១ធីម៉ូថេ 2
2
ពាក្យទូន្មានក្នុងការសូមអង្វរអុលឡោះ
1ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឲ្យគេទូរអា និងអង្វរអុលឡោះទាំងអរគុណ សម្រាប់មនុស្សទាំងអស់ផង។ 2ត្រូវសូមអង្វរសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗគ្នា ដើម្បីឲ្យយើងរស់នៅបានសុខក្សេមក្សាន្ដ គ្មានចលាចល ទាំងគោរពប្រណិប័តន៍អុលឡោះអស់ពីចិត្ដ និងមានជីវិតថ្លៃថ្នូរ។ 3នេះហើយជាការល្អ និងគាប់ចិត្តអុលឡោះ ជាម្ចាស់សង្គ្រោះរបស់យើង 4ដែលទ្រង់ពេញចិត្តឲ្យមនុស្សទាំងអស់ បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
5ដ្បិតមានម្ចាស់តែមួយ
មានស្ពានមេត្រីតែមួយរវាងអុលឡោះ
និងមនុស្សលោក
គឺអាល់ម៉ាហ្សៀសអ៊ីសាដែលជាមនុស្ស។
6គាត់បានលះបង់ជីវិត
ដើម្បីលោះមនុស្សទាំងអស់។
នេះជាសក្ខីភាពមួយ ដែលអ៊ីសាបានបង្ហាញនៅពេលកំណត់។ 7អ៊ីសាបានតែងតាំងខ្ញុំឲ្យប្រកាសសក្ខីភាពនេះ ឲ្យខ្ញុំធ្វើជាសាវ័ក និងធ្វើជាតួនអប់រំសាសន៍ដទៃអំពីជំនឿ និងអំពីសេចក្ដីពិត។ ខ្ញុំនិយាយពិត ឥតកុហកទេ។
8ហេតុនេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឲ្យបុរសៗទូរអា ទាំងលើកដៃឡើងលើដោយចិត្ដបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។
9ខ្ញុំក៏ចង់ឲ្យស្ត្រីៗស្លៀកពាក់បែបសមរម្យ រាបសាមិនសង្ហា។ នាងមិនត្រូវតែងខ្លួន ដោយក្រងសក់ឲ្យឆើតឆាយហួស ឬដោយពាក់មាសពេជ្រ និងគ្រឿងអលង្ការថ្លៃៗឡើយ 10តែត្រូវតុបតែងខ្លួន ដោយប្រព្រឹត្ដអំពើល្អ ឲ្យបានសមរម្យជាស្ដ្រីដែលគោរពប្រណិប័តន៍អុលឡោះវិញ។ 11ពេលរៀនគីតាប ស្ដ្រីៗត្រូវនៅស្ងៀម ហើយស្ដាប់បង្គាប់ទាំងស្រុង។ 12ខ្ញុំមិនអនុញ្ញាតឲ្យស្ដ្រីណាបង្រៀន ឬត្រួតត្រាលើប្ដីឡើយ គឺឲ្យនាងនៅស្ងៀមវិញ 13ដ្បិតអុលឡោះបានបង្កើតអាដាមជាមុន រួចបង្កើតនាងហាវ៉ាតាមក្រោយ។ 14មិនមែនអាដាមទេដែលចាញ់បោក គឺនាងហាវ៉ាវិញទេតើ ដែលចាញ់បោក ទាំងរំលោភលើបញ្ញត្ដិរបស់អុលឡោះទៀតផង។ 15ក៏ប៉ុន្ដែ អុលឡោះសង្គ្រោះស្ដ្រី មកពីនាងបង្កើតកូន ហើយលុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួន មានចិត្ដស្រឡាញ់ មានកិរិយាបរិសុទ្ធ និងសុភាពរាបសាផង។
© 2014 United Bible Societies, UK.