សាការី 11
11
អ្នកគង្វាលល្អ និងអ្នកគង្វាលអាក្រក់
1លីបង់អើយ ចូរបើកទ្វាររបស់អ្នក
ដើម្បីឲ្យភ្លើងបានស៊ីបំផ្លាញដើមស៊ីដារបស់អ្នក!
2ដើមស្រល់អើយ ចូរទ្រហោយំ
ពីព្រោះដើមស៊ីដាបានរលំ
ពីព្រោះដើមឈើដ៏ធំឧត្ដមត្រូវបានបំផ្លាញហើយ!
ដើមអូកនៃបាសានអើយ ចូរទ្រហោយំ
ពីព្រោះព្រៃក្រាស់បានរលំហើយ!
3មានសំឡេងទ្រហោយំរបស់ពួកអ្នកគង្វាល
ពីព្រោះភាពរុងរឿងរបស់ពួកគេត្រូវបានបំផ្លាញហើយ!
មានសំឡេងគ្រហឹមរបស់សិង្ហស្ទាវ
ពីព្រោះគុម្ពោតនៃទន្លេយ័រដាន់ត្រូវបានបំផ្លាញហើយ!
4ព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្ញុំមានបន្ទូលដូច្នេះថា៖ “ចូរឃ្វាលហ្វូងចៀមដែលទុកសម្រាប់ការសម្លាប់ចុះ! 5អ្នកដែលទិញពួកវានឹងសម្លាប់ពួកវា ក៏ឥតទទួលទោស; អ្នកដែលលក់ពួកវានឹងពោលថា: ‘សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ា ពីព្រោះខ្ញុំក្លាយជាអ្នកមាន!’។ សូម្បីតែពួកអ្នកគង្វាលរបស់ពួកវាក៏មិនប្រណីដល់ពួកវាដែរ”។ 6ដ្បិតនេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “យើងនឹងមិនប្រណីដល់ពួកអ្នកដែលរស់នៅទឹកដីនេះទៀតឡើយ។ មើល៍! យើងនឹងប្រគល់ម្នាក់ៗទៅក្នុងកណ្ដាប់ដៃអ្នកជិតខាងរបស់ខ្លួន និងទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ខ្លួន! អ្នកទាំងនោះនឹងវាយកម្ទេចទឹកដីនេះ ហើយយើងនឹងមិនរំដោះពីកណ្ដាប់ដៃរបស់អ្នកទាំងនោះឡើយ”។
7ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលទុកសម្រាប់ការសម្លាប់ ជាហ្វូងចៀមរងទុក្ខវេទនា#11:7 ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលទុកសម្រាប់ការសម្លាប់ ជាហ្វូងចៀមរងទុក្ខវេទនា―ឯកសារបុរាណខ្លះថា “ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលទុកសម្រាប់ការសម្លាប់ ជំនួសពួកឈ្មួញ”។។ ខ្ញុំយកឈើច្រត់ពីរសម្រាប់ខ្លួនខ្ញុំ ឈើច្រត់មួយខ្ញុំដាក់ឈ្មោះថា “សេចក្ដីសន្ដោស” រីឯឈើច្រត់មួយទៀតខ្ញុំដាក់ឈ្មោះថា “សម្ពន្ធ”។ គឺយ៉ាងនេះឯងដែលខ្ញុំបានឃ្វាលហ្វូងចៀមនោះ។ 8ខ្ញុំបានបំបាត់អ្នកគង្វាលបីនាក់ក្នុងមួយខែ។ ប៉ុន្តែចិត្តរបស់ខ្ញុំបានអន្ទះអន្ទែងនឹងហ្វូងចៀមនោះ ហើយចិត្តរបស់ពួកវាក៏ស្អប់ខ្ពើមខ្ញុំដែរ។ 9បន្ទាប់មក ខ្ញុំពោលថា៖ “អញនឹងមិនឃ្វាលពួកឯងទៀតទេ។ មួយណាត្រូវងាប់ ឲ្យងាប់ទៅ មួយណាត្រូវវិនាស ឲ្យវិនាសទៅ ហើយមួយណាដែលនៅសល់ ឲ្យត្របាក់ស៊ីសាច់គ្នាទៅវិញទៅមកចុះ!”