កូឡូស 3

3
1ដូច្នេះ ប្រសិន​បើ​បង​ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​សូរ៉កា ជា​កន្លែង​ដែល​អាល់ម៉ា‌ហ្សៀស​នៅ​ខាង​ស្ដាំ​អុលឡោះ​នោះ​វិញ។ 2ចូរ​គិត​ពី​អ្វីៗ​ដែល​នៅ​សូរ៉កា កុំ​គិត​ពី​អ្វី​នៅ​លើ​ផែនដី​នេះ​ឡើយ 3ដ្បិត​បង​ប្អូន​បាន​ស្លាប់​ផុត​ទៅ​ហើយ ហើយ​ជីវិត​របស់​បង​ប្អូន​ក៏​បាន​កប់​ទុក​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ក្នុង​អុលឡោះ​ដែរ។ 4ពេល​អាល់ម៉ា‌ហ្សៀស​ដែល​ជា​ជីវិត​របស់​បង​ប្អូន​លេច​មក បង​ប្អូន​ក៏​នឹង​លេច​មក​ជា​មួយ​គាត់ ប្រកប​ដោយ​សិរី‌រុង‌រឿង​ដែរ។
ជីវិត​ចាស់ និង​ជីវិត​ថ្មី
5ដូច្នេះ សូម​បង​ប្អូន​សម្លាប់​អ្វីៗ​ខាង​លោកីយ៍​ចោល​ទៅ គឺ​អំពើ​ប្រាស‌ចាក​សីលធម៌ អំពើ​សៅ‌ហ្មង ចិត្ដ​ស្រើប‌ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ដ​លោភ‌លន់ គឺ​យក​ទ្រព្យ‌សម្បត្តិ​ធ្វើ​ជា​ម្ចាស់។ 6ព្រោះ​តែ​អំពើ​ទាំង​នោះ​ហើយ បាន​ជា​អុលឡោះ​ខឹង​នឹង​ពួក​អ្នក​ប្រឆាំង​ទ្រង់។ 7កាល​ពី​ដើម បង​ប្អូន​ប្រព្រឹត្ដ​អំពើ​ទាំង​នោះ ហើយ​ក៏​រស់​នៅ​បែប​ដូច្នោះ​ដែរ។ 8តែ​ឥឡូវ​នេះ សូម​បង​ប្អូន​បោះ‌បង់​កំហឹង ចិត្ដ​ក្ដៅ​ក្រហាយ ចិត្ដ​អាក្រក់ ពាក្យ​ជេរ‌ប្រមាថ ពាក្យ​ទ្រគោះ​បោះ‌បោក​ដែល​ចេញ​ពី​មាត់​របស់​បង​ប្អូន​ចោល​ទៅ។ 9កុំ​និយាយ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​បង​ប្អូន​បាន​ដោះ​ជីវិត​ចាស់ និង​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ជីវិត​នោះ​ចោល​ហើយ 10បង​ប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចំរើន​ថ្មី​ឡើងៗ ឲ្យ​បាន​ដូច​អុលឡោះ​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​ឲ្យ​បង​ប្អូន​ស្គាល់​ទ្រង់​យ៉ាង​ច្បាស់។ 11ដូច្នេះ លែង​មាន​សាសន៍​ក្រិក ឬ​សាសន៍​យូដា ពួក​ខតាន ឬ​មិន​ខតាន់ មនុស្ស​ព្រៃ ឬ​ពួក‌ព្នង និង​លែង​មាន​អ្នក‌ងារ ឬ​អ្នក‌ជា​ទៀត​ឡើយ ដ្បិត​អាល់ម៉ា‌ហ្សៀស​បាន​បំពេញ​អ្វីៗ​ទាំង​អស់ ហើយ​គាត់​សណ្ឋិត​នៅ​ក្នុង​អ្វីៗ​ទាំង​អស់។
12ដោយ​អុលឡោះ​បាន​ជ្រើស‌រើស​បង​ប្អូន​ធ្វើ​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ បង​ប្អូន​ត្រូវ​តែ​កាន់​ចិត្ដ​អាណិត‌មេត្ដា ចិត្ដ​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ដ​ស្លូត‌បូត និង​ចិត្ដ​ខន្ដី អត់‌ធ្មត់។ 13ត្រូវ​ចេះ​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់​មាន​រឿង​អ្វី​មួយ​នឹង​ម្នាក់​ទៀត ត្រូវ​តែ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ អ៊ីសា‌ជាអម្ចាស់​បាន​អត់​ទោស​ឲ្យ​បង​ប្អូន​យ៉ាង​ណា ចូរ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។ 14លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​មាន​ចិត្ដ​ស្រឡាញ់ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​បង​ប្អូន​រួប‌រួម​គ្នា​ពេញ​លក្ខណៈ។ 15សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ដ​របស់​អាល់ម៉ា‌ហ្សៀស គ្រង​រាជ្យ​នៅក្នុង​ចិត្ដ​បង​ប្អូន ព្រោះ​អុលឡោះ​បាន​ត្រាស់‌ហៅ​បង​ប្អូន​ឲ្យ​មក​រួម​គ្នា​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ។ ត្រូវ​អរ​គុណ​ទ្រង់​ជានិច្ច។
16សូម​ពាក្យ​របស់​អាល់ម៉ា‌ហ្សៀស​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​ឲ្យ​បាន​បរិបូណ៌។ ចូរ​ប្រៀន‌ប្រដៅ និង​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​ច្រៀង​អរ​គុណ​អុលឡោះ​ក្នុង​ចិត្ដ ដោយ​ប្រើ​ទំនុក‌តម្កើង បទ​សរសើរ និង​បទ​ចំរៀង​មក​ពី​រស‌អុលឡោះ។ 17ការ​អ្វី​ក៏​ដោយ​ដែល​បង​ប្អូន​ធ្វើ ទោះ​ជា​ពាក្យ​សំដី ឬ​កាយ‌វិការ​ក្ដី ត្រូវ​ធ្វើ​ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ទាំង​អស់ ទាំង​អរ​គុណ​អុលឡោះ​ជា​បិតា តាម​រយៈ​អ៊ីសា​ផង។
ក្រុម‌គ្រួសារ​របស់​អូមាត់‌អ៊ីសា
18បង​ប្អូន​ជា​ស្ដ្រី​ដែល​មាន​ស្វាមី​អើយ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ឲ្យ​បាន​ស្រប​តាម​របៀប​អ្នក​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់។
19បង​ប្អូន​ដែល​មាន​ភរិយា​អើយ ត្រូវ​ស្រឡាញ់​ភរិយា​របស់​ខ្លួន ហើយ​មិន​ត្រូវ​មួម៉ៅ​ដាក់​នាង​ឡើយ។
20កុមា‌រា‌កុមា‌រី​អើយ ចូរ​ស្ដាប់​បង្គាប់​ឪពុក‌ម្តាយ​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ ធ្វើ​ដូច្នេះ ទើប​គាប់​ចិត្ត​អ៊ីសា‌ជាអម្ចាស់។
21បង​ប្អូន​ដែល​មាន​កូន​អើយ កុំ​ដុក‌ដាន់​កូន​របស់​ខ្លួន​ឡើយ ក្រែង​លោ​វា​បាក់​ទឹក​ចិត្ដ។
22បង​ប្អូន​ជា​ខ្ញុំ​បម្រើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ គ្រប់​ជំពូក​ទាំង​អស់។ ត្រូវ​ធ្វើ​ដូច្នេះ មិន​គ្រាន់​តែ​ឲ្យ​ម្ចាស់​ទាំង​នោះ​ឃើញ ដូច​ជា​បង​ប្អូន​ចង់​ផ្គាប់​ចិត្ដ​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្ដ​ស្មោះ‌សរ និង​ដោយ​គោរព​កោត​ខ្លាច​អ៊ីសា‌ជាអម្ចាស់។ 23គ្រប់​កិច្ចការ​ដែល​បង​ប្អូន​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ដ ដូច​ជា​ធ្វើ​សម្រាប់​អ៊ីសា‌ជាអម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ 24ដោយ​ដឹង​ថា បង​ប្អូន​មុខ​ជា​ទទួល​មត៌ក​ពី​អ៊ីសា‌ជាអម្ចាស់​ទុក​ជា​កំរៃ​មិន​ខាន។ ម្ចាស់​ដ៏​ពិត​ប្រាកដ គឺ​អាល់ម៉ា‌ហ្សៀស ចូរ​បម្រើ​គាត់​ទៅ។ 25អ្នក​ណា​ធ្វើ​ការ​អ្វី​ដោយ​ទុច្ចរិត អ្នក​នោះ​ក៏​នឹង​ទទួល​ផល តាម​អំពើ​ទុច្ចរិត​នោះ​ដែរ ដ្បិត​អុលឡោះ​មិន​រើស​មុខ​នរណា​ឡើយ។

高亮显示

分享

复制

None

想要在所有设备上保存你的高亮显示吗? 注册或登录