1 Peter 1
1
1 ខ្ញុំពេត្រុស ជាសាវករបស់ព្រះយេស៊ូគ្រិស្ដ ជូនចំពោះពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ហើយដែលបានបែកខ្ញែកគ្នាទៅស្នាក់នៅបណ្ដោះអាសន្ននៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៉ីធូនា
2 ស្របតាមគោលបំណងរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដែលបានកំណត់ទុក គឺជាពួកអ្នកដែលទទួលបានការញែកជាបរិសុទ្ធរបស់ព្រះវិញ្ញាណ ដើម្បីឲ្យស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ដ និងទទួលបានការប្រោះឈាមរបស់ព្រះអង្គ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
3 គួរសរសើរព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងដែលបានបង្កើតយើងជាថ្មី ស្របតាមសេចក្ដីមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដើម្បីឲ្យយើងបានចូលទៅក្នុងសេចក្ដីសង្ឃឹមដ៏រស់តាមរយៈការរស់ពីការសោយទិវង្គតឡើងវិញរបស់ព្រះយេស៊ូគ្រិស្ដ
4 និងដើម្បីឲ្យយើងទទួលបានកេរ្ដិ៍មរតកដែលមិនពុករលួយ ឥតសៅហ្មង ហើយមិនស្រពោនឡើយ ជាកេរ្ដិ៍មរតកដែលព្រះជាម្ចាស់បម្រុងទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា
5 គឺអ្នករាល់គ្នាដែលព្រះជាម្ចាស់កំពុងតែថែរក្សាដោយអំណាចរបស់ព្រះអង្គតាមរយៈជំនឿ សម្រាប់សេចក្ដីសង្គ្រោះ ដែលបានរៀបចំជាស្រេចដើម្បីបើកសំដែងនៅគ្រាចុងក្រោយ។
6 ហេតុនេះហើយបានជាអ្នករាល់គ្នាមានចិត្ដរីករាយយ៉ាងខ្លាំង ទោះជាពេលនេះ អ្នករាល់គ្នាត្រូវរងទុក្ខលំបាកមួយរយៈពេលខ្លីដោយសារសេចក្ដីល្បួងផ្សេងៗក្ដី
7 ក៏ដើម្បីឲ្យជំនឿរបស់អ្នករាល់គ្នាដែលវិសេសជាងមាសដែលតែងតែខូច ទោះបីបានសាកដោយសារភ្លើងក៏ដោយ ឃើញថាស្មោះត្រង់ និងបានទទួលការសរសើរ សិរីរុងរឿង និងកិត្ដិយសនៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដយាងមក។
8 អ្នករាល់គ្នាមិនបានឃើញព្រះអង្គទេ ប៉ុន្ដែស្រឡាញ់ព្រះអង្គ ហើយទោះបីពេលនេះ អ្នករាល់គ្នាមិនទាន់បានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាជឿព្រះអង្គ ទាំងមានអំណរដ៏រកថ្លែងពុំបាន និងអំណរដ៏រុងរឿង
9 ព្រោះអ្នករាល់គ្នាទទួលបានលទ្ឋផលនៃជំនឿរបស់អ្នករាល់គ្នា ដែលជាសេចក្ដីសង្គ្រោះដល់ព្រលឹងរបស់អ្នករាល់គ្នា។
10 ចំពោះសេចក្ដីសង្គ្រោះនោះ ពួកអ្នកនាំព្រះបន្ទូលដែលបានថ្លែងអំពីព្រះគុណសម្រាប់អ្នករាល់គ្នាបានខំស្វែងរក និងស្រាវជ្រាវ
11 ព្រមទាំងស្វែងយល់ឲ្យបានដឹងអំពីពេលវេលា ឬកាលៈទេសៈបែបណាដែលនឹងកើតឡើងសម្រាប់សេចក្ដីបន្ទាល់ដែលព្រះវិញ្ញាណរបស់ព្រះគ្រិស្ដគង់នៅក្នុងពួកគេប្រាប់ជាមុនយ៉ាងច្បាស់អំពីការរងទុក្ខរបស់ព្រះគ្រិស្ដ និងសិរីរុងរឿងដែលត្រូវមកតាមក្រោយ។
12 ពួកគេបានទទួលការបើកសំដែងអំពីសេចក្ដីទាំងនោះ មិនមែនសម្រាប់ពួកគេទេ គឺសម្រាប់បម្រើអ្នករាល់គ្នាវិញ ជាសេចក្ដីដែលពួកអ្នកប្រកាសដំណឹងល្អបានប្រកាសប្រាប់អ្នករាល់គ្នានៅពេលឥឡូវនេះដោយសារព្រះវិញ្ញាណបរិសុទ្ធដែលបានចាត់មកពីស្ថានសួគ៌ ហើយពួកទេវតាក៏ប្រាថ្នាចង់ឃើញសេចក្ដីទាំងនោះដែរ។
13 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាប្រុងប្រៀបចិត្ដគំនិតជាស្រេច កុំភ្លេចខ្លួនឲ្យសោះ ចូរមានសង្ឃឹមទាំងស្រុងលើព្រះគុណដែលនឹងប្រទានមកអ្នករាល់គ្នា នៅពេលព្រះយេស៊ូគ្រិស្ដលេចមក
14 ចូរធ្វើដូចជាកូនដែលស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមសេចក្ដីប៉ងប្រាថ្នាដែលអ្នករាល់គ្នាធ្លាប់មានកាលដែលនៅល្ងង់ខ្លៅនោះឡើយ
15 ប៉ុន្ដែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធខាងឯការប្រព្រឹត្ដិទាំងអស់ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ព្រះអង្គបរិសុទ្ធ។
16 ដ្បិតមានសេចក្ដីចែងទុកថា៖ «ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ព្រោះយើងបរិសុទ្ធ»។
17 បើអ្នករាល់គ្នាហៅព្រះអង្គដែលជំនុំជម្រះម្នាក់ៗទៅតាមការប្រព្រឹត្ដិឥតយល់មុខអ្នកណាឡើយថាព្រះវរបិតា នោះចូររស់នៅដោយកោតខ្លាចព្រះអង្គក្នុងកាលដែលអ្នករាល់គ្នាស្នាក់នៅក្នុងជីវិតនេះចុះ
18 ទាំងដឹងថា អ្នករាល់គ្នាបានទទួលការលោះឲ្យរួចពីកិរិយាឥតប្រយោជន៍ដែលបន្ដពីដូនតារបស់អ្នករាល់គ្នានោះ មិនមែនដោយរបស់ដែលត្រូវពុករលួយដូចជាមាស ឬប្រាក់ឡើយ
19 គឺបានលោះដោយសារឈាមដ៏វិសេសរបស់ព្រះគ្រិស្ដ ដែលជាកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម
20 ដែលបានជ្រើសរើសតាំងពីមុនកំណើតពិភពលោកមកម៉្លេះ ប៉ុន្ដែទើបតែនឹងបង្ហាញខ្លួនឲ្យឃើញនៅគ្រាចុងក្រោយនេះសម្រាប់អ្នករាល់គ្នា។
21 តាមរយៈព្រះអង្គ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ដែលបានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ ព្រមទាំងប្រទានសិរីរុងរឿងដល់ព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាមានជំនឿ និងមានសេចក្ដីសង្ឃឹមលើព្រះជាម្ចាស់។
22 អ្នករាល់គ្នាបានជម្រះចិត្ដរបស់ខ្លួនឲ្យបានបរិសុទ្ធដោយស្ដាប់បង្គាប់តាមសេចក្ដីពិត ដើម្បីឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងខ្លាំងដោយចិត្ដបរិសុទ្ធចុះ
23 ដ្បិតអ្នករាល់គ្នាបានកើតជាថ្មី មិនមែនពីពូជដែលពុករលួយទេ ប៉ុន្ដែពីពូជដែលមិនពុករលួយ គឺដោយសារព្រះបន្ទូលដ៏រស់ និងដ៏នៅស្ថិតស្ថេររបស់ព្រះជាម្ចាស់។
24 ដ្បិតមនុស្សទាំងអស់ប្រៀបដូចជាស្មៅ ហើយសិរីរុងរឿងរបស់ពួកគេប្រៀបដូចជាផ្កាស្មៅដែរ។ ពេលស្មៅក្រៀមស្វិត នោះផ្កាស្មៅក៏រុះរោយទៅ
25 ប៉ុន្ដែព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះបន្ទូលនេះជាដំណឹងល្អដែលបានប្រកាសមកអ្នករាល់គ្នា។
Currently Selected:
1 Peter 1: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.