។ 10រួចខ្ញុំក៏យកឈើច្រត់របស់ខ្ញុំឈ្មោះ “សេចក្ដីសន្ដោស” ហើយកាច់វាចោល ដើម្បីផ្ដាច់សម្ពន្ធមេត្រីរបស់ខ្ញុំ ដែលខ្ញុំបានតាំងជាមួយប្រជាជាតិទាំងអស់។ 11ដូច្នេះ សម្ពន្ធមេត្រីនោះត្រូវបានផ្ដាច់នៅថ្ងៃនោះឯង ហើយយ៉ាងនេះបានជាពួករងទុក្ខវេទនាក្នុងហ្វូងចៀមដែលកំពុងសង្កេតមើលខ្ញុំក៏ដឹងថា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ 12ខ្ញុំនិយាយនឹងគេថា៖ “បើការនេះល្អក្នុងភ្នែករបស់អ្នករាល់គ្នា ចូរឲ្យថ្លៃឈ្នួលមកខ្ញុំ ប៉ុន្តែបើមិនឲ្យទេ ចូរទុកចុះ!”។ នោះគេក៏ថ្លឹងកាក់ប្រាក់សាមសិប សម្រាប់ជាថ្លៃឈ្នួលរបស់ខ្ញុំ។
13ពេលនោះ ព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំថា៖ “ចូរបោះកាក់ប្រាក់ទាំងនោះទៅជាងស្មូនចុះ”។ វាជាតម្លៃយ៉ាងល្អ ដែលខ្ញុំត្រូវគេវាយតម្លៃ។ ខ្ញុំក៏យកកាក់ប្រាក់សាមសិបនោះ បោះទៅជាងស្មូននៅដំណាក់របស់ព្រះយេហូវ៉ា។ 14រួចខ្ញុំក៏កាច់ឈើច្រត់មួយទៀតរបស់ខ្ញុំឈ្មោះ “សម្ពន្ធ” ដើម្បីផ្តាច់ភាពជាបងប្អូនរវាងយូដា និងអ៊ីស្រាអែល។
15ព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំទៀតថា៖ “ចូរយកឧបករណ៍របស់អ្នកគង្វាលល្ងីល្ងើម្ដងទៀត។ 16ដ្បិតមើល៍! យើងនឹងឲ្យអ្នកគង្វាលម្នាក់ក្រោកឡើងក្នុងទឹកដីនេះ អ្នកនោះនឹងមិនយកចិត្តទុកដាក់នឹងចៀមដែលកំពុងវិនាស មិនស្វែងរកចៀមដែលខ្ចាត់ខ្ចាយ#11:16 ចៀមដែលខ្ចាត់ខ្ចាយ―ន័យត្រង់គឺ “កូនចៀម”។ មិនព្យាបាលចៀមដែលបាក់ជើង ហើយមិនចិញ្ចឹមចៀមដែលអស់កម្លាំងឡើយ ផ្ទុយទៅវិញ អ្នកនោះនឹងត្របាក់ស៊ីសាច់ចៀមណាដែលធាត់ ហើយហែកក្រចកជើងវាទៀតផង។
17វេទនាហើយ!
អ្នកគង្វាលឥតប្រយោជន៍ដែលបោះបង់ចោលហ្វូងចៀមអើយ!
ដាវនឹងធ្លាក់មកលើដើមដៃ និងភ្នែកស្ដាំរបស់អ្នកនោះ។
ដើមដៃរបស់គេនឹងស្វិតទាំងស្រុង
ហើយភ្នែកស្ដាំរបស់គេនឹងងងឹតសូន្យ”៕
Trenutno izabrano:
សាការី 11: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative