សេរីភាព 4
4
អុលឡោះតាអាឡាបង្ហាញអំណាចឲ្យណាពីម៉ូសាឃើញ
1ម៉ូសាឆ្លើយថា៖ «ប្រហែលជាជនជាតិអ៊ីស្រអែលមិនជឿ ហើយមិនស្តាប់សំដីខ្ញុំទេ។ ពួកគេនឹងពោលមកខ្ញុំថា “អុលឡោះតាអាឡាមិនបានបង្ហាញឲ្យអ្នកឃើញទ្រង់ឡើយ”»។ 2អុលឡោះតាអាឡាសួរម៉ូសាថា៖ «តើអ្នកកាន់អ្វី?» ម៉ូសាឆ្លើយថា៖ «ខ្ញុំកាន់ដំបង»។ 3អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរបោះវាទៅដីទៅ!»។ ម៉ូសាបោះដំបងទៅដី ដំបងនោះក៏ក្លាយទៅជាពស់។ ម៉ូសារត់ចេញពីពស់។ 4អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «លូកដៃចាប់កន្ទុយវាទៅ!»។ ម៉ូសាលូកដៃចាប់វា ពស់នោះក៏ប្រែទៅជាដំបងនៅក្នុងដៃរបស់គាត់។ 5អុលឡោះតាអាឡាមានបន្ទូលថា៖ «ធ្វើដូច្នេះ កូនចៅអ៊ីស្រអែលនឹងជឿថា អុលឡោះជាម្ចាស់នៃបុព្វបុរសរបស់គេ គឺម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបបានបង្ហាញឲ្យអ្នកឃើញមែន»។ 6អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «ចូរដាក់ដៃលើទ្រូងអ្នកទៅ»។ ម៉ូសាក៏ដាក់ដៃលើទ្រូង រួចពេលដកដៃមកវិញ គាត់ឃើញដៃគាត់កើតឃ្លង់ ឡើងសដូចកប្បាស។ 7អុលឡោះតាអាឡាបញ្ជាទៀតថា៖ «ចូរដាក់ដៃលើទ្រូងអ្នកម្តងទៀត»។ ម៉ូសាដាក់ដៃលើទ្រូង ហើយពេលគាត់ដកដៃមកវិញ ឃើញដៃគាត់ជាដូចធម្មតា។ 8អុលឡោះតាអាឡាមានបន្ទូលថា៖ «ប្រសិនបើពួកគេមិនជឿអ្នក ហើយមិនយកចិត្តទុកដាក់នឹងទីសំគាល់ទីមួយទេ គេមុខជាជឿលើទីសំគាល់ក្រោយនេះ។ 9ប្រសិនបើពួកគេនៅតែមិនជឿលើទីសំគាល់ទាំងពីរនេះ ហើយមិនស្តាប់សំដីរបស់អ្នកទេ ចូរយកទឹកទន្លេនីលទៅចាក់លើដីស្ងួត ទឹកដែលអ្នកយកពីទន្លេនីលមកនោះ នឹងក្លាយទៅជាឈាមនៅលើដីស្ងួត»។
អុលឡោះតាំងណាពីហារូនឲ្យធ្វើជាជំនួយការរបស់ ណាពីម៉ូសា
10ម៉ូសាជម្រាប អុលឡោះតាអាឡាថា៖ «អុលឡោះជាអម្ចាស់អើយ! តាំងតែពីដើមរៀងមក រហូតដល់ពេលទ្រង់មានបន្ទូលមកខ្ញុំមិនមែនជាមនុស្សពូកែវោហារទេ ដ្បិតខ្ញុំមិនប្រសប់និយាយ»។ 11អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «តើនរណាធ្វើឲ្យមនុស្សមានមាត់? តើនរណាធ្វើឲ្យមនុស្សទៅជា គ ឬថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនយើងទេឬអី? 12ឥឡូវនេះ ចូរចេញទៅចុះ ពេលអ្នកនិយាយយើងនឹងនៅជាមួយអ្នក យើងនឹងប្រាប់អ្នកអំពីសេចក្តីដែលត្រូវនិយាយ»។
13ម៉ូសាអង្វរថា៖ «អុលឡោះជាអម្ចាស់អើយ សូមចាត់នរណាម្នាក់ទៀតឲ្យទៅចុះ!»។ 14ពេលនោះ អុលឡោះតាអាឡាខឹងទាស់នឹងម៉ូសាយ៉ាងខ្លាំង ហើយមានបន្ទូលថា៖ «អ្នកមានបងប្រុសម្នាក់ ឈ្មោះហារូន ជាកូនចៅលេវី។ យើងដឹងថា គាត់ជាមនុស្សពូកែវោហារ ហើយកំពុងតែមករកជួបអ្នកទៀតផង។ កាលណាគាត់ឃើញអ្នក នោះគាត់មុខជាសប្បាយរីករាយយ៉ាងខ្លាំង។ 15អ្នកនឹងប្រាប់គាត់ឲ្យនិយាយជំនួស នូវសេចក្តីដែលអ្នកត្រូវនិយាយ។ រីឯយើងវិញ យើងនឹងស្ថិតនៅជាមួយអ្នកទាំងពីរ ក្នុងពេលដែលអ្នកទាំងពីរនិយាយ ហើយប្រាប់អំពីអ្វីៗដែលអ្នកទាំងពីរត្រូវធ្វើ។ 16គាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នក គាត់ជាអ្នកនាំពាក្យរបស់អ្នក ហើយអ្នកប្រៀបដូចជាម្ចាស់សម្រាប់គាត់។ 17ចូរកាន់ដំបងនេះទៅជាមួយ ដោយសារដំបងនេះ អ្នកអាចធ្វើទីសំគាល់ដ៏អស្ចារ្យផ្សេងៗ»។
ណាពីម៉ូសាវិលត្រឡប់ទៅស្រុកអេស៊ីបវិញ
18ម៉ូសាក៏ចេញទៅត្រឡប់ទៅ ជួបលោកយេត្រូជាឪពុកក្មេក ហើយជម្រាបថា៖ «ខ្ញុំត្រូវតែត្រឡប់ទៅរកបងប្អូនរួមជាតិរបស់ខ្ញុំ នៅស្រុកអេស៊ីបវិញ ដើម្បីឲ្យដឹងថា ពួកគេនៅរស់ឬយ៉ាងណា?»។ លោកយេត្រូនិយាយទៅកាន់ម៉ូសាថា៖ «ចូរកូនទៅ ដោយសុខសាន្តចុះ!»។
19នៅស្រុកម៉ាឌានអុលឡោះតាអាឡាមានបន្ទូលទៅម៉ូសាថា៖ «ចូរត្រឡប់ទៅស្រុកអេស៊ីបវិញចុះ ព្រោះពួកដែលប៉ុនប៉ងសម្លាប់អ្នកបានស្លាប់អស់ហើយ»។ 20ម៉ូសានាំប្រពន្ធ កូន ជិះលាត្រឡប់ទៅស្រុកអេស៊ីបវិញ។ គាត់បានកាន់ដំបងរបស់អុលឡោះទៅជាមួយដែរ។
21 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងផ្តល់អំណាចឲ្យអ្នកសំដែងការអស្ចារ្យ។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសំដែងការអស្ចារ្យទាំងនោះឲ្យស្តេចហ្វៀរ៉អ៊ូនឃើញ។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តរឹងចចេស មិនព្រមឲ្យជនជាតិអ៊ីស្រអែលចេញមកទេ។ 22ត្រូវជម្រាបស្តេចហ្វៀរ៉អ៊ូនថា: “អុលឡោះតាអាឡាមានបន្ទូលដូចតទៅនេះ ប្រជាជនអ៊ីស្រអែលជាកូនច្បងរបស់យើង 23ចូរអនុញ្ញាតឲ្យកូនរបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកមិនព្រមទេ យើងនឹងប្រហារកូនច្បងរបស់អ្នក”»។
24ពេលធ្វើដំណើរ ម៉ូសាឈប់សម្រាកនៅកន្លែងមួយ យប់នោះ អុលឡោះតាអាឡាក៏ចូលមកជិតដើម្បីរកសម្លាប់គាត់។ 25សាទីសេផូរ៉ាយកកាំបិតមួយធ្វើពីថ្ម ខតាន់ចុងស្វាសរបស់កូនប្រុសនាង យកទៅប៉ះភ្លៅរបស់ម៉ូសា ទាំងពោលថា៖ «ដោយសារឈាមនេះ អ្នកពិតជាប្ដីរបស់ខ្ញុំ!»។ 26ពេលនោះ អុលឡោះតាអាឡាចាកចេញពីម៉ូសា។ សាទីសេផូរ៉ាពោលថា «ដោយសារឈាមនេះ អ្នកពិតជាប្ដីរបស់ខ្ញុំ!» ដូច្នេះ គឺចង់សំដៅទៅលើការខតាន់។
27 អុលឡោះតាអាឡាមានបន្ទូលមកកាន់ហារូនថា៖ «ចូរចេញទៅជួបម៉ូសានៅវាលរហោស្ថាន»។ ហារូនក៏ចេញទៅជួបម៉ូសានៅភ្នំរបស់អុលឡោះហើយឱបគាត់។ 28ម៉ូសារៀបរាប់ប្រាប់ហារូន អំពីបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡា ចាត់គាត់ឲ្យមកប្រកាស់។ គាត់ក៏រៀបរាប់អំពីទីសំគាល់ទាំងប៉ុន្មានដែលទ្រង់បានបង្គាប់ឲ្យគាត់ធ្វើទៀតផង។ 29បន្ទាប់មកម៉ូសា និងហារូននាំគ្នាទៅប្រមូលចាស់ទុំទាំងអស់របស់អ៊ីស្រអែល។ 30ហារូនរៀបរាប់អំពីសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាមានបន្ទូលប្រាប់ម៉ូសា ព្រមទាំងធ្វើទីសំគាល់ឲ្យប្រជាជនឃើញផង។ 31ប្រជាជននាំគ្នាជឿ ហើយយល់ថា អុលឡោះតាអាឡាបានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រអែល ហើយទ្រង់មកសង្គ្រោះពួកគេ។ ពួកគេក៏អោនកាយ ក្រាបថ្វាយបង្គំទ្រង់។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
សេរីភាព 4: អគត
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2014 United Bible Societies, UK.