សេរីភាព 13
13
ហ៊ូកុំផ្សេងទៀតដែលទាក់ទងនឹងបុណ្យរំលង
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2«ត្រូវញែកកូនច្បងទាំងអស់ ទោះបីមនុស្ស ឬសត្វក្តី ទុកជាសក្ការៈសម្រាប់យើង។ កូនដំបូងទាំងអស់នៃជនជាតិអ៊ីស្រអែលជាកម្មសិទ្ធិរបស់យើង»។
3ម៉ូសាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នានឹកចាំពីថ្ងៃនេះ គឺថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។ អុលឡោះតាអាឡាបានប្រើអំណាចដ៏ខ្លាំងពូកែរបស់ទ្រង់ នាំអ្នករាល់គ្នាចេញពីស្រុកនោះមក។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគនំបុ័ងមានមេទេ។
4ថ្ងៃនេះ នៅក្នុងខែចេត្រ អ្នករាល់គ្នាចេញដំណើរ។ 5ពេល អុលឡោះតាអាឡានាំអ្នករាល់គ្នាចូលទៅក្នុងទឹកដី របស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិហេវី និងជនជាតិយេប៊ូស ជាទឹកដីដ៏សម្បូណ៌សប្បាយ ដែលទ្រង់សន្យាជាមួយពួកបុព្វបុរសថា នឹងប្រទានឲ្យអ្នករាល់គ្នា នោះត្រូវនាំគ្នាគោរពបម្រើអុលឡោះតាអាឡា ដោយធ្វើពិធីបុណ្យរំលងក្នុងខែនេះ។ 6ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ ហើយនៅថ្ងៃទីប្រាំពីរ ចូរធ្វើពិធីបុណ្យមួយជូនអុលឡោះតាអាឡា។ 7ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ ត្រូវបរិភោគតែនំបុ័ងឥតមេ គឺមិនត្រូវឲ្យមាននំបុ័ងដាក់មេ ឬមេនំបុ័ងនៅក្នុងផ្ទះ និងនៅលើទឹកដីរបស់អ្នករាល់គ្នាឡើយ។ 8នៅថ្ងៃបុណ្យនោះ អ្នករាល់គ្នាត្រូវរៀបរាប់ប្រាប់កូនចៅរបស់អ្នករាល់គ្នាថា: “ពួកយើងធ្វើបុណ្យនេះ ដ្បិតអុលឡោះតាអាឡាបានជួយពួកយើងឲ្យចាកចេញពីស្រុកអេស៊ីប”។ 9ពិធីបុណ្យនេះជាសេចក្តីរំលឹកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដើម្បីឲ្យអ្នករាល់គ្នាចងចាំ ហើយប្រកាសក្រឹត្យវិន័យរបស់អុលឡោះតាអាឡា ដ្បិតទ្រង់បានប្រើអំណាចដ៏ខ្លាំងពូកែ នាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ 10ដូច្នេះ រៀងរាល់ឆ្នាំ ពេលដល់ថ្ងៃកំណត់ អ្នករាល់គ្នាត្រូវធ្វើតាមហ៊ូកុំនេះ។
11ពេលអុលឡោះតាអាឡានាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជាទឹកដីដែលទ្រង់ប្រគល់ឲ្យអ្នករាល់គ្នា ស្របតាមបន្ទូលដែលទ្រង់បានសន្យាជាមួយអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នានោះ 12អ្នករាល់គ្នាត្រូវឲ្យកូនប្រុសច្បង និងកូនឈ្មោលដំបូងរបស់ហ្វូងសត្វជូនអុលឡោះតាអាឡា ដ្បិតកូនច្បងទាំងអស់ជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា។ 13ចំណែកឯកូនដំបូងរបស់សត្វលា នោះអ្នករាល់គ្នាត្រូវយកកូនចៀមមកឲ្យជំនួសវិញ។ ប្រសិនបើអ្នករាល់គ្នាមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នករាល់គ្នាក៏ត្រូវលោះកូនប្រុសច្បងរបស់អ្នករាល់គ្នាដែរ។ 14នៅពេលអនាគត ប្រសិនបើកូនចៅរបស់អ្នករាល់គ្នាសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ? ត្រូវឆ្លើយថា: អុលឡោះតាអាឡាបានប្រើអំណាចដ៏ខ្លាំងពូកែនាំពួកយើងចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកយើងជាប់ជាទាសករ។ 15ពេលនោះ ស្តេចហ្វៀរ៉អ៊ូនមិនព្រមអនុញ្ញាតឲ្យពួកយើងចេញមកទេ។ ដូច្នេះ អុលឡោះតាអាឡាបានប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប គឺទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងយកកូនឈ្មោលដំបូងទាំងអស់របស់សត្វជូនអុលឡោះតាអាឡា តែពួកយើងលោះកូនប្រុសច្បងរបស់ពួកយើងវិញ។ 16គូរបាននេះ ជាសេចក្តីរំលឹកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដ្បិតអុលឡោះតាអាឡាបានប្រើអំណាចដ៏ខ្លាំងពូកែ នាំពួកយើងចេញពីស្រុកអេស៊ីប»។
អុលឡោះតាអាឡាដឹកនាំប្រជារាស្ត្ររបស់ទ្រង់
17ពេលស្តេចហ្វៀរ៉អ៊ូនបើកឲ្យប្រជាជនអ៊ីស្រអែលចាកចេញទៅនោះ អុលឡោះតាអាឡាពុំបាននាំពួកគេតាមផ្លូវទៅស្រុកភីលីស្ទីនទេ ទោះបីផ្លូវនោះ ជាផ្លូវជិតក៏ដោយ ដ្បិតទ្រង់នឹកគិតថា ប្រសិនបើប្រជាជនជួបប្រទះនឹងសង្គ្រាម ពួកគេអាចដូរគំនិត ហើយចង់ត្រឡប់ទៅស្រុកអេស៊ីបវិញ។ 18ហេតុនេះ ទ្រង់នាំពួកគេទៅតាមផ្លូវវាង ឆ្លងកាត់វាលរហោស្ថានឆ្ពោះទៅសមុទ្រក្រហម។ ជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ទាំងនាំរបស់របរគ្រប់យ៉ាងទៅជាមួយផង។
19ម៉ូសាបានយកឆ្អឹងរបស់យូសុះទៅជាមួយគាត់ដែរ ដ្បិតយូសុះបានប្រាប់កូនចៅអ៊ីស្រអែលថា «អុលឡោះប្រាកដជាមកជួយអ្នករាល់គ្នាមិនខាន ដូច្នេះ សុំស្បថនឹងខ្ញុំថា ពេលណាអ្នករាល់គ្នាចាកចេញពីទីនេះទៅ សុំយកឆ្អឹងរបស់ខ្ញុំចេញទៅជាមួយផង»។
20ជនជាតិអ៊ីស្រអែលចេញដំណើរពីក្រុងសិកូត ទៅបោះជំរំត្រង់អេថាម ដែលស្ថិតនៅជាយវាលរហោស្ថាន។ 21នៅពេលថ្ងៃ អុលឡោះតាអាឡានាំមុខពួកគេដោយដុំពពក នៅពេលយប់ ទ្រង់នាំមុខពួកគេ ដោយដុំភ្លើង ដែលបំភ្លឺផ្លូវពួកគេ។ ដូច្នេះ ពួកគេអាចធ្វើដំណើរទាំងថ្ងៃ ទាំងយប់។ 22នៅពេលថ្ងៃ ដុំពពកមិនដែលឃ្លាតពីមុខប្រជាជនឡើយ ហើយនៅពេលយប់ ដុំភ្លើងស្ថិតនៅមុខពួកគេជានិច្ច។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
សេរីភាព 13: អគត
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2014 United Bible Societies, UK.