Logo Aplikacije Biblija
Dugme za pretraživanje

សុភាសិត 12

12
1អ្នកដែល​ស្រឡាញ់​សេចក្ដីប្រៀនប្រដៅ គឺ​ស្រឡាញ់​ចំណេះដឹង
រីឯ​អ្នកដែល​ស្អប់​ការស្ដីប្រដៅ ជា​មនុស្ស​ល្ងង់ខ្លៅ​។
2មនុស្ស​ល្អ​ទទួលបាន​ការគាប់ព្រះហឫទ័យ​ពី​ព្រះយេហូវ៉ា
រីឯ​មនុស្ស​មាន​កលល្បិច ព្រះអង្គ​ផ្ដន្ទាទោស​ពួកគេ​។
3មនុស្ស​ត្រូវបាន​តាំងឡើង​ដោយ​សេចក្ដីអាក្រក់​មិនបានទេ
រីឯ​ឫស​របស់​មនុស្ស​សុចរិត មិន​រង្គើ​ឡើយ​។
4ប្រពន្ធ​ដ៏មានគុណធម៌​ជា​មកុដ​របស់​ប្ដី
រីឯ​ប្រពន្ធ​ដែល​នាំមកនូវសេចក្ដីអាម៉ាស់ ប្រៀបដូចជា​ជំងឺរលួយ​នៅក្នុង​ឆ្អឹង​ប្ដី​។
5គំនិត​របស់​មនុស្ស​សុចរិត​គឺ​យុត្តិធម៌
រីឯ​ការណែនាំ​របស់​មនុស្ស​អាក្រក់​ជា​សេចក្ដីបោកបញ្ឆោត​។
6ពាក្យសម្ដី​របស់​មនុស្ស​អាក្រក់​សម្ងំចាំ​ដើម្បី​បង្ហូរឈាម
រីឯ​មាត់​របស់​មនុស្ស​ទៀងត្រង់​រំដោះ​ខ្លួនគេ​។
7មនុស្ស​អាក្រក់​ត្រូវបាន​រំលាយ ហើយ​លែងមានទៀតឡើយ
រីឯ​ផ្ទះ​របស់​មនុស្ស​សុចរិត​នឹង​នៅស្ថិតស្ថេរ​។
8មនុស្ស​ត្រូវបាន​សរសើរ​តាម​សុភនិច្ឆ័យ​របស់ខ្លួន
ប៉ុន្តែ​អ្នកដែល​មានចិត្តវៀចវេរ​នឹង​ទទួល​សេចក្ដីមើលងាយ​។
9ស៊ូឲ្យ​ត្រូវគេ​មើលងាយ ប៉ុន្តែ​មាន​បាវបម្រើ​របស់​ខ្លួន
ប្រសើរ​ជាង​អ្នកដែល​លើកតម្កើង​ខ្លួន ប៉ុន្តែ​ខ្វះ​អាហារ​។
10មនុស្ស​សុចរិត​ត្រាប្រណី​ជីវិត​សត្វចិញ្ចឹម​របស់ខ្លួន
រីឯ​សេចក្ដីមេត្តា​របស់​មនុស្ស​អាក្រក់​គឺ​ឃោរឃៅ​។
11អ្នកដែល​ធ្វើ​ស្រែចម្ការ​របស់ខ្លួន នឹង​បាន​ឆ្អែត​ដោយ​អាហារ
រីឯ​អ្នកដែល​ដេញតាម​ការ​ឥតប្រយោជន៍ គឺ​ខ្វះ​វិចារណញ្ញាណ​។
12មនុស្ស​អាក្រក់​លោភចង់បាន​ជ័យភណ្ឌ#12:12 ជ័យភណ្ឌ―ឬ “អន្ទាក់”។​របស់​មនុស្ស​ពាល
ប៉ុន្តែ​ឫស​របស់​មនុស្ស​សុចរិត​បង្កើតផល​។
13មាន​អន្ទាក់​របស់​មនុស្ស​អាក្រក់​នៅក្នុង​ការបំពាន​នៃ​បបូរមាត់
រីឯ​មនុស្ស​សុចរិត​គេចផុត​ពី​ទុក្ខវេទនា​។
14មនុស្ស​នឹង​បាន​ស្កប់ស្កល់​នឹងអ្វីដែល​ល្អ​ពី​ផលផ្លែ​នៃ​មាត់​របស់ខ្លួន
ហើយ​ទង្វើ​នៃ​ដៃ​របស់​មនុស្ស នឹង​ត្រឡប់​មក​ខ្លួនគេ​វិញ​។
15ផ្លូវ​របស់​មនុស្សល្ងីល្ងើ ត្រឹមត្រូវ​ក្នុង​ភ្នែក​ខ្លួនឯង
រីឯ​មនុស្ស​មានប្រាជ្ញា ស្ដាប់តាម​ដំបូន្មាន​។
16មនុស្សល្ងីល្ងើ​បង្ហាញ​កំហឹង​របស់ខ្លួន​ភ្លាម
រីឯ​មនុស្ស​ឆ្លាតវៃ​ទប់​សេចក្ដីអាម៉ាស់​។
17អ្នកដែល​និយាយ​សេចក្ដីពិត បញ្ចេញ​សេចក្ដីសុចរិតយុត្តិធម៌
រីឯ​សាក្សី​ភូតភរ បញ្ចេញ​សេចក្ដីបោកបញ្ឆោត​។
18មាន​មនុស្ស​និយាយមិនចេះគិត ដូចជា​ចាក់ទម្លុះ​ដោយ​ដាវ
រីឯ​អណ្ដាត​របស់​មនុស្ស​មានប្រាជ្ញា នាំមកនូវ​ការប្រោសឲ្យជា​។
19បបូរមាត់​ដ៏ពិតត្រង់​នៅស្ថិតស្ថេរ​ជារៀងរហូត
រីឯ​អណ្ដាត​ភូតភរ​នៅបានតែមួយភ្លែតប៉ុណ្ណោះ​។
20សេចក្ដីបោកបញ្ឆោត​នៅក្នុង​ចិត្ត​របស់​អ្នកដែល​ប៉ងធ្វើ​អាក្រក់
រីឯ​អ្នក​គាំទ្រ​សន្តិភាព មាន​អំណរ​។
21គ្មាន​អន្តរាយ​ណាមួយ​កើតមាន​ដល់​មនុស្ស​សុចរិត​ឡើយ
រីឯ​មនុស្ស​អាក្រក់​ពេញ​ដោយ​មហន្តរាយ​។
22បបូរមាត់​ភូតភរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា
រីឯ​អ្នកដែល​ប្រព្រឹត្ត​យ៉ាងស្មោះត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។
23មនុស្ស​ឆ្លាតវៃ​លាក់បាំង​ចំណេះដឹង
រីឯ​ចិត្ត​របស់​មនុស្សល្ងង់​ប្រកាស​សេចក្ដីល្ងង់​។
24ដៃ​ឧស្សាហ៍​នឹង​គ្រប់គ្រង
ប៉ុន្តែ​ភាពខ្ជិលច្រអូស​នឹង​នាំ​ទៅក្នុង​ទាសភាព​។
25ការព្រួយបារម្ភ​ក្នុង​ចិត្ត​មនុស្ស នឹង​ពន្លិច​គេ​ចុះ
ប៉ុន្តែ​ពាក្យសម្ដី​ល្អ ធ្វើឲ្យ​គេ​អរសប្បាយ​។
26មនុស្ស​សុចរិត​នាំផ្លូវ​អ្នកជិតខាង​របស់ខ្លួន
រីឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នាំ​ពួកគេ​ឲ្យ​វង្វេង​។
27មនុស្សខ្ជិលច្រអូស​មិន​អាំង​សាច់សត្វដែល​ខ្លួន​បរបាញ់
រីឯ​មនុស្ស​ឧស្សាហ៍​នឹងបាន​ទ្រព្យសម្បត្តិ​ដ៏មានតម្លៃ#12:27 មនុស្ស​ឧស្សាហ៍​នឹងបាន​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ―ឬ “ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​របស់មនុស្ស គឺសេចក្ដី​ឧស្សាហ៍”។​។
28ជីវិត​ស្ថិត​នៅក្នុង​ផ្លូវ​នៃ​សេចក្ដីសុចរិត
ហើយ​គន្លងផ្លូវ​នោះ​គ្មាន​សេចក្ដីស្លាប់​ឡើយ​៕

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi