រ៉ូម 3
3
1ដូច្នេះតើសាសន៍យូដាប្រសើរជាងគេយ៉ាងណា ហើយការខតាន់មានសារប្រយោជន៍យ៉ាងណាដែរ? 2សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង អុលឡោះបានប្រគល់បន្ទូលមកឲ្យសាសន៍យូដា។ 3បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងអុលឡោះ តើចិត្ដមិនស្មោះត្រង់របស់គេនឹងនាំឲ្យអុលឡោះលែងស្មោះត្រង់ដែរឬ? 4មិនដូច្នោះទេ ទោះបីមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកកុហកក្ដី ក៏អុលឡោះនៅតែសច្ចៈដែរ ដូចមានចែងទុកមកថាៈ
«ត្រូវឲ្យគេទទួលស្គាល់ថា ទ្រង់សុចរិត
ឥតល្អៀងក្នុងបន្ទូលនៃទ្រង់សោះឡើយ
ហើយទ្រង់នឹងមានជ័យជំនះ
នៅពេលទ្រង់កាត់ក្ដី»។
5ប្រសិនបើអំពើទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញថាអុលឡោះសុចរិត តើឲ្យយើងថាដូចម្ដេចទៅវិញ? ប្រសិនបើអុលឡោះដាក់ទោសយើង តើបានសេចក្ដីថាទ្រង់មិនសុចរិតឬ? (ខ្ញុំនិយាយដូច្នេះ គឺនិយាយតាមរបៀបមនុស្សលោក)។ 6មិនដូច្នោះទេ! ប្រសិនបើអុលឡោះមិនសុចរិត តើឲ្យអុលឡោះវិនិច្ឆ័យទោសមនុស្សលោកដូចម្ដេចកើត?
7មួយវិញទៀត បើការកុហករបស់ខ្ញុំធ្វើឲ្យចិត្តសច្ចៈ របស់អុលឡោះ លេចចេញមកយ៉ាងច្បាស់ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ទ្រង់មែននោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវតែទទួលទោស ក្នុងនាមជាមនុស្សបាបទៅវិញ? 8បើដូច្នេះ ម្ដេចក៏យើងមិននាំគ្នាប្រព្រឹត្ដអំពើអាក្រក់ ដើម្បីឲ្យមានផលល្អកើតចេញមក ដូចអ្នកខ្លះដែលមួលបង្កាច់យើងថា យើងបាននិយាយបែបនេះ! អ្នកទាំងនោះមុខតែទទួលទោសជាពុំខាន!
គ្មានមនុស្សណាម្នាក់សុចរិតទេ
9បើដូច្នេះ យើងដែលជាសាសន៍យូដា តើយើងប្រសើរជាងគេឬ? ទេ យើងមិនប្រសើរជាងគេទាល់តែសោះ! ដ្បិតយើងបានបញ្ជាក់រួចមកហើយថា មនុស្សទាំងអស់ ទោះបីសាសន៍យូដាក្ដី សាសន៍ក្រិកក្ដីសុទ្ធតែមានបាបគ្រងរាជ្យពីលើទាំងអស់គ្នា 10ដូចមានចែងទុកមកថា៖
«គ្មានមនុស្សណាសុចរិតឡើយ
សូម្បីតែម្នាក់ក៏គ្មានផង
11 គ្មាននរណាម្នាក់ដឹងខុសត្រូវ
គ្មាននរណាម្នាក់ស្វែងរកអុលឡោះ។
12 មនុស្សគ្រប់ៗគ្នាបានវង្វេង
ចេញឆ្ងាយពីអុលឡោះ
ហើយវិនាសបាតបង់ជាមួយគ្នា
គ្មាននរណាម្នាក់ប្រព្រឹត្ដអំពើល្អរឡើយ
សូម្បីតែម្នាក់ក៏គ្មានផង»។
13 «បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច
នៅបើកចំហ
អណ្ដាតរបស់គេគ្រលាស់តែពាក្យ
បោកបញ្ឆោត
មាត់របស់គេពោរពេញទៅដោយពិស
ដូចពស់វែក»។
14 «មាត់របស់គេពោរពេញទៅដោយពាក្យ
អពមង្គល និងពាក្យជូរចត់»។
15 «ជើងរបស់គេចាំតែឈានទៅបង្ហូរឈាម
16 គេទៅកន្លែងណា
កន្លែងនោះខ្ទេចខ្ទីអន្ដរាយអស់។
17 គេមិនស្គាល់ផ្លូវទៅកាន់សន្ដិភាពទេ» ។
18 «គេរស់ដោយមិនកោតខ្លាចអុលឡោះ
សោះឡើយ»។
19យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងហ៊ូកុំ សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះហ៊ូកុំ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះអុលឡោះ។ 20ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះទ្រង់ ដោយការប្រព្រឹត្ដតាមហ៊ូកុំទេ ព្រោះហ៊ូកុំគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។
អុលឡោះប្រោសឲ្យមនុស្សបានសុចរិត ដោយសារជំនឿលើអ៊ីសាអាល់ម៉ាហ្សៀស
21ឥឡូវនេះ អុលឡោះសំដែងឲ្យយើងដឹង អំពីរបៀបទ្រង់រាប់មនុស្សឲ្យបានសុចរិត គឺអុលឡោះមិនគិតពីហ៊ូកុំទេ ដូចគីតាបហ៊ូកុំ និងគីតាបណាពី បានបញ្ជាក់ទុកស្រាប់។ 22អុលឡោះរាប់អ្នកដែលមានជំនឿ លើអ៊ីសាអាល់ម៉ាហ្សៀសឲ្យបានសុចរិត គឺអុលឡោះធ្វើដូច្នេះ ចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ 23គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្ដអំពើបាប ហើយគ្មានសិរីរុងរឿងរបស់អុលឡោះនៅជាមួយ 24តែដោយសារក្តីមេត្តារបស់អុលឡោះ និងដោយសារការប្រោសលោះដែលស្ថិតនៅក្នុងអាល់ម៉ាហ្សៀសអ៊ីសា អុលឡោះរាប់គេឲ្យបានសុចរិតដោយឥតគិតថ្លៃ។ 25អុលឡោះបានតំរូវឲ្យអ៊ីសាធ្វើជាគូរបាន សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារឈាមរបស់គាត់។ ធ្វើដូច្នេះ អុលឡោះបង្ហាញរបៀបដែលទ្រង់រាប់មនុស្សឲ្យបានសុចរិត គឺពីដើម អុលឡោះពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្ដអំពើបាប 26ក្នុងគ្រាដែលអុលឡោះអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ អុលឡោះពេញចិត្តបង្ហាញអំពីរបៀបដែលទ្រង់រាប់មនុស្សឲ្យបានសុចរិត ដើម្បីសំដែងថាអុលឡោះសុចរិត ហើយទ្រង់រាប់អ្នកដែលជឿលើអ៊ីសាឲ្យបានសុចរិតផងដែរ។
27ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្ដអំពើល្អឬ? ទេ គឺពឹងផ្អែកលើជំនឿវិញ 28ដ្បិតយើងយល់ថា អុលឡោះរាប់មនុស្សឲ្យបានសុចរិត មកពីគេមានជំនឿ មិនមែនមកពីគេប្រព្រឹត្ដតាមហ៊ូកុំឡើយ។ 29បើមិនដូច្នោះទេ អុលឡោះជាម្ចាស់របស់សាសន៍យូដាតែប៉ុណ្ណោះ! តើអុលឡោះមិនមែនជាម្ចាស់របស់សាសន៍ដទៃផងដែរទេឬ? មែន! អុលឡោះក៏ជាម្ចាស់របស់សាសន៍ដទៃដែរ។ 30មានអុលឡោះតែមួយប៉ុណ្ណោះ ដែលរាប់សាសន៍យូដាឲ្យបានសុចរិត មកពីគេមានជំនឿ ហើយក៏រាប់សាសន៍ដទៃឲ្យបានសុចរិត ដោយគេមានជំនឿដែរ។ 31ដូច្នេះតើមានន័យថា យើងយកជំនឿមកលុបបំបាត់ហ៊ូកុំឬ? ទេ មិនមែនដូច្នោះទេ! គឺយើងធ្វើឲ្យហ៊ូកុំរឹតតែមានតម្លៃថែមទៀត។
© 2014 United Bible Societies, UK.