រាល់គ្នា​ក៏​ត្រូវ​ខ្មូត​ស៊ី​អស់​ដែរ។​
3 មាស​ប្រាក់​របស់​អ្នក​រាល់គ្នា​ដុះ​ស្និម​ ហើយ​ស្និម​នេះ​ជា​ទីបន្ទាល់​ទាស់​នឹង​អ្នក​រាល់គ្នា​ ហើយ​ស៊ី​សាច់​អ្នក​រាល់គ្នា​ដូច​ជា​ភ្លើង​ អ្នក​រាល់គ្នា​បានសន្សំ​ទ្រព្យ​សម្បត្តិ​ទុកនៅ​គ្រា​ចុងក្រោយ​នេះ។​
4 មើល៍​ ប្រាក់​ឈ្នួល​ដែល​អ្នក​រាល់គ្នា​បាន​លួច​បន្លំ​កម្មករ​ដែល​បាន​ច្រូតកាត់​នៅ​ក្នុង​ស្រែ​របស់​អ្នក​រាល់គ្នា​ បាន​ស្រែក​ឡើង​ ហើយ​សម្រែក​របស់​ពួកអ្នក​ច្រូត​បាន‍ឮ​ដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពួក​ពល​បរិវា​ហើយ។​
5 អ្នក​រាល់គ្នា​បាន​រស់នៅ​លើ​ផែនដី​នេះ​យ៉ាង​ថ្កុំថ្កើង​រុងរឿង​ តាម​បំណង​ស្រើបស្រាល​ ហើយ​អ្នក​រាល់គ្នា​បាន​ចម្អែត​ចិត្ដ​របស់​ខ្លួន​ដូច​ជា​នៅ​ថ្ងៃ​សម្លាប់​សត្វ។​
6 អ្នក​រាល់គ្នា​បាន​កាត់ទោស​ ហើយ​សម្លាប់​មនុស្ស​សុចរិត​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ប្រឆាំង​នឹង​អ្នក​រាល់គ្នា​ទេ។
7 ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​អត់ធ្មត់​រហូត​ដល់​ថ្ងៃ​ដែល​ព្រះអម្ចាស់​យាង​មក​ចុះ​ មើល៍​ កសិករ​ទន្ទឹង​រង់ចាំ​ផលផ្លែ​ដ៏​មាន​តម្លៃ​ដែល​កើត​ចេញ​ពី​ដី​ ដោយ​អត់ធ្មត់​ដែរ​ គឺ​តាំង​ពី​ភ្លៀង​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ‍។​
8 រីឯ​អ្នក​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ ចូរ​អត់ធ្មត់​ ហើយ​ពង្រឹង​ចិត្ត​របស់​អ្នក​ឲ្យ​មាំមួន​ឡើង​ ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​ហើយ។​
9 បងប្អូន​អើយ!​ ចូរ​កុំ​រអ៊ូរទាំ​ទាស់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ​ ក្រែងលោ​ត្រូវ​ជាប់​ជំនុំជម្រះ​ មើល៍​ ចៅ​ក្រម​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។​
10 បងប្អូន​អើយ!​ ចូរ​យក​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ព្រះបន្ទូល​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​ទុក​ជា​គំរូ​អំពី​សេចក្ដី​អត់ធ្មត់​ និង​ការ​រងទុក្ខ​លំបាក​ចុះ។​
11 មើល៍​ យើង​រាប់​ពួកអ្នក​ដែល​បាន​ស៊ូទ្រាំ​ថា​ ជា​អ្នក​មាន​ពរ។​ អ្នក​រាល់គ្នា​បាន​ឮ​អំពី​ការ​ស៊ូទ្រាំ​របស់​លោក​យ៉ូប​ ហើយ​ឃើញ​លទ្ធផល​ចុងក្រោយ​របស់​គាត់​ដែល​មក​ពី​ព្រះអម្ចាស់​ដែរ​ ដ្បិត​ព្រះអម្ចាស់​ពេញ​ដោយ​ព្រះហឫ​ទ័យ​អាណិត​អាសូរ​ និង​មេត្តា​ករុណា។​
12 លើស​ពី​នេះ​ទៅ​ទៀត​ បងប្អូន​របស់​ខ្ញុំ​អើយ!​ កុំ​ស្បថ​ឲ្យ​សោះ​ មិនថាស្បថ​នឹង​ស្ថានសួគ៌​ ឬ​ផែនដី​ ឬ​សម្បថ​ណា​ផ្សេង​ទៀត​ក្ដី​ ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​ពាក្យ​របស់​អ្នក​រាល់គ្នា​ បាទ​ គឺ​បាទ​ ហើយ​ទេ​ គឺ​ទេ​ចុះ​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ជាប់​ជំនុំជម្រះ​ឡើយ។​
13 នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មាន​អ្នកណា​រងទុក្ខ​លំបាក​ដែរ​ឬ​ ចូរ​ឲ្យ​អ្នក​នោះ​អធិស្ឋាន​ចុះ​ មាន​អ្នកណា​អរ​សប្បាយ​ដែរ​ឬ​ ចូរ​ឲ្យ​អ្នក​នោះ​ច្រៀង​សរសើរ​ចុះ​
14 នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មាន​អ្នកណា​ឈឺ​ដែរ​ឬ​ ចូរ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់ទុំ​របស់​ក្រុមជំនុំ​មក​អធិស្ឋាន​ទាំង​លាបប្រេង​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​ចុះ​
15 ការ​អធិស្ឋាន​ដោយ​ជំនឿ​នឹង​សង្គ្រោះ​អ្នក​ឈឺ​ ហើយ​ព្រះអម្ចាស់​នឹង​ប្រោស​គាត់​ឲ្យ​បាន​ជា​ បើ​គាត់​បាន​ប្រព្រឹត្ដ​បាប​ គាត់​នឹង​បាន​ទទួល​ការ​លើកលែង​ទោស។​
16 ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​សារភាព​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ឲ្យ​បាន​ជា​សះស្បើយ​ចុះ​ ដ្បិត​សេចក្ដី​ទូល​អង្វរ​របស់​មនុស្ស​សុចរិត​ពូកែ​ និង​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។​
17 លោក​អេលីយ៉ា​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​យើង​ គាត់​បាន​អធិស្ឋាន​ សុំ​កុំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែនដី​អស់​បី​ឆ្នាំ​ប្រាំ​មួយ​ខែ។​
18 បន្ទាប់​មក​ គាត់​បាន​អធិស្ឋាន​ម្ដង​ទៀត​ នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង​ ហើយ​ដី​ក៏​បាន​បង្កើត​ផល​ផ្លែ។​
19 បងប្អូន​របស់​ខ្ញុំ​អើយ!​ បើ​មាន​អ្នកណា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​វង្វេង​ចេញ​ពី​សេចក្ដី​ពិត​ ហើយ​មាន​អ្នកណា​ម្នាក់​បាន​នាំ​គាត់​មក​វិញ​
20 ចូរ​ឲ្យ​អ្នក​នោះ​ដឹង​ថា​ អ្នក​ដែល​នាំ​មនុស្ស​បាប​ចេញ​ពី​ផ្លូវ​ដែល​គេ​បាន​វង្វេង​ គឺ​បាន​សង្គ្រោះ​ព្រលឹង​របស់​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ ព្រមទាំង​គ្របបាំង​បាប​ដ៏​ច្រើនលើស​លុប​ទៀត​ផង។​

Currently Selected:

James 5: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy