កំណើតពិភពលោក 25
25
ណាពីអ៊ីព្រហ៊ីមស្លាប់ ពូជពង្សឯទៀតៗរបស់ណាពីអ៊ីព្រហ៊ីម
1អ៊ីព្រហ៊ីមយកភរិយាមួយទៀត ឈ្មោះ កិទូរ៉ា។ 2គាត់បង្កើតបានកូនប្រុសជូនគាត់ដែលមានឈ្មោះដូចតទៅនេះ គឺសឹមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។ 3យ៉ុកសាន បង្កើតសេបា និងដេដាន់ កូនចៅរបស់ដេដាន់ គឺជនជាតិអាសស៊ើរ លេទូស និងលេវមី។ 4កូនចៅរបស់ម៉ាឌាន មានអេផាអេភើរ ហេណុក អប៊ីដា និងអែលដា។ គឺអ្នកទាំងនោះហើយ ដែលជាកូនចៅរបស់នាងកិទូរ៉ា។
5អ៊ីព្រហ៊ីមបានប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន ឲ្យអ៊ីសាហាក់។ 6រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ គាត់បានចែកអំណោយដល់គេ ក្នុងកាលដែលគាត់នៅមានជីវិតរស់នៅឡើយ រួចគាត់ឲ្យគេទៅនៅស្រុកខាងកើត ឆ្ងាយពីអ៊ីសាហាក់ ជាកូនប្រុសរបស់គាត់។
7អ៊ីព្រហ៊ីមរស់បានទាំងអស់ មួយរយចិតសិបប្រាំឆ្នាំ។ 8បន្ទាប់មក អ៊ីព្រហ៊ីមស្លាប់ទៅ គឺក្រោយពីគាត់រស់យ៉ាងយូរប្រកបដោយសុភមង្គល មានអាយុយឺនយូរសម្បូណ៌សប្បាយមក គាត់ក៏បានទៅជួបជុំនឹងបុព្វបុរសរបស់គាត់ ដែលស្លាប់ទៅហើយ។
9អ៊ីសាហាក់ និងអ៊ីស្មាអែល ជាកូនរបស់គាត់នាំគ្នាបញ្ចុះសពគាត់នៅក្នុងរូងភ្នំម៉ាកពេឡា នៅក្នុងចម្ការរបស់អេប្រុន កូនរបស់សូហារជនជាតិហេត ដែលស្ថិតនៅខាងកើតម៉ាមរេ 10គឺចម្ការដែលអ៊ីព្រហ៊ីមបានទិញពីជនជាតិហេតមក។ គេបានបញ្ចុះសពអ៊ីព្រហ៊ីម និងសារ៉ានៅទីនោះ។
11ក្រោយអ៊ីព្រហ៊ីមស្លាប់ផុតទៅ អុលឡោះក៏បានប្រទានពរឲ្យអ៊ីសាហាក់ កូនប្រុសរបស់គាត់ ដែលរស់នៅក្បែរអណ្តូងទឹកឡាហាយ-រយ។
12នេះជាបញ្ជីរាយនាមកូនចៅរបស់អ៊ីស្មាអែល កូនរបស់អ៊ីព្រហ៊ីម ជាកូនដែលហាជើរ អ្នកបម្រើរបស់សារ៉ា បង្កើតជូនអ៊ីព្រហ៊ីម។ 13កូនចៅរបស់អ៊ីស្មាអែល មានឈ្មោះតាមជំបួរវង្សត្រកូល ដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម 14មីសម៉ា ឌូម៉ា ម៉ាសា 15ហាដាឌ់ ថេម៉ា យេធើរ ណាភីស និងកេដម៉ា។ 16គឺអ្នកទាំងនោះហើយ ដែលជាកូនប្រុសទាំងដប់ពីររបស់អ៊ីស្មាអែល។ អ្នកទាំងនោះជាមេកន្ទ្រាញលើអំបូររៀងៗខ្លួន ហើយជំរំរបស់ជនជាតិអ៊ីស្មាអែល និងភូមិស្រុករបស់គេសុទ្ធតែមានឈ្មោះទាំងនោះ។ 17អ៊ីស្មាអែលរស់បានទាំងអស់មួយរយសាមសិបប្រាំពីរឆ្នាំ។ បន្ទាប់មក គាត់ស្លាប់ទៅជួបជុំនឹងបុព្វបុរស ដែលបានស្លាប់ផុតទៅហើយនោះវិញ។ 18ជនជាតិអ៊ីស្មាអែលរស់នៅ ចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ដែលនៅជាប់នឹងស្រុកអេស៊ីប និងវាតរហូតទៅដល់ស្រុកអាសើុរ។ ជនជាតិអ៊ីស្មាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។
ប្រវត្តិរបស់ណាពីយ៉ាកកូប
អេសាវ និងយ៉ាកកូប
19នេះជាដំណើររឿងរបស់អ៊ីសាហាក់ជាកូនអ៊ីព្រហ៊ីម។ អ៊ីព្រហ៊ីមបានបង្កើតអ៊ីសាហាក់។ 20ពេលអ៊ីសាហាក់មានអាយុសែសិបឆ្នាំ គាត់បានរៀបការនឹងរ៉ហ្វ៊ីកា ដែលត្រូវជាកូនរបស់បេធូអែល ជាជនជាតិអើរ៉ាម នៅស្រុកប៉ាដាន់អើររ៉ាម និងត្រូវជាប្អូនស្រីរបស់ឡាបាន់ ជនជាតិអារ៉ាម។ 21អ៊ីសាហាក់បានអង្វរ សូមអុលឡោះតាអាឡាប្រោសប្រណីភរិយារបស់គាត់ ដ្បិតនាងជាស្ត្រីអារ។ អុលឡោះតាអាឡាស្តាប់ពាក្យអង្វររបស់គាត់ ហើយរ៉ហ្វ៊ីកាក៏មានផ្ទៃពោះ។ 22ដោយទារកកំរើកប៉ះគ្នានៅក្នុងផ្ទៃ គាត់ក៏ពោលថា៖ «ម្តេចក៏ខ្ញុំកើតអ៊ីចឹង?»។ គាត់ទូរអាសួរអុលឡោះតាអាឡា។ 23អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖
«នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ
សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង
សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត
កូនច្បងនឹងធ្វើជាអ្នកបម្រើរបស់កូនប្អូន»។
24ពេលគាត់គ្រប់ខែហើយ កូនភ្លោះក៏កើតចេញពីគាត់មែន។ 25កូនទីមួយ កើតចេញមកមានពណ៌ក្រហម ស្បែកដូចរោមសត្វ។ គេដាក់ឈ្មោះថា “អេសាវ”។ 26បន្ទាប់មកទៀត កូនប្អូនក៏កើតមកទាំងតោងកែងជើងរបស់អេសាវជាប់។ គេដាក់ឈ្មោះថា “យ៉ាកកូប”។ នៅពេលដែលកូនទាំងពីរកើតមកនោះ អ៊ីសាហាក់មានអាយុហុកសិបឆ្នាំហើយ។
27កូនប្រុសទាំងពីរមានវ័យចំរើនធំឡើង។ អេសាវក៏បានទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ គាត់ចូលចិត្តនៅតាមទីវាល។ រីឯយ៉ាកកូបវិញ គាត់ចូលចិត្តស្ងៀមស្ងាត់ ហើយនៅតែក្នុងជំរំ។ 28អ៊ីសាហាក់ស្រឡាញ់អេសាវជាង ព្រោះគាត់ចូលចិត្តពិសាសាច់សត្វដែលគេបរបាញ់។ រីឯរ៉ហ្វ៊ីកាវិញ គាត់ស្រឡាញ់យ៉ាកកូប។
29ថ្ងៃមួយ យ៉ាកកូបកំពុងស្លសម្ល ហើយអេសាវវិលត្រឡប់មកពីវាលវិញ ទាំងហេវហត់ជាខ្លាំង។ 30អេសាវពោលទៅកាន់យ៉ាកកូបថា៖ «បងសុំសម្លក្រហមនោះញ៉ាំបន្តិចមក បងអស់កម្លាំងណាស់» (ហេតុនេះហើយបានជាគេហៅគាត់ថា “អេដុម” មានន័យថាមនុស្សពណ៌ក្រហម)។ 31យ៉ាកកូបតបវិញថា៖ «សូមលក់សិទ្ធិជាកូនច្បងមកឲ្យខ្ញុំ នៅថ្ងៃនេះសិនមក»។ 32អេសាវតបថា៖ «បងដាច់ពោះស្លាប់ឥឡូវហើយ តើសិទ្ធិជាកូនច្បងនោះមានប្រយោជន៍អ្វីដល់បង?»។
33យ៉ាកកូបពោលថា៖ «ដូច្នេះ ចូរស្បថឲ្យខ្ញុំសិន»។ អេសាវក៏ស្បថលក់សិទ្ធិជាកូនច្បងឲ្យយ៉ាកកូប។ 34យ៉ាកកូបយកនំបុ័ង ព្រមទាំងសម្លសណ្តែកក្រហម មកជូនគាត់ពិសា។ អេសាវពិសាបាយទឹករួចចាកចេញទៅ។ គាត់បានមាក់ងាយសិទ្ធិរបស់ខ្លួនជាកូនច្បង។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
កំណើតពិភពលោក 25: អគត
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2014 United Bible Societies, UK.