ម៉ាថាយ 3
3
ការប្រកាសរបស់លោកយ៉ូហាន-បាទីស្ទ
(ម៉ាកុស ១.១-៨ លូកា ៣.១-១៨ យ៉ូហាន ១.១៩-២៨)
1នៅគ្រានោះ លោកយ៉ូហាន-បាទីស្ទបានលេចមកនៅទីរហោស្ថានស្រុកយូដា ប្រកាសថា៖ 2«ចូរប្រែចិត្ត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជិតមកដល់ហើយ»។ 3អ្នកនេះហើយដែលហោរាអេសាយបានថ្លែងថា៖
«មានសំឡេងរបស់មនុស្សម្នាក់
ស្រែកឡើងនៅទីរហោស្ថានថា
"ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់
ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ"» ។
4លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ មានខ្សែក្រវាត់ស្បែកនៅនឹងចង្កេះ លោកបរិភោគកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ។ 5ពេលនោះ មនុស្សនៅក្រុងយេរូសាឡិម និងនៅស្រុកយូដាទាំងអស់ ព្រមទាំងមនុស្សដែលនៅតំបន់តាមដងទន្លេយ័រដាន់ បានចេញទៅរកលោក 6ហើយគេទទួលពិធីជ្រមុជទឹកពីលោកនៅទន្លេយ័រដាន់ ទាំងលន់តួអំពើបាបរបស់ខ្លួន។ 7ប៉ុន្តែ ពេលលោកឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់អ្នករាល់គ្នា ឲ្យគេចចេញពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ? 8ចូរអ្នករាល់គ្នាបង្កើតផលឲ្យសមនឹងការប្រែចិត្តចុះ 9ហើយកុំឲ្យគិតក្នុងចិត្តថា "យើងមានលោកអ័ប្រាហាំជាឪពុក" នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំពីថ្មទាំងនេះក៏បាន។ 10ប៉ុន្តែ ឥឡូវនេះ ពូថៅដាក់នៅនឹងឫសឈើជាស្រេចហើយ ដូច្នេះ អស់ទាំងដើមណាដែលមិនផ្តល់ផ្លែល្អ នោះត្រូវកាប់រំលំចោល ហើយបោះទៅក្នុងភ្លើង។
11ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការប្រែចិត្ត ប៉ុន្តែ ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចជាងខ្ញុំ ហើយខ្ញុំមិនសមនឹងកាន់សុព័ណ៌បាទថ្វាយព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយភ្លើងវិញ។ 12ទ្រង់កាន់ចង្អេរនៅនឹងព្រះហស្ត ទ្រង់នឹងបោសសម្អាតទីលានរបស់ព្រះអង្គ ហើយប្រមូលស្រូវរបស់ព្រះអង្គដាក់ក្នុងជង្រុក រីឯសម្ដី ទ្រង់នឹងដុតក្នុងភ្លើងដែលមិនអាចពន្លត់បានវិញ»។
ព្រះយេស៊ូវទទួលពិធីជ្រមុជទឹក
13ពេលនោះ ព្រះយេស៊ូវយាងមកពីស្រុកកាលីឡេ មករកលោកយ៉ូហាននៅត្រង់ទន្លេយ័រដាន់ ដើម្បីទទួលពិធីជ្រមុជទឹកពីលោក។ 14តែលោកយ៉ូហានប្រកែកថា៖ «ទូលបង្គំទេដែលត្រូវទទួលពិធីជ្រមុជទឹកពីព្រះអង្គ ម្តេចបានជាព្រះអង្គមករកទូលបង្គំទៅវិញ?» 15ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឥឡូវនេះ ចូរធ្វើពិធីនេះសិនចុះ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ ដើម្បីឲ្យបានសម្រេចគ្រប់ទាំងសេចក្តីសុចរិត» លោកក៏យល់ព្រម។ 16ពេលព្រះយេស៊ូវទទួលពិធីជ្រមុជរួចហើយ ទ្រង់ក៏យាងឡើងពីទឹក រំពេចនោះស្រាប់តែមេឃបើកចំហនៅចំពោះព្រះអង្គ ហើយព្រះអង្គឃើញព្រះវិញ្ញាណរបស់ព្រះ យាងចុះមកសណ្ឋិតលើព្រះអង្គដូចសត្វព្រាប។ 17ពេលនោះ មានសំឡេងមួយពីស្ថានសួគ៌មកថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់»។
© 2016 United Bible Societies