ម៉ាថាយ 14
14
មរណភាពរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក
1នៅគ្រានោះ ស្ដេចត្រាញ់ហេរ៉ូឌបានឮដំណឹងអំពីព្រះយេស៊ូវ 2ក៏មានរាជឱង្ការនឹងពួកមន្ត្រីថា៖ “អ្នកនេះគឺយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក! គាត់ត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ហេតុនេះហើយបានជាមហិទ្ធិឫទ្ធិទាំងនេះកំពុងចេញឥទ្ធិពលនៅក្នុងគាត់”។
3ជាការពិត ហេរ៉ូឌបានចាប់យ៉ូហានចង ហើយដាក់គុកគាត់ ដោយសារតែហេរ៉ូឌាសមហេសីរបស់ភីលីព អនុជ#14:3 អនុជ―ន័យត្រង់គឺ “បងប្អូនប្រុស”។របស់ទ្រង់។ 4ដ្បិតយ៉ូហានបានទូលទ្រង់ថា៖ “ព្រះករុណាយកនាងធ្វើជាមហេសី ខុសច្បាប់ហើយ”។ 5ហេរ៉ូឌចង់សម្លាប់យ៉ូហាន ប៉ុន្តែទ្រង់ខ្លាចប្រជាជន ពីព្រោះគេចាត់ទុកយ៉ូហានជាព្យាការី។
6លុះដល់ថ្ងៃចម្រើនព្រះជន្មរបស់ហេរ៉ូឌ កូនស្រីរបស់ហេរ៉ូឌាសបានរាំក្នុងកណ្ដាលចំណោម ហើយបានបំពេញព្រះទ័យហេរ៉ូឌ 7ដូច្នេះហេរ៉ូឌក៏សន្យាដោយពាក្យសម្បថថា អ្វីក៏ដោយដែលនាងសុំ ទ្រង់នឹងប្រទានឲ្យនាង។ 8ដោយត្រូវម្ដាយបញ្ចុះបញ្ចូល នាងក៏ទូលថា៖ “សូមប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់នៅទីនេះផង”។ 9ស្ដេចក៏ពិបាកព្រះទ័យ ប៉ុន្តែដោយសារតែពាក្យសម្បថ និងដោយសារតែភ្ញៀវរួមតុអាហារ ទ្រង់ក៏បញ្ជាឲ្យគេប្រគល់ដល់នាង 10ដោយចាត់គេឲ្យទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក 11ហើយយកក្បាលរបស់គាត់ដាក់លើថាសមកឲ្យក្មេងស្រីនោះ នាងក៏យកទៅឲ្យម្ដាយរបស់នាង។ 12ក្រោយមក ពួកសិស្សរបស់យ៉ូហានបានចូលមកយកសពទៅបញ្ចុះ ហើយទៅទូលព្រះយេស៊ូវ។
នំប៉័ងប្រាំ និងត្រីពីរ
13ព្រះយេស៊ូវទ្រង់ឮដំណឹងនេះ ក៏យាងចាកចេញពីទីនោះតាមទូក ទៅកន្លែងស្ងាត់ដាច់ពីគេតែព្រះអង្គឯង។ ប៉ុន្តែពេលប្រជាជនបានឮ គេក៏ទៅតាមព្រះអង្គដោយថ្មើរជើង ពីទីក្រុងនានា។ 14នៅពេលយាងឡើងពីទូក ព្រះយេស៊ូវទតឃើញហ្វូងមនុស្សមួយក្រុមធំ ក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ហើយព្រះអង្គប្រោសអ្នកជំងឺរបស់ពួកគេឲ្យជា។
15លុះដល់ពេលល្ងាច ពួកសិស្សចូលមកជិតព្រះយេស៊ូវ ទូលថា៖ “កន្លែងនេះស្ងាត់ដាច់ពីគេ ម៉ោងក៏ជ្រុលហើយ។ សូមឲ្យហ្វូងមនុស្សទៅវិញទៅ ដើម្បីឲ្យពួកគេទៅតាមភូមិនានា ទិញអាហារសម្រាប់ខ្លួនឯង”។
16ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“ពួកគេមិនចាំបាច់ទៅទេ ចូរអ្នករាល់គ្នាឲ្យអ្វីដល់ពួកគេហូបចុះ”។
17ពួកសិស្សក៏ទូលព្រះអង្គថា៖ “យើងខ្ញុំគ្មានអ្វីនៅទីនេះទេ ក្រៅពីនំប៉័ងប្រាំ និងត្រីពីរប៉ុណ្ណោះ”។
18ព្រះយេស៊ូវមានបន្ទូលថា៖“ចូរយកនំប៉័ង និងត្រីនោះមកឲ្យខ្ញុំនៅទីនេះ”។ 19បន្ទាប់មក ព្រះអង្គបង្គាប់ហ្វូងមនុស្សឲ្យអង្គុយលើស្មៅ។ នៅពេលយកនំប៉័ងប្រាំ និងត្រីពីរនោះ ព្រះយេស៊ូវទ្រង់ងើយមើលទៅមេឃ ហើយប្រទានពរ រួចកាច់នំប៉័ងទាំងនោះប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកឲ្យហ្វូងមនុស្ស។ 20ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ បន្ទាប់មក ពួកគេប្រមូលបំណែកដែលសេសសល់បានដប់ពីរកន្ត្រកពេញ។ 21អ្នកដែលហូបនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់ ដោយមិនរាប់មនុស្សស្រី និងកូនក្មេងទេ។
ព្រះយេស៊ូវយាងលើទឹកបឹង
22ភ្លាមនោះ ព្រះយេស៊ូវបានតឿនពួកសិស្សឲ្យជិះទូក គឺឲ្យទៅត្រើយម្ខាងមុនព្រះអង្គ ខណៈដែលព្រះអង្គឲ្យហ្វូងមនុស្សទៅវិញ។ 23នៅពេលឲ្យហ្វូងមនុស្សទៅវិញហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំតែព្រះអង្គឯងដើម្បីអធិស្ឋាន។ លុះដល់ពេលល្ងាច ព្រះអង្គគង់នៅទីនោះតែព្រះអង្គឯង។ 24ចំណែកឯទូកក៏នៅច្រើនគីឡូម៉ែត្រ#14:24 ច្រើនគីឡូម៉ែត្រ―ន័យត្រង់គឺ “ច្រើនស្តាឌៀន”។ 1ស្តាឌៀន=185ម៉ែត្រ។ពីគោក#14:24 នៅច្រើនគីឡូម៉ែត្រពីគោក―ឯកសារបុរាណខ្លះថា “នៅកណ្ដាលបឹង”។ហើយ ទាំងត្រូវរលកបោក ពីព្រោះបញ្ច្រាសខ្យល់។ 25ពេលជិតភ្លឺ#14:25 ពេលជិតភ្លឺ―ន័យត្រង់គឺ “យាមទីបួនយប់”; គឺ “ចន្លោះម៉ោងបីទៅម៉ោងប្រាំមួយព្រឹក”។ ព្រះអង្គយាងលើទឹកបឹង#14:25 បឹង―ឬ “សមុទ្រ”; គឺ “បឹងកាលីឡេ”។មករកពួកគេ។ 26ប៉ុន្តែនៅពេលឃើញព្រះអង្គកំពុងយាងលើទឹកបឹង ពួកសិស្សក៏ភ័យស្លុតទាំងនិយាយថា៖ “ជាខ្មោច!” ហើយដោយសារតែការភិតភ័យពួកគេក៏ស្រែកឡើង។
27ភ្លាមនោះ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរក្លាហានឡើង! គឺខ្ញុំទេតើ កុំខ្លាចឡើយ!”។
28ពេត្រុសទូលតបព្រះអង្គថា៖ “ព្រះអម្ចាស់អើយ ប្រសិនបើជាព្រះអង្គមែន សូមបញ្ជាឲ្យទូលបង្គំទៅរកព្រះអង្គលើទឹកផង”។
29ព្រះយេស៊ូវមានបន្ទូលថា៖“មកចុះ!”។
ពេត្រុសក៏ចុះពីទូក ដើរលើទឹកទៅរកព្រះយេស៊ូវ។ 30ប៉ុន្តែនៅពេលឃើញខ្យល់បក់ខ្លាំង#14:30 ឯកសារបុរាណខ្លះគ្មាន “ខ្លាំង”។ គាត់ក៏ភ័យខ្លាច ហើយចាប់ផ្ដើមលិចចុះ។ គាត់ស្រែកឡើងថា៖ “ព្រះអម្ចាស់អើយ សង្គ្រោះទូលបង្គំផង!”។
31ព្រះយេស៊ូវក៏លូកព្រះហស្តទៅចាប់គាត់ភ្លាម ហើយមានបន្ទូលថា៖“មនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យដូច្នេះ?”។ 32នៅពេលព្រះយេស៊ូវ និងពេត្រុសឡើងទូកហើយ នោះក៏ឈប់ខ្យល់។ 33ពួកអ្នកដែលនៅក្នុងទូកក៏#14:33 ឯកសារបុរាណខ្លះបន្ថែម “មក”។ថ្វាយបង្គំព្រះអង្គ ទូលថា៖ “ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះមែន!”។
ការប្រោសឲ្យជានៅគេនេសារ៉ែត
34នៅពេលឆ្លងហើយ ពួកគេក៏ឡើងគោកនៅគេនេសារ៉ែត។ 35មនុស្សនៅកន្លែងនោះក៏ស្គាល់ព្រះអង្គ ហើយពួកគេបញ្ជូនដំណឹងទៅទូទាំងតំបន់ជុំវិញនោះ រួចនាំអស់អ្នកដែលមានជំងឺមករកព្រះអង្គ 36ហើយទូលអង្វរព្រះអង្គដើម្បីឲ្យពួកគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។ អ្នកណាក៏ដោយដែលបានពាល់ក៏បានជាសះស្បើយ៕
Trenutno izabrano:
ម៉ាថាយ 14: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative