អេម៉ុស 8
8
កំប្រោងផ្លែឈើ
1ព្រះអម្ចាស់យេហូវ៉ាបង្ហាញខ្ញុំដូច្នេះ មើល៍ មានកំប្រោងមួយពេញដោយផ្លែឈើរដូវក្តៅ 2ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំក៏ទូលព្រះអង្គថា៖ «ឃើញកំប្រោងមួយពេញដោយផ្លែឈើរដូវក្តៅ » រួចព្រះយេហូវ៉ាប្រាប់ខ្ញុំថា៖
«ចុងបញ្ចប់ បានមកដល់អ៊ីស្រាអែល
ជាប្រជារាស្ត្ររបស់យើងហើយ
យើងនឹងលែងមើលរំលងគេទៀតហើយ។
3នៅថ្ងៃនោះ បទចម្រៀងដែលច្រៀងនៅក្នុងព្រះវិហារ
នឹងត្រឡប់ជាសម្រែកទ្រហោយំ
មានសាកសពយ៉ាងច្រើនសន្ធឹក
ហើយត្រូវគេបោះចោលគ្រប់ទីកន្លែង។
ចូរស្ងៀមស្ងាត់!»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
4ចូរស្ដាប់សេចក្ដីនេះចុះ!
ម្នាលពួកអ្នកដែលជិះជាន់មនុស្សកម្សត់ទុគ៌ត
ហើយធ្វើឲ្យអ្នកក្រីក្រនៅក្នុងស្រុកត្រូវវិនាស
5ដោយពាក្យថា "តើពេលណាទើបផុតថ្ងៃបុណ្យចូលខែ
ដើម្បីឲ្យយើងបានលក់ស្រូវ
ហើយថ្ងៃសប្ប័ទដែរ
ដើម្បីឲ្យយើងបានដាក់លក់ភោជ្ជសាលី?
យើងនឹងបង្រួមរង្វាល់ ហើយដំឡើងថ្លៃ
រួចបញ្ឆោតគេដោយជញ្ជីងមិនត្រឹមត្រូវ
6ប្រយោជន៍ឲ្យយើងបានទិញមនុស្សក្រីក្រដោយប្រាក់
និងមនុស្សកម្សត់ទុគ៌ត ដោយស្បែកជើងមួយគូ
ព្រមទាំងលក់សំដីស្រូវដែរ"។
7ព្រះយេហូវ៉ាបានស្បថដោយសារអំនួតរបស់យ៉ាកុបថា
"ពិតប្រាកដជាយើងនឹងមិនភ្លេចអំពើណាមួយ
ដែលគេបានប្រព្រឹត្តឡើយ"។
8ដោយហេតុនេះ តើស្រុកមិនញាប់ញ័រ
ហើយគ្រប់គ្នាដែលរស់នៅក្នុងស្រុក
តើមិនសោយសោកទេឬ?
អើ ស្រុកនេះទាំងមូលនឹងឡើងលិចដូចទន្លេធំ
និងចម្រើនដី ហើយស្រោចស្រព រួចស្រកទៅវិញ
ដូចជាទន្លេនៅស្រុកអេស៊ីព្ទដែរ។
9នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា
នៅថ្ងៃនោះ យើងនឹងធ្វើឲ្យព្រះអាទិត្យលិច
នៅពេលថ្ងៃត្រង់
ហើយឲ្យផែនដីងងឹត នៅពេលមេឃស្រឡះ។
10យើងនឹងធ្វើឲ្យបុណ្យទាំងប៉ុន្មានរបស់អ្នករាល់គ្នា
ទៅជាការយំសោក
ហើយឲ្យបទចម្រៀងរបស់អ្នករាល់គ្នា
ទៅជាពាក្យទំនួញ។
យើងនឹងធ្វើឲ្យគ្រប់ទាំងចង្កេះស្លៀកពាក់សំពត់ធ្មៃ
ហើយឲ្យគ្រប់ទាំងក្បាលទៅជាត្រងោល។
យើងនឹងធ្វើឲ្យមានការយំសោក
ដូចគេយំសោកនឹងកូនតែមួយ
ហើយចុងបំផុតនៃការនោះនឹងដូចជាថ្ងៃជូរល្វីង។
11ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖
«មើល៍ គ្រានោះនឹងមកដល់
ដែលយើងនឹងចាត់អំណត់មកលើស្រុកនេះ
មិនមែនជាអំណត់ដែលអត់អាហារ
ឬដែលស្រេកទឹកទេ
គឺជាអំណត់ដែលមិនបានឮព្រះបន្ទូល
របស់ព្រះយេហូវ៉ាវិញ។
12គេនឹងដើរចុះឡើងពីសមុទ្រម្ខាងទៅសមុទ្រម្ខាង
ហើយពីទិសខាងជើង រហូតដល់ទិសខាងកើត
គេនឹងរត់ច្រវាត់ ដើម្បីស្វែងរកព្រះបន្ទូល
របស់ព្រះយេហូវ៉ា តែនឹងមិនប្រទះឡើយ។
13នៅថ្ងៃនោះ ក្រមុំស្អាតៗ និងកំលោះៗ
នឹងល្វើយទៅដោយស្រេកទឹក។
14អស់អ្នកដែលស្បថដោយអំពើបាបរបស់សាម៉ារី
ពោលថា "ដូចដែលព្រះរបស់អ្នករស់នៅ
ឱដាន់អើយ"
ហើយថា "ដូចដែលផ្លូវប្រព្រឹត្ត
របស់បៀរ-សេបារស់នៅ" យ៉ាងណា
នោះគេនឹងដួល ហើយក្រោកឡើងវិញមិនរួចឡើយ»។
© 2016 United Bible Societies